លោក ហ៊ុន សែន ថា​បក្ស​​កាន់​អំ​ណា​ច​កំ​ពុង​​បន្ត​​មាគ៌ា​​សន្តិភាព​​ប្រជា​ធិប​តេយ្យ​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សំណេះសំណាលជាមួយមន្ត្រីដែលទៅទទួលលោកនៅព្រលានយន្តហោះភ្នំពេញ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងវេទិកា«ខ្សែក្រវ៉ាត និងផ្លូវ» លើកទី២ នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហួត វុទ្ធី

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន យក​ថ្ងៃខួប ៦៩ឆ្នាំ​ នៃ​ថ្ងៃ​បង្កើត​គណបក្សប្រជាជន​កម្ពុជា ផ្ញើ​សារ​ថា បក្ស​​កាន់អំណាច​មួយ​នេះ កំពុង​បន្តដំណើរ​លើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ និង​អភិ​វឌ្ឍន៍ ដើម្បី​បុព្វហេតុ​ជាតិ។

តាមរយៈ​ហ្វេសប៊ុក​ខ្លួន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​កាលពី​ម្សិលមិញ​ថា៖ «ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក គណបក្សប្រជាជន​កម្ពុជា បាន​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់​ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រួញរា ដើម្បី​កម្ពុជា​មាន​ឯករាជ្យ សន្ដិ​ភាព សេរីភាព ប្រជាធិបតេយ្យ អព្យា​ក្រឹត្យ និង​វឌ្ឍនភាព​សង្គម»។

ក្នុង​លិខិត​ដាច់ដោយឡែក​មួយទៀត​របស់​គណបក្សប្រជាជន​កម្ពុជា លោក ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​គណបក្ស បាន​ថ្លែង​ថា រយៈពេល​ជាង ៤១ឆ្នាំ​កន្លងមក​នេះ គណបក្ស​កាន់អំណាច​មួយ​នេះ បាន​ដឹកនាំ​ប្រទេស​ឆ្លងកាត់​ការ​លំបាក​រាប់មិនអស់។

មេ​បក្ស​កាន់អំណាច​រូប​នេះ ថ្លែង​ទៀត​ថា សមិ​ទ្ធផល​ទាំងនោះ គណបក្ស​សម្រេច​បាន​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន រាប់ទាំងការ​រំដោះប្រទេស​ចេញពី​របប​ខ្មែរក្រហម ការ​បង្រួបបង្រួម​ជាតិ​ជាដើម។

លោក ហ៊ុន សែន និយាយ​នៅក្នុង​សារលិខិត​នោះ​ថា៖ «[បក្ស​កាន់អំណាច​] កំពុង​បន្ត​ឈានទៅមុខ​ប្រកបដោយ​ភាព​ជឿជាក់​លើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍»។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក​បណ្ឌិត ប៉ា ច័ន្ទ​រឿន មានប្រសាសន៍​ថា ការ​រីកចម្រើន​របស់​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​មកនេះ រហូត​រដ្ឋាភិបាល​ប្រើពាក្យ​ថា អរគុណ​សន្តិភាព លោក​ថា វា​បាន​កើត​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​កិច្ច​ព្រមព្រៀង​នោះ​តម្រូវឱ្យកម្ពុជា​គោរព​គោលការណ៍​ប្រជាធិបតេយ្យ។

លោក ប៉ា ច័ន្ទ​រឿន និយាយ​ទៀត​ថា ការសិក្សា​ជាច្រើន​បង្ហាញថា ប៉ុន្មាន​ឆ្នាំ​មកនេះ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ ក្រោយ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ។

អ្នកឃ្លាំមើល​រូប​នេះ និយាយ​ថា កម្ពុជា​អាច​នឹង​ជួប​ហានិភ័យ បើ​សារ​នយោបាយ​នេះ ខ្វះ​ការទទួលខុសត្រូវ។

លោក ប៉ា ច័ន្ទ​រឿន ប្រាប់​ថា៖ «នៅក្នុង​ពិភពលោក​នេះ​ក៏​ឆ្លុះបញ្ចាំង​ដែរ ប្រទេស​ជាច្រើន​ដែល​ប្រជាជន​មាន​សុខ​សន្តិភាព ​មាន​សុ​ភមង្គ​លខ្ពស់​ជាងគេ​ហ្នឹង ​គឺជា​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​ មិនមែន​ជារបប​ដែល​ប្រកាន់​របប​ផ្តាច់​ការ ឬក៏​របប​បែប​កុម្មុយនីស្ត​នោះ​ឡើយ»។

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា និយាយ​ថា សារ​របស់​មេដឹកនាំ​បក្ស​កាន់អំណាច ហាក់​ផ្ទុយ​ទៅ​នឹង​របត់​នយោបាយ​ដែល​បាន​កើតឡើង។

លោក មាជ សុវណ្ណារ៉ា សរសេរលើបណ្ដាញ​សង្គម​ថា៖ «ខ្ញុំ​មើលទៅ​រដ្ឋាភិបាល​អះអាង​ដូចជា​ប្រើ​រូបមន្ត​ដូច​កុម្មុយនីស្ត​ដដែល ​គ្រាន់តែ​ជា​ស្រមោល​នៃ​លទ្ធិប្រជាធិបតេយ្យ​ត្រង់ថា បក្ស​ធំជាង​រដ្ឋ រដ្ឋ​ធំជាង​រាស្ត្រ វា​ខុសពី​ប្រជាធិបតេយ្យ​ រាស្ត្រ​ធំជាង​រដ្ឋ រដ្ឋ​ធំជាង​បក្ស ដែលគេ​ចែក​គ្នា​ដាច់​អ៊ីចឹង»។

លោក មាជ សុវណ្ណារ៉ា និយាយ​ទៀត​ថា មាគ៌ា​សន្តិភាព​បែប​លទ្ធិប្រជាធិបតេយ្យ ត្រូវ​ធានា​ដល់​ការប្រកួត​អំណាច​មួយ​ដោយ​តម្លាភាព កើត​ចេញពី​ឆន្ទៈ​ពលរដ្ឋ​ពិតប្រាកដ និង​មាន​ការ​គំា​ទ្រ​ពី​សហគមន៍​អន្តរជាតិ​ មិន​ផាត់​គណបក្ស​មួយ​មាន​អ្នកគាំទ្រ​ជិត​ពាក់កណ្តាល​ប្រទេស​ដូច​បច្ចុប្បន្ន​ទេ។

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​នាំមុខ​គេ​ក្នុង​ការ​ដាក់​សម្ពាធ​ទៅ​លើមេដឹកនាំ​បក្ស​កាន់អំណាច​ឱ្យ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ ក្រោយ​មានការចាប់​ឃុំខ្លួន​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​រំលាយ​គណបក្ស​នេះ​អំឡុង​ឆ្នាំ២០១៧។

កាលពី​សប្តាហ៍​មុន​នេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC​) និង​សមាគម​ស្បែកជើង​នៅ​កម្ពុជា (CFA​) បាន​ស្នើ​ជាថ្មី​ទៀត​ទៅ​គណៈកម្មការ​អឺរ៉ុប ឱ្យ​ពន្យារពេល​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ»EBA ពី​កម្ពុជា ដែល​អឺរ៉ុប​គ្រោង​ដក​ជំ​ហាន​ដំបូង ២០ភាគរយ​នៅ​ខែសីហា​ខាងមុខ។

ក្រុម​អ្នក​វិនិយោគ​ទាំងនោះ ព្រួយបារម្ភ​ថា វិស័យ​កាត់ដេរ​នៅ​កម្ពុជា​អាច​នឹង​ដួល​រលំ​ក្រោយ​បាត់បង់​ចំណែក ២០ភាគរយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ