សមត្ថកិច្ចបញ្ជូនចាងហ្វាងកាសែតជាតិខ្មែរទៅតុលាការ

សាលាដំបូងរាជធានីភ្នំពេញ

ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចបានបញ្ជូន ចាងហ្វាង​កាសែត​ជាតិខ្មែរទៅតុលាការ កាលពីម្សិលមិញ ក្រោយពីរកឃើញថា ចាងហ្វាងរូបនេះពាក់ព័ន្ធបទល្មើស​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានប្រាប់វីអូឌីថា សមត្ថកិច្ចបានចាប់ខ្លួនចាងហ្វាងកាសែតជាតិខ្មែរ លោក រស់ សុឃិត នៅខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៥ខែមិថុនា ក្រោយពីចាប់ខ្លួន ចាងហ្វាងកាសែតរូបនោះបានសារភាពថា ហ្វេសប៊ុកដែលផុសរឿងរិះគន់ថ្នាក់ដឹកនាំរដ្ឋាភិបាលជាហ្វេសប៊ុករបស់គាត់ពិតមែន ប៉ុន្តែខ្លឹមសារដែលសរសេររិះគន់ថ្នាក់ដឹកនាំនោះ មិនមែនគាត់ជាអ្នកសរសេរនោះទេ។

លោកមានប្រសាសន៍ថា៖ «គាត់ថា គេហេករបស់គាត់…ប៉ុន្តែគាត់ទទួលស្គាល់ថា អាខោន[ហ្វេសប៊ុក]របស់គាត់ ប៉ុន្តែខ្លឹមសារដែលចុះហ្នឹង គឺថាមិនមែនរបស់គាត់[សរសេរ]ទេ​ ខ្លឹមសារហ្នឹងដូចនិយាយវាយប្រហារ ញុះញង់ ថ្នាក់ដឹកនាំ»។

ទោះជាបែបនេះក្តី បន្ទាប់ពីសាកសួរចប់ សមត្ថកិច្ចបានបញ្ជូនចាងហ្វាងកាសែតនោះ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រម្សិលមិញ​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

វីអូឌី មិនអាចសុំការបំភ្លឺពីព្រះរាជអាជ្ញារងសាលាដំបូងភ្នំពេញ លោក គុជ គឹមឡុង បានទេ ដោយលោកថា ជាប់រវល់ប្រជុំ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា)  លោក ណុប វី ពន្យល់ជាទូទៅថា បើសិនជា​ប្រជា​ពលរដ្ឋ ឬអ្នកសារព័ត៌មានដែលបញ្ចេញមតិលើបណ្តាញសង្គម ក្នុងន័យរិះគន់ ថ្នាក់ដឹកនាំស្ថាប័នរដ្ឋណាម្នាក់ បែបស្ថាបនា ដោយមិនជេប្រមាថ គឺពួក​គេ​ទទួល​បានការគាំពារដោយច្បាប់។

ចំណែកករណី ចាងហ្វាងកាសែតជាតិខ្មែរ លោក រស់ សុឃិត តុលាការត្រូវធ្វើការស្រាវ​ជ្រាវ​និង​ស៊ើប​អង្កេត​ឲ្យបាន​ច្បាស់​លាស់​មុននឹងធ្វើការចោទប្រកាន់ ដើម្បីកុំឲ្យប៉ះពាល់ដល់អ្នកដែលមិនបានប្រព្រឹត្តខុស។

លោកមានប្រសាសន៍ថា៖ «ករណីនេះគួរតែមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវថា តើគាត់ពិត​ជាបានសរសេរនៅ​លើ​​អាខោន​របស់​គាត់ ឬក៏​អាខោនរបស់​គាត់​ត្រូវ​បានគេហេក ឬជ្រៀតចូលទៅដោយបុគ្គលណាមួយ ដែល​អាច​ធ្វើ​ឲ្យ​គាត់មានហានិភ័យ​ដោយ​សារ​ការ​ជ្រៀត​​ចូល[សរសេរបរិហារ្តិ៍ថ្នាក់ដឹកនាំរដ្ឋ] បើនៅក្នុងករណីហ្នឹងគាត់ក៏អាចថា ជា​ជន​រងគ្រោះមួយ ចំពោះអ្វីដែលបានសរសេរផ្សាយនៅលើទំព័រហ្វេសប៊ុករបស់គាត់ដែរ»។

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានឃាត់ខ្លួន ចាងហ្វាងកាសែតជាតិខ្មែរ ពេលចូលខ្លួនបំភ្លឺ នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​តាម​ដីកាបង្គាប់របស់​ព្រះរាជអាជ្ញា​​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ពោលត្រូវចូលបង្ហាញខ្លួនឱ្យ​បាន​មុន​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ