រដ្ឋា​ភិបាល​​សម្រេច​​ពន្យារ​ពេល​៣​ខែ​​ទៀត​​សម្រាប់​​ពលរដ្ឋ​​ស្នើ​សុំ​​ការ​ផ្ទេរ​​កម្ម​សិទ្ធិ​​យាន​យន្ត​​

ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

រដ្ឋាភិបាល​បានសម្រេច​ពន្យារពេល ៣ខែ​បន្ថែម​ទៀត​ សម្រាប់​ពលរដ្ឋ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​របស់​ពួក​គេ ខណៈ​ចំនួន​នៃ​ការផ្ទេរ​កម្មសិទ្ធិ​យានយន្ត​នៅ​រយៈពេល ៣ខែ​ចុងក្រោយ​នេះ កើនឡើង​ខ្ពស់។

ឱសានវាទ​សម្រាប់​ការផ្ទេរ​កម្មសិទ្ធិ​យានយន្ត​ដែល​កំណត់​ដោយ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ផុតកំណត់​កាលពី​ថ្ងៃម្សិលមិញ​ ក្រោយពី​ក្រសួង​​បាន​ប្រកាសប្រាប់​ពលរដ្ឋ​ឱ្យ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​ចាប់ផ្ដើម​តាំងពី​ដើមខែ​មីនា​ក្នុង​ឆ្នាំនេះ។

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​របស់ក្រ​សួង​សាធារណ​ការ និង​ដឹកជញ្ជូន លោក ឈួន វ៉ន់ បាន​ឱ្យដឹង​ថា ដំណើរការ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​នេះ ត្រូវ​បាន​ក្រសួង​សម្រេច​ពន្យារពេល ៣ខែ​ទៅមុខ​ទៀត ចាប់ពី​ដើមខែ​កក្កដា​រហូតដល់​ចុងខែ​តុលា​ខាងមុខ ដោយ​ក្រសួង​បាន​សម្រួល​នីតិវិធី​មួយចំនួន​សម្រាប់​ពលរដ្ឋ​ដែល​មានបំណង​ស្នើសុំ​ផ្ទេរ​កម្មសិទ្ធិ។

លោក ឈួន វ៉ន់ ប្រាប់​ថា៖ «ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ​យើង​គាត់​មក​ផ្ទេរ​កម្មសិទ្ធិ​មាន​ចំនួន​ច្រើន ជាពិសេស​ដូចជា​ខាង​មន្ទីរ​មួយចំនួន​បាន​រាយការណ៍​មក​ថា កាលមុន​មួយ​ខែ​បានតែ ៥០គ្រឿង​ទេ ឥលូវ​កន្លះ​ខែ​នៃ​ខែ៦នេះ​ដល់​មួយ​ពាន់​គ្រឿង​ជាង។ ចំនួន​នេះ​វា​ច្រើន ហើយ​ខាងយើង​មានការ​លំបាក​ក្នុង​ការ​ធ្វើឱ្យទាន់ពេល​វេលា​ជូន​ខាង​បងប្អូន​យើង។ អ៊ីចឹង យើង​សុខ​ចិ​ត្ត​ពន្យា​រពេល​បន្ត​ទៀត ដោយ​ថា ឃើញ​បងប្អូន​ចូលរួម​សហការ​តាម​ការ​ជូនដំណឹង​របស់​[ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន​]យើង»។

លោក ឈួន វ៉ន់ បាន​ឱ្យដឹង​បន្ថែម​ថា ការផ្ទេរ​កម្មសិទ្ធិ​យានយន្ត សម្រេច​បាន​ជាង ៨ពាន់​គ្រឿង​នៅចន្លោះ​ថ្ងៃទី១២ ខែមីនា ដល់​ដំណាច់ខែ​មិថុនា ឬមាន​កំណើន​ជាង ៧០ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ទោះជាយ៉ាងណា លោក ឈួន វ៉ន់ ប្រាប់​ថា លោក​មិន​អាច​បញ្ជាក់​បាន​ថា តើ​យានយន្ត​ប៉ុន្មាន​គ្រឿងនៅ​មិនទាន់​ត្រូវ​បាន​ផ្ទេរ​កម្មសិទ្ធិ​នៅឡើយ​ទេរ​ហូត​មកដល់ពេលនេះ ដោយ​លោក​ថា ក្រសួង​មិន​អាច​កំណត់​ចំនួន​បាន​ជាក់លាក់​នោះ​ឡើយ ដោយសារតែ​ការទិញ​លក់ ត្រូវ​បាន​ធ្វើឡើង​ពី​ពលរដ្ឋ​ម្នាក់​ទៅ​ពលរដ្ឋ​ម្នាក់ទៀត។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធារណៈ​ការ និង​ដឹកជញ្ជូន លោក ហ៊ា​ង សុទ្ធា​យុត្តិ បាន​ឱ្យដឹង​ថា យានយន្ត​ដល់ទៅ ២៦៥,០០០គ្រឿង ត្រូវ​បាន​ស្នើសុំ​ចុះបញ្ជី​នៅ​ក្រសួង​ចាប់ពី​ដើមខែ​មករា​រហូតដល់​ថ្ងៃទី១ ខែកក្កដា​នេះ ក្នុង​នោះ​មាន​រថយន្ត​ធុន​ធ្ងន់ ៩,៥០០គ្រឿង រថយន្ត​លក្ខណៈ​គ្រួសារ ៣៩,៤០០គ្រឿង ហើយ​យានយន្ត​ជាង ២១ម៉ឺន​គ្រឿង​ទៀត គឺជា​ម៉ូតូ​រ៉ឺម៉ក ឬទោចក្រយាន​យន្ត។

លោក ហ៊ា​ង សុទ្ធា​យុត្តិ បាន​ឱ្យដឹង​ទៀត​ថា រថយន្ត​សរុប​ជាង ១ម៉ឺន ២ពាន់​គ្រឿង ត្រូវ​បាន​ស្នើសុំ​ផ្ទេរ​កម្មសិទ្ធិ​នៅក្នុង​រយៈពេល ៦ខែ​ក្នុង​ឆ្នាំនេះ ក្នុង​នោះ​មាន​រថយន្ត​គ្រួសារ និង​រថយន្ត​ដឹកទំនិញ​ធុន​តូច​មាន​ចំនួន​ដល់ទៅ ១១,៦៥០គ្រឿង​។

ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ លោក ចំរើន ធី បាន​ឱ្យដឹង​ថា លោក​បាន​ទៅ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​មក​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​លោក​រួចហើយ ហើយ​លោក​ប្រាប់​ថា ដំណើរការ​ស្នើសុំ​ផ្ទេរ​កម្មសិទ្ធិ​នេះ ឆ្លងកាត់​នីតិវិធី​ជាច្រើន ដែល​លោក​ថា នាំឱ្យ​ចំណាយពេល​វេលា​យូរ និង​មាន​ភាព​ស្មុគស្មាញ។

លោក ចំរើន ធី និយាយ​ថា៖ «យើង​រត់​ចុះ​រត់ឡើង​ទៅ​ក្រសួង​ផង ទៅ​ប៉ុស្តិ៍​ប៉ូលិ​សផង មក​បង់ពន្ធ ហើយ​មក​បញ្ជាក់​អត្តសញ្ញាណ​បណ្ណ​នៅ​ខណ្ឌ​ទៀត។ វា​ច្រើន​គន្លាក់ មាន​អារម្មណ៍​ថា ពិបាក​ដែរ ព្រោះថា យើង​ខាតពេល​រកស៊ី ចំណូល​យើង​តិចតួច​ផង ហើយ​យើង​រវល់​រត់​លិច​រត់​កើត រត់​ចុះ​រត់ឡើង ប៉ះពាល់​ដល់​ជីវភាព​យើង​រកស៊ី​ជីវភាព​យើង​រាល់ថ្ងៃ​ដែរ»។

លោក ជិន នី ដែល​អះអាង​ថា ជា​អ្នក​រត់តាក់ស៊ី​ពី​ភ្នំពេញ​ទៅ​ខេត្ត​កំពង់ស្ពឺ និយាយ​ថា លោក​ខកខាន​មិនបាន​ទៅ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​របស់​លោក​ទៅតាម​ពេលវេលា​កំណត់​ដោយ​រដ្ឋាភិបាល ប៉ុន្តែ លោក​ប្រាប់​ថា លោក​កំពុង​ព្យាយាម​រៀបចំ​ឯកសារ​ដើម្បី​ស្នើសុំ​ផ្ទេរ​កម្មសិទ្ធិ​នៅ​សប្ដាហ៍​នេះ។

គាត់​បាន​រៀបចំ​ឯកសារ​ដើម្បី​ត្រៀម​ទៅ​សុំ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​នា​សប្តាហ៍​ក្រោយនេះ ដើម្បី​ងាយស្រួល​គ្រប់គ្រង​យានយន្ត​របស់​លោក​នៅពេល​ជួប​បញ្ហា​ប្រឈម​ផ្សេង​ៗដោយ​យថាហេតុ។

លោក ជិន នី និយាយ​ថា៖ «ដោយសារ​គេ​រកអត្តសញ្ញាណ​បណ្ណបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន នៅពេល​ខ្ញុំ​បាន​ឯកសារ​គ្រប់គ្រាន់ ខ្ញុំ​ទៅកាត់​ឈ្មោះ​[ផ្ទេរ​កម្មសិទ្ធិ​]ដែរ​ហើយ»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ បាន​ជំរុញ​ទៅ​រដ្ឋាភិបាលឱ្យ​ផ្ដល់​សេវាកម្ម​ជា​កញ្ចប់​ទៅដល់​ប្រជាពលរដ្ឋ ដោយ​លោក​ថា ដើម្បី​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ដែល​ទៅ​ស្វែងរក​សេវា​សាធារណៈ​មួយ​នេះ។

លោក សន ជ័យ ប្រាប់​ថា៖ «រងគ្រោះ​ដោយសារ​ខ្វះខាត​ក្នុង​ការ​ឆ្លើយតប ក្នុង​ការ​ផ្តល់​សេវា​បញ្ជាក់​ឯកសារ។ ទីពីរ គាត់​អាច​ខាតបង់​ផលប្រយោជន៍​ទិញ​ឡាន​ហើយ​យក​លុយ​ទៅ​សូក​គេ​បន្តិចបន្តួច ដើម្បី​ធ្វើ​ឯកសារ​បញ្ជាក់​ទៀត។ ទីបី គាត់​អាច​ប្រឈម​នឹង​ផ្លូវច្បាប់ បើសិនជា​គាត់​មិនទៅ​បំពេញ កាត់ឈ្មោះ​ឱ្យទាន់ពេល​វេលាដែល​បាន​កំណត់​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន»។

កាលពី​ខែមិថុនា​ឆ្នាំមុន រដ្ឋាភិបាល​បានសម្រេច​តម្រូវឱ្យពលរដ្ឋ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​របស់​ពួក​គេ​ឡើងវិញ ៣ឆ្នាំក្រោយ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ឱ្យ​ផ្អាក​អនុវត្ត​ន៍កាលពីដើម​ឆ្នាំ២០១៦កន្លងមក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ