តុលាការ​កំពូល​លើក​ពេល​ប្រកាស​សាល​ដីកាអតីត​​បុគ្គលិក​​វិទ្យុ​​អាស៊ី​​សេរី​ពីរ​រូប

អតីត​អ្នក​យក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក អ៊ូន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ និយាយ​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ក្រោយ​ចាក​ចេញ​ពី​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២០។ (ខាន់ លក្ខិណា)

បណ្ដឹង​សារទុក្ខ​របស់​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ២​រូប ត្រូវ​បាន​តុលាការ​សម្រេច​លើក​ពេល​ទៅ​ប្រកាស​នៅ​ពាក់​កណ្ដាល​ខែ​នេះ ក្រោយ​បញ្ចប់​សវនាការ​នៅ​ព្រឹក​មិញ​នេះ។

អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ឬ​ យាង សុជាមេត្តា ត្រូវ​បាន​សាលា​ដំបូង​​រាជ​ធានី​ផ្នំពេញ សម្រេច​កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៩​កន្លង​មក ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ ជុំ​វិញ​សំណុំ​រឿង​មាន​ការ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ចារកម្ម​បម្រើ​ឲ្យ​រដ្ឋ​បរទេស និង​​​បទ​ចោទ​ប្រកាន់​មួយ​ទៀត​នា​ពេល​ក្រោយ​មក គឺ​ការ​កាន់​កាប់​រូប​អាភាស។

អតីត​អ្នកសារព័ត៌មាន​ទាំង​ពីរ​រូប​នេះ បាន​ប្ដឹង​សារទុក្ខ​ជា​បន្ត​បន្ទាប់​ទៅ​សាលា​ឧទ្ធរណ៍ និង​ទៅ​តុលាការ​កំពូល ដើម្បី​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម។

បណ្ដឹង​សារទុក្ខ​របស់​ពួកគេ ត្រូវ​បាន​តុលាការ​កំពូល​លើក​យក​មក​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​ព្រឹក​ថ្ងៃ​នេះ។

ក្រោយ​សវនាការប្រហែល ១ម៉ោង នៅព្រឹកថ្ងៃទី១ ខែកក្កដា​នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល អ្នកស្រី គឹម សត្ថាវី សម្រេចលើក​ពេល​ប្រកាស​សាល​ដីកា​ទៅនៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ខាងមុខនេះ។

ប្រាប់អ្នកសារព័ត៌មាន​នៅក្រៅរបងតុលាការ លោក យាង សុធារិន្ទ និយាយថា គ្មានភាពចាំបាច់អ្វីដែលត្រូវធ្វើការស៊ើបអង្កេតឡើងវិញនោះទេ ដោយលោកថា ការ​ស៊ើបអង្កេតឡើងវិញនេះ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពួកគាត់។

លោក យាង សុរិន្ទ ប្រាប់ថា៖ «សម្រាប់ខ្ញុំគ្មានភាពចាំបាច់អ្វីត្រូវស៊ើបអង្កេតឡើងវិញទេ ព្រោះស៊ើបអង្កេតច្រើនហើយ។ ខ្ញុំឱ្យតុលាការរកទាល់តែងាប់ទៀត រកមិនឃើញផង ខ្ញុំហ៊ាន​និយាយអ៊ីចឹង។ តុលាការរកបញ្ហាហ្នឹង សម្រាប់ខ្ញុំ​​រកទាល់តែងាប់ក៏មិនឃើញផង ព្រោះអីខ្ញុំគ្មានកំហុស ។អ៊ីចឹងមិនបាច់​ទេ​​។ អ៊ីចឹង បើថា រកឃើញ ២​ឆ្នាំ វាគួរតែឃើញ ​​មិនមែន ២​ឆ្នាំរកមិនឃើញទេ។ទោះបីបន្ថែម ១០​ឆ្នាំទៀត ក៏រកមិនឃើញដែរ»

លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ក្រោយ​មក​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ដាក់​ឃុំ​ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ចារកម្ម​ឱ្យ​រដ្ឋ​បរទេស ហើយ​ក្រោយ​មក ត្រូវ​បាន​ចោទ​ប្រកាន់​មួយ​ករណី​ទៀត​ពី​បទ​ផលិត និង​កាន់​កាប់​រូបភាព​អាស​អាភាស។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដោះ​លែង​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន និងដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ចាប់​តាំង​ពី​ខែ​សីហា​ ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ