លោក ហ៊ុន សែន ប្រាប់​​មន្ត្រី​​ថា​ ដល់​ពេល​​វះ​កាត់​​ជន​​ឃុប​ឃិត​​គ្នា​​យក​​ដី​​រដ្ឋ​និង​​ដី​​ពល​រដ្ឋ​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​មន្ត្រី​ថា ដល់ពេល​វះកាត់​ជនខិលខូច​ឃុបឃិត​គ្នា​រំលោភ​យក​ដី​រដ្ឋ​ និង​ដី​ពលរដ្ឋ​ហើយ ខណៈ​តុលាការ​កំពុង​សាកសួរ​ឧកញ៉ា​ម្នាក់ និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ជម្លោះដីធ្លី​មួយ​កន្លែងនៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង។

តាមរយៈ​សេចក្តី​សម្រេច​មួយ​ចុះនៅ​ថ្ងៃសុក្រ​សប្ដាហ៍​មុន លោក ហ៊ុន សែន ថ្លែង​ថា ករណី​ទំនាស់​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ ត្រូវ​ដកហូត​ត្រឡប់មកវិញ​នូវ​ដី​ដែល​បុគ្គល​ឈ្មោះ សង ថន បាន​ទន្ទ្រាន​រំលោភ​យក​ដោយ​ខុសច្បាប់។

មេដឹកនាំ​រូប​នេះ បញ្ជាក់​ថា អាជ្ញាធរ​ខេត្តបាត់ដំបង​ត្រូវ​រក្សាទុក​ដី​នោះធ្វើជា​ការបែងចែក​ទៅ​ប្រជាពលរដ្ឋ​ក្នុង​គោលដៅ​សម្បទាន​សង្គមកិច្ច។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រើន​រំឭក​ដែរ​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​ធ្វើការងារ​នេះ​បន្ត​ទៀត ដោយ​អះអាង​ថា ដំណាក់កាល​នេះជា​ពេល​ដែល​ត្រូវ​ធ្វើការ​វះកាត់​ជនខិលខូច​ទាំងឡាយ​ណា​ដែល​ឃុបឃិត​គ្នា​យក​ដី​រដ្ឋ និង​ដី​របស់​ប្រជាពលរដ្ឋ។

លោក ហ៊ុន សែន ថា៖ «គឺ​ត្រូវ​ផ្តន្ទា​ទោស ហើយនឹង​ឈាន​ដល់​ការ​ដកហូត​មុខតំណែង និង​ត្រូវ​បណ្តេញ​ចេញពី​គណបក្សប្រជាជន​កម្ពុជា​តែម្តង។ ចំពោះ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំងឡាយ​ណា​ដែល​ចេញពី​អំពើទុច្ចរិត គឺ​ត្រូវ​ធ្វើ​មោឃភាព​ចោល»។

កាលពី​ថ្ងៃទី២៧ ខែមិថុនា មួយ​សប្តាហ៍​មុន​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​នាំ​ខ្លួន​ឧកញ៉ា សង ថន មក​សាកសួរ​ពាក់ព័ន្ធ​ជម្លោះ​ដី​ធ្លីនៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង។

នៅ​ថ្ងៃ​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​អភិបាលស្រុក​គាស់ក្រឡ លោក ម៉ៅ សុ​ចាន់ ផង​ដែរ។

នៅ​ថ្ងៃទី១ ខែកក្កដា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​កោះហៅ​អភិបាលរងខេត្ត​ទទួលបន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី គឺ​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ មក​សាកសួរ​ដូចគ្នា។

ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង ឱ្យដឹង​តាម​បណ្តាញ​សង្គម​តេឡេក្រាម​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា តុលាការ​កំពុង​បន្ត​នីតិវិធី​សាកសួរ​ឧកញ៉ា សង ថន និង​លោក ស៊ូ អា​រ៉ា​ហ្វា​ត់។

លោក គុជ គឹម​ឡុង ប្រាប់​ថា៖ «សូម​បញ្ជាក់​ជូន​បង ការងារ​ហ្នឹង​លោក​ព្រះរាជអាជ្ញា​រង​កំពុងតែ​សាកសួរ​នៅឡើយ ហើយ​នៅពេល​ដែល​សាកសួរ​ចប់ និង​សម្រេច​យ៉ាងណា ខ្ញុំ​នឹង​ប្រាប់​នៅពេល​ក្រោយ»។

វីអូឌីមិន​អាច​ទាក់ទង​អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ បានទេ ដោយ​ទូរសព្ទ​របស់​លោក​គ្មាន​អ្នកទទួល។

មន្ត្រី​សម្របសម្រួល​សមា​គម​អាដ​ហុក​ការពារ​សិទ្ធិមនុស្ស​ប្រចាំ​ខេត្តបាត់ដំបង លោក យិន ម៉េងលី ហៅ​ចំណាត់ការ​របស់​រដ្ឋាភិបាល​នេះ​ថា នឹង​ធ្វើឱ្យ​ពលរដ្ឋ​មានឱកាស​ស្តារ​ជីវភាព​ឡើងវិញ ក្រោយពី​ជម្លោះដីធ្លីបាន​អូស​បន្លាយ​ចាប់តាំងពី​ឆ្នាំ២០១៥មកម្ល៉េះ។

លោក យិន ម៉េ​ងលី ផ្តល់​ជា​យោបល់​ថា អាជ្ញាធរ​គួរ​ចាត់វិធានការ​នេះ​តាំងពី​យូរ​មក​ មិន​គួរ​រង់​ចំាំ​នាយក​រដ្ឋមន្ត្រី​ស្រែក​ទើប​នាំគ្នា​ធ្វើ​នោះ​ទេ ដែល​លោក​ថា ទម្លាប់​បែបនេះ​នឹង​បង្ក​ឱ្យពលរដ្ឋ​ដែល រង​ការរំលោភ​បំពាននៅកន្លែង​ផ្សេងទៀត​បន្ត​រងគ្រោះ បើ​គ្មាន​ការ​លូកដៃ​ពី​រដ្ឋាភិបាល​នោះ។

លោក យិន ម៉េ​ងលី ប្រាប់​ថា៖ «អាជ្ញាធរ​នៅ​មូលដ្ឋាន​នេះជា​អ្នក​រស់នៅ​ជាមួយ​ពលរដ្ឋ​ យើង​នាំគ្នា​ចាត់ចែង​តាម​នីតិវិធី​ទៅ ​កុំ​ចំា​តែ​សម្តេច​ស្រែក ​ចុះបើ​សម្តេច​អត់​ស្រែក ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​នាំគ្នា​ដេកលក់​អស់​ទៅ»។

បើ​តាម​លោក យិន ម៉េ​ងលី ឧកញ៉ា សង ថន មាន​ដី​នៅ​ស្រុក​គាស់ក្រឡ ៥ពាន់​ហិ​កតា ដី​ជិត ១ពាន់​ហិ​កតាដែលកំពុង​មាន​ជម្លោះ​​ជាមួយ​ពលរដ្ឋ ២២២គ្រួសារ។

តំណាង​អ្នកមាន​ជម្លោះដីធ្លី​នៅ​ឃុំ​តាជេស ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់​ឆ្នាំង អ្នកស្រី អ៊ុំ សុភី និយាយ​ថា ជម្លោះដីធ្លី​របស់​ពួក​គេ​ជាង ១៤ឆ្នាំ​មក​ហើយ​ជាមួយ​ក្រុមហ៊ុន KDC របស់​លោកស្រី ជា ខេង ភរិយា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម

អ្នកស្រី អ៊ុំ សុភី និយាយ​ទៀត​ថា ក្រុមហ៊ុន KDC បាន​ឃុបឃិតជាមួយ​អាជ្ញាធរ​ធ្វើ​របង​ព័ទ្ធ​យក​ដី​អ្នកភូមិ​ទំហំ ៥១២ហិ​កតា ខណៈ​ទិញ​ត្រឹមតែ ១៩៥ហិ​កតា ដែល​អ្នកស្រី​ថា ធ្វើឱ្យ​ប៉ះពាល់​អ្នកភូមិ ១០៨គ្រួសារ។

អ្នកស្រី អ៊ុំ សុភី ប្រាប់​ថា៖ «សុំ​ឱ្យ​រដ្ឋាភិបាល​ចាត់ការ​មន្ត្រី​របស់​គាត់​ផង លោកជំទាវ ស៊ុយ សែម ហ្នឹង​មក​រំលោភ​ដី​ពួក​ខ្ញុំ​យូរឆ្នាំហើយ គាត់​អត់មាន​តាំងចិត្ត​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​ទេ អូស​បន្លាយ​ទុកឱ្យ​ពួក​ខ្ញុំ​ធ្លាក់ខ្លួន​ក្រីក្រ អត់​ព្រម​កាត់​ដី​ឱ្យ​ពួក​ខ្ញុំ​ទេ ហើយ​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ត្រូវការ​ដី ដី​ជា​អាយុជីវិត​របស់​ពួក​ខ្ញុំ»។

សិទ្ធិ​កាន់កាប់​ដីធ្លី​ជាផ្នែក​មួយដែល​សហភាព​អឺរ៉ុបដាក់​លក្ខខណ្ឌ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA «អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ»របស់​ខ្លួន។

អង្គការ​តម្លាភាព​អន្តរជាតិ​កាលពី​ថ្ងៃទី២៣ ខែមករាដើមឆ្នាំ​នេះ បាន​ចេញផ្សាយ​របាយការណ៍​មួយ​បង្ហាញថា កម្ពុជា​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​ពុករលួយ​ជាងគេ​នៅ​តំបន់​អាស៊ាន។

របាយការណ៍បាន​សិក្សា​លើ ១៨០ប្រទេស​លើ​ពិភពលោក ក្នុងចំណោម១៨០នោះ កម្ពុជា​ទទួល​បាន​ពិន្ទុ ២០ក្នុងចំណោម ១០០ពិន្ទុ ដែល ១០០ពិន្ទុ ជា​ប្រទេស​គ្មាន​អំពើពុករលួយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ