ក្រុម​​ស្ត្រី​​ធ្វើ​ការ​​ផ្នែក​​សេវា​​កម្សាន្ត​​អះ​អាង​​ថា​ ពួក​​គេ​​នឹង​​ដាច់​​បាយ​​ស្លាប់​ បើ​​រដ្ឋា​ភិបាល​​មិន​​ផ្ដល់​​ស្បៀង​ និង​​ថវិកា​​

ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ តំណាង​ស្ត្រី​ផ្នែក​សេវា​កម្សាន្ត​ប្រហែល ១០០នាក់ បាន​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​ស្នើសុំ​ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ។ (ហ៊ី ឆាយ)

ក្រុម​ស្ត្រី​ធ្វើការ​ផ្នែក​សេវា​កម្សាន្ត អះអាង​ថា ពួក​គេ​នឹង​ដាច់​បាយ​ស្លាប់ បើសិន​រដ្ឋាភិបាល​មិន​ជួយ​ផ្ដល់​ប្រាក់​ឧប​ត្ថ​ម្ភ ៤០ដុល្លារ និង​ស្បៀងអាហារ​ដល់​ពួក​គេ ដែល​កំពុង​បាត់បង់​ការងារ​ដោយសារ វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូ​វីដ១៩។ 

តំណាង​ស្ត្រី​ផ្នែក​សេវា​កម្សាន្ត​ប្រហែល ១០០នាក់ បាន​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ក្រសួងការងារ និង​ក្រសួងកិច្ចការនារី នៅ​ព្រឹក​ថ្ងៃនេះ ដើម្បី​ស្នើសុំ​ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ រហូតដល់​រដ្ឋាភិបាល​ប្រកាស​អនុញ្ញាត​ឱ្យ​បើក​អាជីវកម្ម​ក្នុង​វិស័យ​សេវា​កម្សាន្ត​ឡើងវិញ។

ប្រាប់​ថា​ជា​អ្នកលក់​ស្រា​បៀរ​អស់​រយៈពេល ៥ឆ្នាំ​មក​ហើយ​នៅ​ហាង​លក់​ស៊ុប​មួយ​កន្លែង ​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង ក្នុង​រាជធានី​ភ្នំពេញ អ្នកស្រី ពៅ ចំរុង អាយុ ៤០ឆ្នាំ បាន​ឱ្យដឹង​ថា ចំណូល​របស់​គាត់​ត្រូវ​បាត់បង់​ទាំងស្រុង ក្រោយពី​រដ្ឋាភិបាល​ប្រកាស​ឱ្យបិទ​អាជីវកម្ម​នានា​នៅក្នុង​វិស័យ​សេវា​កម្សាន្ត​ចាប់តាំងពី​ខែមីនា​កន្លងមក នៅពេល​ដែល​វីរុស​កូ​រ៉ូ​ណា​បាន​ផ្ទុះឡើង​កាន់តែ​ខ្លាំង​នៅ​កម្ពុជា។

អ្នកស្រី ចំរុង ប្រាប់​ថា ពួក​គាត់​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ផ្ដល់​ស្បៀងអាហារ និង​ប្រាក់​ឧប​ត្ថ​ម្ភ ៤០ដុល្លារ​សម្រាប់​បង់ថ្លៃ​បន្ទប់​ជួល ដោយ​ថា ពួក​គាត់​គ្មាន​ប្រាក់បង់​ថ្លៃផ្ទះ​ជួល ហើយ​ខ្លះទៀត​កំពុង​នឹង​ដាច់​បាយ​ផង​ដែរ។

អ្នកស្រី ពៅ ចំរុង ប្រាប់​ថា៖ «សុំ​ជា​ប្រាក់​ឧប​ត្ថ​ម្ភ ៤០ដុល្លារ ដើម្បី​ជួយ​ពួក​ខ្ញុំ​កាត់បន្ថយ​ក្នុង​ពេល​ពួក​ខ្ញុំ​វេទនា​នៅពេល​មាន​ជំងឺ​កូ​វីដ១៩ ហើយ​ពួក​ខ្ញុំ​អត់មាន​លុយ​បង់ថ្លៃ​ទឹក ថ្លៃ​ភ្លើង នៅពេល​លើស​មួយថ្ងៃ​ទៅ​ពីរ​ថ្ងៃ​ ខាង​ម្ចាស់ផ្ទះ គាត់​បិទភ្លើង​ចោល។ អ៊ីចឹង ​ពួកខ្ញុំ​អត់មាន​ទឹក អត់មាន​ភ្លើង​ប្រើ​ តើ​ពួក​ខ្ញុំ​រស់នៅ​ម៉េច​? អ៊ីចឹង​បាន​ពួក​ខ្ញុំ​មក​ទាមទារ ហើយ​ពួក​ខ្ញុំ​សុំ​ជា​ស្បៀងអាហារសម្រាប់​ដោះ​ទ័ល ហើយ​ឥលូវ​ចូល​ខែភ្លៀង​ទៀត ពួក​ខ្ញុំ​រឹតតែ​លំបាក​ទៀត អ្នកខ្លះ​សឹង​អត់មាន​បាយ​ហូប។ មួយថ្ងៃ​ហូប​តែ​មី​មួយ​កញ្ចប់។ សួរ​ថា ពួក​ខ្ញុំ​អាច​ទទួលយក​បានទេ?»

អ្នកស្រី ផេង ភ័​ណ្ឌ អាយុ ៤៣ឆ្នាំ ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រមូលផ្ដុំ​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​នៅ​ព្រឹក​ថ្ងៃនេះ​ដែរ​នោះ បាន​ប្រាប់​ថា អ្នកស្រី​បម្រើការ​ងារ​ជា​អ្នក​រត់​តុ​អស់​រយៈពេល ២ឆ្នាំ​មក​ហើយ​នៅ​ឯភោជនីយដ្ឋាន​មួយ​កន្លែងនៅ​រាជធានី​ភ្នំពេញ។

អ្នកស្រី​បាន​ឱ្យដឹង​បន្ថែម​ថា អ្នកស្រី​បាន​នាំគ្នា​ស្នាក់នៅ​ក្រោម​ស្ពាន​ច្បារអំពៅ​អស់​រយៈពេល​ជិត ២ខែ​មក​ហើយ ក្រោយពី​ម្ចាស់ផ្ទះ​បន្ទប់​ដេញចេញ ដោយសារ​អ្នកស្រី​គ្មាន​ប្រាក់បង់​ថ្លៃ​បន្ទប់​ជួល។

អ្នកស្រី ផេង ភ័​ណ្ឌ បាន​ស្នើ​ដល់​រដ្ឋាភិបាល​ជួយ​ដល់​ស្ត្រី​ដែល​ធ្វើការ​ក្នុង​វិស័យ​កម្សាន្ត ដោយ​ថា ពេលនេះ ពួក​គាត់​មិន​អាច​រក​ការងារ និង​ចំណូល​មក​ផ្គត់ផ្គង់​គ្រួសារ​បាន​នោះ​ទេ។

អ្នកស្រី ផេង ភ័​ណ្ឌ ប្រាប់​ថា៖ «ដាច់​បាយ​មួយថ្ងៃ​ពីរ​ថ្ងៃ​ដែរ។ យើង​រក​អត់​បាន​អ៊ីចឹង​ទៅ អ្នកជិតខាង​គេ​អាណិត គេ​ឱ្យ​ហូប​អ៊ីចឹង​ទៅ គេ​មិន​ចិត្តអាក្រក់​ទេ»។

ជា​ស្ត្រី​បម្រើការ​ងារ​ផ្នែក​រត់​តុ​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែងនៅ​ក្រុង​តាខ្មៅ អ្នកស្រី តុញ ច្រិប និយាយ​ថា រាល់ថ្ងៃ គាត់​ស៊ី​ឈ្នួ​លបោ​កខោអាវ និង​បក​ខ្ទឹម ដើម្បី​បាន​ប្រាក់​ខ្លះ​ទិញ​បាយ និង​ផ្ញើ​ទៅ​ម្ដាយ​ចាស់ បើ​ទោះជា​អ្នកស្រី​កំពុង​ឈឺ​ក៏ដោយ។

អ្នកស្រី​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​ជួយ​ផ្ដល់​ប្រាក់ ៤០ដុល្លារ និង​ផ្ដល់​ជា​ស្បៀងអាហារ ដូច​កម្មករ​កាត់ដេរ​ និង​ផ្នែក​សណ្ឋាគារ​ដែរ។

អ្នកស្រី តុញ ច្រិប ប្រាប់​ថា៖ «សំណូមពរ​ឱ្យ​សម្ដេច​ជួយ​ជា​ស្បៀង និង​ជា​ថវិកា​តិចតួច ជួយ​ប្រជាពលរដ្ឋ​ផង ព្រោះ​អត់មាន​ [លុយ​] ដូច​ខ្ញុំ​កំពុង​មាន​ជំងឺ​វះ​កា​ត់ ដេក​បារម្ភ​ខ្លាច [អត់មាន​លុយ​] មេម៉ាយ ​ត្រូវ​ចិញ្ចឹម​ម្ដាយ​ផង កូន​ផង»។

នៅ​ឯកន្លែង​ប្រមូលផ្ដុំ​ស្ថិតនៅ​មុខ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃនេះ បុរស​ម្នាក់​ប្រាប់​ថា​ ជា​ជំនួយការ​របស់​លោក គង់ ចំរើន ដែល​ជាម​ន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី បាន​ចេញ​មក​ទទួល​ញត្តិ​របស់​ក្រុម​ស្ត្រី​បម្រើការ​ងារនៅក្នុង​វិស័យ​សេវា​កម្សាន្ត។

លោក គង់ ចំរើន បាន​ប្រាប់​វី​អូ​ឌីតា​មទូ​រសព្ទ​ថា លោក​បាន​ទទួល​ញត្តិ​ពី​ជំនួយការ​របស់​លោក​រួចហើយ ហើយនឹង​បញ្ជូន​ញត្តិ​របស់​ក្រុម​ស្ត្រី​ធ្វើការ​ផ្នែក​សេវា​កម្សាន្ត​ទៅ​ប្រមុខ​រដ្ឋាភិបាល។

លោក គង់ ចំរើន ប្រាប់​ថា៖ «ខ្ញុំ​គ្រាន់តែ​ជា​អ្នកទទួល​ញត្តិ​របស់​គាត់​ហ្នឹង ហើយ​ខ្ញុំ​រៀបចំ​បញ្ជូន​ទៅលើ។ ខ្ញុំ​មិន​អាច​ឆ្លើយ​អំពី​កិច្ចការ​ហ្នឹង​បានទេ»។

កាលពី​ថ្ងៃទី៧ ខែមេសា​កន្លងមក​នេះ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ចំនួន ៤០ដុល្លារ​ទៅដល់​កម្មករ​នៅក្នុង​វិស័យ​កាត់ដេរ និង​បុគ្គលិក​ក្នុង​វិស័យ​ទេសចរណ៍ បន្ថែម​ទៅលើ​ប្រាក់ ៣០ដុល្លារ​ទៀត ដែល​រដ្ឋាភិបាល​តម្រូវឱ្យភាគី​ថៅកែ​រោងចក្រ​សហគ្រាស និង​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ផ្ដល់​ទៅដល់​ពួក​គេ ក្រោយពេល​ពួក​គេ​ត្រូវ​បាន​ព្យួរការងារ ដោយសារតែ​វិបត្តិ​សុខភាព​សកល។

វី​អូ​ឌី​បាន​ស្វែងរក​ការ​បកស្រាយ​ពី​អ្នកនាំពាក្យ​ក្រសួងការងារ លោក ហេង សួរ តាម​ទូរសព្ទ និង​បណ្ដាញ​សង្គម​តេឡេក្រាម​នៅ​ថ្ងៃនេះ ប៉ុន្តែ លោក​មិនបាន​ឆ្លើយ​នោះ​ឡើយ។

ប៉ុន្តែ ក្រសួងការងារ បាន​បញ្ជាក់​ក្នុង​លិខិត​ចេញ​កាលពី​ថ្ងៃទី១៥ ខែមិថុនា​នេះ ដោយ​បាន​បដិសេធ​សំណើ​របស់​ក្រុម​ស្ត្រី​បម្រើការ​ងារ​ផ្នែក​សេវា​កម្សាន្ត​ពីរ​ដង​រួចមក​ហើយ។

អនុប្រធាន​សហព័ន្ធ​សហជីពកម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ំ ម៉ា​និ​ត មានប្រសាសន៍​ថា កម្មករ​ក្នុង​វិស័យ​សេវា​កម្សាន្ត​ កំពុងតែ​ជួប​បញ្ហា​ខ្វះខាត​ស្បៀងអាហារ និង​គ្មាន​កន្លែង​ស្នាក់នៅ​ជាដើម ហើយ​បច្ចុប្បន្ន ពួក​គាត់​កំពុង​ត្រូវការ​រដ្ឋាភិបាល​ជួយ។

អ្នកស្រី ម៉ា​និ​ត ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ជួយ​កម្មករ​ស្ត្រី​បម្រើការ​ងារ​ផ្នែក​សេវា​កម្សាន្ត ដោយ​មិន​ត្រូវ​ទុក​ពួក​គេ​ចោល ខណៈ​ពួក​គេ​កំពុង​ជួប​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ ​​បាត់បង់​ការងារ និង​គ្មាន​ប្រាក់ចំណូល។

អ្នកស្រី អ៊ំ ម៉ា​និ​ត ប្រាប់​ថា៖ «ក្នុងនាម​ខ្ញុំ​ជា​ស្ត្រី ហើយ​ខ្ញុំ​ធ្វើការ​ជាមួយ​ពួក​គាត់​ [រដ្ឋាភិបាល​] ដូចជា​ផាត់​ពួក​គាត់​ចោល​ ទាំង​ពួក​គាត់ ​[កំពុង​ជួប​ការ​លំបាក​] អ្នកខ្លះ​ទៅ​នៅ​ក្រោម​ស្ពាន ដោយសារ​គាត់​មិន​មានលទ្ធភាព​ក្នុង​ការជួល​កន្លែង​ស្នាក់នៅ ហើយ​អ្នកខ្លះ​ទៀត ប្រឈម​នឹង​ម្ចាស់ផ្ទះ​ដេញចេញពីផ្ទះ​ដូចគ្នា ហើយ​អ្នក​ផ្សេងទៀត ក៏​អត់មាន​អាហារ​ដូចគ្នា ដោយសារតែ​មួយ​រយៈ​នេះ មាន​អ្នកខ្លះ​គាត់​ទៅ​បក​ខ្លឹម បាន ៧,០០០ ទៅ ៨,០០០រៀល ហើយ​អ្នកខ្លះ​ទៀត​ បង្ខំ​ឱ្យ​កូន​តូច​ៗរើស​អេតចាយ»។

កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្រសួងទេសចរណ៍​បាន​ស្នើ​ដល់​អភិបាលខេត្ត​រាជធានីទូទាំង​ប្រទេស ​ចាត់វិធានការ​បិទ KTV ក្លឹប​កម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក​) ទាំងអស់​ចាប់ពី​ថ្ងៃទី១៧ ខែមីនាតទៅ ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី។

ក្រសួងទេសចរណ៍ ឱ្យ​ដឹង​ថា ​គិត​ត្រឹម​ខែមីនា ​កម្ពុជា​មាន​មណ្ឌល​កម្សាន្ត​មនុស្ស​ពេញវ័យ​ចំនួន​ជិត ១ ៣០០ (១ ២៩៣​)កន្លែង នៅ​ទូទាំង​ប្រទេស ​ក្នុង​នោះ​មាន ខារ៉ាអូខេ (KTV​) ចំនួន ១ ០៨៤កន្លែង ក្លិប​ឌីស្កូ​តែក (ClubDisco​) ចំនួន ១០៩កន្លែង អាជីវកម្ម​រង្គសាល (Night Club​) ចំនួន ១៦កន្លែង ​អាជីវកម្ម​បៀ​រហ្កា​ឌិន ចំនួន ៨៤កន្លែង ដែល​ផ្ដល់​ការងារ ១៨៣៨១កន្លែង​សម្រាប់​ពលរដ្ឋ​កម្ពុជា​៕


ចំណាំ​៖ «អត្ថបទនេះត្រូវបានផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ