តួលេខ​​រដ្ឋា​ភិបាល​​បង្ហាញ​ថា​ កម្មករ​​ជិត​១៧​ម៉ឺន​​នាក់​​ទទួល​​បាន​​ថវិកា​​ពី​​រដ្ឋា​ភិបាល​​ក្រោយ​​ត្រូវ​​ព្យួរ​ការងារ​​

កម្មករ-កម្មការិនីរោងចក្រ ឃែន​ធើ​រេន (Canteran Apparel​) និង​រោង​ចក្រ ​ខ្វ​លី​ធី តេ​ក្ស​ស្ទីល (Quality Textiles​) ជា​រោងចក្រដែល​មាន​ម្ចាស់​តែមួយ ធ្វើការតវ៉ាជាថ្មី ករណីថៅកែបើកខែមិនគ្រប់ និងយឺតយ៉ាវ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

តួលេខ​របស់​រដ្ឋាភិបាល អះអាង​ថា កម្មករ​-កម្មការិនី និង​បុគ្គលិក​ក្នុង​វិស័យ​សេវាកម្ម​ជាង ១៦ម៉ឺន​នាក់​ដែល​ត្រូវ​បាន​ព្យួរការងារ​នោះ ទទួល​បាន​ប្រាក់​ឧប​ត្ថ​ម្ភពី​រដ្ឋា​ភិបាល​តាមរយៈ​ធនា​គារ​វីង​គិត​ត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃម្សិលមិញ​នេះ បាន​បញ្ចេញ​បញ្ជី​ចំនួន​រោងចក្រ​សហគ្រាស ក្រុមហ៊ុន​អាជីវកម្ម និង​ចំនួន​កម្មករ​និយោជិត ដែល​ត្រូវ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ក្រោយពី​ដំណើរការ​អាជីវកម្ម​របស់​ពួក​គេត្រូវ​បាន​ព្យួរ ហើយ​ប៉ះពាល់​ដល់​ការងារ​របស់​កម្មក​រនិ​យោ​ជិត​រាប់​ម៉ឺន​នាក់ ដែល​បណ្ដាលមកពី​វិបត្តិ​សុខភាព​សកល។

បើ​តាម​របាយការណ៍​របស់ក្រ​សួង​ការងារ កម្មករ-​កម្មការិនី និង​បុគ្គលិក​ជិត ១៧ម៉ឺន​នាក់​(១៦៨,៥៣៥​) នៃ​រោងចក្រ​សហគ្រាស ឬក្រុមហ៊ុន​ចំនួន ៥២៦ នៅក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ បាន​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​រួចហើយ​ នៅ​ត្រឹម​ថ្ងៃម្សិលមិញ​នេះ ក្រោយពី​ការងារ​របស់​ពួក​គេត្រូវ​បាន​ព្យួរ។

ក្រសួងការងារ​បញ្ជាក់​នៅក្នុង​របាយការណ៍​របស់​ខ្លួន​ថា ប្រាក់ឧបត្ថម្ភ​ទៅដល់​បុគ្គលិក និង​កម្មករ​ដែល​ត្រូវ​បាន​ព្យួរការងារ​ទាំងនោះ ត្រូវ​បើក​តាម​ធនាគារ​ឯក​ទេ​សវីង ហើយ​ថា ប្រាក់ឧបត្ថម្ភ​នេះ ត្រូវ​បើក​ឱ្យ​ជា​ប្រាក់​រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការ​ព្យួរ​កិច្ចសន្យា​ការងារ​របស់​បុគ្គលិក និង​កម្មករ​ម្នា​ក់ៗ។

ក្រសួងការងារ បន្ថែម​ថា ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ​បាន គឺ​កម្មករ​-កម្មការិនី​ត្រូវ​យក​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរសព្ទ​ដៃ​ដែល​ទទួល​បាន​សារ​ពី​ធនាគារ​ឯក​ទេ​សវីង ទៅ​បើក​នៅ​ទី​ភ្នាក់​ងារ​វី​ងដែល​នៅ​ជិត​ខ្លួន​បំផុត។

ក្រសួង​លើកឡើង​ថា ក្នុងករណី​កម្មករ​ទទួល​បាន​សារ​ហើយ ប៉ុន្តែ ខកខាន​មិនបាន​ទៅ​បើក​ប្រាក់ឧបត្ថម្ភ​នេះ ​ក្នុងរយៈពេល ១០ថ្ងៃបន្ទាប់​ពី​ទទួល​បាន​សារ គឺ​ខាង​ធនាគារ​នឹង​បង្វិល​លុយ​នោះ​ជូន​រដ្ឋាភិបាល​វិញ ហើយ​ថា ប្រសិនបើ​កម្មករ​របស់​សហគ្រាស​ទាំងនោះ មិន​ទទួល​បាន​សារ​ទូរសព្ទ​ពី​ធនា​គារ​វីង​ទេ គឺ​កម្មករ​ត្រូវ​ទំនាក់ទំនង​ទៅ​រដ្ឋបាល​រោងចក្រ ឬសហគ្រាស​របស់​ខ្លួន​ដើម្បី​សួរ​ព័ត៌មាន​នេះ។

វី​អូ​ឌី​បាន​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​លោក ហេង សួរ អំពី​ចំនួន​ទឹកប្រាក់​សរុប​ដែល​រដ្ឋាភិបាល​បាន​ទូទាត់​ទៅដល់​បុគ្គលិក និង​កម្មករ​ចំនួន ៧លើក​មកហើយ ប៉ុន្តែ លោក​បាន​ប្រាប់​ឱ្យទៅ​មើល​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន Fresh News។

ក្នុង​អត្ថបទ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ ហ្វ្រេស ញូ​វស៍ កាលពី​ថ្ងៃម្សិលមិញ​នេះ លោក ហេង សួរ បាន​និយាយ​ថា រដ្ឋាភិបាល​បាន​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ដល់​ចំនួន ៣.៩លាន​ដុល្លារ​អាមេរិក​ហើយ​ទៅដល់​បុគ្គលិក​កម្មករ​សរុប​ដល់ទៅ ១៦៩,១៦១នាក់ ដែល​ត្រូវ​បាន​ព្យួរការងារ។

កាលពី​ថ្ងៃទី៧ ខែមេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា អំឡុង​ពេល​ព្យួរការងារ កម្មករ​នឹង​ទទួល​បាន​ប្រាក់ ៧០ដុល្លារ​ក្នុង​មួយ​ខែ ដោយ​ក្នុង​នោះ រដ្ឋាភិបាល​រួមចំណែក ៤០ដុល្លារ ហើយ​ថៅកែ​រោងចក្រ​ត្រូវ​ចេញ ៣០ដុល្លារ។

កាលពី​ថ្ងៃទី១ ខែឧសភា ក្រុម​សហជីព​បាន​ដាក់​លិខិត​មួយ​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ដើម្បី​ទាមទារ​ទៅ​រដ្ឋាភិបាល​ឱ្យ​រក្សា​ការ​ផ្តល់​ប្រាក់ឈ្នួល​ប្រចាំខែ​យ៉ាងតិច ៦០ភាគរយ ជូន​ក្រុម​កម្មករ ដោយ​រដ្ឋាភិបាល​ចេញ ២០ភាគរយ និង​និយោជក​ចេញ ៤០ភាគរយ​នៃ​ប្រាក់ឈ្នួល​របស់​កម្មករ​គ្រប់​វិស័យ​នៅ​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩។

សហជីព​ទាំងនោះ ​អះអាង​ថា ប្រាក់ ៧០ដុល្លារ​ដែល​ផ្តល់​ដោយ​ភាគី​រោងចក្រ និង​រដ្ឋាភិបាល​នោះ គឺ​មិន​អាច​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​កម្មករ​បាន​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ