របាយ​ការណ៍​៖​ ព្រៃ​ឡង់​​បន្ត​​រង​​ការ​​កាប់​​បំផ្លាញ​​ស្របពេលរដ្ឋា​ភិបាល​​ហាម​ឃាត់​​សហគមន៍​​ចុះ​​ល្បាត​​​បទ​ល្មើស​​

រថយន្តដឹកឈើដឹកជញ្ជូនឈើនៅក្នុងព្រៃឡង់ខេត្តក្រចេះ កាលពីដើមឆ្នាំ ២០១៩។ (អ៊ូច ឡេង)

របាយការណ៍​ស្រាវជ្រាវ​របស់សាកល​វិទ្យាល័យ​អន្តរជាតិ​មួយ ​ដែល​បាន​សិក្សា​រួមគ្នា​ជាមួយ​ដៃគូ​ពាក់​ព័ន្ធ​ផ្សេងទៀត បាន​បង្ហាញថា គម្រប​ព្រៃឈើ​នៅ​តំបន់​ការពារ​ព្រៃ​ឡង់​របស់​កម្ពុជា បាន​រង​ការ​បំផ្លិច​បំផ្លាញ​កាន់តែ​ធំជាង​មុន​ទៀត។

ចាប់តាំងពី​ខែកុម្ភៈ​ដើមឆ្នាំ​នេះ ក្រសួងបរិស្ថាន​បានសម្រេច​មិន​អនុញ្ញាត​ឱ្យប្រជា​សហគមន៍​ជុំវិញ​តំបន់​ព្រៃ​ឡង់ សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល ចូល​ល្បាត​ព្រៃ​អភិរក្ស​មួយ​នេះ​ទៀត​ឡើយ ដោយ​ចោទ​ថា សកម្មភាព​របស់​ពួក​គេ​ខុសច្បាប់ និង​មាន​ចេតនា​ប្រឆាំង​រដ្ឋាភិបាល​ទៀតផង។

របាយការណ៍​ចំហជា​លើក​ទីពីរ​របស់សាកល​វិទ្យាល័យ​ ខូ​ប៉ែន​ហា​ក (Copenhagen​) របស់​ប្រទេស​ដាណឺម៉ាក កាលពី​ថ្ងៃទី២៤ ខែមិថុនា​ បាន​បង្ហាញ​ពី​ការបាត់បង់​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ឆ្នាំ២០១៩ មាន​ទំហំផ្ទៃ​ដី​ជាង ២,៥០០ហិ​កតា ​(២ ៥៦៥​)។

របាយការណ៍​នេះ អះអាង​ថា ចំនួន​នេះ​ជា​ការ​រក​ឃើញ​បន្ថែម​លើ​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ​ម៉ារី​លែន ​(University of Maryland​) របស់​សហរដ្ឋអាមេរិក ដែល​សិក្សា​រួមគ្នា​ជាមួយ​អង្គការ​ឃ្លាំមើល​ព្រៃឈើ​សកល (GFW​) និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រួម​របស់​គណៈកម្មការ​អឺរ៉ុប​ដែល​ចេញផ្សាយ​កាលពីដើម​ឆ្នាំ២០២០នេះ។

របាយការណ៍​នោះ បង្ហាញថា ទំហំ​ការបាត់បង់​ព្រៃឈើ​នៅ​កម្ពុជា​កើនឡើង​យ៉ាង​ឆាប់រហ័ស ជាពិសេស​នៅ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្នុង​ឆ្នាំ២០១៩ រហូត​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ស្ថិតនៅ​លំដាប់​ទី១០ ក្នុងនាម​ជា​ប្រទេស​បាត់បង់​គម្រប​ព្រៃឈើ​ច្រើនជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។

របាយការណ៍​ចំហរៀបរាប់​ថា៖ «កំណើន​នៃ​ការបាត់បង់​ព្រៃឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ បាន​កើតឡើង​ព្រមគ្នា​ជាមួយ​ក្រសួងបរិស្ថាន​ដែល​បាន​ហាមឃាត់​សហគមន៍​មូលដ្ឋាន​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ និង​ធ្វើ​របាយការណ៍​អំពី​បទល្មើស​ព្រៃឈើ»។

របាយការណ៍​របស់​សាកល​វិទ្យាល័យ​ ម៉ារី​លែន បង្ហាញថា កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ដល់ទៅ ៦៣,០០០ហិ​កតា​ នៅក្នុង​ឆ្នាំ២០១៩កន្លងមក ហើយ​បាត់បង់​គម្រប​ព្រៃឈើ​ដល់ទៅ ២៦ភាគរយ ឬទំហំ ២.៣លាន​ហិ​កតា​ គិត​ចាប់តាំងពី​ឆ្នាំ២០០០មក។

ប្រភព​ដដែល បន្ត​ថា ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ បាន​បាត់បង់​ព្រៃឈើ​លើ​ផ្ទៃដី​ជិត ១ម៉ឺន​ហិ​កតា​(៧,៥១០​) ក្នុង​ឆ្នាំ២០១៩ ដែល​ចំនួន​នេះ កើនឡើង ៧៣ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ២០១៨ ហើយក៏​ជា​អត្រា​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​តំបន់​ព្រៃ​ឡង់​ខ្ពស់​បំផុត​ចាប់តាំងពី​ឆ្នាំ ២០១៦មក។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្រ្កា ឱ្យ​វី​អូ​ឌី​ដឹង​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា ខាង​ក្រសួង​គ្មាន​ភាព​ចាំបាច់​ណាមួយ​ក្នុង​ការ​ឆ្លើយតបទៅនឹង​របាយការណ៍​ជន​ទី៣ ដែល​មិន​ស្ថិតនៅ​ក្នុង​ក្របខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ទៅលើ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ព្រៃ​ឡង់​នោះ​ឡើយ។ 

ប៉ុន្តែ ក្រសួង​ទទួលស្គាល់​ថា តំបន់​ព្រៃ​ឡង់​នៅតែ​មាន​បទល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​តូច ដូចជា​ បទល្មើស​កាប់​ឈើ និង​ការទន្ទ្រាន​ដី​ព្រៃ​ជាដើម ប៉ុន្តែ ក៏​កើតឡើង​ដោយ​កត្តា​ច្រើនយ៉ាង រួមមាន ​កត្តា​ជីវភាព​ពលរដ្ឋ ដែល​ជំរុញ​ឱ្យ​ពួក​គេ​បន្ត​ពឹងផ្អែក​លើ​ផល​អនុផល​ព្រៃឈើ និង​ការ​ញុះញង់​ពី​ក្រុម​ឈ្មួញ​ទុច្ចរិត ព្រមទាំង​បញ្ហា​ចំនួន​មន្ត្រី​ឧទ្យានុ​រក្ស​នៅ​មានកម្រិត​ផង​ដែរ។

យ៉ាងនេះ​ក្តី ក្រសួង​នៅតែ​ប្តេជ្ញា​ចិត្តការ​ពារ និង​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ​មួយ​នេះ​បន្ថែម​ទៀត។

លោក នេត្រ ភក្ត្រា មានប្រសាសន៍​ថា៖ «ប៉ុន្តែ ខ្ញុំ​សូម​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការគ្រប់គ្រង និង​អភិរក្ស​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ហើយ​ខិតខំ​បន្ត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅក្នុង​តំបន់​នេះ​បន្ត​ទៀត»។

អ្នកសម្របសម្រួល​បណ្តាញ​ស្នូល​ការពារ​ព្រៃ​ឡង់​ខេត្តព្រះវិហារ លោក ស្រី ថី មានប្រសាសន៍​ថា ចាប់តាំងពី​ខាង​មន្ត្រី​បរិស្ថាន​ហាមឃាត់​ពួក​គាត់​មិន​ឱ្យ​ចុះ​ល្បាត​មក ស្ថានភាព​បទល្មើស​នៅតែ​កើតមាន​ឥត​ឈប់ឈរ និង​មិន​មានការ​បង្ក្រាប​ឱ្យ​មានប្រសិទ្ធភាព​នោះ​ទេ។ 

លោក ស្រី ថី បាន​ឱ្យដឹង​ទៀត​ថា ការ​ហាមឃាត់​សហគមន៍​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ ក៏​ជា​ឱកាស​បើកដៃ​ឱ្យ​ជនល្មើស ហើយ​លោក​បារម្ភ​ថា ​នៅពេល​ពួក​គាត់​គ្មាន​ឱកាស​ចូល​ការពារ​ព្រៃ​អភិរក្ស​មួយ​នេះ​ដូចមុន នឹង​ធ្វើ​ឱ្យ​ព្រៃឈើ​តំបន់​ព្រៃ​ឡង់​រង​ការ​វិនាស​នៅពេល​ខាងមុខ។ 

លោក ស្រី ថី និយាយ​ថា៖ «សម្រាប់​ខ្ញុំ​វិញ បើសិន​ថា ក្រុម​បណ្តាញ​ព្រៃ​ឡង់​ពួក​យើង​មិនបាន​ចូល​ពិនិត្យ​ទៅតាម​ស្ថានការណ៍​ជាក់ស្តែង ឬល្បាត​ដូ​ចមុនៗ​ទេ ស្ថានភាព​ព្រៃ​ឡង់​ចុងក្រោយ​អាច​នឹង​វិនាស ព្រោះ​ខ្ញុំ​មើល​ម៉ា​ជុំវិញ​ខេត្ត​ទាំងបួន ខេត្ត​ស្ទឹងត្រែង ក៏​មានការ​សម្រុក​កាប់​ឈើ​ខ្លាំង ក្រចេះ​ក៏​[កាប់​ឈើ​]ខ្លាំង កំពង់ធំ​ក៏​[កាប់​ឈើ​]ខ្លាំង ព្រះវិហារ​[កាប់​ឈើ​]ក៏​ខ្លាំង​ដូចគ្នា»។

សកម្មជន​ការពារ​ព្រៃឈើ​ លោក ហេង ស្រស់ និយាយ​ថា វិធានការ​របស់ក្រ​សួង​បរិស្ថាន​កន្លងមក​ក្នុង​ការ​ហាមឃាត់​សហគមន៍​មូលដ្ឋាន​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ មិនមែន​ជា​យន្តការ​ដើម្បី​ការពារ​តំបន់​ព្រៃ​ឡង់​នោះ​ទេ ប៉ុន្តែ ជា​ការ​បើកដៃ​ឱ្យ​មាន​ជនល្មើស​នៅ​តំបន់​មួយ​នេះ​តែប៉ុណ្ណោះ ដែល​នឹង​ធ្វើ​ឱ្យ​ព្រៃឈើ​នៅ​តំបន់​នេះ​អាច​នឹង​វិនាសនៅពេល​ខាងមុខ ប្រសិនបើ​វិធានការ​បែបនេះ​នៅតែ​បន្ត​អនុវត្ត​ទៀត។ 

លោក ហេង ស្រស់ និយាយ​ថា៖ «យើង​មើលឃើញ​ថា​ ក្រសួង​កន្លងមក ​គាត់​ហាក់បីដូចជាគ្មាន​ចេតនា​ណាមួយ​ក្នុង​ការ​ការពារ​ព្រៃ​ឡង់​ឱ្យ​បាន​គង់វង្ស​ទេ ហើយ​បើ​នៅតែ​រារាំង​សហគមន៍​ដែល​គាត់​ជា​អ្នក​ដែល​គាត់​តកូន​តចៅ​ពីមុន​មក​[ដែល]ជា​អ្ន​កការពារ​ព្រៃ​ឡង់ មិន​ឱ្យ​ចូល​នៅ​តំបន់​ព្រៃ​ឡង់ អាហ្នឹង​វា​ហាក់បីដូចជា មិន​ឱ្យ​អ្នកការពារ​ចូល​តំបន់​ព្រៃ​ឡង់ ក្រសួង​ហ្នឹង​បើកដៃ​ឱ្យ​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ហ្នឹង​ចូលក្នុង​តំបន់​ព្រៃ​ឡង់​វិញ»។ 

កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​មួយ​ដាក់​តំបន់​ព្រៃ​ឡង់ ជា​តំបន់​ដែនជម្រកសត្វព្រៃ​«ព្រៃ​ឡង់»លើ​ទំហំផ្ទៃ​ដី​ជាង ៤៣ម៉ឺន​ហិ​កតា គ្រប​ដណ្តប់​ទៅលើ​ខេត្ត​ចំនួន៤ រួមមាន ខេត្តព្រះវិហារ ខេត្តកំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ដែល​ត្រូវ​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​បរិស្ថាន។

របាយការណ៍​របស់ក្រ​សួង​បរិស្ថាន បានឱ្យ​ដឹង​ថា រយៈពេល ៤ខែ ចាប់ពី​ខែមករា ដល់​ខែមេសា ឆ្នាំ២០២០ ការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ រួមមាន ការ​លួច​កាប់​ឈើ​ខុសច្បាប់ ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ ការ​បរបាញ់​សត្វ​ខុសច្បាប់ បាន​ចំនួន​ជិត ៤រយ​ករណី (៣៩៩​)។

ដោយឡែក បទល្មើស​កាប់​ឈើ និង​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់ ចំនួន ៣២ករណី ត្រូវ​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ដំណើរការ​នីតិវិធី និង​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ចំនួន ៤២ករណី ដែល​មាន​មនុស្ស​ពាក់ព័ន្ធ​ជិត ១០០នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ