បទ​​យក​កា​រណ៍​៖​ ពេល​​មន្ត្រី​​សហជីព​​បង្ហោះ​​ការ​​កើត​ទុក្ខ​​មិន​សុខ​ចិត្ត​ នគរ​បាល​​ក៏​​នាំ​​ខ្លួន​​ទៅ​​ពន្ធនាគារ​​

អ្នកនាង សយ ស្រស់ អ្នកដឹកនាំតំណាងសហជីពរោងចក្រ Superl (Cambodia​) Co​. Ltd​. នៅខេត្តកំពង់ស្ពឺ ឈរនៅការិយាល័យសម្ព័ន្ធសហជីពចលនាកម្មករ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។ (Danielle Keeton-Olsen/VOD)

នៅ​ឯរោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ សយ ស្រស់ មិនមែន​គ្រាន់តែ​ផលិត​កាបូបយួរសម្រាប់​នាំចេញ​ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​នោះ​ទេ។ នាង​បាន​ដឹកនាំ​សាខា​សហជីព​របស់​នាង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​បាន​បញ្ចេញមតិ​ដើម្បី​ការពារ​សមាជិក តាមដាន​លក្ខខណ្ឌ​ការងារ និង​អំពើ​រំលោភបំពាន​ផ្នែកការ​ងារ ក្នុងនាម​តំណាង​ឱ្យ​សមាជិក​សហជីព​របស់​នាង​ចំនួន ៧០០នាក់ ដែល​ធ្វើការ​នៅ​រោងចក្រ Superl ដែល​ស្មើនឹង​ប្រហែល​ពាក់កណ្តាល​នៃ​ចំនួន​បុគ្គលិក​សរុប​នៅក្នុង​រោងចក្រ​នោះ។

ពេល​អ្នកគ្រប់គ្រង​បង្ហាញ​បញ្ជី​ឈ្មោះ​កម្មករ​ចំនួន ៨៨នាក់ ​ដែល​សុទ្ធតែ​ជាស​មា​ជិ​កសហជីព​របស់​នាង ត្រូវ​បាន​រោងចក្រ​មិន​បន្ត​កិច្ចសន្យា​ការងារ​ឱ្យ​ក្រោយ​ដំណាច់ខែ​មីនា ដោយសារតែ​មាន​ការបញ្ជាទិញ​កាបូបយួរ​តិច​ទៅៗ អំឡុង​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​ធ្លាក់ចុះ​ព្រោះតែ​វិបត្តិ​ជំងឺឆ្លង​នោះ នាង​ក៏បាន​ខិតខំ​ចរចា​ជាមួយ​គណៈ​គ្រប់គ្រង​រោងចក្រ​យ៉ាង​ខ្លាំង។

នាង​បានឱ្យ​ដឹង​ថា នាង​បាន​ចំណាយពេល​ពេញមួយថ្ងៃនៅថ្ងៃ​ទី៣១ ខែមីនា និយាយ​ជាមួយ​ប្រធាន​គ្រប់គ្រង​ផ្នែក​ធនធានមនុស្ស អំពី​ករណី​បាត់បង់​ការងារ​នេះ ហើយ​នៅពេល​ដែល​បុគ្គលិក​រដ្ឋបាល​បដិសេធ​មិន​និយាយ នាង​ក៏​សរសេររៀបរាប់លើបណ្តាញ​សង្គម​នៅពេល​ល្ងាច​ថ្ងៃ​ដដែលនោះ ដើម្បី​ឱ្យ​បានអស់ចិត្ត។

«ម្ចាស់​រោងចក្រ Superl មិន​ធ្វើតាម​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល និង​សេចក្តី​អំពាវនាវ​ពី​ក្រសួងការងារ​ទេ ពីព្រោះ​ក្រុមហ៊ុន​នេះ​បាន​បញ្ចប់​កិច្ចសន្យា​ការងារ​មិនមែន​តែ​ចំពោះ​កម្មករ​ធម្មតា​ប៉ុណ្ណោះទេ គឺ​គេ​ធ្វើ​ចំពោះ​កម្មករ​មាន​ផ្ទែ​ពោះ​ប្រាំមួយ​ខែ​ទៀតផង»។ នេះ​ជា​សំណេរ​របស់​នាង​នៅក្នុង​អត្ថបទ​បង្ហោះ​លើ​បណ្តាញ​សង្គម។

ស្រស់ បាន​បន្ថែម​ថា នាង​ចង់ឱ្យ​រោងចក្រ​រក្សាទុក​កម្មករ​ឱ្យ​នៅ​ធ្វើការដដែល ដោយ​គ្រាន់តែ​ផ្អាក​ការងារ​របស់​ពួក​គេ​មួយរយៈពេល​សិន ជាជាង​បញ្ចប់​កិច្ចសន្យា​របស់​ពួក​គាត់ ដោយហេតុថា មន្ត្រី​រដ្ឋាភិបាល​បាន​ជំរុញ​កាលពីដើម​ឆ្នាំនេះ ឱ្យ​ខិតខំ​ទប់ស្កាត់​ករណី​បាត់បង់​ការងារ​ធ្វើ អំឡុង​ពេល​មានការ​រាលដាល​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩។ ក៏ប៉ុន្តែ គណៈ​គ្រប់គ្រង​រោងចក្រ Superl បែរជា​ដាក់ពាក្យ​ប្ដឹង ស្រស់ ឱ្យ​ប្រឈម​ជាប់ពន្ធ​នាគារ​រយៈពេល​ជិត​ពីរ​ឆ្នាំ។ 

ក្រុម​អ្នកតស៊ូ​មតិ​ផ្នែកការ​ងារ​បាន​លើកឡើង​ថា នេះ​ជា​ករណី​ដែល​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​ចប់​នៅឡើយ​ទេ។

រោងចក្រ Superl (Cambodia​) Co​. Ltd​. ផ្គត់ផ្គង់​កាបូបយួរ​ដល់​ក្រុមហ៊ុន​ផលិតផល​ម៉ាក​អន្តរជាតិ​នានា ដូចជា Michael Kors​, Tory Burch​, Kate Spade និង​ម៉ាក​ជាច្រើន​ទៀត។ នេះ​បើ​យោង​តាម​សមាជិក​សហជីព និង​ទិន្នន័យ​ដឹកជញ្ជូន​ពី​ក្រុម​តាមដាន​ពាណិជ្ជកម្ម​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ Panjiva

រោងចក្រ Superl និង​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​ឈ្មោះ Siglo (Cambodia​) Co​. Ltd​. គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Superl Holdings Group ដែល​ត្រូវ​បាន​ចុះបញ្ជី​នៅ​ទីក្រុង​ហុងកុង។

សយ ស្រស់ បានឱ្យ​ដឹង​ថា នាង​មាន​ទំនាក់ទំនង​ការងារ​ល្អជា​មួយ​គណៈ​គ្រប់គ្រង​រោងចក្រ​នេះ ប៉ុន្តែ នាង​បាន​សង្ស័យ​ថា អ្នកគ្រប់គ្រង​ភ្ញាក់ផ្អើលនៅពេល​ដែល​នាង​បង្ហោះ​អារម្មណ៍​កើតទុក្ខ​មិនសុខចិត្ត​របស់​នាង​នៅ​លើ​បណ្តាញ​សង្គម ដែល​ការ​បង្ហោះ​នោះ​បាន​ទាក់ទាញ​មតិ​ឆ្លើយតប​យ៉ាងច្រើន​ពី​មិត្ត​រួមការ​ងារ​របស់​នាង។

មិត្ត​រួមការ​ងារ​ជាច្រើន​បាន​ចែករំលែក​សាររបស់​នាង​ពេញ​មួយ​យប់ ហើយ​នៅពេល​ព្រឹក​ឡើង តំណាង​រោងចក្រ Superl ម្នាក់​បាន​ទូរសព្ទ​ទៅ​នាង ដើម្បី​ឱ្យ​នាង​ទៅ​ជួប ហើយ​បាន​ប្រាប់​នាង​ថា កម្មករ​ទាំងនោះ​នឹង​មិន​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ទេ ដោយ​គ្រាន់តែ​ព្យួរការងារ​រយៈពេល​មួយ​ខែ​ប៉ុណ្ណោះ ខណៈ​ដែល​តម្រូវការ​កាបូបយួរ​មាន​តិចតួច។ 

រោងចក្រ​ក៏​ចង់ឱ្យ​នាង​លុប​ការ​បង្ហោះ​របស់​នាង​នៅ​លើ​បណ្តាញ​សង្គមហ្វេសប៊ុកចេញ ដោយសារតែ​ព័ត៌មាន​ទាំងនោះ​ជា​ព័ត៌មាន​មិន​ពិត។ បើ​ទោះជា​ស្រស់សម្រេចចិត្ត​លុប​វា​ចេញ​ក៏​ពិតមែន ប៉ុន្តែ​ នាង​អះអាង​ថា នាង​មិនបាន​ធ្វើអ្វី​ខុស​ឡើយ។

សយ ស្រស់ បាន​បញ្ជាក់​ប្រាប់VODថា៖ «[អ្នកគ្រប់គ្រង​រោងចក្រ Superl​] ឱ្យ​ខ្ញុំ​ស៊ី​ញ៉េ​លើ​លិខិត​ព្រមាន និង​លិខិត​មួយទៀត ដើម្បី​ឱ្យ​ខ្ញុំ​ព្រម​ទទួលស្គាល់​ថានោះ​ជា​កំហុស​របស់ខ្ញុំ គឺ​អ្វី​គ្រប់យ៉ាង​ជា​កំហុស​របស់ខ្ញុំ​។ […] គេ​ចង់​ឱ្យ​អ្វី​ៗដូចដើម​វិញ ប៉ុន្តែ ខ្ញុំ​មិនព្រម​ទេ ពី​ព្រោះ​អ្វី​ៗដែល​ខ្ញុំPost [បង្ហោះ​] ផ្អែកលើ​អ្វី​ដែល​បាន​កើតឡើង គឺ​ផ្អែកលើ​អង្គហេតុ​ពិត»។

ស្រស់ បាន​និយាយ​ថា នៅ​ថ្ងៃទី២ ខែមេសា ភាគី​រោងចក្រ​បាន​ហៅ​នាង​ទៅ​ការិយាល័យ​រោងចក្រ ដើម្បី​ជួប​មន្ត្រី​នគរបាល ដែល​បាន​ឃាត់ខ្លួន​នាង ហើយ​បាន​សាកសួរ​នាង​អស់​រយៈពេល​ប្រហែល ៤៨ម៉ោង មុន​បញ្ជូន​នាង​ទៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ ក្រោម​បទ​ចោទ​ប្រកាន់​ញុះ​ញង់​ឱ្យ​មានការរើសអើង។

«ខ្ញុំ​មិន​នឹកស្មាន​ថា រោងចក្រ​ធ្វើ​អ៊ីចឹង​ចំពោះ​ខ្ញុំ​ទេ» នេះ​ជា​សម្តី​ដែល​នាង​បាន​និយាយនៅ​ឯការិយាល័យ​សហជីព​ចលនា​កម្មករ (CUMW​) នៅ​រាជធានី​ភ្នំពេញ ដែល​ជា​សហជីព​តំណាង​ឱ្យ​រោងចក្រ​របស់​នាង។

នាង​បាន​បន្ថែម​ដូច្នេះ​ថា៖ «ខ្ញុំ​គិតថា យើង​ជា​ដៃគូ​នឹងគ្នា ហើយ​យើង​ធ្វើការ​ជាមួយគ្នា ដើម្បី​ភាព​រីកចម្រើន​របស់​អ្នករាល់គ្នា»។

ខណៈ​ដែល​កម្មករ​ត្រូវ​បាន​ព្យួរ​ពី​ការងារ​ជា​បណ្តោះអាសន្ន​រយៈពេល​មួយ​ខែ ព្រមទាំងទទួល​សំណង​សម្រាប់​ករណី​ព្យួរការងារ​ និង​ហៅ​ឱ្យ​ចូល​ធ្វើការ​វិញ​កាលពី​ចុងខែ​ឧសភា​នោះ ស្រស់ បាន​ជាប់​នៅ​ពន្ធនាគារ​អស់​រយៈពេល ១ខែ និង ២៦ថ្ងៃ។ នាង​បានឱ្យ​ដឹង​ថា នាង​បាន​គេង​នៅក្នុង​កន្លែង​តូច​ចង្អៀត​ជាមួយ​អ្នកទោស​ដទៃទៀត ហើយ​ឧស្សាហ៍ឈឺ​នៅក្នុង​ពន្ធនាគារ​ទៀតផង។

ស្រស់ ដែល​ជា​ម្តាយ​មានកូន​ពីរ​នាក់ និង​ត្រូវ​ចិញ្ចឹម​កូន​របស់​នាង និង​ឪពុក​ម្តាយ​របស់​នាង​ផង​នោះ បាន​និយាយ​ថា៖ «ពុក​ម៉ែ​របស់ខ្ញុំ​តូចចិត្ត​ខ្លាំង​ណាស់ ហើយ​ពួក​គាត់​គិត​ច្រើន ដោយ​បារម្ភ​អំពី​ពួក​ខ្ញុំ​។ […] ពួក​គាត់​នឹកឃើញ​ថា ជីវិត​លំបាក​យ៉ាងណា​នៅ​ទីនោះ ហើយ​គ្រួសារ​ទាំងមូល​របស់ខ្ញុំ​ត្រូវ​ពឹង​លើ​ខ្ញុំ»។

ស្រស់ ត្រូវ​បាន​គេ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ចុងខែ​ឧសភា ប៉ុន្តែ​ បទចោទប្រកាន់​លើ​នាង​នៅតែ​មិនទាន់​ចប់​នៅឡើយ។ ប្រសិនបើ​ត្រូវ​បាន​គេ​ផ្តន្ទា​ទោស នាង​ត្រូវ​ប្រឈម​នឹង​ទោស​ជាប់ពន្ធ​នា​គារ​ពី​មួយ​ទៅ​បី​ឆ្នាំ និង​ត្រូវ​រង​ពិន័យ​រហូតដល់ ៦លាន​រៀល (១៥០០ដុល្លារ​)។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​មួយ​រូប បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​អ្នកសារព័ត៌មានVOD ហើយ​ថែមទាំង​មិន​ប្រាប់​ឈ្មោះ​ចៅក្រម​ដែល​ទទួលបន្ទុក​រឿង​ក្តី​របស់ ស្រស់ ទៀតផង។

មេធាវី​របស់ ស្រស់ បាន​បដិសេធ​មិន​និយាយ​ជាមួយ​អ្នកសារព័ត៌មាន VOD ជា​សាធារណៈ​ទេ ហើយ ស្រស់ ​ក៏​មិន​អាច​ទំនាក់ទំនង​បានកាលពី​ថ្ងៃសុក្រ ដើម្បី​ឱ្យ​នាង​បញ្ជាក់​ឱ្យ​ច្បាស់​បន្ថែម​ថា តើ​នាង​នៅតែ​ប្រឈមមុខនឹង​បទចោទប្រកាន់​ទៀត​ឬយ៉ាងណា​ដែរ​?

ក៏ប៉ុន្តែ លោក ឃុន ថា​រ៉ូ ប្រធាន​កម្មវិធី នៅ​អង្គការ​សិទ្ធិ​ការងារ សង់​ត្រា​ល់ (Central​) ដែល​បាន​តាមដាន​រឿង​ក្តី​របស់ ស្រស់ បាន​លើកឡើង​ថា បទចោទប្រកាន់​ញុះញង់​ទៅលើ​នាង មិនទាន់​ត្រូវ​បាន​ទម្លាក់ ហើយរឿង​ក្តី​នេះ​នៅតែ​ត្រូវ​បាន​រក្សាទុក សម្រាប់​ចៅក្រម​ស៊ើបសួរ។

សេចក្តី​អំពាវនាវ​ពី​ភាគី​អន្តរជាតិ​

លោក ប៉ាវ ស៊ី​ណា ប្រធាន​ CUMW បាន​ចាត់ទុក​ករណី​ដោះលែង ស្រស់ ឱ្យ​នៅ​ក្រៅ​ឃុំពីសំណាក់​តុលាការ​កាលពី​ថ្ងៃទី២៨ ខែឧសភា ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ។ មុន​មួយថ្ងៃ ចៅក្រម​តុលាការខេត្ត​កំពង់ស្ពឺ បាន​បដិសេធ​សំណើសុំ​ឱ្យ​ដោះលែង ស្រស់ ឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ ថ្ងៃបន្ទាប់ អាជ្ញាធរ​ពន្ធនាគារបាន​ហៅ​សហជីព CUMW ឱ្យទៅ​ទទួល ស្រស់ ពី​ពន្ធនាគារ។

លោក ស៊ី​ណា បាន​លើកឡើង​ថា ស្ថានភាព​ប្រែ​ប្រួល​ភ្លាម​ៗបែបនេះ​កើតឡើងដោយសារតែ​មាន​សម្ពាធ​ពី​ខាងក្រៅ។ លោក​បាន​ទំនាក់ទំនង​ទៅ​អង្គការ​សិទ្ធិ​ការងារ​អន្តរជាតិ​ចំនួន​បួន ដែល​រួមមាន IndustriAll​, Clean Clothes Campaign​, Workers Rights Consortium and Solidarity Center ដើម្បី​ឱ្យ​គេ​ជួយ​ដោះស្រាយ​រឿង​ក្តី​របស់ ស្រស់។

លោក​បាន​មានប្រសាសន៍​ថា៖ «យុទ្ធនាការ [សុំ​ឱ្យ​ដោះលែង ស្រស់​] នឹង​មិន​ទទួលជោគជ័យ​ទេ ប្រសិនបើ​មិន​មានការ​ចូលរួម​ពី​អន្តរជាតិ។ ដោយសារតែ​ពួក​យើង​មើលឃើញ​រឿងរ៉ាវ​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ប្រព័ន្ធ​ច្បាប់​ក្នុង​ស្រុក​ដំណើរការ​ទៅ​មិនសូវ​ត្រឹមត្រូវ អីចឹង សហជីព​យើង​បាន​ទំនាក់ទំនង​ជាមួយ​អង្គការ​អន្តរ​ជា​តិ​ធំៗ […] ដែល​បាន​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ម៉ាក​ផលិត​ផល​ធំៗ​ទាំងនោះ​»។

លោកស្រី Andrea Shaw Resnick ប្រធាន​ទំនាក់ទំនង​វិនិយោគិន និង​សហគ្រាស នៅ​អង្គការ Tapestry ក្រុមហ៊ុនមេ​របស់​ម៉ាក Kate Spade និង​ម៉ាក Coach brands បាន​ប្រាប់​សារព័ត៌មាន VOD តាម​សារ​អេឡិចត្រូនិចកាលពី​ថ្ងៃទី១០ ខែមិថុនា ថា អង្គការ Tapestry បាន​ទាក់ទង​គណៈ​គ្រប់គ្រង​នៅ​ក្រុមហ៊ុន Superl ទាំង​នៅ​ទីក្រុង​ហុងកុង និង​នៅ​ប្រទស​កម្ពុជា។

លោកស្រី Shaw Resnick បានឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​នេះ​កំពុង​ពិនិត្យ​រឿង​ក្តី​របស់ ស្រស់ ហើយ​ក្រុមហ៊ុន Superl Group អនុវត្ត​តាម​សំណើសុំ​ព័ត៌មាន ប៉ុន្តែ ក្រុមហ៊ុន Superl បាន​បដិសេធ​ករណី​ចោទប្រកាន់​ពីសំណាក់ ស្រស់ និង​សហជីព​ថា ក្រុមហ៊ុន​បាន​កំណត់កម្មករ​ដែល​ជាស​មា​ជិ​កសហជីព​ជាគោល​ដៅ​នោះ។

លោកស្រី​បាន​សរសេរ​ថា៖ «ពួក​យើង​ដឹង​ហើយ​ថា ក្រុមហ៊ុន Superl Cambodia និង​សហជីព CUMW បាន​ជួបពិភាក្សា​គ្នា​អំពី​រឿងហេតុ​នេះ​ដោយ​ផ្ទាល់​ហើយ។ ពួក​យើង​ក៏​ទទួល​ដំណឹង​ផង​ដែរ​ថា ពួក​គេ​នឹង​ជួបគ្នា​ម្តង​ទៀតជាមួយ​កម្មករ​រូប​នោះ ដើម្បី​ដោះស្រាយ​វិវាទ​នេះ»។

កាលពី​ចុងខែ​មេសា ក្រុមហ៊ុន Capri Holdings ដែល​ជា​ក្រុមហ៊ុន​សម្លៀកបំពាក់​បែប​ទំនើប ដែល​មាន​ទាំង​ផលិតផល​ម៉ាក Michael Kors ដែល​ទិញទំនិញ​កាបូបយួរ​ពី​ក្រុមហ៊ុន Superl បាន​ប្រកាស​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា ខ្លួន​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សកល​អង្គការសហប្រជាជាតិ (U.N​. Global Compact​) ដែល​ជា​កិច្ច​ព្រមព្រៀង​បញ្ជាក់​ពី​គោលជំហរ​របស់​ក្រុមហ៊ុន​ទាំងឡាយ​ថា ត្រូវ​ប្រកាន់យក​គោលការណ៍​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ បូករួម​ទាំង​សិទ្ធិ​បញ្ចេញមតិ​ផង​ដែរ ដោយ​អនុញ្ញាត​ឱ្យ​មានការ​ចរចា​ក្នុង​ក្របខណ្ឌ​សមូហភាព និង​បញ្ឈប់​សកម្មភាព​រើសអើង​ក្នុង​ការងារ ឱ្យ​មានប្រសិទ្ធភាព។

ក្រុមហ៊ុន​នេះ ​(Capri Holdings​) មិនបាន​ឆ្លើយតបទៅនឹង​សំណួរ​តាម​សារ​អេឡិចត្រូនិច​ទេ។ នៅពេល​អ្នកសារព័ត៌មាន​ព្យាយាម​ទំនាក់ទំនង​ទៅ​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន Superl នៅ​ប្រទេស​កម្ពុជា អ្នកគ្រប់គ្រង​រោងចក្រ​ជនជាតិ​ចិន​មួយ​រូប ដែល​មិនបាន​ប្រាប់​ឈ្មោះ បាន​បដិសេធ​មិន​ធ្វើ​សេចក្តី​អត្ថា​ធិប្បាយ។

លោក ចឹក បូរិ​ន ប្រធាន​នាយកដ្ឋាន​ការងារ​ខេត្ត​កំពង់ស្ពឺ ក៏បាន​បដិសេធ​ឆ្លើយ​សំណួរ​អ្នកសារព័ត៌មាន ដោយ​លើកឡើង​ថា រឿង​ក្តី​របស់ ស្រស់ មិន​ស្ថិត​ក្នុង​ដែន​យុត្តាធិការ​របស់​លោក​ទេ។

បទចោទប្រកាន់​នៅតែ​មាន​សុពលភាព​

បន្ទាប់ពី​អ្នកស្រី សយ ស្រស់ ត្រូវ​បាន​គេ​ដោះលែង​ភ្លាម រោងចក្រ​ក៏បាន​ដក​ពាក្យ​បណ្តឹ​ងរ​បស់​ខ្លួនកាលពី​ថ្ងៃទី៣ ខែមិថុនា ហើយ​រយៈពេល ១០ថ្ងៃក្រោយ​មក ស្រស់ ក៏បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Superl ដែល​មានឈ្មោះ​ថា Chan Dao Zen ដើម្បី​ដក​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ​របស់​ក្រុមហ៊ុននៅ​តុលាការខេត្ត​កំពង់ស្ពឺ ហើយ​បង្ហាញ​កិច្ច​ព្រមព្រៀង​រវាង​ក្រុមហ៊ុន និង​មេដឹកនាំ​សហជីព ប្រសិនបើ​ ស្រស់ ត្រូវ​បាន​កោះហៅ​ទៅ​តុលាការ។

តាម​ឯកសារ​ដែល​អ្នកសារព័ត៌មាន​បាន​មើល ក្រុមហ៊ុនបាន​ផ្តល់​ឱ្យ ស្រស់ ស្ទើរតែ​គ្រប់​ចំណុច​ដែល​នាង​ទាមទារ​ ដូចជា នាង​ត្រូវ​ត្រឡប់​ចូល​ធ្វើការ​វិញ ទទួល​បាន​ប្រាក់ឈ្នួល​វិញ និង​ក្រុមហ៊ុន​សន្យា​ថា នឹង​មិន​រើសអើង​នាង​ជាដើម។ 

បញ្ហា​វិវាទ​ការងារ​រវាង ស្រស់ និង​ក្រុមហ៊ុន Superl បាន​អូស​បន្លាយពេល​ពីរទៅ​បី​ខែ មុន​ពេល​សេចក្តី​សម្រេច​ដក​ដោយ​ផ្នែក​នូវ​លក្ខខណ្ឌ​អនុគ្រោះ​«អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ​(EBA​)»សម្រាប់​ប្រទេស​កម្ពុជា ពីសំណាក់​សហភាព​អឺរ៉ុប ដែល​ចូលជាធរមាន​នៅក្នុង​ខែសីហា។ មូលហេតុ​មួយ​នៃ​ការសម្រេច​នេះ​ ដោយសារតែ​មាន​ករណី​រំលោភសិទ្ធិ​ការងារ។ 

លោក William Conklin នាយក​ប្រចាំ​ប្រទេស​នៃ Solidarity Center បាន​លើកឡើង​ថា ទំនិញ​ធ្វើដំណើររួមមាន​ កាបូបយួរ ដែល​ជា​ផលិតផល​របស់​រោងចក្រ Superl នោះ​គឺជា​ផ្នែក​មួយ​ថ្មី សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការនាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក បន្ទាប់ពី​គោលការណ៍​លើកលែង​ពន្ធ​ពីសំណាក់​សហរដ្ឋអាមេរិក ត្រូវ​បាន​បន្ត​សម្រាប់​ទំនិញ​ធ្វើដំណើរ​ផលិត​នៅ​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ២០១៦។ លោក​បាន​បន្ថែម​ទៀត​ថា លោក​សង្ឃឹមថា ក្រុមហ៊ុន​ទាំងឡាយ​នឹង​ពិនិត្យមើល​ករណី ស្រស់ ដោយ​យកចិត្ត​ទុកដាក់។ 

លោក Conklin បាន​លើកឡើង​ថា ចំណុច​ដែល​នាង​ទទួល​បានការ​ងារ​ធ្វើវិញ និង​ទទួល​បាន​ប្រាក់ឈ្នួល​វិញ​នោះ មិនបាន​ឆ្លើយតបទៅនឹង​អ្វី​ដែល​នាង​បាន​ជួបប្រទះ​ទេ។

លោក​បាន​មានប្រសាសន៍​ថា៖ «មើលទៅ [វិវាទ​] ហាក់ដូចជា​ត្រូវ​បាន​ដោះស្រាយ និង​ផ្តល់​លទ្ធផល​ល្អ ប៉ុន្តែ​ នាង​បាន​ចំណាយពេល​ពីរ​ខែ​នៅក្នុង​ពន្ធនាគារ ហើយ​នាង​មាន​បញ្ហា​សុខភាព ហើយ​បញ្ហា​នេះ​នឹងជា​ក្លាយជា​បញ្ហា​ប៉ះទង្គិច​ផ្លូវចិត្ត​សម្រាប់​អ្នករាល់គ្នា​»៕ 

រាយការណ៍​បន្ថែម​ដោយ និន សុ​ផា​រី​
ប្រែ​សម្រួល​ពីអ​ត្ថ​បទ​ដើម​ជា​ភាសាអង់គ្លេស ដោយ កង សុធា​


ចំណាំ​៖ «ការស្រាវជ្រាវ​នេះ​ ផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ