ក្រុមអង្គការជំរុញទៅ​រដ្ឋាភិបាល​ឲ្យ​បង្ហាញឆន្ទៈ​ពន្លឿនការកែច្បាប់បើកលំហ​សេរីភាពសង្គមស៊ីវិលឡើងវិញ

ប៉ូលីសប្រដាប់អាវុធតាមដានសង្កេតមើលអ្នកចូលរួមពិធីសូត្រមន្តនៅព្រៃការពារព្រៃឡង់ ឆ្នាំ២០១៩។ (លីកាដូ)

អង្គការមួយចំនួនដែលគ្រោងជួបក្រសួងមហាផ្ទៃជាថ្មីទៀត​នៅសប្តាហ៍ក្រោយ បាន​អះ​អាង​ថា ពួកគេចង់ឃើញក្រសួងសាមី​មួយនេះ បង្ហាញឆន្ទៈពិតក្នុងនាមជាអ្នកសម្របសម្រួលឲ្យកែច្បាប់​ដើម្បីបើកលំហសេរីភាពស្រប​តាមខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញឡើងវិញ ក្រោយពី​រដ្ឋាភិបាលបានដាក់ឲ្យប្រើ​ច្បាប់មួយដែលពួកគេថា បានធ្វើឲ្យលំហប្រជាធិបតេយ្យរួមតូច។

តាមរយៈលិខិតចុះថ្ងៃទី៣០ ខែមិថុនា ក្រសួងមហាផ្ទៃ បាននិយាយថា ស្ថាប័ន​នេះ​នឹងបន្តពិគ្រោះយោបល់លើក​ទី​៦​ជាមួយក្រុមអង្គការសង្គមស៊ីវិល​លើសំណើរសុំធ្វើវិសោធនកម្មច្បាប់​ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

ក្រសួង​និយាយ​ថា ការពិគ្រោះយោបល់ជាមួយអង្គការសង្កមស៊ីវិលជាលើកនេះ ដើម្បីសម្របសម្រួលដោះស្រាយសំណើរ និងសំណូមពររបស់ក្រុមអង្គការសង្គមស៊ីវិល ដែលគ្រោ​ងធ្វើនៅថ្ងៃទី៦ ខែកក្កដា សប្តាហ៍ក្រោយនេះនៅទីស្ដីការ​ក្រសួង​ផ្ទាល់។

មន្ត្រីកម្មវិធីជាន់ខ្ពស់ផ្នែកអង្គេតនៅអង្គការឃ្លាំមើលការបោះឆ្នោត លោក កន សាវាង្ស និយាយថា តាមការសិក្សារបស់ក្រុមអង្គការសមាគម៥០០ស្ថាប័ន រកឃើញថា មាត្រាចំនួន ១៤​នៃ​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​រារាំងដល់សិទ្ធិបង្កើតសហគមន៍នៅមូលដ្ឋាន និងរឹតត្បិតសិទ្ធិអង្គការសង្គមស៊ីវិល ផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលធានាសិទ្ធិពលរដ្ឋដូចជា សិទ្ធិបង្កើតសមាគម និងចូលរួមសកម្មក្នុងជីវភាពនយោបាយជាដើម។

មន្ត្រីឃ្លាំមើលរូបនេះ អះអាងថា ស្ថាប័នលោកចង់ឃើញក្រសួងបង្ហាញឆន្ទៈពិត ជំរុញដល់ការពន្លឿនការធ្វើវិសោធនកម្មច្បាប់ ដើម្បីបើកលំហ​ប្រជាធិបតេយ្យឡើងវិញ។

លោក កន សាវាង្ស ប្រាប់ថា៖ «បើយើងមើលក្នងច្បាប់ហ្នឹង វាមានចន្លោះប្រហោង។ អ៊ីចឹងហើយបានជាយើងទាមទារសុំឲ្យក្រសួងធ្វើការកែប្រែដោយសារមូលហេតុក្នុងការសិក្សារកឃើញថា ១៤មាត្រា វាអត់ស្របជាមួយរដ្ឋធម្មនុញ្ញ ដែលថា ប្រជាពលរដ្ឋមានសិទ្ធិសកម្មចូលរួមក្នុងជីវភាពនយោបាយ។ ចំណុចអស់ទាំង​ហ្នឹង វាអត់មានចូលនៅក្នុងច្បាប់ហ្នឹង»

បើ​តាមលោក កន​ សាវាង្ស ជំនួបពិភាក្សា​ចំនួន ៥លើកកន្លងទៅ ក្រសួងទទួលយក ១០ចំណុចហើយ​ក្នុង​ចំណោម ១៤ចំណុចដែលសង្គមស៊ីវិល​ស្នើឡើង ហើយថា ៤ចំណុចដែលនៅសល់ នឹងត្រូវពិភាក្សាបន្តនៅសប្តាហ៍ក្រោយ ដូចជា មាត្រា៣០ ៣១ ៣២ និង៣៥ ដែលលោក​ថា មាត្រាទាំងនេះ ជាវិធានការរដ្ឋបាល និងទោសប្បញ្ញត្តិ។

អ្នកនាំពាក្យសមាគមអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា និយាយថា កិច្ចពិភាក្សាកន្លងទៅរបស់​ក្រសួង ហាក់មានចេតនាពន្យារ​ពេល ដោយបង្ហាញវត្តមានក្រុមអង្គការសង្គមស៊ីវិលមួយក្រុមទៀតដែលលោកថា មាននិន្នាការគាំទ្ររដ្ឋាភិបាលចូលមកជំទាស់សេចក្តីថ្លែងការណ៍រួមរបស់អង្គការសមាគម ៥០០ស្ថានប័ន ដែលបានឯកភាពគ្នារួចហើយ​ក្នុងគោលដៅជំរុញឲ្យធ្វើវិសោធនកម្មច្បាប់នេះ។

លោក ស៊ឹង សែនករុណា ប្រាប់ថា៖ «ក្រសួងធ្វើយ៉ាងណាបង្ហាញឆន្ទៈកាន់តែច្បាស់ទៅទៀត គឺអាចចេញជាបញ្ជា ឬក៏លុបចោលនូវការចោទប្រកាន់លាភពណ៌ថា យើងជាក្រុមបដិវត្តពណ៌ ហើយប្រកាសជាសាធារណថា យើងជាដៃគូជួយទៅលើវិស័យសិទ្ធិមនុស្ស ផ្នែកលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌សង្គម រួមចំណែកជាមួយរដ្ឋាភិបាលក្នុងការជំរុញរដ្ឋាភិបាលឲ្យគោរពកាតព្វកិច្ចរបស់ខ្លួនតាមកិច្ចព្រមព្រាងជាមួយអង្គការសហ​ប្រជាជាតិ»

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអ្នកដឹកនាំសម្របសម្រួលកិច្ចប្រជុំនេះ លោក ប៊ុន ហុន ឲ្យ​ដឹង​ថា ភាព​យឺត​យ៉ាវនៃកិច្ចពិភាក្សាដើម្បីប្រមូលមតិរួមដាក់ជូនទៅអន្តរក្រសួងពិភាក្សាសម្រេចនោះ ដោយសារតែក្រុមអង្គការសង្គមស៊ីវិល​ច្រើនក្រុមជជែកមិនត្រូវគ្នា។ ប៉ុន្តែ លោកថា ក្រសួង​មហាផ្ទៃ​បើកឲ្យមាន​កិច្ចប្រជុំច្រើនលើករវាងក្រុមអង្គការសង្គមស៊ីវិល និងមន្ត្រីបច្ចេកទេសនៅក្រសួងនេះ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ឆន្ទៈរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្សស្របតាមរដ្ឋធម្មនុញ្ញ។

លោក ប៊ុន ហុន ប្រាប់ថា៖ «ខ្ញុំសុំបញ្ជាក់ថា នេះជាឆន្ទៈរបស់រដ្ឋាភិបាល មិនមែនយើងមិនចង់ធ្វើទេ គឺយើងនៅព្យាយាមធ្វើ ដើម្បីឲ្យវាស្របជាមួយនឹងគោលការណ៍សំខាន់ៗនូវអ្វីដែលយើងចែងក្នុងរដ្ឋធម្មនុញ្ញ»

អ្នកសិក្សាពីការអភិឌ្ឍសង្គម លោកបណ្ឌិត មាស នី និយាយថា ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានរដ្ឋាភិបាលប្រកាសឲ្យប្រើចំពេលដែលមានការផ្ទុះឡើងនៃរលកតវ៉ាដីធ្លី ស្របគ្នានឹងការធ្លាក់ចុះប្រជាប្រិយភាពរបស់បក្សកាន់អំណាច។

អ្នកឃ្លាំមើលរូបនេះ បង្ហាញការយល់ឃើញថា ជំនួបនេះអាចគ្រាន់តែជាសារមួយប្រាប់ទៅអន្តរជាតិថា រដ្ឋាភិបាលបានសហការជាមួយក្រុមអង្គការសង្គមស៊ីវិលឡើងវិញ ដើម្បីស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។

ប៉ុន្តែ លោកថា កង្វល់របស់ក្រុមអង្គការសង្កមស៊ីវិលទាំងនេះ ទំនងជាត្រូវគេទុកចោលបើគ្មានភ្លើងខៀវពីរដ្ឋាភិបាលនោះ។ លោកថា ការអូសបន្លាយបើកលំហ​ប្រជាធិបតេយ្យឡើង​វិញ នឹងបន្តប៉ះពាល់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ និងជំនួយផ្សេងៗពីប្រទេសលោកសេរី។

ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មាន ៩ជំពូក និង៣៩មាត្រា ហើយ​ត្រូវ​បាន​ប្រកាសឱ្យប្រើនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។

កាលពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំនេះ អង្គការសមាគម១០០​ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា​ លុប​ចោល​​ច្បាប់ស្ដីពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឱ្យបានឆាប់​រហ័ស ដោយចាត់ទុកថា ច្បាប់បន្ថែមថ្មីនេះ​ គឺគ្រាន់តែជា​ឧបករណ៍​បម្រើដល់​ការរារាំង ​គំរាមកំហែង​ និងរឹតត្បិត​សង្គមស៊ីវិល។​

សេចក្តីថ្លែងការណ៍រួម លើកឡើងថា ​គ្មានភាពចាំបាច់​ដើម្បីមាន​ច្បាប់ស្ដីពី​សមាគម ​និងអង្គការ​មិនមែន​រដ្ឋាភិបាល​នេះទេ ដោយថា កម្ពុជាមានក្រមរដ្ឋប្បវេណី​ និងក្រមព្រហ្មទណ្ឌចែងពី​បទប្បញ្ញត្តិ ដើម្បី​គ្រប់គ្រង​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​រួចរាល់ហើយ។​

សង្គមស៊ីវិលចាត់ទុកថា​ ច្បាប់បន្ថែមថ្មីនេះ​ គឺគ្រាន់តែជា​ឧបករណ៍​បម្រើដល់​ការរារាំង ​គំរាមកំហែង​ និងរឹតត្បិត​សង្គមស៊ីវិល​ដែលបាន​រាយការណ៍​ជាញឹកញាប់​ និង​រហូតមក​ អំពីការ​តាមដាន ​និងការ​គំរាមកំហែង​ក្រោមហេតុផល​នៃច្បាប់​មួយនេះ​តែប៉ុណ្ណោះ។​

ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីខែកុម្ភៈ បានអះអាងថា កម្ពុជាជាឋានសួគ៌របស់ក្រុមអង្គការសង្គមស៊ីវិល ព្រោះមានអ្នកមានអង្គការសមាគមជាង ៥ពាន់បានចុះបញ្ជីនៅក្រសួងដើម្បីធ្វើសកម្មភាពសង្គមរៀងៗខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ