បទ​​យក​ការណ៍​៖​ បណ្ឌិត​ ពៅ​ សាវ​រស​ ធន​ធាន​​ដ៏​​កម្រ​​បំផុត​​ផ្នែក​​ភាសា​ និង​​សិលា​ចារឹក​​របស់​​ជន​ជាតិ​​ខ្មែរ​​

លោកស្រី​បណ្ឌិត ពៅ សាវ​រស។ (ហ្វេសប៊ុក Saveros POU – ពៅ សាវរស)

លោកស្រីបណ្ឌិត ពៅ សាវរស បានធ្វើមរណកាលទៅ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩១ឆ្នាំ នៅប្រទេសបារាំង។

សិស្ស និស្សិត អ្នកដែលលោកស្រីធ្លាប់បង្រៀន និងអ្នកដែលធ្លាប់បានស្គាល់លោកស្រីបណ្ឌិត ជាង ៥០នាក់ បានជួបជុំគ្នាសូត្រមន្តឧទ្ទិសកុសលដល់លោកស្រីបណ្ឌិត ពៅ សាវរស កាលពីថ្ងៃទី២៩ ខែមិថុនាកន្លងទៅ នៅពុទ្ធសាសនបណ្ឌិត្យកម្ពុជា ដើម្បីរំលឹកនឹកគុណ និងសូមឱ្យវិញ្ញាណក្ខន្ធលោកស្រីបណ្ឌិតចាប់បដិសន្ឋិក្នុងទីសុខកុំបីខាន។

ព្រះចៅ​អធិការ​វត្ត​នន្ទ​មុ​ន្នី​ ស្ថិតក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ព្រះ​សុមេធ​វង្ស សុខ ប៊ុ​នធឿន មាន​ថេរ​ដីកា​ថា​ ការបាត់បង់​លោកស្រី​បណ្ឌិត ​ពៅ សាវ​រស ជា​ការបាត់បង់​នូវ​ធនធាន​ដ៏​កម្រ​នូវ​អ្នក​អក្សរសាស្ត្រ វប្បធម៌​ជាតិ​របស់​កម្ពុជា។ 

ព្រះអង្គ​មាន​សង្ឃដីកា​ថា៖ «អាត្មា​សូម​សម្ដែង​នូវ​ការ​សោកស្ដាយ​ដ៏​ពន់ប្រមាណ។ ចំណុច​ទីពីរ ​ក៏​សម្ដែង​នូវ​មោទកភាព​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោកស្រី​សាស្ត្រា​ចារ្យ​បណ្ឌិត ​ពៅ សាវ​រស​ដែល​គាត់​ខំប្រឹង​លះបង់​នូវ​ពេលវេលា​ដ៏​មានតម្លៃ​សិក្សា​រៀនសូត្រ​ផ្ទាល់​រហូត​បាន​ក្លាយជា​បញ្ញវន្ត​ដ៏​ឆ្នើម​របស់​ជាតិ»។ 

បណ្ឌិត ​ឆោម គន្ធា ដែល​ធ្លាប់​ជា​សិស្ស និង​បាន​ស្គាល់​លោកស្រី ​ពៅ សាវ​រស ជាង១០ឆ្នាំ​មក​ហើយ​នោះ ​បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ចំពោះ​ការបាត់បង់​អ្នកគ្រូ​របស់​ខ្លួន​បែបនេះ។ 

អ្នកស្រី ឆោម គន្ធា ដែល​ធ្លាប់​ជា​សិស្សរបស់លោកស្រី ​ពៅ សាវ​រស គោរពវិញ្ញាណក្ខន្ធលោកស្រី ពៅ សាវរស នៅពុទ្ធសាសនបណ្ឌិត្យកម្ពុជា ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ុន សិរីវឌ្ឍន៍)

បណ្ឌិត​ ឆោម គន្ធា មានប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ស្គាល់​អ្នកគ្រូ​ក្នុង​ពេល​ដែល​ខ្ញុំ​ទៅរៀន​ថ្នាក់បណ្ឌិត ព្រោះ​និ​ក្ខេ​បបទ​ខ្ញុំ​ដែល​ត្រូវ​សរសេរ​នៅពេល​នោះ​គឺ​ទាក់ទង​នឹង​សិលាចារឹក​ដែល​ជា​ជំនាញ​របស់​អ្នកគ្រូ​ ពៅ សាវ​រស់ ហើយ​ខ្ញុំ​នឹក​គុណ​គាត់​មិន​ភ្លេច​ទេ ​ព្រោះ​ពេល​ហ្នឹង​គាត់​ជា​អ្នក​ចូលនិវត្តន៍ហើយ ក៏​ប៉ុន្ដែ​គាត់​នៅតែ​ទទួល​សិស្ស​ឱ្យមក​ជួប​មក​រៀន​នៅផ្ទះ​ ដូច​ថា​មិនមែន​ជានា​ទី​គាត់​សោះ តែ​គាត់​ស្ម័គ្រចិត្ត​មក​បង្រៀន​ជួយ​ដឹកដៃ​តម្រង់ផ្លូវ​ ថា​ខ្ញុំ​បាន​ចំណេះ​ប៉ុណ្ណា​នៅពេល​នេះ​គឺ​បាន​មក​ពី​គុណ​គាត់​ទាំងស្រុង»។ 

តើ​បណ្ឌិត​ ពៅ សាវ​រស ជា​អ្នកណា​? 

ក្មេង​ជំនាន់​ក្រោយ​តិចណាស់​ដែល​បាន​ស្គាល់ ឬឮឈ្មោះ​បណ្ឌិត ​ពៅ សាវ​រស តែ​សម្រាប់​សាស្ត្រា​ចារ្យ​បុរាណវិទ្យា អ្នក​ប្រវត្តិវិទ្យា និង​ភាសាវិទ្យា និង​សាស្ត្រា​ចារ្យ​បរ​ទេស​ធំៗ​មួយចំនួន​ពិតជា​ស្គាល់​យ៉ាង​ច្បាស់​ពី​បណ្ឌិត​ដែល​ជា​ធនធាន​ដ៏​កម្រ​របស់​ជនជាតិ​ខ្មែរ​នេះ។ 

បណ្ឌិត ពៅ សាវ​រស កើត​នៅ​ថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩២៩ នៅ​ក្រុងភ្នំពេញ ស្ថិត​ក្នុង​គ្រួសារ​អ្នកមាន​កម្រិត​វប្បធម៌​ខ្ពស់​មួយ ដែល​មាន​ឪពុក​ឈ្មោះ ពៅ ច្រឹង និង​ម្ដាយ​ឈ្មោះ នូវ សែង។ កុមារី ពៅ សាវ​រស មាន​បងប្អូន ១០នាក់ ដែល​គាត់​ជា​កូន​ទី២នៃ​គ្រួសារ។ ឪពុក​របស់​គាត់​គឺជា​មន្ត្រី​នៃ​ក្រសួងវប្បធម៌ ចំណែកជីតា និង​ឪពុកធំ​ជាម​ន្ត្រី​ខ្ពង់ខ្ពស់​ក្នុង​ព្រះបរមរាជវាំង ក្នុង​រាជ​ព្រះបាទ​នរោត្តម សុរា​ម្រឹត។

កញ្ញា​ ពៅ សាវ​រស ទទួល​បាន​សញ្ញាបត្រ​មធ្យមសិក្សា​ភាគ​ទី២ ផ្នែក​អក្សរសាស្ត្រ និង​ទស្សនវិជ្ជា​នៅ​ឆ្នាំ១៩៤៧ និង​បាន​បន្ត​ការសិក្សា​ផ្នែក​ភាសាវិទ្យា​នៅ​សាកល​វិទ្យាល័យ​នៅ​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ១៩៥១ ដោយ​បាន​សិក្សា​លើ​វិស័យ​បី​ផ្នែក​គឺ ភាសាវិទ្យា​ទូទៅ ភាសាវិទ្យា​អឺរ៉ុប និង​ភាសាវិទ្យា​បូព៌ា​ (សំស្ក្រឹត និង​បាលី​) ដែល​បាន​សិក្សា​ពី​គ្រូ​ល្បី​ជាច្រើន​ដូចជា​លោក អារ៍​ម៉ង់ មី​ណា​រដ៍ លោក ល្វី​រ៉ើ​ននូ អង់ដ្រេ បា​រ៉ូ លោក ហ្សង់ ហ្វីលី​យ៉ូ​ហ្សា​ត លោក អូ ឈៀង លោក ហ៊្ស​ក សឺ​ដេស និង​លោ​ក ហ្វ្រង់​ស្វា ម៉ា​រទី​នី ជាដើម។ 

សំឡេង​អាន៖ «តមក​ទើប​លោកស្រី​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​រដ្ឋ​នៅ​ឆ្នាំ១៩៧៨ ដោយសារ​ស្នាដៃ​មួយ​ដែល​តម្រូវ​ឱ្យ​មានការ​សិក្សា​ស្រាវជ្រាវ​ជ្រៅជ្រះ និង​លំបាក​ក្រៃលែង​ គឺ​និ​ក្ខេ​បបទ​ដែល​មាន​ចំណងជើង​ថា រាមកេរ្តិ៍​ខ្មែរ ស.វទី១៦ -១៧»។ 

លោកស្រី​បណ្ឌិត​បាន​ចូល​បម្រើការ​ងារ​ជា​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ជាតិ​សិក្សា​ស្រាវជ្រាវ​លក្ខណៈ​វិទ្យាសាស្ត្រ​នាទី​ក្រុងប៉ារីស​ប្រទេស​បារាំង​នៅ​ឆ្នាំ១៩៧៩ និង​បាន​ចាប់ផ្ដើម​បង្រៀន​នៅ​តាម​សាលា​នានា​នៅ​ប្រទេស​បារាំង​ចាប់ពី១៩៨៩តមក។ 

បើ​តាម​បណ្ឌិត​ វង់ សុធា​រ៉ា ដែល​ជា​កូនសិស្ស​របស់​លោកស្រី​ម្នាក់​ផង​ដែរ​នោះ ​ថា លោកស្រី​បណ្ឌិត​បាន​ចាប់ផ្ដើម​មក​ធ្វើ​បទ​បង្ហាញ​នៅ​ស្រុកខ្មែរ​ដំបូង​ក្នុង​ឆ្នាំ១៩៩៣ ហើយ​លោក​ក៏​ចាប់ផ្ដើម​ក្លាយជា​សិស្ស​ម្នាក់​របស់​គាត់​នៅ​ឆ្នាំ១៩៩៨ ។ 

លោក​បណ្ឌិត​ វង់ សុធា​រ៉ា មានប្រសាសន៍​ថា៖ «កាលពី​ឆ្នាំ១៩៩៤ ខ្ញុំ​បានឮ​ឈ្មោះ​គាត់​ពេល​ដែល​គាត់​អញ្ជើញ​ទៅដល់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​តែ​ខ្ញុំ​អត់​បាន​ជួប​គាត់​ទេ​ បានតែ​ស្ដាប់​បាថ​កថា​គាត់​ដែរ​ តែ​មិនបាន​ជួប​ផ្ទាល់»។ 

លោក​បន្ថែម​ថា៖ «មូលនិធិ​របស់​អាល្លឺ​ម៉ង់​មួយ​ដែល​បាន​ជួយ​ពុទ្ធ​សាសន​បណ្ឌិត្យក៏បាន​អញ្ជើញ​អ្នកគ្រូ​មក​ធ្វើ​បាថ​កថា​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ​ពីឆ្នាំ១៩៩៧មក ហើយ​ពេល​ហ្នឹង​ដែល​ខ្ញុំ​បាន​ចាប់អារម្មណ៍​ជួប​ស្គាល់​គាត់​ផ្ទាល់​ ហើយ​គាត់​បានឱ្យ​ខ្ញុំ​បកប្រែ​ស្នាដៃ​អ្វី​ដែល​ជា​ខេមរ​វិទ្យា។ នៅ​ឆ្នាំ១៩៩៨ ដែល​ជា​ឆ្នាំទី​ពីរ​ដែល​គាត់​មកលេង​ម្ដងទៀត​មក​ស្រុកខ្មែរ ហើយ​នៅ​ឆ្នាំ១៩៩៨ដែល​ខ្ញុំ​បាន​បកប្រែ​រួច ​ខ្ញុំ​បាន​យក​ឱ្យ​គាត់​មើល​ គាត់​បាន​កែ​បន្ដិច​បន្តួច ហើយ​ចាប់ពី​ពេលនោះ​ហើយដែល​គាត់​បាន​ចាត់ទុក​ខ្ញុំ​ជា​កូនសិស្ស​ម្នាក់​របស់​គាត់»។ 

លោក ​វង់ សុធា​រ៉ា បាន​រៀបរាប់​ពីអ​ត្តចរិត​របស់​អ្នកគ្រូ​ ពៅ សាវ​រស ​ថា៖ «អ្នកខ្លះ​ថា​ គាត់​កាច​! តែ​សម្រាប់​ខ្ញុំ​ៗចាំ​ថា​ គាត់​គឺជា​មនុស្ស​ហ្មត់ចត់​ខ្លាំង​ ហើយ​បើ​នៅក្នុង​ការ​បង្រៀន​បើ​គាត់​និយាយ​ពី​ទ្រឹស្ដី​ហើយ​ យើង​អត់​យល់ អត់​អាច​ទាញ​យក​ទៅលើ​ការស្រាវជ្រាវ​ទាញ​យក​ព័ត៌មាន​អី​បា​នភ្លាមៗ​នៅចំពោះមុខ​គាត់​ទេ គាត់​ចាត់ទុក​សិស្ស​ហ្នឹង​អន់​ណាស់​ ហេតុដូច្នេះ​គាត់​មិន​ឱ្យ​ជួប​យូរ​ទេ! អ្នកណា​ដែល​សុំ​គាត់​រៀន​ពី​គាត់​ តែ​គាត់​ជួប​និយាយ​ហើយ​អត់​បែកគំនិត ​គាត់​ឈប់​ឱ្យទៅ​ជួប​ហើយ​ គាត់​ថា​នាំ​តែ​ខាតពេល​ទេ។ ហើយ​ខ្ញុំ​ៗគិតថា​ បាន​ជោគជ័យ​ដែរ​ ដោយសារតែ​គាត់​អត់​បាន​ដេញ​ខ្ញុំ​ដូច​អ្នកដទៃ»។

ក្រៅពី​បណ្ឌិត​ ឆោម គន្ធា និង​បណ្ឌិត វង់ សុធា​រ៉ា ក៏​មាន​បណ្ឌិត និង​សាស្ត្រា​ចារ្យ​ជាច្រើន​ទៀត​ដែល​ត្រូវ​បាន​អ្នកគ្រូ​ ពៅ សាវ​រស បណ្ដុះបណ្ដាល ​ដែល​មាន​ដូចជា បណ្ឌិត អាំង ជូ​លៀន បណ្ឌិត​ មី​សែល អង់​តែម និង​បណ្ឌិត Ashley Thompson ជាដើម។ ការ​បង្រៀន​របស់​អ្នកគ្រូ ពៅ សាវ​រស គឺ​គាត់​តែងតែ​លើក​សរសើរ​ពី​ចំណុច​ល្អ​នី​មួយ​ៗរបស់​សិស្ស​គ្រប់គ្នា​ទៅកាន់​សិស្ស​ផ្សេងទៀត ដែល​ធ្វើ​ឱ្យ​សិស្ស​ទាំងអស់​តែងតែ​គោរព​គ្នា​ទៅវិញ​ទៅ។ 

ស្នា​ដៃ​ធំៗ​របស់​លោកស្រី ពៅ សាវ​រស មាន​ដូចជា ​និក្ខេប​បទក​ម្រិ​តខ្ពស់​ទី៣ មាន​ចំណងជើង​ថា ស្ថាន​នាម​ខ្មែរ និក្ខេបបទ​បណ្ឌិត រា​មកេ្តរិ៍​ខ្មែរ សៀវភៅ​សិលា​ចា​រឹ​កថ្មី​ៗនៃ​ប្រទេស​កម្ពុជា​ក្បាល​ទី១ ដល់​ក្បាល​ទី៤ វចនានុក្រម​ខ្មែរ​ចាស់​-បារាំង​-អង់គ្លេស វចនានុក្រម​ភាសាខ្មែរ​សម័យ​កណ្ដាល និង​កម្រង​ច្បាប់​ទាក់ទង​នឹង​វប្បធម៌​ជាដើម។

ក្រៅពី​ស្នាដៃ​ទាំងនេះ ​ក៏​មាន​ស្នាដៃ​ជា​អត្ថបទ និង​សៀវភៅ​ជាង១៥០ស្នាដៃ​ទៀត​ ដែល​ត្រូវ​សរសេរ​ដោយ​បណ្ឌិត ​ពៅ សាវ​រស ពីឆ្នាំ១៩៦៧ ដល់​ឆ្នាំ២០១២។ ស្នាដៃ​ទាំងនេះ​ហើយដែល​ជា​របស់​សំខាន់​សម្រាប់​អ្នកស្រាវជ្រាវ​ជំនាន់​ក្រោយ​អាចយ​កទៅ​ស្រាវជ្រាវ​បន្ត ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា​តទៅមុខ​ទៀត នេះ​ជា​ប្រសាសន៍​របស់​អនុរដ្ឋ​លេខាធិការ​ក្រសួងធម្មការ​ លោក ថោ គឿន។ 

លោក​មានប្រសាសន៍​ថា៖ «ខ្ញុំ​ចង់​បញ្ជាក់​ថា​ កិច្ចការ ​[របស់​លោកស្រី​ ពៅ សាវ​រស់​] គឺ​សុទ្ធតែ​មានតម្លៃ​ដល់​សង្គមជាតិ​ ដល់​អ្នក​សិក្សា​អ្នក​បន្តវេន ជា​អ្នក​ទ្រទ្រង់នូវ​ការ​អភិវឌ្ឍ​នូវ​ប្រទេស​របស់​យើង»។

បើ​ទោះជា​រូបកាយ​បណ្ឌិត ​ពៅ សាវ​រស បាន​បាត់បង់​ពី​ពិភពលោក​នេះ​ទៅហើយ​ក្ដី តែ​សម្រាប់​សិស្សរបស់​គាត់​នៅតែ​ចាត់ទុក​គាត់​​​នៅតែនៅជាមួយដដែល ហើយ​ពាក្យណែនាំ​របស់​អ្នកគ្រូគឺ​នៅតែ​រំលឹក​ដល់​គាត់​រហូតមកដល់​ពេលនេះ។ 

បើ​តាម​លោក​បណ្ឌិត វង់ សុធា​រ៉ា ក្នុង​ផ្នត់គំនិត​របស់​លោកស្រីបណ្ឌិត ពៅ សាវ​រស គឺ​ខ្មែរ​ជា​ជាតិ​ខ្លាំង​មួយ ដូច្នេះ​ លោកស្រី​មិន​សប្បាយចិត្ត​នោះ​ទេ​នៅពេល​ដែល​ជនជាតិ​ខ្មែរ​ធ្វើ​ចរិត​ទន់ជ្រាយ​ឱ្យ​បរទេស​បានឃើញ​នោះ។ 

លោក​បណ្ឌិត វង់ សុធា​រ៉ា៖ «គាត់​តែងតែ​ថា​ មើល​! ត្រូវ​ធ្វើ​ឱ្យ​មាន Dignity ​[សេចក្តី​ថ្លៃថ្នូរ​] មើល! របៀប​ម៉េច​ដែល​ហៅថា Dignity គាត់​ពន្យល់​សព្វបែបយ៉ាង​តាំង​ពី​ចរិ​តតាំងពី​អី។ ហើយ​យើង​ឃើញថា​ យើង​ជាខ្មែរ​ បើ​ចូលក្នុង​ចំណោម​បរទេស​អីហ្នឹង​ គេ​មើលងាយ​យើង​ហើយ អ្នកខ្លះ​គាត់​ថា​ យើង​ក៏​មានមុខមាត់​ពេញ​ស្មើ​គេ​ដែរ តែ​យើង​ដឹង​ស្រាប់ហើយ​បើ​យើង​ទៅ​ស្រុកបារាំង​យើង​ត្រូវ​មាន​វី​សា​មានអី តែ​បារាំង​ដែល​មក​ស្រុក​យើង​គេ​មិន​ចាំបាច់​ទេ តែ​ដល់​យើង​ទៅ​គេ​វិញ​វា​ពិបាក កន្លែង​ហ្នឹងហើយ​ដែល​ថា​យើង​មិន​អាច​ស្មើគេ​នោះ​ណា។ ណាមួយ​គេ​ដើរ​វែង​ជាង​យើង ហើយ​យើង​ដើរ​ចេះតែ​ឱនលំទោន​ដាក់​គេ។ ដល់​សម្រាប់​គាត់ គឺ​អត់ទេ​! អ្នកណា​ជាខ្មែរ ហើយ​ជាពិសេស​ជា​កូនសិស្ស​គាត់​ទៅដើរ​ទន់ជ្រាយ​ដាក់​គេ គឺ​គាត់​អត់ទេ​! គឺ​ត្រូវ​មាន Dignity ខ្លួនឯង ត្រូវតែ​មាន​ឯករាជ្យ មាន​ឥស្សរ​ភាពជា​មួយ​ខ្លួនឯង កុំទៅ​ឱន​ក្បាល​ដាក់​អ្នកណា​ទាំងអស់​!»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ