កម្ពុជា​​ត្រៀម​​សណ្ឋាគារ​៩​កន្លែង​​ទៀត​​នៅ​​ភ្នំពេញ​​សម្រាប់​​អ្នក​ដំណើរ​​បរទេស​​ចូល​​មក​​កម្ពុជា​​

ពលរដ្ឋធ្វើដំណើរលើផ្លូវម៉ៅសេទុង មុខអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ឬ Great DUKE ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ (ឆពណ្ណ បញ្ញា)

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល អះអាង​ថា កម្ពុជា​ត្រៀម​សណ្ឋាគារ​ចំនួន ៩កន្លែង​ផ្សេងទៀត​នៅ​រាជធានី​ភ្នំពេញ​ សម្រាប់​រៀបចំ​ដាក់​អ្នកដំណើរ​បរទេស​ឱ្យស្ថិតនៅ​ដាច់ដោយឡែក​នៅពេល​ពួក​គេ​ធ្វើដំណើរ​មកដល់​កម្ពុជា បន្ទាប់ពី​ចំនួន​អ្នកដំណើរ​បរទេស​ចូល​មក​ប្រទេស​កម្ពុជាបាន​កើនឡើង​ចន្លោះ​ពី ១០០នាក់ ​ទៅ ៩០០នាក់​ក្នុង​មួយថ្ងៃ។

ក្នុង​សន្និ​សទី​សារព័ត៌មាន​នា​ថ្ងៃនេះ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បតិ្ត ថ្លែង​ថា កម្ពុជា​បាន​រៀបចំ​មណ្ឌល​ចត្តាឡីស័​ក ឬទីកន្លែង​ស្នាក់នៅ​ដាច់ដោយឡែក​ចំនួន ៤កន្លែងនៅ​រាជធានី​ភ្នំពេញ ក្នុង​នោះ​មាន​សាលារៀន​ជម្ពូ​វ័ន មណ្ឌលសុខភាព​ចាក់​អង្រែ ព្រលា​នកង​ទ័ព និង​សាលា​សម្ដេច​តេជោ ពោធិ៍​ចិន​តុង ដែល​ទីតាំង​ទាំងអស់​អាច​ផ្ទុក​មនុស្ស​សរុប​បាន​ប្រមាណ ៦៨០នាក់។

មន្ត្រី​ក្រសួងសុខាភិបាល​រូប​នេះ ប្រាប់​ថា ក្រសួង​ក៏បាន​ត្រៀម​សណ្ឋាគារ​ចំនួន ៩កន្លែង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ សម្រាប់​ដាក់​អ្នកដំណើរ​បរទេស ខណៈ​ចំនួន​អ្នកដំណើរ​ពីក្រៅ​ប្រទេស​ចូល​មក​កម្ពុជា​ក្នុងអំឡុងពេល​កូ​វីដ១៩ច្រើន​ជាង​មុន​ៗ។

កន្លងមក កម្ពុជា​បាន​រៀបចំ​សណ្ឋាគារ Great Duke ឬអតីត​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណង់​តាល់​ដែល​បាន​បិទទ្វារ​ទៅ​ហើយ​នោះ ទៅជា​មណ្ឌល​មួយ​សម្រាប់​ជនបរទេស​ស្នាក់នៅ​ដាច់ដោយឡែក​រយៈពេល ១៤ថ្ងៃ។

រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បតិ្ត ថ្លែងក្នុងសន្និសីទសារព័ត៌មានទាក់ទងនឹងបញ្ហាកូវីដ១៩ នៅទីស្ដីការក្រសួងសុខាភិបាល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អ្នកស្រី យក់ សម្បត្តិ បាន​ថ្លែង​ថា៖ «ខ្ញុំ​សូម​អរគុណ​ម្ចាស់​សណ្ឋាគារ​ទាំងអស់​ដែល​បាន​ស្ម័គ្រ​រួម​កិច្ចការ​ជាមួយ​នឹង​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដើម្បី​ទទួលភ្ញៀវ ពីព្រោះ​ភ្ញៀវ​ទាំងអស់​នោះ​មិនមែន​សុទ្ធតែ​វិជ្ជមាន​កូ​វីដ១៩ទេ។ អ៊ីចឹង​សូមកុំ​ឱ្យ​មានការ​យល់​ច្រឡំ ប៉ុន្តែ អ្វី​ដែល​យើង​ប្រយ័ត្ន​ប្រយែង​ហ្នឹង នៅពេល​ដែល​យើង​រក​ឃើញ​វិជ្ជមាន​អ្នក​ផ្សេង​ក្នុង​យន្តហោះ ​នៅ​រក្សាទុក​ក្នុង​សណ្ឋាគារ​នោះ១៤ថ្ងៃ ហ្នឹង​ជា​អ្វី​ចំណុច​សំខាន់ ហើយ​យើង​មាន​ក្រុម​គ្រូពេទ្យ​នៅ​តាម​សណ្ឋាគារ​ទាំងអស់ យើង​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន»។

ក្រៅពី​មណ្ឌល​ចត្តាឡីស័​ក និង​សណ្ឋាគារ​ខាងលើ​នោះ អ្នកស្រី​ថា ក្រសួង​គ្រោង​នឹង​ពង្រីក​កន្លែង​ធ្វើតេស្ត​រក​កូ​វីដ១៩បន្ថែម​ទៀត បើសិនជា​ចំនួន​អ្នកដំណើរ​ពីក្រៅ​ប្រទេស​ចូល​ប្រទេស​កម្ពុជា​ច្រើន​នោះ។

អ្នកស្រី យក់ សម្បត្តិ ប្រាប់​បន្ថែម​ថា៖ «អ៊ីចឹង យើង​អាច​ចំណាយពេល​កន្លះម៉ោង​នៅ​ព្រលា​នយន្តហោះ យើង​អាច​គ្រប់គ្រង​សភាពការណ៍​បាន ហើយ​យើង​នឹង​ពង្រីក​មន្ទីរពិសោធន៍​នៅ​ខេត្តសៀមរាប ខេត្តបាត់ដំបង ហើយ​កំពង់ចាម។ យើង​នឹង​ពង្រីក ៣ខេត្ត​នេះ សម្ភារយើង​បាន​បញ្ជា​តាម​ធនាគារ​របស់ក្រ​សួង​សុខាភិបាល​ដែល​គ្រប់គ្រង​ យើង​បាន​បញ្ជាទិញ​រួចហើយ»។

រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​រូប​នេះ ឱ្យ​ដឹង​ថា អ្នកដំណើរ​សរុប ១៦,១២៩នាក់​ហើយត្រូវ​បាន​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ១៩ គិត​ត្រឹម​ថ្ងៃទី២ ខែកក្កដា​នេះ ក្នុង​នោះ​បាន​រក​ឃើញ​អ្នកដំណើរ​តាម​ជើងហោះហើរ ១៨នាក់ឆ្លង​មេរោគ​កូ​វីដ១៩ និង​បុរស​កម្ពុជា​ម្នាក់ទៀតដែល​បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា។ អ្នកស្រី សម្បត្តិ បាន​ឱ្យដឹង​ទៀត​ថា មនុស្ស​ដល់ទៅ ៣០,៩៨៧នាក់ ត្រូវ​បាន​ធ្វើតេស្ត​ដើម្បី​រក​មេរោគ​កូ​វីដ១៩។

បើ​តាម​ក្រសួងសុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃទី៣០ ខែមិថុនា កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ សរុប ១៤១នាក់ ក្នុងចំណោម ១៤១នាក់ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​បាន ១៣១នាក់ នៅសល់ ១០នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ