លោក កឹម សុខា៖ ខ្ញុំឈឺចាប់ពេលដែលខ្មែរបែកបាក់គ្នា

លោក កឹម សុខា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅផ្ទះលោក មុនទៅចូលរួមសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានលើកឡើងថា លោកមានការឈឺចាប់នៅពេលដែលខ្មែរបែកបាក់គ្នា  និងទទួលការប្រមាថពីជាតិសាសន៍ដទៃ។​

នៅថ្ងៃខួបអាយុ៦៨ឆ្នាំ មេដឹកនាំអតីតបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរសារនៅលើបណ្តាញសង្គម កាលពីម្សិលមិញ បង្ហាញទឹកចិត្តស្រលាញ់អ្នកមានគុណ [ឪពុក ម្តាយ] និងបង្ហាញទឹកចិត្តស្រលាញ់ជាតិ ប្រជាពលរដ្ឋខ្មែរ ដោយលោកថា មិនគាំទ្រឲ្យបរទេសមកត្រួតត្រា ឈ្លានពាន ឬបំផ្លាញប្រទេសកម្ពុជា ទោះបីក្នុងរូបភាពណាក៏ដោយ​។

លោក កឹម សុខា បន្តថា គ្មានអ្វីឈឺចាប់នៅពេលដែលខ្មែរបែកបាក់គ្នា ហើយមិនអាចរួបរួមជាតិបាន។

 ខ្លឹមសារនៅលើបណ្តាញសង្គមសរសេរថា៖ «ខ្ញុំឈឺចាប់ណាស់ នៅពេលដែលឃើញខ្មែរ កាប់សម្លាប់គ្នា ជេរប្រមាថគ្នា ចោទប្រកាន់មួលបង្កាច់គ្នា សងសឹកបំផ្លាញគ្នា ជាពិសេសខ្មែរបែកបាក់គ្នា មិនអាចរួបរួមជាតិបាន»

ប៉ុន្តែលោកនៅតែមានជំនឿថា ខ្មែរនៅតែមានការរួបរួមគ្នា ដើម្បីឲ្យជាតិរឹងមាំ មិនអាចឲ្យអ្នកណាប្រមាថបាន។

ខ្លឹមសារនៅលើបណ្តាញសង្គមសរសេរថា៖ «ខ្ញុំនៅតែមានគោលបំណង មានក្តីសង្ឃឹម និងមានការព្យាយាម ឲ្យខ្មែររួបរួមគ្នា ដើម្បីជាតិខ្មែរយើងរឹងមាំ ប្រកបដោយកិត្តិយស មិនអាចអ្នកណាប្រមាថបាន»។

បន្ថែមពីនេះ លោក កឹម សុខា អះអាងថា ពូជសាសន៍ខ្មរ ប្រជាពលរដ្ឋខ្មែរ ជាចៅហ្វាយរបស់លោក និងជាអ្នកមានគុណ ហើយលោកមិនយកខ្មែរណាមួយធ្វើជាសត្រូវ មិនគុំកួន មិនសងសឹក ។ លោកថា ប្រកាន់ជំហរអហិង្សា ដើម្បីធ្វើយ៉ាងណាឲ្យមាតុភូមិកម្ពុជា មានសេចក្តីសុខ សន្តិភាពពិត ថិតថេរ និងរីកចំរើនសម្រាប់ខ្មែរគ្រប់គ្នាផងដែរ។

លោក កឹម សុខា ជាមេដឹកនាំបក្សប្រឆាំងល្បីឈ្មោះមួយរូប ដែលបច្ចុប្បន្ននេះជាប់បណ្តឹង នៅតុលាការជុំវិញ​សំណុំរឿង​ចោទ​ថា ឃុបឃិតជាមួយ​សហរដ្ឋអាមេរិក​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល តាម​បណ្តឹ​ងរ​បស់​រដ្ឋាភិបាល។

អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​ទាំង​មាន​អភ័យ​ឯកសិទ្ធិ​សភា ​កាលពី​រាត្រី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះ​របស់​លោក ​ស្ថិត​ក្នុង​ខណ្ឌទួលគោក។

ការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង ក៏​ចំ​ពេល​គណបក្ស​នេះ​ទទួល​បាន​សំឡេង​គាំទ្រ​ប្រហាក់​ប្រហែល​ទៅ​នឹង​គណបក្សប្រជាជន​កម្ពុជា​កំពុង​កាន់អំណាច​របស់​លោក ហ៊ុន សែន ផង​ដែរ​ ក្រោយ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ កាលពី​ឆ្នាំ២០១៧។

សហរដ្ឋអាមេរិក​ធ្លាប់​ជំរុញ​ឱ្យ​ដោះលែង​លោក កឹម សុខា ដើម្បី​ធានា​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​អះអាង​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​ជា​មនុស្ស​ស្អាតស្អំ​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​ទាំង​អយុត្តិធម៌​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ