អាជ្ញាធរ​​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​​រារាំង​​កម្មករ​​ដើរ​​ហែ​​ក្បួន​​ទៅ​​ខុទ្ទ​កាល័យ​​នាយក​​រដ្ឋ​មន្ត្រី​​

ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​ ហាណា (HANA) ស្ថិតនៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ហែក្យួនយកញត្តិទៅដាក់នៅខុទ្ធកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ករណីថៅកែបិទរោងចក្រដោយមិនទាន់ដោះស្រាយសំណងតាមច្បាប់ការងារ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​ ហាណា (HANA​) ស្ថិតនៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ព្យាយាម​ដើរ​ហែ​ក្បួន​តវ៉ា​របស់​ពួក​គេ​មកកាន់​ខុទ្ទកាល័យ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃនេះ ដើម្បី​ស្វែងរក​អន្តរាគមន៍​ជុំវិញ​វិវាទ​ការងារ ប៉ុន្តែ ត្រូវ​បាន​សមត្ថកិច្ច​រារាំង​ទៅវិញ។

កម្មករ-​កម្មការិនី​ជាង ១០០នាក់​របស់​រោងចក្រ ហាណា នៅ​ថ្ងៃនេះ បាន​នាំគ្នា​ដើរ​ហែក្បួន​តវ៉ា​របស់​ពួក​គេ​ចេញពី​រោងចក្រ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ក្រសាំង នៅក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ប៉ុន្តែ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ រារាំង​នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៤ ត្រង់​ចំណុច​មុខ​សាលាសង្កាត់​ចោមចៅ​ទី៣។

កម្មករ​ផ្នែក​វេច​ខ្ចប់ លោក ណែម ភា​រម្យ ដែល​អះអាង​ថា បម្រើការ​ងារ​នៅ​រោងចក្រ​ ហាណា ៧ឆ្នាំ ប្រាប់​វី​អូ​ឌី​ថា ក្រុម​កម្មករ​សម្រេច​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​វិវាទ​ការងារ ក្រោយពី​កម្មករ​អស់ជំនឿ​លើ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​មន្ត្រី​ក្រសួងការងារ។

លោក ណែម ភា​រម្យ និយាយ​ថា៖ «កម្មករ​ចង់​ឱ្យសម្តេច​ជួយ​ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់ ព្រោះ​មន្ត្រី​ក្រសួងការងារ បាន​ចុះ​ដោះស្រាយ​ច្រើនលើកច្រើនសា​រហើយ ប៉ុន្តែ ចុះទៅ​ដោះ​លើក​ណា​ក៏​ពួក​គាត់​កាន់ជើង​ខាង​ថៅកែ និយាយ​ការពារ​ថៅកែ​រហូត។ យើង​ដឹង​ហើយ ក្រុមហ៊ុន​បាន​សន្យា​ដោះស្រាយ​សំណង​ជូន​កម្មករ​ចំនួន ៥ចំណុច តែ​ពេល​កម្មករ​បើកលុយ​បានតែ ៣ចំណុច។ អ៊ីចឹង កម្មករ​ម៉េច​សុខចិត្ត​?»

កម្មការិនី​ផ្នែក​ដេរ អ្នកស្រី ភឺន សុភា ដែល​អះអាង​ថា​ បម្រើការ​ងារ​នៅ​រោងចក្រ​ ហាណា ៦ឆ្នាំ ប្រាប់​វី​អូ​ឌី​កន្លែង​តវ៉ា​ថា កាលពី​ថ្ងៃទី២២ ខែមិថុនា ថៅកែ​រោងចក្រ ​ហាណា បាន​ប្រកាស​បិទ​រោង​ចក្រ​ភ្លាម​ៗដោយ​មិនបាន​ជូនដំណឹង​មុន​នោះ​ទេ ហើយ​កម្មករ​បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​សំណង​តាមផ្លូវ​ច្បាប់។

មន្ត្រី​ក្រសួងការងារបាន​ចុះ​ទៅ​សម្រប​សម្រួល​ដោះស្រាយ​ការ​តវ៉ា​របស់​កម្មករ​កាលពី​ថ្ងៃទី២៣ ខែមិថុនា ហើយ​ភាគី​ថៅកែ​រោងចក្រ​នេះ បាន​សន្យា​ដោះស្រាយ​សំណង​ចំនួន ៥ចំណុច​ទៅតាម​ការ​ទាមទារ​របស់​ក្រុម​កម្មករ។

កម្មការិនី​រូប​នេះ​បន្ថែម​ថា កម្មករ​-កម្មការិនី​ទាមទារ​សំណង​ពីរ​ចំណុច​បន្ថែម​ទៀត មាន​ប្រាក់សំណង​ជំងឺចិត្ត និង​ប្រាក់​ជូនដំណឹង​មុន។

អ្នកស្រី ភឺន សុភា ប្រាប់​ថា៖ «ពួក​ខ្ញុំ​សុំ​ឱ្យសម្តេច​ជួយ​ដោះស្រាយ​ដល់​កូនចៅ​ជា​កម្មករ​កម្មការិនី​របស់​រោងចក្រ​ ហាណា ​ចំនួន​ពីរ​ចំណុច​ទៀត​ទៅតាម​ផ្លូវច្បាប់​ផង។ ពួក​ខ្ញុំ​មិន​ទាមទារ​អ្វី​លើស​ពី​ផ្លូវច្បាប់​នោះ​ទេ»។

អភិបាលខណ្ឌ​ពោធិ៍សែនជ័យ លោក ហែម ដារិ​ទិ្ធ ដែល​ចុះ​សម្របសម្រួល​ដោះ​ស្រាយ​ការ​តវ៉ា​របស់​កម្មករ​នេះ មានប្រសាសន៍​ថា អាជ្ញាធរ​មិនបាន​រារាំង​កម្មករ​មិន​ឱ្យទៅ​ខុទ្ទកាល័យ​នោះ​ទេ។

លោក​ថា អាជ្ញាធរ​គ្រាន់តែ​ចង់​ឱ្យកម្មករ​ចាត់ជា​តំណាង ៣ ឬ ៤នាក់​ជិះឡាន ឬមធ្យោបាយ​ធ្វើ​ដំ​ណើរ​ផ្សេង​ៗដើម្បី​យក​ញត្តិ​ទៅ​ដាក់ ជាជាង​ធ្វើដំណើរ​ដោយ​ថ្មើរជើង ដែល​លោក​ថា ធ្វើ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ។

លោក ហែម ដា​រិទ្ធិ ប្រាប់​ថា៖ «ក្នុងនាម​ខ្ញុំ​ជា​អភិបាលខណ្ឌ គឺ​ខ្ញុំ​ចុះ​មក​ហ្នឹង​មិនមែន​ចុះ​មករា​រាំង ឬទប់ស្កាត់​ពួក​គាត់​ទេ គឺ​ចុះ​មក​ដោះស្រាយ​ជា​ជំហាន​នៅ​ទីនេះ​សិន។ បើ​យើង​ដោះ​នៅ​ទីនេះ​ចេញ វា​ប្រសើរ​ជាង​គាត់​ទៅ​ដោះ​នៅ​ទីនោះ​[ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​] ហើយ​ខ្ញុំ​គោរព​អញ្ជើញ​ខាង​ក្រសួង និង​អ្នក​ដែល​ពាក់ព័ន្ធ​មក​ដោះ​នៅ​ទីនេះ​ផ្ទាល់​តែម្តង»។

ក្រោយពី​អាជ្ញាធរ​រារាំង និង​សម្របសម្រួល​ដោះស្រាយ​ជាង ៣ម៉ោង ក្រុម​កម្មករ​សម្រេច​រំសាយ​ត្រឡប់ទៅ​រោងចក្រ​វិញ បន្ទាប់ពី​អភិបាលខណ្ឌ​ លោក ហែម ដារិ​ទិ្ធ សន្យា​ធ្វើជា​តំណាង​របស់​កម្មករ ហើយ​ចូល​ទៅ​ដោះស្រាយ​ជាមួយ​ភាគី​រោងចក្រ​នៅ​ម៉ោង ៤រសៀល​ថ្ងៃនេះ។

មន្ត្រី​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ខៀវ សា​វុធ ដែល​ចុះ​ដោះស្រាយ​វិវាទ​ការងារ​នេះ មានប្រសាសន៍​ថា ក្នុងករណី​ថៅកែ​បិទទ្វារ​រោងចក្រ ហើយ​បញ្ឈប់​ទាំងអស់​បែបនេះ គឺ​ថៅកែ​ត្រូវ​ដោះស្រាយ​សំណង​ជូន​កម្មករ​ចំនួន ៣ចំណុច​ប៉ុណ្ណោះ មាន​ប្រាក់ឈ្នួល​ចុងក្រោយ ប្រាក់​អតីតភាព​ការងារ និងប្រាក់ដំណាច់​ឆ្នាំ​ដែល​នៅសល់។

លោក ខៀវ សា​វុធ ប្រាប់​ថា៖ «កាល​គេ​បិទ​រោងចក្រ​រួមគ្នា​អ៊ីចឹង គេ​គិត​ឱ្យតែ​បី​ចំណុច​ទេ។ តែបើ​បញ្ឈប់​ខ្លះ ទុក​ខ្លះ អាហ្នឹងគេ​គិត​ឱ្យបួន​ចំណុច។ ប៉ុន្តែ បើ​ថៅកែ​បញ្ឈប់​កម្មករ ២ ឬ ៣នាក់ អាហ្នឹង​គេ​គិតឱ្យ​ដូច​ការ​ទាមទារ​របស់​ពួក​គាត់​នេះ​ហើយ​[គិត៥ចំណុច​]»។

ប៉ុន្តែ កិច្ច​ព្រមព្រៀង​រវាង​តំណាង​កម្មករ និង​តំណាង​ក្រុមហ៊ុន ក្រោម​ការសម្រប​សម្រួល​ដោះស្រាយ​ពី​មន្ត្រី​ក្រសួងការងារ​កាលពី​ថ្ងៃទី២៣ ខែមិថុនា បញ្ជាក់​ថា ថៅកែ​បាន​សន្យា​ផ្តល់​សំណង​ជូន​កម្មករ​ចំនួន ៥ចំណុច​ស្រប​ទៅតាមច្បាប់​ស្តី​ពី​ការងារ។

មន្ត្រី​ផ្នែក​ច្បាប់ និង​ដោះស្រាយ​វិវាទ​នៃ​សម័្ពន្ធ​សហជីព​ស៊ី​ខៅ​ឌូ លោក ស៊ាង យ៉ូ​ត ធ្លាប់​ប្រាប់​វី​អូ​ឌី​ថា តាមផ្លូវ​ច្បាប់​នៅពេល​ដែល​រោងចក្រ​បិទ ឬបញ្ឈប់​កម្មករ​ពី​ការងារ គឺ​ការ​ដោះស្រាយ​សំណង​ជូន​កម្មករ ត្រូវ​ពឹងផ្អែក​ទៅតាម​កិច្ចសន្យា​ការងារ។

មន្ត្រី​ផ្នែក​ច្បាប់​រូប​នេះ បញ្ជាក់​ថា ក្នុងករណី​កម្មករ​ប្រើប្រាស់​កិច្ចសន្យា​មិនកំណត់ ថៅកែ​ត្រូវ​ទូទាត់​សំណង​ជូន​កម្មករ​ចំនួន ៥ចំណុច រួមមាន ​ប្រាក់ខែ​ចុងក្រោយ ប្រាក់​ជូនដំណឹង ប្រាក់​អតីតភាព​ការងារ ប្រាក់​ជំងឺចិត្ត និង​ប្រាក់​ដំណាច់ឆ្នាំ​ដែល​នៅសល់។

ប៉ុន្តែ សម្រាប់​កម្មករ​ប្រើប្រាស់​កិច្ចសន្យា​កំណត់​វិញ ថៅកែ​ត្រូវ​ទូទាត់​សំណង​ជូន​ពួក​គេ​ចំនួន ៤ចំណុច រួមមាន ប្រាក់ឈ្នួល​ចុងក្រោយ ប្រាក់៥ភាគរយ ប្រាក់​ដំណាច់ឆ្នាំ​ដែល​នៅសល់ និង​ប្រាក់​ជំងឺចិត្ត ក្នុងករណី​កិច្ចសន្យា​ការងារ​របស់​ពួក​គេ​នៅសល់។

អ្នកគ្រប់គ្រង​ទូទៅ​នៅ​រោងចក្រ​ ហាណា អ្នកស្រី ទី សុធី​តា ប្រាប់​វី​អូ​ឌីកា​លពី​សប្ដាហ៍​មុន​ថា រោងចក្រ​ ហាណា ​ជា​រោងចក្រ​ផលិត​ម៉ាស់ និង​សម្លៀកបំពាក់ ដែល​មានកម្ម​ករ​សរុប ៦៦៩នាក់។ អ្នកស្រី​ថា ថៅកែ​សម្រេច​បិទទ្វារ​រោងចក្រ​ដោយសារ​គ្មាន​អ្នកបញ្ជា​ទិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ