អភិ​បាល​ខេត្ត​​កំពង់​ចាម​​ថា​ ការ​​បាក់​​ច្រាំង​ទន្លេ​​មេគង្គ​​ប៉ះ​ពាល់​​ភូមិ​ឋាន​​ពលរដ្ឋ​​ចំនួន​៦​ស្រុក​និង​ក្រុង​

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា (បង់កក្រមា លើកដៃ) ដឹកនាំមន្ត្រីអាជ្ញាធរ ចុះពិនិត្យការរដ្ឋានសាងសង់ច្រាំងទន្លេ នៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ (រដ្ឋបាលខេត្តកំពង់ចាម/Kampong Cham Provincial Hall)

អភិបាលខេត្ត​កំពង់ចាម​ ព្រមាន​ថា ភូមិឋាន​ពលរដ្ឋ​ស្ថិត​ក្នុង៦ស្រុកនិង​ក្រុង កំពុង​ជួប​បញ្ហា​ប្រឈម​បាក់​ច្រាំង​ស្រុត​ចូលក្នុង​ទន្លេ បើសិនជា​មិន​មាន​វិធានការ​ទប់ស្កាត់​ឱ្យបាន​ទាន់ពេល។

ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម» អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​ប្រហែល​ជាង ១ពាន់​គ្រួសារ នឹង​ជួប​បញ្ហា​ប្រឈម​បាក់​ស្រុត​ច្រាំងទន្លេ​ប្រហែលជា ១៩គីឡូម៉ែត្រ នៅក្នុង​ខេត្ត​កំពង់ចាម ដោយសារតែ​កម្ពុជា​ជួប​គ្រោះ​ធម្មជាតិ។

លោក​បន្ត​ថា បញ្ហា​បាក់​ច្រាំងទន្លេ​នេះឈាន​ដល់​បន្ទាត់ក្រហម​ហើយ ដែល​ធ្វើឱ្យពលរដ្ឋ​ប្រឈម​ការបាត់បង់​លំនៅឋាន ដីស្រែ​ចម្ការ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ សាលារៀន សួរ​ច្បារ​សាធារណៈ និង​សោភ័ណភាព​ក្រុង​កំពង់ចាម​ជាដើម។ លោក​បាន​បន្ទោស​បញ្ហា​នេះ​ទៅ​កត្តា​ធម្មជាតិ។

ទោះជា​បែបនេះ​ក្តី អភិបាលខេត្ត​កំពង់ចាម​រូប​នេះ បញ្ជាក់​ថា ក្រុមការងារ​ជំនាញ​កំពុងធ្វើការ​ងារ​ដោយ​យកចិត្ត​ទុកដាក់ ដើម្បី​ជួយ​ទប់ស្កាត់​ជូន​ប្រជាពលរដ្ឋដែល​ប្រឈម​នឹង​គ្រោះថ្នាក់​។

លោក អ៊ុន ចាន់​ដា ថ្លែង​ថា៖ «ការដែល​បាក់​ច្រាំង​នេះ យើង​ប្រមាណ​ទៅ​រង្វង់ ១៩គីឡូម៉ែត្រ ដែល​ប្រឈម​នឹង​បាក់​ច្រាំង។ ជា​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ មានតែ​ធ្វើការ​ទប់​កុំ​ឱ្យបាក់​បន្ត​ទៀត​តាម​រូបភាព​ប្រើ​បាវ​ខ្សាច់ ដែល​ជា​បច្ចេកទេស​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​ក្រសួងធនធានទឹក​រក​ឃើញ ហើយ​រូបភាព​មួយទៀត គឺ​ការ​ចាក់​បេតុង​ទប់​កន្លែង​សំ​ខាន់​ៗ ដែល​ត្រូវ​ចំណាយ​ថវិកា​ច្រើនណាស់»។

ប្រធានមន្ទីរ​រ៉ែ និង​ថាមពល​ប្រចាំ​ខេត្ត​កំពង់ចាម លោក លី ចាន់​ធី មានប្រសាសន៍​ថា បច្ចុប្បន្ន​នេះ នៅក្នុង​ខេត្ត​កំពង់ចាម ក្រុមហ៊ុន​ដែល​មានច្បាប់​អនុ​ញ្ញាត​ឱ្យធ្វើអាជីវកម្ម​ស្របច្បាប់​មាន​ចំនួន ២១ក្រុមហ៊ុននិង​ការដ្ឋាន។ លោក​បញ្ជាក់​ថា ការ​បាក់​ច្រាំងទន្លេ​ជាបន្តបន្ទាប់ដោយសារតែ​គ្រោះ​ធម្មជាតិ មិនមែន​កើតឡើង​ដោយសារ​ក្រុមហ៊ុន​បូម​ខ្សាច់​នោះ​ទេ។

លោក លី ចាន់​ធី ប្រាប់​ថា៖ «បញ្ហា​បាក់​ច្រាំង ​វា​មិនមែន​មក​ពី​បញ្ហា​បូម​ខ្សាច់​ទេ គឺ​ដោយសារតែ​គ្រោះ​ធម្មជាតិ ទោះបី​ទីតាំង​ហ្នឹង​អត់មាន​អាជ្ញាប័ណ្ណ​បូម​ក៏ដោយ ក៏​វា​បាក់​ដែរ បាក់​តាំងពី​ណា​ពី​ណី​មក»។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ដែល​អះអាង​ថា ធ្លាប់​តាមដាន​រឿង​ក្រុមហ៊ុន​បូម​ខ្សាច់ បាន​ប្រាប់​ថា រាល់​ការ​បូម​ខ្សាច់​ចៀស​មិន​ផុត​ពី​មានផល​ប៉ះពាល់​បាក់​ច្រាំងទន្លេ​នោះ​ទេ។

លោក​ផ្តល់​ជា​អនុសាសន៍​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​ឱ្យមាន​ប្រសិទ្ធភាព​បាន លុះត្រាតែ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​បង្ហាញ​ពី​តម្លាភាព​ក្នុង​ការ​ដេញថ្លៃ​ក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់។

លោក ថុន រដ្ឋា ប្រាប់​ថា៖ «មុននឹង​ចេញ​អាជ្ញាប័ណ្ណ​ទៅ​ឱ្យក្រុមហ៊ុន គួរតែ​បើក​ចំហរ​ឱ្យមានការ​ពិគ្រោះ​យោបល់ ​មាន​អង្គការ​សង្គម​ស៊ីវិល មាន​សកម្មជន​បរិស្ថាន​ដែល​ឈឺឆ្អាល​ទៅលើ​រឿង​ហ្នឹង ជាពិសេស​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែល​រង​ផល​ប៉ះពាល់​ទៅលើ​អាជីវកម្ម​បូម​ខ្សាច់ ដើម្បី​ធានា​ថា នៅពេល​ដែល​មាន​បញ្ហា​បាក់​ស្រុត​កើតឡើង​ណាមួយ គឺ​ប្រជាពលរដ្ឋ​មិន​ទឹកភ្នែក មិន​បាត់បង់​ផ្ទះសម្បែង​ដូចជា​ករណី​នៅ​ខេត្ត​កំពង់ចាម ខេត្តកណ្តាល»។

ប្រធានមន្ទីរ​ធនធានទឹក និងឧតុនិយម​ប្រចាំ​នៅ​ខេត្ត​កំពង់ចាម លោក អ៊ុំ វិបុល មានប្រសាសន៍​ថា ព្រំប្រទល់​តាម​ដងទន្លេ​មេគង្គចាប់ពី​ភ្នំពេញ​ទៅដល់​ទីរួមខេត្ត​កំពង់ចាម មាន​បណ្តោយ​​ប្រវែង ១៣២គីឡូម៉ែត្រ។

ករណីនេះ វិធានការ​ទប់ស្កាត់​កុំ​ឱ្យបាក់​ច្រាំងទន្លេ អាជ្ញាធរ​ពាក់ព័ន្ធ​អាច​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព​បាន ប៉ុន្តែ ត្រូវ​ចំណាយ​ថវិកា​ច្រើន ខណៈ​បច្ចុប្បន្ន​នេះ រដ្ឋ​មិនទាន់​មាន​កញ្ចប់​ថវិ​កាដោះ​ស្រាយ​បញ្ហា​នេះ​​គ្រប់គ្រាន់​នៅឡើយ។

លោក អ៊ុំ វិបុល ប្រាប់​ថា៖ «ការ​ការពារ​ច្រាំង​ជា​ជម្រើស​ទីមួយ​ហើយ។ ទន្ទឹម​ហ្នឹង យើង​ត្រូវ​ធ្វើការ​ស្តារ​ទន្លេ។ បើ​យើង​មិន​ធ្វើ​ទេ របប​ជលសាស្ត្រ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ វា​មានការ​ប្រែប្រួល​ធ្វើឱ្យដងទន្លេ​មេគង្គ​វា​ដុះ​ខាង​លិ​ច វា​បាក់​ខាងកើត … ការសិក្សា​របស់ក្រ​សួង​ធនធានទឹក គេ​បាន​ធ្វើតាម​បណ្តោយ​ទន្លេមេគង្គ​ហើយ គេ​មាន​អស់ហើយ ក្រោមកា​រដឹក​នាំ​របស់​រដ្ឋមន្ត្រី លឹម គា​នហ៊ោ លោក​បាន​រៀបចំ​អស់ហើយ ក៏ប៉ុន្តែ វា​ទាក់ទង​នឹង​ថវិកា​[ខ្វះ​ថវិកា​]ដែល​ត្រូវ​ធ្វើ»។

ចំណែក អភិបាលក្រុង​កំពង់ចាម លោក ចាន់ ផល្លី មានប្រសាសន៍​ថា ក្រុមការងារ​ជំនាញ​កំពុង​យកចិត្ត​ទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ប្រឈម​នឹង​គ្រោះថ្នាក់បណ្តាល​មក​ពីការ​បាក់​ច្រាំងទន្លេ​ ដោយ​យក​សំណាញ់ និង​ថ្ម រួម​ទាំង​យក​បាវ​ច្រក​ខ្សាច់ ដាក់​នៅ​ច្រាំង​នោះ ដើម្បី​ទប់ស្កាត់​កុំឱ្យ​បាក់​បន្ត​ទៀត។

លោក ចាន់ ផល្លី ប្រាប់​ថា៖ «ឥលូវ​ឯកឧត្តម​អភិបាលខេត្ត យុទ្ធសាស្ត្រ​លោក​បាន​ឱ្យក្រុមហ៊ុន​ទៅ​ចាប់ផ្តើម​បុក​ច្រាំង​ដែល​បាក់ ធ្វើ​ផែនការ ហើយ​ក្រសួងធនធានទឹក​ក៏​លោក​ធ្វើ​ដែរ យើង​ចាំ​មើល​ពេល​ទឹកឡើង តើ​វា​មាន​បញ្ហា​អ្វី​ទៀត ប៉ុន្តែ ឥលូវក្រុមហ៊ុន​កំពុងតែ​បុក​តាម​បញ្ជា​របស់​អភិបាលខេត្ត បុក​ដោយ​មិន​ឱ្យស្រុត​បន្ត​ទៀត​ទេ»។

អភិបាលក្រុង​រូប​នេះ អះអាង​ថា ក្រុង​កំពង់ចាម និង​ស្រុក​ទាំង៦ដែល​ប៉ះពាល់​នោះ​រួមមាន ស្រុក​ស្រីសន្ធរ ស្រុក​ស្ទឹងត្រង់ ស្រុក​កោះសូទិន ស្រុក​ព្រៃ​ឈរ ស្រុកំ​ពង់​សៀម និង​ស្រុក​កងមាស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ