ស្នង​ការ​​ក្រុង​​ថា​បាន​​ព្រមាន​​មន្ត្រី​​នគរ​បាល​​ដែល​​ប្រើ​​អំពើ​​ហិង្សា​​លើ​​ជន​សង្ស័យ​​រឿង​​គ្រឿង​ញៀន​​

(រូបឆ្វេង) សកម្មភាពប៉ូលិសប្រើអំពើហិង្សាលើជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន កើតឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និង (រូបស្តាំ) ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោ​ក ស ថេត។ (រូបថត៖ អគ្គស្នងការនគរបាលជាតិ)

ស្នងការ​នគរបាល​ក្រុងភ្នំពេញ អះអាង​ថា មន្ត្រី​នគរបាល​មួយ​ក្រុម​ដែល​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​លើស​នីតិវិធី​ ត្រូវ​ដាក់​ពិន័យ​ជា​លាយលក្ខណ៍​អក្សរ ប៉ុន្តែ​ថា កំហុស​នោះ​មិនដល់​ថ្នាក់​បញ្ឈរជើង ឬបណ្តេញ​ចេញពី​ក្រប​ខណ្ឌ​ឡើយ។

ការ​លើកឡើង​នេះ​ បន្ទាប់​​ពី​មាន​វីដេអូ​ឃ្លី​បមួយចែកចាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដោយ​បង្ហាញ​ពី​សកម្ម​ភា​ពម​ន្ដ្រី​នគរបាលទាត់​ធាក់​ទៅលើ​បុរស​ម្នាក់​អំឡុង​ពេល​ចាប់ខ្លួន។ បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​រៀបរាប់​ថា ក្រុម​មន្ត្រី​នគរបាល​ស្លៀកពាក់​ស៊ីវិល​ទាំង ៣រូប​នោះ ស្ថិតនៅ​ក្នុង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ក្បាលកោះ នៅក្នុង​ខណ្ឌ​ច្បារអំពៅ ហើយ​អំពើ​ហិង្សា​នោះបាន​កើតឡើង​កាលពី​ថ្ងៃទី៣០ ខែមិថុនា។

វីដេអូ​ឃ្លី​បបាន​បង្ហាញ​បុរស​ទាំង ៣នាក់​ ចាប់ខ្លួន​បុរស​ម្នាក់​ចងដៃ​ទៅ​ក្រោយ ហើយ​លើកដាក់​លើ​ម៉ូតូ​មួយ​គ្រឿង ប៉ុន្តែ បុរស​នោះបាន​រើបម្រះ​ធ្លាក់​ពីលើ​ម៉ូតូ បន្ទាប់មក​បុរស​ម្នាក់បាន​ធាក់​ទៅលើ​បុរស​ដែល​ធ្លាក់​ពីលើ​ម៉ូតូ​នោះ។ បន្ទាប់មក​ទៀត បុរស​ម្នាក់​បាន​ប្រើ​ជង្គង់​ទៅ​សង្កត់​លើ​ក្បាល​បុរស​រូប​នោះ​ផ្ទប់ទៅ​នឹង​ដី។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោ​ក ស ថេត មានប្រសាសន៍​ទទួលស្គាល់​ចំពោះ​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ថា សមត្ថកិច្ច​លោក​បាន​អនុវត្ត​លើស​ពី​អ្វី​ដែល​ច្បាប់​ផ្តល់​ឱ្យ​មែន ប៉ុន្តែ ខាង​លោក​ក៏បាន​ចេញ​លិខិត​ព្រមាន​មន្ត្រី​នគរបាល​ដែល​ប្រើប្រាស់​ហិង្សា​លើ​បុរស​រូប​នោះ​ហើយ​ដែរ។ 

លោក​បញ្ជាក់​ថា នេះ​ជា​ការព្រមាន​លើកដំបូង ប៉ុន្តែ បើ​មន្ត្រី​នគរបាល​រូប​នោះ​នៅតែ​ប្រព្រឹត្ត​ខុសវិន័យ​បែបនេះ​ទៀត ពួក​គេ​អាច​នឹង​ត្រូវ​រង​ពិន័យ​រហូតដល់​ដក​បញ្ឈរជើង ឬបណ្តេញ​ចេញពី​ក្របខណ្ឌ​មន្ត្រី​នគរបាល​ជាតិ​តែម្តង។

លោក ស ថេត មានប្រសាសន៍​ថា៖ «នៅ​ក្រោយពេល​កើតហេតុ​ហ្នឹង​មួយ យើង​ក៏​យក​ហេតុការណ៍​ហ្នឹង​មួយ​ជា​បទពិសោធន៍​សម្រាប់​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​ដែរ ទាំង​នៅ​ការិយាល័យ​ជំនាញ ខាង​អធិការ​ខណ្ឌ​មួយចំនួន​ទៀត សូម​ឱ្យ​មានការ​ប្រយ័ត្ន​ប្រយែង​នូវ​អ្វី​ដែល​យើង​ត្រូវ​អនុវត្ត​ច្បាប់។ បើ​ដៃគេ​ជាប់ខ្នោះ ឬគេ​សម្របសម្រួល​ឱ្យ​យើង​ប្រតិបត្តិ​ការ​តាមច្បាប់​ហើយ យើង​មិន​ត្រូវ​វាយដំ ឬធ្វើទារុណកម្ម​គេ​ទេ។ ដូច្នេះ សូម​អំពាវនាវ​ឱ្យ​មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវ​អនុវត្ត ឬធ្វើ​ម៉េចទៅ​តាម​តួនាទីអំណាច​ដែល​ផ្តល់​ឱ្យ​បាន​ហើយ»។ 

នៅ​លើ​បណ្ដាញ​សង្គម Facebook មានការ​រិះគន់​ច្រើន​ចំពោះ​ប្រតិបត្តិ​ការ​របស់​សមត្ថកិច្ច​ទាំងនោះ ដោយ​ថែមទាំង​យក​រូប​សមត្ថកិច្ច​នៅ​សហរដ្ឋអាមេរិក​សង្កត់​កលើ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​រហូតដល់​ស្លាប់ មក​ប្រៀបប្រដូច​ទៅ​នឹង​សកម្មភាព​សមត្ថកិច្ច​សង្កាត់​ក្បាលកោះ​ដែល​យក​ជង្គង់​សង្កត់​ក​បុរស​ម្នាក់ ដែល​សមត្ថកិច្ច​អះអាង​ថា ជាមុ​ខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ខណៈ​ដៃ​របស់​ជនសង្ស័យ​បាន​ជាប់ខ្នោះ​រួច​ទៅ​ហើយ។

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត មើលឃើញ​ថា នេះ​ជា​រូបភាព​ពីរ​ដាច់ដោយឡែក​ពីគ្នា។ លោក​ថា មួយ​ជា​កំហុស​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​ទាំងនោះ​ក្នុង​ការអនុវត្ត​ច្បាប់​ ដែល​ត្រូវ​រង​វិន័យ​តាមបែបបទ​រដ្ឋបាល​នគរបាល ប៉ុន្តែ មួយទៀត ស្ថាប័ន​សា​ម៉ី​ត្រូវ​ស៊ើបអង្កេត​បទល្មើស​ព្រហ្មទណ្ឌ​ទៅលើ​មន្ត្រី​នគរបាល​ទាំងនោះ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​ទៅលើ​បុរស​រូប​នោះ​ផង​ដែរ។

លោក អំ សំអាត បន្ត​ថា៖ «បើ​យើង​អនុវត្ត​តែ​វិន័យ​រដ្ឋបាល ប៉ុន្តែ បើ​មើល!​ វា​អាច​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ទៀត ព្រោះ​កន្លងមក​ យើង​ក៏​ឃើញ​កើតមាន​ច្រើន​ដែរ ដែល​កងកម្លាំង​នគរបាល​អនុវត្ត​ពិន័យ​រដ្ឋបាល​ ហើយអនុវត្ត​ទៅតាម​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​ហ្នឹង​ទៅទៀត​គឺ​បទល្មើស​ព្រហ្មទណ្ឌ។ អ៊ីចឹង អាហ្នឹង​ត្រូវតែ​មានការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់ ហើយ​បើ​មា​នប​ណ្តឹង​មានអី​ពី​ក្រុម​គ្រួសារ​អី​ទៀត ហើយ​យើង​ឃើញ​តាមរយៈ​វីដេអូ​ យើង​ឃើញ​មានការ​ប្រើប្រាស់​អំពើ​ហិង្សា​អីចឹង​មែន អាហ្នឹង​គួរតែ​អនុវត្ត​ទៅតាម​បទល្មើស​ព្រហ្មទណ្ឌ​មួយទៀត​ផង​ដែរ»។

លោក អំ សំអាត មើលឃើញ​ថា ប្រសិនបើ​ករណី​ទាំងនោះ​នៅតែ​បន្ត​កើតឡើង​ទៀត​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​មន្ត្រី​នគរបាល​ទាំងមូល ប៉ះពាល់​អង្គភាព​ ឬស្ថាប័ន​អនុវត្ត​ច្បាប់​ទាំងនោះ​ផង​ដែរ។ ករណីនេះ លោក​ថា ស្ថាប័ន​ជំនាញ​ត្រូវ​យក​ជា​ករណី​សិក្សា​សម្រាប់​អប់រំ​ដល់​កងកម្លាំង​នគរបាល​ទូទាំង​ប្រទេស​ឱ្យ​គោរព​តាម​សីលធម៌​វិជ្ជាជីវៈ ដើម្បី​ចៀសវាង​នូវ​កំហុស​បែបនេះ​កើតឡើង​ជាថ្មី​ម្តង​ទៀត។

កាលពី​ខែមករា ឆ្នាំ២០២០ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ២រូប ត្រូវ​បាន​ចាប់ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត ដោយ​ចៅក្រម​ស៊ើបសួរ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ បន្ទាប់ពី​រក​ឃើញថា ពួក​គេ​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​បណ្តាល​ឱ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់។

មួយ​ខែក្រោយ​មក សមត្ថកិច្ច​ខេត្តព្រៃវែង បាន​បញ្ជូន​មន្ត្រី​យោធា​កង​វិស្វកម្ម​ក្រសួងការពារជាតិ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ហើយ​សមត្ថកិច្ច​អះអាង​ថា នឹង​ស្វែងរក​ចាប់ខ្លួន​បក្ស​ពួក​ផ្សេងទៀត​ដែល​ជាម​ន្ត្រី​យោធា ក្រោយពី​ពួក​គេ​បាន​លើកគ្នា​ទៅ​វាយ​ប្រជាពលរដ្ឋ​ដល់​ផ្ទះ​ពេលនោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ