អាជ្ញាធរ​​បន្ត​​រារាំង​​ក្រុម​​កម្មករ​​រោងចក្រ ​ហា​ណា​វ័ន ​ព្យាយាម​​ដើរ​​ហែ​​ក្បួន​​មក​​រក​ដំណោះ​ស្រាយ​​ពី​​នាយក​​រដ្ឋ​មន្ត្រី​​

ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ ហាណា វ័ន (HANA​) ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ជួបនិយាយជាមួយមន្ត្រីអាជ្ញាធរ ពេលហែក្បួនទៅរកដំណោះស្រាយនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ ហាណា វ័ន (HANA​) ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​នាំគ្នា​ដើរ​ហែ​ក្បួន​តវ៉ា​ដោយ​ថ្មើ​រជើង​ជាថ្មី​ទៀត​ ទៅកាន់​ខុទ្ទកាល័យ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃនេះ ដើម្បី​ស្វែងរក​អន្តរាគមន៍​ជុំវិញ​វិវាទ​ការងារ​របស់​ពួក​គេ ប៉ុន្តែ ត្រូវ​បាន​សមត្ថកិច្ច​រារាំង​ជាថ្មី។

កម្មករ​-កម្មការិនី​ប្រហែល ១០០នាក់​របស់​រោងចក្រ ហាណា វ័ន បាន​នាំគ្នា​ដើរ​ហែ​ក្បួន​តវ៉ា​របស់​ពួក​គេ​ជា​លើក​ទី២ ចេញពី​រោងចក្រ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង បម្រុង​ទៅ​រក​កិច្ច​អន្តរា​គម​ន៏​ពី​លោក ហ៊ុន សែន ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ការងារ ខណៈ​វិវាទ​នោះ​អូស​បន្លាយ​រយៈពេល​កន្លះ​ខែ​មក​ហើយដោយ​ពុំ​មាន​ដំណោះស្រាយ ប៉ុន្តែ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ រារាំង​នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៤ ត្រង់​ចំណុច​មុខ​សាលាសង្កាត់​ចោមចៅ​ទី៣។

កម្មករ​ផ្នែក​វេច​ខ្ចប់ លោក លុន សុ​ភ័ក្រ ដែល​អះអាង​ថា បម្រើការ​ងារ​នៅ​រោងចក្រ ហាណា ​២ឆ្នាំ​កន្លះ ប្រាប់​វី​អូ​ឌី​​ថា ក្រុម​កម្មករ​សម្រេច​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​វិវាទ​ការងារ ក្រោយពី​កម្មករ​អស់ជំនឿ​លើ​ការ​ដោះស្រាយ​របស់​ក្រុម​មន្ត្រី​ក្រសួងការងារ។

លោក លន់ សុ​ភ័ក្រ ប្រាប់​ថា៖ «ពួក​ខ្ញុំ​រង់ចាំ​ការ​ចុះ​ដោះស្រាយ​របស់ក្រ​សួង​ការងារ​តាំងពី​ថ្ងៃ​ចន្ទ​អាទិត្យមុន​រហូត​មក​ថ្ងៃ​ចន្ទ​អាទិត្យ​នេះ អត់​ឃើញ​គាត់​ចុះ​មក​ទេ។ ដូច្នេះហើយ​ពួក​ខ្ញុំ​សម្រេច​នាំគ្នា​ហែក្បួន​ជា​លើក​ទី២ គោលដៅគឺ​ទៅផ្ទះ​ឪពុក​ម្តាយ គឺ​សម្តេច ហ៊ុន សែន ឱ្យគាត់​មកជួយ​​ដោះស្រាយ​ដល់​ពួក​ខ្ញុំ​ផង ព្រោះ​មន្ត្រី​ក្រសួងការងារ​មិនបាន​គោរព​ពាក្យសន្យា​របស់​គាត់​ទេ»។

អភិបាលរង​ខណ្ឌ​ពោធិ៍សែនជ័យ លោក ប៉ាង លីដា ដែល​ដឹកនាំ​កម្លាំង​សន្តិសុខ​ចម្រុះ​ចុះទៅ​សម្របសម្រួល​ការ​ដើរ​ហែ​ក្បួន​របស់​កម្មករ​នេះ មានប្រសាសន៍​ថា អាជ្ញាធរ​ពោធិ៍សែនជ័យ​មិនមែន​រារាំង​កម្មករ​មិន​ឱ្យ​ទៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​នោះ​ទេ គឺ​អាជ្ញាធរ​ចង់​ឱ្យកម្មករ​ទៅ​ខុទ្ទកាល័​យតាម​មធ្យោបាយ​ធ្វើដំណើរ​ផ្សេង ដើម្បីកុំឱ្យមានការ​កកស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​សណ្តាប់​ធ្នាប់​សាធារណៈ​ប៉ុណ្ណោះ។

លោក ប៉ាង លីដា ប្រាប់​ថា៖ «មិនមែន​រារាំង​មិនឱ្យ​ពួក​គាត់​ទៅ​នោះ​ទេ។ យើង​ចង់​ឱ្យគាត់​ជិះឡាន យើង​មាន​ឡាន​ឱ្យគាត់​ជិះ​ទៀត តែ​គាត់​មិនព្រម»។

ក្រោយពី​អាជ្ញាធរ​រារាំង​ជាង ៣ម៉ោង គឺ​ក្រុម​កម្មករ​សម្រេច​ត្រឡប់ទៅ​រោងចក្រ​វិញ បន្ទាប់​មន្ត្រី​ក្រសួងការងារ លោក វង្ស សុវណ្ណ ចុះទៅ​សម្របសម្រួល និង​សន្យា​កោះហៅ​តំណាង​ក្រុមហ៊ុន​ទៅ​ចរចា​រក​ដំណោះស្រាយ​នៅ​រោងចក្រ​ថ្ងៃស្អែក​ម៉ោង ៩ព្រឹក។

កម្មករ​អះអាង​ថា ថៅកែ​រោងចក្រ ហាណា វ័ន បាន​ប្រកាស​បិទទ្វារ​រោង​ចក្រ​ភ្លាម​ៗកាលពី​ថ្ងៃទី២២ ខែមិថុនា ដោយ​មិនបាន​ជូន​ដំណឹងមុន ដែល​បណ្តាល​ឱ្យក្រុម​កម្មករ​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ការ​ដោះស្រាយ​សំណង​តាមផ្លូវ​ច្បាប់។

ក្រោយ​កម្មករ​ផ្ទុះ​ការ​តវ៉ា​នៅ​ថ្ងៃទី២៣ ខែមិថុនា មន្ត្រី​ក្រសួងការងារ​បាន​ចុះ​សម្របសម្រួល​ដោះស្រាយ។ ក្នុង​កំណត់ហេតុ​ចុះ​ដោះស្រាយ​កាល​ថ្ងៃទី២៣ ខែមិថុនា គឺ​ថៅកែ​រោងចក្រ​បាន​សន្យា និង​ព្រមព្រៀង​ដោះស្រាយ​សំណង​ជូន​កម្មករ ៥ចំណុច​តាមផ្លូវ​ច្បាប់ ប៉ុន្តែ កម្មករ​អះអាង​ថា ពេល​បើកលុយ គឺ​ពួក​គេ​ទទួល​បានការ​ទូ​ទាត់​ត្រឹមតែ ៣ចំណុច​ប៉ុណ្ណោះ មាន​ប្រាក់ឈ្នួល​ចុងក្រោយ ប្រាក់​អតីតភាព​ការងារ និង​ប្រាក់ដំណាច់​ឆ្នាំ​ដែល​នៅ​សល់។ ចំណែក​ប្រាក់សំណង​ជំងឺចិត្ត និង​ប្រាក់​ជូនដំណឹង​មុន មិន​ត្រូវ​បាន​ថៅកែ​ផ្តល់​ជូន​កម្មករ​ឡើយ។

អគ្គលេខាធិការ​រង​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​បាតុកម្ម​គ្រប់មុខ​សញ្ញា នៃ​ក្រសួងការងារ​លោក វង្ស សុវណ្ណ មានប្រសាសន៍​ថា បញ្ហា​សុខភាព​សកល​ដោយសារ​ជំងឺ​កូដ១៩ បាន​ធ្វើឱ្យថៅកែ​រោងចក្រ​ជួប​វិបត្តិសេដ្ឋកិច្ច។ លោក​ថា វិបត្តិ​សុខភាព​សកល​នេះ ត្រូវ​បាន​ចាត់ទុកជា​ប្រធាន​សក្តិ ដែល​ថៅកែ​រួចផុត​ពី​ការ​ទូទាត់ប្រាក់​សំណង​ជំងឺចិត្ត និង​ប្រាក់​ជូនដំណឹង​មុន។

លោក វង្ស សុវណ្ណ បន្ថែម​ថា៖ «នាយកដ្ឋាន​អធិការកិច្ច​បាន​បញ្ជាក់​ហើយ ​ការ​ផ្តល់​ជូន៣ចំណុច​នេះ គឺ​ដោយសារតែ​កាលៈទេសៈ​ប្រទេស​យើង ​វិបត្តិ​ជំងឺ​កូ​វីដ​ជាស​កល​ដែរ។អីចឹង​បាន​ជាង​យើង​ដោះស្រាយ​ទៅតាម​គោលការណ៍​ដែល​ចេញ​បញ្ជាក់​ដោយ​នាយកដ្ឋាន​អធិការកិច្ច»។

ប៉ុន្តែ លោក វង្ស សុវណ្ណ អះអាង​ថា លោក​នឹង​ខិតខំ​ជជែក​ជាមួយ​ថៅកែ ដើម្បី​សុំ​សំណង​បន្ថែម​ជូន​ទៅដល់​ក្រុម​កម្មករ​ដែល​កំពុង​តវ៉ា​ទាមទារ​នេះ។

អ្នកគ្រប់គ្រង​ទូទៅ​នៅ​រោងចក្រ ហាណា អ្នកស្រី ទី សុធី​តា មានប្រសាសន៍​ថា រោងចក្រ​សម្រេច​បិទទ្វារ​ដោយសារ​គ្មាន​ការ​បញ្ជាទិញ ហើយ​ថៅកែ​ជួប​វិប​ត្តិសេដ្ឋកិច្ច ខណៈ​ជំងឺ​កូ​វី​ដ១៩ រីករាលដាល​ជាស​កល។

អ្នកគ្រប់គ្រង​ទូទៅ​រូប​នេះ បញ្ជាក់​ថា អ្វី​ដែល​ភាគី​រោង​ចក្រដោះស្រាយ​ជូន​កម្មករ​នោះ គឺ​ត្រឹមត្រូវ​តាមច្បាប់​ដែល​ក្រសួងការងារ​បាន​កំណត់។ អ្នកស្រី ទី សុធី​តា ប្រសិនបើ​ក្រសួងការងារ​មើល​ឃើញការ​ដោះស្រាយ​ខ្វះចន្លោះតាម​ផ្លូវច្បាប់​ណា គឺ​ក្រុមហ៊ុន​នឹង​ដោះស្រាយ​បន្ថែម។

អ្នកស្រី ទី សុធី​តា ប្រាប់​ថា៖ «ខាង​ក្រុមហ៊ុន​អត់​គោលការណ៍​ដោះស្រាយ​ក្រៅ​ផ្លូវច្បាប់​ទេ។ សំខាន់​បើ​ខាង​ក្រសួងការងារ​ថា ខាង​ក្រុមហ៊ុន​ដោះស្រាយ​នៅ​ខ្វះចន្លោះ​កន្លែងណា ឬក៏​គិតឱ្យ​កម្មករ​អត់​គ្រប់​ត្រង់ណា​ទៀត គឺ​ខាង​ក្រុមហ៊ុន​នឹង​បង់ ឬបន្ថែម​តាម​ហ្នឹង​ទៀត»។

បើតាម​អ្នកស្រី ទី សុធី​តា រោងចក្រ ហាណា ជា​រោងចក្រ​ផលិត​ម៉ាស់ និង​សម្លៀកបំពាក់ មាន​ថៅកែ​ជា​ជនជាតិ​កូរ៉េ​ខាងត្បូង មានកម្ម​ករ​សរុប ៦៦៩នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ