ចិន​​ដាក់​​ពល​រដ្ឋ​៤​សែន​​នាក់​​ក្នុង​​ស្រុក​​មួយ​​ឱ្យ​​នៅ​​ដាច់​ដោយ​ឡែក​​

ប៉ូលិសក្រុងប៉េកាំងដាក់កម្លាំងយាមនៅមុខច្រកចូលផ្សារ Xinfadi ក្រោយពីមានការផ្ទុះករណីឆ្លងកូវីដ-១៩ជាចង្កោមដែលសង្ស័យថាប្រភពចម្លងចេញពីផ្សារនេះ អំឡុងដើមខែមិថុនា ឆ្នាំ២០២០។ (AFP)

រដ្ឋអំណាច​ចិន ហាម​ពលរដ្ឋ​ប្រមាណ ៤សែន​នាក់​ក្នុង​ស្រុក​មួយ​នៃ​ខេ​ត្ត​ហ៊ឺ​ប៉ី មិន​ឱ្យ​ចេញក្រៅ ក្រោយ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ ផ្ទុះឡើង​ជា​ចង្កោម​តូច។

អាជ្ញាធរ​បាន​រាយការណ៍​នៅ​ថ្ងៃម្សិលមិញ​ថា ខ្លួន​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ថ្មី​ចំនួន ១៣ករណី ​នៅ​ស្រុក Anxin ចម្ងាយ ១៤០គីឡូម៉ែត្រ​ពីរ​ដ្ឋ​ធានី​ប៉េកាំង ទី​ដែល​ផ្ទុះ​ការ​ឆ្លង​ជា​ចង្កោម​ចុងក្រោយ​ក្នុង​ប្រទេស ដោយ​ចេញពី​ផ្សារ​បោះ​ដុំ​បន្លែ ត្រី​សាច់ និង​គ្រឿង​សមុទ្រ Xinfadi។

ក្រោយ​ផ្ទុះ​ការ​ចម្លង មនុស្ស ២សែន​នាក់​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា បាន​ទៅកាន់​ផ្សារ​នោះ ក្នុងរយៈពេល ២សប្តាហ៍​ចុងក្រោយ ហើយ​មនុស្ស​ជាង ៣០០នាក់ ត្រូវ​បាន​រក​ឃើញថា​ឆ្លង​មេរោគ​ចេញពី​ប្រភព​ផ្សារ​បន្លែ​បោះ​ដុំ​ធំ​បំផុត​របស់​ទីក្រុង​មួយ​នេះ គិត​ចាប់តាំងពី​ថ្ងៃទី១១ ខែមិថុនា។ 

តាម​ប្រភព​ពី​គណៈកម្មការ​សុខាភិបាល​ចិន មនុស្ស​ចំនួន ៧លាន ៧សែន​នាក់​ដែល​ជាប់សង្ស័យ និង​រស់នៅ​ជុំវិញ​តំបន់​កើតហេតុ​នៃ​សង្កាត់ Fengtai ត្រូវ​បាន​តេ​ស្តរ​កឃើញវិជ្ជមាន​កូ​វីដ១៩ តាម​បច្ចេកវិទ្យា​ថ្មី​ដែល​អាច​ដឹង​លទ្ធផល​ឆាប់រហ័ស គិត​ត្រឹម​ថ្ងៃសៅរ៍​ ទី២៧ ខែមិថុនា។ 

តាម​កាសែត South China Morning Post ឱ្យ​ដឹង​ថា កាលពី​ចុង​សប្តាហ៍​មុន​នេះ អាជ្ញាធរ​តំបន់​បាន​ប្រកាស​ដាក់​បម្រាម​គោល​ចរ បិទ​ផ្ទប់​ការ​ចេញចូល​ស្រុក Anxin ទាំងមូល ហើយ​តម្រូវ​ឱ្យគ្រួសារ​ទាំង​អស់​សម្ងំក្នុង​ផ្ទុះ លើកលែង​សមាជិក​ម្នាក់ដែល​អាច​ចេញក្រៅ​បាន​ម្តង​ក្នុង១ថ្ងៃ បើ​មាន​ករណី​ចាំបាច់។

ប្រភព​ដដែល​ឱ្យ​ដឹង​បន្ថែម​ថា អ្នកស្រុក​ចំនួន ១៨នាក់​ហើយ ក្នុង​នោះ​មាន ៥នាក់​មិន​បង្ហាញ​រោគសញ្ញា និង​ករណី​ឆ្លង​មួយចំនួន​ទៀត​ក្នុង​ខេត្ត​ចំនួន៥ ត្រូវ​បាន​រក​ឃើញ​មាន​ប្រភព​មក​ពី​ក្រុង​ប៉េកាំង ចាប់ពី​ផ្ទុះ​ករណី​ឆ្លង​នៅ ២សប្តាហ៍​មុន ចេញពី​ផ្សារ​បន្លែ​របស់​ទីក្រុង។

តាម​សេចក្តី​រាយការណ៍​ដដែល ក្រោម​វិធានការ​រឹត​បន្តឹង​ការ​ធ្វើដំណើរ​នេះ អាជ្ញាធរ​ដែនដី​បាន​តម្រូវ​ឱ្យ​ពលរដ្ឋ​ម្នា​ក់ៗ​ត្រូវ​ចុះឈ្មោះ​ដោយ​ប្រើ​អត្តសញ្ញាណ​បណ្ណ​របស់​ពួក​គេ ហើយ​ត្រូវ​ស្ទង់​កម្ដៅ​ក្នុង​ខ្លួន​រាល់ពេល​ឆ្លងកាត់​ច្រកចេញ​ចូល​ភូមិ សហគមន៍ ឬអាគារ​ស្នាក់នៅ។ 

អាជ្ញាធរ និង​សមាជិក​បក្ស​កុម្មុយនី​ស្តប្រចាំ​ភូមិស្រុក ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ម្នា​ក់ៗ​កុំ​ចេញក្រៅ​ផ្ទះ ឬចុះ​ផ្លូវ ហើយ​ជំរុញ​ឱ្យ​ពួក​គេ​ណែនាំ​ដល់​សមាជិក​ក្រុម​គ្រួសារ និង​មិត្តភក្តិ ឱ្យ​គោរព​វិធានការ​របស់​អាជ្ញាធរ និង​ត្រូវ​ជូនដំណឹង​ដល់​ពួក​គេ បើ​មាន​នរណា​ម្នាក់​ល្មើស​នឹង​បម្រាម។

ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ឆ្លង​ថ្មី លើក​ឡើង​ថា ស្ថានភាព​ឆ្លង​រាលដាល​របស់​មេរោគ​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​បំផុត ដែល​ចាំបាច់​ត្រូវ​ចាត់វិធានការ​តឹង​រ៉ឹង ដើម្បី​ទប់ស្កាត់​ការ​រីកសាយ​ភាយ​ក្នុង​តំបន់ និង​ឆ្លង​រាតត្បាត​ទៅដល់​ខេត្ត​ក្រុង​ដទៃ។ 

កាលពី​ពាក់កណ្តាល​ខែឧសភា រដ្ឋអំណាច​ក្រុង Jilin នៃ​ខេត្ត Jilin ភាគ​ឦសាន​ប្រទេស​ចិន បាន​ដក​មន្រ្តី​បក្ស និង​រដ្ឋបាល​តំបន់ ៥រូប​ចេញពី​តំណែង ដែ​លប​ណ្តាល​ឱ្យ​កើតមាន​ករណី​ឆ្លង​ក្នុង​មូលដ្ឋាន​របស់​ពួក​គេ​គ្រប់គ្រង និង​រាលដាល​ដល់​ខេត្ត​ក្បែរ​ខាង។ 

បន្ទាប់មក អាជ្ញាធរ​ខេត្ត​បាន​បិទ​ផ្ទប់​តំបន់​ផ្ទុះ​ជំងឺ​ដែល​មាន​ប្រជាជន ៧សែន​នា​ក់​ភ្លាម​ៗ ហើយ​ធ្វើ​យុទ្ធនាការ​តេ​ស្តរ​កករ​ណី​វិជ្ជមាន​ជំងឺ​កូ​វីដ១៩ ក្នុង​ទ្រង់ទ្រាយ​ធំ លើ​មនុស្ស​ជាង ១០លាន​នាក់ ដោយ​កំណត់​រយៈពេល​ត្រឹម ១០ថ្ងៃ។

គណៈកម្មការ​សុខាភិបាល​ចិន ឱ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា ខ្លួន​បាន​តេ​ស្តរ​កមេរោគ​នៅ​ទូទាំង​ដែនដី​គោក ​បាន​សំណាក ៩០លាន​សំណាក​ហើយ គិត​ចាប់តាំងពី​ករណី​ឆ្លង​ថ្មី​ត្រូវ​បាន​រក​ឃើញ​ជាបន្តបន្ទាប់ ក្រោយ​ស្ងប់ស្ងាត់​អស់​រយៈពេល​ជិត ២ខែ។ 

យុទ្ធនាការនេះ​ដែរ ធ្វើឡើង​ចំ​ពេល​អាមេរិក អឺរ៉ុប និង​ប្រទេស​ធំៗ​ជាច្រើន ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ពី​មេរោគ​កូ​វីដ១៩ បង្កើន​ការ​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បើកផ្លូវ​ឱ្យ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​អន្តរជាតិ ចុះ​ស្រាវជ្រាវ​ប្រភព​ដើម​នៃ​មេរោគ​កូ​វីដ១៩ និង​មូលហេតុ​នៃ​ការ​ឆ្លង​រាលដាល​នៅ​ក្រុង​វូ​ហាន។ 

គិត​ត្រឹម​ថ្ងៃចន្ទ​នេះ ករណី​កូ​វីដ១៩ ដែល​មាន​ប្រភព​ចម្លង​ពី​ក្រុង​វូ​ហាន នៃ​ខេត្ត​ហ៊ឺប៉ី ប្រទេស​ចិន បាន​កើន​ដល់​ជាង ១០លាន​ករណី និង​សម្លាប់​មនុស្ស​អស់​ជាង​កន្លះ​លាន​នាក់​ហើយ។ អាមេរិក ជា​ប្រទេស​រង​ការ​ឆ្លង​រាតត្បាត​ខ្លាំង​ជាងគេ ដោយមាន​ករណីឆ្លង​ជាង ២លាន​នាក់ បន្ទាប់មក​គឺ​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និង​ចក្រភព​អង់គ្លេស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ