លោក ហ៊ុន សែន ថា​ពល​រដ្ឋ​ខ្លះ​​ហៅ​ឱ្យ​អំណោយ​មក​ច្រើន​ជាង​ហៅ​ឱ្យ​ធ្វើ​ការ​

លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ជួប​សំណេះ​សំណាល​ជា​មួយ​កម្មករ​-​កម្មការិនី​រោង​ចក្រ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭក​ដល់​មន្ត្រី​ពាក់ព័ន្ធ​ឱ្យ​ពិនិត្យ​វិនិច្ឆ័យ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ស្រង់​ឈ្មោះ​អ្នក​ក្រីក្រ​ពិតប្រាកដ​សម្រាប់​រដ្ឋ​ជួយ​ឧត្ថ​ម្ភ ព្រោះថា ពលរដ្ឋខ្មែរ​ខ្លះ​កន្លងមក​ហៅ​មក​យក​អំណោយ មក​ច្រើនជាង​ហៅ​ឱ្យធ្វើ​ការ ហើយ​អ្នកខ្លះ​មានទ្រព្យ​សមរម្យ​ហើយក៏​ដេកចាំ​យក​អំណោយ​ដែរ។

ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ១៩ ប្រមាណ ៦០ម៉ឺន​គ្រួសារ កាលពី​ថ្ងៃទី២៤ ខែមិថុនា លោកនាយក​រដ្ឋមន្ត្រី រំឭក​ឱ្យ​មន្ត្រី​ប្រុងប្រយ័ត្ន​ក្នុង​ការ​ស្រង់​យកឈ្មោះ​ពលរដ្ឋ​ដាក់​ចូលក្នុង​បញ្ជី​ក្រីក្រ។

លោក ហ៊ុន សែន៖ «សូម​ផ្តាំ​អាជ្ញាធរ​ខេត្ត តាមដាន​ឱ្យ​ជាប់ ហើយ​ក្រសួងផែនការ​ធ្វើការ​ឱ្យ​ជាប់ ហើយ​បញ្ជូន​ទិន្នន័យ​នេះ​មក​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​យើង​ផ្តល់​ឱ្យ​ដល់​គ្រួសារ​ដែល​ធ្លាក់ខ្លួន​ក្រីក្រ។ ពេលនេះ​មិនទាន់​ក្រ តែ​ខែក្រោយ​អត់​ការងារ​ធ្វើ អត់​ប្រាក់ចំណូល​អាច​ក្រ ចឹង​ចំនួន​នេះ​ពិតជា​កើន។ ប៉ុន្តែ មិនមែន​គេ​ប្រកាស​ក្រ ចេះតែ​ទទួលយក​គ្រប់តែ​រឿង​នោះ​ទេ។»

ក្នុង​ឱកាស​នោះ លោក​ក៏បាន​លើកឡើង​នូវ​បទពិសោធន៍ ដែល​ថា ពលរដ្ឋ​ខ្លះ​ហៅ​មក​ធ្វើការងារ មក​តិច តែ​ពេល​ហៅ​ផ្តល់​អំណោយ មក​ច្រើន ឬអ្នកមាន​ទ្រព្យ​សមរម្យ​ហើយក៏​ដេកចាំ​យក​អំណោយ​ទៀត។

លោក​ក ហ៊ុន សែន៖ «យើង​ធ្លាប់​ជួបប្រទះ​ហើយ ទឹកជំនន់​ឆ្នាំ២០០០ ទោះបី​អ្នកមាន​ស្រូវ​ជង្រុក​នៅ​លើ​ផ្ទះ មាន​ត្រាក់ទ័រ​នៅ​ក្រោមផ្ទះ ផ្ទះក្បឿង​បី​ខ្នង ក៏​ទៅដេក​នៅ​ទីទួល​មាន​សុវត្ថិភាព ដើម្បី​ទទួល​ជំនួយ​ជាមួយ​គេ​ដែរ។ ខ្មែរយើង​ឱ្យ​តែ​ចែក​ជំនួយ ចែក​ជំនួយ និង​ការ​ធ្វើពលកម្ម​គឺ​ចំនួន​គ្រួសារ​រួញ។ ឥលូវ​ថា ប្រមូល​មនុស្ស​ទៅ​ធ្វើពលកម្ម ថា​ធ្វើ​ផ្លូវលំ ១០០គ្រួសារ ភូមិ​ដដែល​គាត់​ប្រកាស​ថា មានតែ ៨០គ្រួសារ​ទេ ព្រោះ​គាត់​សំអាង​ថា ទោះបី​គាត់​រៀបការ​ហើយក៏​ដោយ តែ​គាត់​នៅជា​មួយ​ម្តាយ​ឱពុក​គាត់។ ចឹង​មានតែ ៨០គ្រួសារ​ទេ។ ដល់តែ​ពេល​ថា ហ៎​! យក​ជំនួយ​ទៅ​ចែក ភូមិ​ដដែល​ហ្នឹង​ឡើង​ដល់ ១២០គ្រួសារ។ ឡើង​ដល់ ១២០ភ្លាម ថា ត្បិត​តែ​ខ្ញុំ​នៅជា​មួយ​ម្តាយ​ឪពុក​ខ្ញុំ តែ​ខ្ញុំ​ស៊ី​ខ្លួនឯង​តើ​!»

ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ១៩នោះ លោកនាយក​រដ្ឋមន្ត្រី បាន​បង្ហាញ​របាយការណ៍​ថា គ្រួសារ​ដែល​មាន​ប័ណ្ណ​សមធម៌ (ទាំង​ក្រ​-១ និង​ក្រ​-២) មាន​ប្រមាណ​ជាង ៥៦ ម៉ឺន​គ្រួសារ ដែល​រាជរដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង ១០០ប៊ី​លាន​រៀល (ឬប្រមាណ ២៥លាន​ដុល្លារ​) ក្នុង​មួយ​ខែៗ​សម្រាប់​បើក​ផ្តល់​ជូន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ