អ្នក​ភូមិ​​ចោទ​​អាជ្ញាធរ​​ខេត្ត​​ព្រះ​សីហនុ​​ថា​ ឈូស​​ឆាយ​​ដំណាំ​​ពលរដ្ឋ​​នៅ​​កោះ​រ៉ុង​​ដោយ​​គ្មាន​​សំណង​​

អាជ្ញាធរកោះរ៉ុងរារាំងពលរដ្ឋដែលមកតវ៉ាដីធ្លី ករណីអាជ្ញាធរយកគ្រឿងចក្រមកកាយកំណត់ព្រំដីសម្រាប់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ (CAM POST)

អ្នកភូមិ​អះអាង​ថា អាជ្ញាធរ​ប្រមាណ ៥០នាក់ និង​សន្តិសុខ​ក្រុមហ៊ុន​ប្រមាណ ១០នាក់ បាន​ដាក់គ្រឿង​ចក្រ ៤គ្រឿង​ឈូស​ឆាយ​ដំណាំ​លើ​ដី​របស់​ពលរដ្ឋ ស្ថិត​ក្នុង​ភូមិ​សុខសាន្ត សង្កាត់​កោះ​រ៉ុង ក្រុង​កោះ​រ៉ុង ដោយ​មិនបាន​ដោះស្រាយ​សំណង​ជាមុន​នោះ​ឡើយ។

លោក ផឹង ដុះ ដែល​អះអាង​ថា បាន​ទិញ​ដី​បន្ត​ពី​គេ​ទំហំ ១៤ហិ​កតា​ តាំងពី​ឆ្នាំ២០០៦ ដើម្បី​សង់​លំនៅឋាន និង​ដាំដំណាំ​ហូប​ផ្លែ​ផង​នោះ បាន​ប្រាប់​វី​អូ​ឌី​ថា កាលពី​ម្សិលមិញ អាជ្ញាធរ​ក្រុង​កោះ​រ៉ុង​បាន​ចេញ​លិខិត​ជូនដំណឹង​ឱ្យប្រជាពលរដ្ឋ ៥៣គ្រួសារ ​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង រុះរើ​ផ្ទះ​ចេញ ដើម្បី​យក​ទីតាំង​ដី​តំបន់​នោះទៅឱ្យ​ក្រុមហ៊ុន​មួយ ដែល​លោកប្រាប់​ថា​ឈ្មោះ «រ៉ូ​យ៉ា​ល់ គ្រុប» ដើម្បី​ធ្វើការ​អភិវឌ្ឍ។

លោក ផឹង ដុះ បន្ត​ថា អាជ្ញាធរ​កោះ​រ៉ុង​ចេញ​សេចក្តី​ជូនដំណឹង​ម្សិលមិញ និង​បាន​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​នៅ​ថ្ងៃនេះ ពលរដ្ឋ​ក៏បានចេញ​តវ៉ា ហើយ​អាជ្ញាធរ​ក្រុងក៏បាន​គំរាម​ចាប់ខ្លួន​ថែមទៀតផង។

លោក ផឹង ដុះ ប្រាប់​ថា៖ «គេ​ឈូស​ឆាយ​ គេ​ដា​ក់​កម្លាំង​ព័​ទ្ធ មិន​ឱ្យពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​តវ៉ា​ទេ ឬចេញចូល​មើល​កន្លែង​ឈូស​ឆាយ​ទេ ហើយ​លោក​អភិបាលរង​ក្រុង​ហ្នឹង​បញ្ជា​កូនចៅ​គាត់​ឱ្យ​ដើរ​ដក​ទូរសព្ទ​របស់​ប្រជាពលរដ្ឋ​ទៀត។ បើ​រូប​ខ្ញុំ​ផ្ទាល់ គាត់​ច្រាន​ទ្រូង​ខ្ញុំ ហើយ​បញ្ជា​ឱ្យប៉ូលិ​សចាប់​ខ្ញុំ​ពីរ​នាក់​ដែល​មាន​សម្តី​តវ៉ា​ច្រើន ប៉ុន្តែ ពួក​ខ្ញុំ​មក​ច្រូងច្រាង​ច្រើន ហើយ​គេ​មិន​ហ៊ាន​ចាប់។ ពួក​ខ្ញុំ​មានដៃ​ទទេ​ទេ ខាង​ក្រុមហ៊ុន​ហ្នឹង​មាន​ប៉ូលិ​ស មាន​ប៉េ​អឹម និង​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន​ប្រដាប់ដោយ​កាំបិត»។

ពលរដ្ឋ​ម្នាក់ទៀត អ្នកស្រី អ៊ូ មករា និយាយ​ថា កាលពី​ឆ្នាំ២០១៨ អាជ្ញាធរ​ជាតិ​បាន​ចុះ​វាស់វែង និង​ចេញ​លិខិតបញ្ជាក់​ក្បាលដី​ជូន​ពលរដ្ឋ​នៅក្នុង​ភូមិ​សុខសាន្ត​នេះ​រួចរាល់​ហើយ ដោយ​ពុំ​មាន​ភាគី​ណា​ជំទាស់​ឡើយ។

ពលរដ្ឋ​រូប​នេះ ​អះ​អាង​ថា គ្រួសារ​គាត់​បាន​ទៅ​ទិញ​ដី​នៅ​តំបន់​នោះ​ដើម្បី​សង់ផ្ទះ និង​ដាំដំណាំ​តាំងពី​​ឆ្នាំ២០១១ ដោយ​មិនធ្លាប់​មាន​ជម្លោះ ឬបញ្ហា​ជាមួយ​អ្នកណា​ឡើយ។ អ្នកស្រី​ថា ទើបតែ​ម្សិលមិញ​នេះ អាជ្ញាធរ​នៅ​ក្រុង​កោះ​រ៉ុង​ ចេញ​លិខិត​ជូនដំណឹង​ឱ្យពួក​គាត់​រុះរើ​ផ្ទះ​ចេញទៅ​វិញ។

អ្នកស្រី អ៊ូ មករា បន្ថែម​ថា៖ «បើ​អត់​ដី និង​ផ្ទះនៅ ពួក​ខ្ញុំ​ស្មើនឹង​ងាប់ ​ស្មើនឹង​សូន្យ។ សន្តិ​ភាព​ៗ តែ​ពួក​ខ្ញុំ​ស្មើនឹង​សូន្យ។ ឥលូវ ពួក​ខ្ញុំ​មិនដឹងជា​ទៅ​ពឹង​អ្នកណា​ឱ្យជួយ​ទេ បើ​យើង​សង្ឃឹមលើ​មេភូមិ​មេឃុំ​ចៅហ្វាយក្រុង​ជា​ពុក​ជា​ម៉ែ តែ​បែរជា​គាត់​នាំ​គេ​មក​ឈូស​ឆាយ​របស់​ពលរដ្ឋ​អស់​អ៊ីចឹង»។

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ម្នាក់ទៀត លោក អ៊ិ​ន និមល ប្រាប់​ថា ដំណោះស្រាយ​ដែល​អ្នកភូមិ​ចង់បាន គឺ​សុំឱ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​របស់​ពួក​គាត់​ចេញពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន។ លោក​ថា ប្រសិនជា​អាជ្ញាធរ​បណ្តេញ​ពួក​គាត់​ចេញ​នោះ គឺ​ពួក​គាត់​មិនដឹងជា​ទៅ​រស់នៅ​ទីណា​នោះ​ទេ។

លោក អ៊ិ​ន និមល ប្រាប់​ថា៖ «បើ​ពួក​គាត់​ឈូស​ឆាយ​អស់​ ឱ្យ​ពួក​ខ្ញុំ​ទៅណា? បើ​ពួក​ខ្ញុំ​មាន​ដី​តែ​ប៉ុណ្ណឹង ​ដែល​មក​រស់នៅ​ជាង ១០ឆ្នាំ​ ហើយក្រុមហ៊ុន​ទើប​កើត​ក្រោយ​សោះ គាត់​បែរមក​បំពាន​ដី​របស់​ពួក​ខ្ញុំ។ អ្នកភូមិ​នៅ​ទី​នេះចង់​ឱ្យគេ​កាត់​ឆ្វៀល​ដី​ចេញ ដូច​សម្តេច​គាត់​មានប្រសាសន៍​ថា បើ​ពលរដ្ឋ​រស់នៅ និង​មាន​ដំណាំ​នៅ​ទី​ហ្នឹង ត្រូវ​កាត់​ឆ្វៀល​ស្បែក​ខ្លា​ជូន​ប្រជាពលរដ្ឋ ហើយ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួក​ខ្ញុំ»។

វី​អូ​ឌី​បាន​ព្យាយាម​សុំ​ការ​ឆ្លើយ​ពីអ​ភិបាល​ក្រុង​កោះ​រ៉ុង លោក នួន ប៊ុ​នថុល ច្រើនដង​ដែរ ប៉ុន្តែ លោក​ប្រាប់​ថា ស្តាប់​អត់​បាន​ដោយសារ​ទូរសព្ទ​អត់​សេវា។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភា​រម្យ មានប្រសាសន៍​ថា នៅ​ថ្ងៃនេះ សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត​ព្រះសីហនុ បាន​ចុះ​អនុវត្ត​កាយ​ព្រំ​ដី​ឱ្យ​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ គ្រុប ដែល​ទទួល​បានសម្បទាន​ពី​រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍតំបន់​នោះ​តាំងពី​ឆ្នាំ២០០៨។

អ្នកនាំពាក្យ​រូប​នេះ អះអាង​ថា ដី​ដែល​អាជ្ញាធរ​កំពុង​កាយ​កំណត់​ព្រំ​ឱ្យ​ក្រុមហ៊ុន​នោះ មានទំហំ ៣៥ហិ​កតា ជា​ដី​របស់​ក្រុមហ៊ុន​ មិន​ប៉ះពាល់​លើ​ដី​របស់​ប្រជាពលរដ្ឋ​ឡើយ។

លោក ឃាង ភា​រម្យ ប្រាប់​ថា៖ «ប្រសិនជា​បងប្អូន​ប្រជាពលរដ្ឋ​គាត់​មាន​ប័ណ្ណ​កម្ម​សិទ្ធិ យើង​មិន​អាច​ទៅ​ប៉ះពាល់​របស់​គាត់​បានទេ ហើយ​ប្រសិនបើ​ក្រុមហ៊ុនមាន​សិទ្ធិស្របច្បាប់ ក៏​អាជ្ញាធរ​មិន​អាច​ទៅ​ប៉ះពាល់​ក្រុមហ៊ុន​បាន​ដែរ។ អ៊ីចឹង​ អាជ្ញាធរ គឺ​យើង​ឈរ​លើ​គោលការណ៍​ច្បាប់ យើង​ឈរ​នៅ​កណ្តាល»។

បើ​តាម​លោក ឃាង ភា​រម្យ កាល​ឆ្នាំ២០១៦ រដ្ឋាភិបាល​សម្រេច​កាត់​ដី​ទំហំ ៥២៨.៣៧ហិ​កតា​ចេញពី​ដី​ឯកជន​របស់​រដ្ឋ​ទៅ​​ឱ្យ​អង្គភាព​រដ្ឋ និង​ប្រជាពលរដ្ឋ ២៩៨គ្រួសារ ដោយ​មិន​ជាប់ពាក់ព័ន្ធ​ជាមួយ​ដី​ក្រុមហ៊ុន​ទៀត​ឡើយ។

ទោះជាយ៉ាងណា អ្នកភូមិ​អះអាង​ថា ពួក​គេ​មួយចំនួន​បាន​ទៅ​រស់នៅ​លើ​ដី​ដែល​កំពុង​មាន​ជម្លោះតាំងពីឆ្នាំ១៩៩១​ ដោយ​ពុំ​ធ្លាប់​មាន​ជម្លោះ ឬការរារាំង​ពីសំណាក់​អាជ្ញាធរ​នៅ​តំបន់​នោះ​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ