លោក ហ៊ុន សែន លើក​ទឹក​ចិត្ត​​ឱ្យ​​រឹប​អូស​​ទ្រព្យ​​កូន​បំណុល​​ណា​​ដែល​​ស្តាប់​​តាម​​ការ​ឃោសនា​​របស់​​អតីត​​មេ​​បក្ស​​ប្រឆាំង​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីប្រកាសអនុវត្តកម្មវិធី ផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្ រនិងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ នៅវិមានសន្តិភាព ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ថា លោក​មិន​ចង់​ឃើញ​មានការ​រឹបអូស​ទ្រព្យសម្បត្តិ​កូនបំណុលដែល​ជំពាក់​ធនាគារ​ក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​រ៉ូ​ណា ឬកូ​វីដ១៩នោះ​ឡើយ ប៉ុន្តែ លោក​នឹង​គាំទ្រ​ឱ្យ​មានការ​រឹបអូស​ទ្រព្យ​កូនបំណុល ប្រសិនបើ​ពួក​គេ​ស្តាប់​តាម​ការឃោសនា ឬបន្ត​ឃោសនា​មិន​ឱ្យ​មានការ​សង​ប្រាក់កម្ចី​ទៅ​ធនាគារ​នោះ។

សំណេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពីដើម​ខែមិថុនា​នេះ អតីតប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​និរទេស​ខ្លួនឯង​នៅ​ប្រទេស​បារាំង​ បាន​រៀបរាប់​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជាជិត​ដួល​រលំ​ហើយ ដោយសារ​កូន​បំណុល​តូច​ៗជិត ៣លាន​នាក់ គ្មាន​លទ្ធភាព​សង​ត្រឡប់ទៅវិញ។

លោក សម រង្ស៊ី បន្ត​ថា៖ «វិធានការ​មួយទៀត គឺ​កុំទៅ​រឹបអូស​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ។ លោកសល់​តែ​ប៉ុណ្ណឹង ឥលូ​វលោ​កអត់​លុយ​សងបំណុល​ទេ លោក​មិន​ដឹង​ទៅ​បបេះ​ទៅ​បបោច​ពីណា​ទេ សុំ​ពន្យារ​ដែរ បី​ខែ​ម្តង​ៗ គឺថា​រយៈពេល ៣ខែ​ដំបូង ផ្អាក​ទាំងអស់។ មិនមែន​ថា​មិន​សង​ទេ ប៉ុន្តែ​ សុំ​លើក​ទៅ​ថ្ងៃក្រោយ ពេលណា​យើង​មានលទ្ធភាព»។

អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ជំរុញ​ទៅ​ប្រជាពលរដ្ឋ ឱ្យផ្អាក​ការ​បង់​សង​ប្រាក់​ត្រឡប់ទៅ​ធនាគារ ឬគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិញ​នៅក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ១៩នេះ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ១៩ ប្រមាណ ៦០ម៉ឺន​គ្រួសារ នៅ​ព្រឹក​ថ្ងៃទី២៤ ខែមិថុនា លោក ហ៊ុន សែន ថា វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ នឹង​មិន​ដួល​រលំទេ ត្បិត​មាន​ធនាគារ​ខ្លះ​សល់​សាច់ប្រាក់​កាន់តែ​ច្រើន ដោយសារ​មិន​មាន​អ្នកខ្ចី​ទៀតផង។

លោក ហ៊ុន សែន បាន​លើកទឹកចិត្ត​ធនាគារ ឬគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ប្តឹង​ទៅ​តុលាការ ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​អ្នក​ដែល​ជំពាក់​ធនាគារ ហើយ​បន្ត​ឃោសនា ឬបំផុសចលនា​ទៅអ្នកដទៃ​មិន​ឱ្យ​បង់ប្រាក់​ទៅ​ធនាគារ​នោះ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​ការ​រឹបអូស ​[ទ្រព្យ​] ប្រសិនបើ​អ្នកឯង​ជឿ​ទៅលើ​អ្នក​ដែល​ឃោសនា ឬចលនា​កុំឱ្យ​សង​លុយ​ធនាគារ។ ខ្ញុំ​គ្រាន់តែ​អំពាវនាវ​ឱ្យ​ធនាគារ​ធ្វើការ​យោគយល់​នៅក្នុង​ដំណាក់កាល​នៃ​ការ​លំបាក ប៉ុន្តែ ការ​សង ​[ប្រាក់​] នៅតែ​សង​ហ្នឹង។ ប៉ុន្តែ មាន​អ្នក​ចលនា​ទីមួយ​ កុំឱ្យ​មនុស្ស​សង​លុយ​ទៅ​ធនាគារ។ ខ្ញុំ​នឹង​គាំទ្រឱ្យ​ធនាគារ​ប្តឹង​ទៅ​តុលាការ ដើម្បី​រឹបអូស បើសិនជា​ជន​នោះ​គាំទ្រ​នូវ​នយោបាយ​របស់​អា​អ្នក​អំពាវនាវ»។

សមាជិក​ក្រុមប្រឹក្សា​ភិបាល​នៃ​សមាគម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា លោក ប៊ុ​ន មុនី មានប្រសាសន៍​ថា តាមពិត ​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ ជា​ការ​ខឹង​នឹង​ក្រុមប្រឆាំង​លោក​ប៉ុណ្ណោះ ប៉ុន្តែ ធាតុ​ពិត​លោក​តែង​ណែនាំ​ដល់​ខាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឱ្យអនុគ្រោះ​ដល់​ពលរដ្ឋ ហើយ​ទៅមុខ​ទៀត ខាង​ធនាគារ ឬគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ក៏​គ្មាន​ការ​រឹបអូស​ទ្រព្យ​កូនបំណុល​នោះ​ដែរ។

លោក ប៊ុ​ន មុនី ប្រាប់​ថា៖ «តាមការពិត គឺ​គាត់ ​[លោក​ ហ៊ុន សែន​] កំពុងតែ​ទន់ភ្លន់ ហើយ​កំពុងតែ​ណែនាំ​ឱ្យ​យើង​ហ្នឹង​អនុគ្រោះ​ឱ្យ​ប្រជាពលរដ្ឋ។ កន្លងមក​ សមាគម​យើង ក៏ដូចជា​ខាង Individual MFI ​[គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​] Bank [ធនាគារ​] អីហ្នឹង គឺ​យើង​មិន​ដែលទៅ​រឹបអូស​ប្តឹងផ្តល់​អី​ទេ យើង​អត់មាន​ទេ យើង​មានតែ​ការ​ពន្យារពេល​នៃ​ការ​សង និង Restructure Loan​ [កែសម្រួល​ឥណទាន​] ហ្នឹង​ឡើងវិញ តាម​ការ​ស្នើសុំ​របស់​គេ​ហ្នឹង»។

លោក ប៊ុ​ន មុនី បាន​ឱ្យដឹង​បន្ថែម​ថា អ្នកប្រើ​ប្រាស់​កម្ចី​រហូតដល់ ១៨ម៉ឺន​នាក់ បាន​ស្នើ​ទៅ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឱ្យកែសម្រួល​ឥណទាន​របស់​ពួក​គេ ឬពន្យារពេល​សងត្រឡប់ទៅ​ស្ថាប័ន​ផ្ដល់​កម្ចី​នៅក្នុង​ប្រទេស​កម្ពុជា។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម លោក​បណ្ឌិត សេង សារី យល់ឃើញ​ថា ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី អាច​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​កូនបំណុល មាន​គ្រោះ​ទ្វេដង ដោយ​មួយ​ជា​គ្រោះ​ពី​វិបត្តិ​កូ​វីដ១៩ និង​គ្រោះអាសន្ន​មួយទៀត​ ទាក់ទង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ពួក​គាត់​ពីសំណាក់​ធនាគារ ប្រសិនបើ​ធនាគារ ឬអាជ្ញាធរ​អនុវត្ត​តាម។

លោក​បណ្ឌិត សេង សារី បន្ត​ថា៖ «ក្នុង​ស្ថានភាព​នេះ ត្រូវតែ​អនុវត្ត​ការ​ជួយ​គាំទ្រ​គាត់​ [ពលរដ្ឋ​] សិន ហើយ​អ្វី​ដែល​សំខាន់​ហ្នឹង យើង​ត្រូវ​សួរ​ត្រឡប់ទៅវិញ​ថា តើ​ពលរដ្ឋ​បែប​ណា​ដែល​ស្តាប់ ដែល​យើង​ហៅថា​ គណបក្ស​ប្រឆាំង​បំផុស​នោះ​? អាច​ពួក​គាត់​ជា​ជនរងគ្រោះ​ពិតប្រាកដ ហើយ​មិន​មានលទ្ធភាព​សង​ពិតប្រាកដ។ អ៊ីចឹង ​ដំណោះស្រាយ​ល្អ​បំផុត​ មិន​គួរ​មានការ​រឹបអូស ​[ទ្រព្យ​] ទេ គឺ​ជួយ​គាំទ្រ​គាត់​សិន​ទៅ ហើយ​បន្ទាប់មក​ទៀត មានការ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​ការ​មិន​សង​លុយ​របស់​គាត់​ហ្នឹង គឺជា​ចេតនា​ក្នុង​ការ​មិន​សង​តាមរយៈ​ការ​ញុះញង់​ពិតមែន ឬក៏​គាត់​ពិតជា​មិន​មានលទ្ធភាព​សង​ទៅ​ធនាគារ​ពិតប្រាកដ»។

កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១៣០ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ដោយ​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ឱ្យ​មានការ​ផ្អាក​សង​ប្រាក់កម្ចី និង​ការប្រាក់​ទាំងអស់ យ៉ាងតិច​ណាស់​ចំនួន ៣ខែ និង​ប្រគល់​ជូន​ម្ចាស់ទ្រព្យ​វិញ​នូវ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ឬទ្រព្យ​បញ្ចាំ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា វិធានការ​ទាំងនេះ គឺ​មាន​ភាព​ចាំបាច់ ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​អាច​បន្ត​រស់នៅ​ក្នុង​ពេល​មាន​វិបត្តិ​នេះ ​ដោយ​គ្មាន​ហានិភ័យ​ចំពោះ​សុខភាព ឬលំនៅ​ដ្ឋាន​របស់​ពួក​គេ ព្រមទាំងអាច​បញ្ចៀស​ពី​កម្ចី​ឥណទាន​មាន​ហានិភ័យ ដែល​អាច​នាំ​ឱ្យ​កើតមាន​ករណី​ធ្វើការងារ​ដោះបំណុល ការ​ជួញដូរ​មនុស្ស និង​ការរំលោភ​សិទ្ធិមនុស្ស​ដទៃទៀត។

សេចក្តី​ថ្លែងការណ៍​ដដែល បញ្ជាក់​ថា បច្ចុប្បន្ន ពលរដ្ឋ​កម្ពុជា​ច្រើនជាង ២លាន ៥សែន​នាក់ ​ជាប់ជំពាក់​កម្ចី​ខ្នាត​តូច ជាមួយនឹង​អត្រា​កម្ចី​ជាមធ្យម ៣,៨០០ដុល្លារ​ក្នុង​មួយ​កម្ចី ដែល​ជា​ចំនួន​ច្រើនជាង​គេ​នៅ​លើ​ពិភពលោក។

ប្រភព​ដដែល​ថា បញ្ហា​នេះ​ធ្វើ​ឱ្យ​ជីវភាពរស់នៅ សុខភាព និង​សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ ប្រឈម​នឹង​ហានិភ័យ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ