វិភាគ​៖ លោក​​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​​បេក្ខ​ជន​​លេច​ធ្លោ​​មុន​​ការ​ប្រកួត​​

លោក ហ៊ុន ម៉ា​ណែ​ត ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ខួប២០ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​បញ្ជាការ​ដ្ឋាន​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ២៤ មករា ឆ្នាំ​(១៩៩៩ – ២០១៩​) នៅ​ទីបញ្ជាការ​ដ្ឋាន​កងទ័ពជើងគោក ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុក ហ៊ុន សែន​

លោក ហ៊ុន ម៉ា​ណែ​ត ត្រៀមខ្លួន​ចាប់​យក​តំណែង​ជានា​យក​រដ្ឋមន្ត្រី​ក្នុង​ពេល​ខាងមុខនេះ ​បង្ហាញ​កាន់តែ​ច្បាស់ ក្រោយពេល​ឪពុក​របស់​លោក​បង្ហាញ​ការ​គាំទ្រ​ជា​សាធារណៈ ខណៈ​នៅក្នុង​បក្ស​មិនទាន់​មាន​បេក្ខ​ជនផ្សេងទៀត​ចេញមុខ​ប្រកួតប្រជែង​នៅឡើយ​ទេ។

នៅ​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ថា នៅក្នុង​បក្ស​របស់​លោក​មាន​បេក្ខជន​មាន​សមត្ថភាព​ជាច្រើន ដែល​អាច​ប្រកួតប្រជែង​យក​តំណែង​ជានា​យក​រដ្ឋមន្ត្រី។ ប៉ុន្តែ​ លោក​ថា ក្នុងនាម​ជា​ឪពុក ​លោក​ត្រូវ​ខិតខំ​បង្រៀន និងគាំទ្រ​ដល់​លោក ហ៊ុន ម៉ា​ណែ​ត។

លោក ហ៊ុន សែន លើកឡើង​ថា៖ «សុំ​! សុំ​និយាយ​ នៅ​កម្ពុជា​មិនមែន​មានតែ​បេក្ខជន​ ហ៊ុន ម៉ា​ណែ​ត មួយ​ទេនៅក្នុង​បក្ស​ប្រជាជន។ មាន​បេក្ខជន​ច្រើនណាស់ ប៉ុន្តែ​ នៅក្នុង​ឋានៈ​ជា​ឪពុក ទោះ​យ៉ាងណា​ ក៏​ខ្ញុំ​គាំទ្រកូន​ខ្ញុំ អប់រំ​កូន​ខ្ញុំ ឱ្យ​វា​មាន​សមត្ថភាព។ បើ​វា​មិនបាន​ស្មើឪវា ក៏បាន ៨០ភាគរយ ឬ៩០ភាគរយ​របស់​ឪវា​ទៅចុះ»។

លោក ហ៊ុន សែន បញ្ជាក់​ថា ក្នុងរយៈពេល ១០ឆ្នាំខាងមុខ កូនប្រុស​របស់​លោក​មាន​អាយុ​ជាង ៥០ឆ្នាំ​ គឺ​សមស្របក្នុង​ការ​កាន់​តំណែង​ជានា​យក​រដ្ឋមន្ត្រី​ហើយ។

លោក ហ៊ុន សែន មានប្រសាសន៍​ថា៖ «ឥលូវ ហ៊ុន ម៉ា​ណែ​ត ដូច​អាយុ ៤៣ឆ្នាំ កើត៧៧​(១៩៧៧​) អាយុ ៤៣ឆ្នាំ​ហើយ។ ចឹ​ងនៅ ១០ឆ្នាំ​ទៀត​ អានោះ​អាយុ ៥៣ឆ្នាំ​ហើយ តែ​ឪវា​ធ្វើនាយ​ករ​ដ្ឋ​មន្ត្រី​តាំងពី​អាយុ ៣២ឆ្នាំ​ឯណោះ។ ចឹ​ងរឿង​អី​ដែល​ធ្វើ​មិនបាន​?»

លោក ​ហ៊ុន សែន បញ្ជាក់​ថា លោក ហ៊ុន ម៉ា​ណែ​ត បើចង់ក្លាយជានាយ​ករ​ដ្ឋ​មន្ត្រី​ ត្រូវ​ឆ្លងកាត់​ពីរ​ដំណាក់កាល​ គឺ​នៅក្នុង​គណបក្ស​គេ​ព្រម​ទទួល​ឱ្យធ្វើ​ឬអត់​? ហើយ​មួយទៀត​មានការ​បោះឆ្នោត​គាំទ្រ​ពី​ពលរដ្ឋ​ឬអត់​?

លោក ហ៊ុន ម៉ា​ណែ​ត ជា​កូនប្រុស​ច្បង​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កើត​នៅ​ថ្ងៃទី២ ខែតុលា ​ឆ្នាំ១៩៧៧ បច្ចុប្បន្ន​មាន​អាយុ ៤៣ឆ្នាំ។

បច្ចុប្បន្ន​ លោក​ ហ៊ុន ម៉ា​ណែ​ត កាន់​តំណែង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ជា​អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និងជា​មេបញ្ជាការ​រង​កង​អង្គរក្ស​លោក ហ៊ុន សែន ហើយក៏​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ។ 

ចំណែក​នៅក្នុង​រចនាសម្ព័ន្ធ​របស់​គណបក្សប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត ជា​ប្រធាន​យុវជន ហើយក៏​ជាស​មា​ជិ​កមួយ​រូប​ក្នុងចំណោម​សមាជិក ៣៤រូប​នៅក្នុង​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្សប្រជាជន​កម្ពុជា​ផង​ដែរ។

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល គឺជា​រចនាសម្ព័ន្ធ​ដឹកនាំ​ខ្ពស់​បំផុត​របស់​គណបក្សប្រជាជន​កម្ពុជា ដែល​ប្រមូលផ្ដុំ​ទៅ​ដោយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ៣៤រូប​របស់​គណបក្ស។

តើ​អ្នកណា​ហ៊ាន​ចេញមុខ​ប្រកួតប្រជែង​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត យក​តំណែង​ជានា​យក​រដ្ឋមន្ត្រី​នៅពេល​ខាងមុខ​នោះ​? 

បើ​ទោះជា​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អះអាង​ថា នៅក្នុង​បក្ស​មាន​អ្នកមាន​សមត្ថភាព​ច្រើន ដែល​អាច​ប្រកួតប្រជែង​តំណែង​នេះ​ក៏ដោយ ក៏​លោក​មិនបាន​លើកឡើង​ចំ​ឈ្មោះ​អ្នកណា​ម្នាក់​ទេ។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​ដែល​មាន​អាយុ​ប្រហាក់​ប្រហែល​លោក​ ហ៊ុន សែន ដែរ​នោះ ​ក៏​មិន​មាន​អ្នកណា​ម្នាក់​បង្ហាញ​ជំហរ​ជា​សាធារណៈ​គាំទ្រ​កូន​ឱ្យ​ប្រកួតប្រជែង​យក​តំណែង​ជានា​យក​រដ្ឋមន្ត្រី​នោះ​ទេ។

ចំពោះ​បេក្ខជន​មក​ពី​គណ​បក្ស​ផ្សេង​ៗដែល​ចង់​​ប្រកួតប្រជែង​ ក៏​ប្រហែល​លំបាក​ដែរ ព្រោះ​គណបក្ស​ដែល​មាន​សំឡេង​គាំទ្រ​ប្រហាក់​ប្រហែលគ្នា​ជាមួយ​បក្ស​ប្រជាជន​ គឺ​គណបក្ស​សង្គ្រោះ​ជាតិដែលត្រូវ​បាន​រំលាយ​កាលពី​ចុងឆ្នាំ២០១៧ ហើយ​មន្ត្រី​មួយចំនួន​រត់គេច​ខ្លួន​ទៅក្រៅ​ប្រទេស ខណៈ​មួយចំនួន​កំពុង​ជាប់ពន្ធ​នា​គារ។

ចំណែក​លទ្ធផល​បោះឆ្នោត​ឆ្នាំ២០១៨ បង្ហាញថា គណបក្ស​ផ្សេងទៀត​មិន​ទទួល​បានការ​គាំទ្រ​ពី​ពលរដ្ឋ​ឱ្យ​គ្រប់​ចំនួន​ដើម្បីទទួលបាន​អាសនៈ​ក្នុង​សភា​នោះ​ទេ ​គឺ​សមាជិកសភា ១២៥រូប គណ​បក្ស​ប្រជាជន​កម្ពុជា​ក្តោប​យក​ទាំងអស់។

ម្យ៉ាងទៀត​ លោក​ ហ៊ុន សែន បញ្ជាក់​ថា ការបង្កើត​ស្នាក់​ការ​កណ្តាល​ធំ​ស្កឹមស្កៃ និង​សាខា​ស្នាក់​ការ​នៅ​តាម​ខេត្ត​-ក្រុង​ ស្រុក-​ខណ្ឌទ្រង់ទ្រាយ​ធំ​ដែរ​នោះ​ លោក​ថា ​បក្ស​នេះ​មាន​ផែនការ​ច្បាស់លាស់​ត្រៀម​គ្រប់គ្រង​អំណាច​ពី៥០ ទៅ១០០ឆ្នាំ​ទៀត។

បើ​យើង​មើល​ស្ថានភាព​ទូទៅ​នៅពេល​នេះ លោក ហ៊ុន ម៉ា​ណែ​ត ប្រៀប​ដូចព្រះចន្ទ​កំពុង​រះ​ពេលយប់ដែល​មិន​មាន​ហ្វូង​តារា​មាន​ពន្លឺ​ស្មើ​ដល់​នោះ​ទេ។ ការ​មើលឃើញ​ពី​ការ​ត្រៀមខ្លួន​របស់​លោក ​ហ៊ុន ម៉ា​ណែ​ត ក្នុង​ការប្រកួត​ប្រជែង​យក​តំណែង​ជានា​យក​រដ្ឋមន្ត្រី​នេះ មិនមែន​តែ​នៅក្នុង​បក្ស​ប្រជាជន​កម្ពុជា ឬនៅ​កម្ពុជា​នោះ​ទេ គឺ​នៅ​លើឆាកអន្តរជាតិ​ក៏​មានការ​ចាប់អារម្មណ៍​លើ​ចំណុច​នេះ​ដែរ។

នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វិទ្យុ ABC អូស្ត្រាលី កាលពី​ខែតុលា ​ឆ្នាំ២០១៥ ពិធីករ​បាន​ចោទសួរ​ទៅ​លោក​ ហ៊ុន ម៉ា​ណែ​ត ថា​តើ​លោក​បាន​ត្រៀម​ស្នង​តំណែង​ពី​ឪពុក​របស់​លោក​ឬទេ​?លោក ហ៊ុន ម៉ា​ណែ​ត បាន​ឆ្លើយ​ថា «ទេ» នៅ​កម្ពុជា​មិន​អាច​ស្នង​តំណែង​បានទេ ព្រោះ​ជា​ប្រទេស​ដែល​មានច្បាប់​អនុវត្តន៍​ជាង ៣០ឆ្នាំ​ហើយ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ។

ពេល​ដែល​សួរ​ថា លោក​ចង់​កាន់​តំណែង​ជានា​យក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​អនាគត​ឬទេ​? លោក ហ៊ុន ម៉ា​ណែ​ត ចំណាយពេល​គិត​បន្តិច​ហើយ​ថា វា​ហាក់ដូចជា​លំបាក ប៉ុន្តែ​ លោក​ថា អាស្រ័យ​លើ​ការសម្រេច​របស់​ប្រជាជន​ក្នុង​ការបោះឆ្នោត​គាំទ្រ។

នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ​(Human Rights Watch) លោក Phil Robertson លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កំពុងតែ​រៀបចំ​ផ្ទេរអំណាច​ទៅ​កូន ធ្វើ​ទម្រង់​ដូច​កូរ៉េខាងជើង។

លោក Phil Robertson និយាយ​ថា៖ «លោក ហ៊ុន សែន កំពុង​ធ្វើសកម្មភាព​ដូច​របប​ផ្តាច់​ការ​នៅ​កូរ៉េខាងជើង ដោយ​លោក​នឹង​រៀបចំ​ផ្ទេរអំណាច​ដឹកនាំ​ប្រទេស​ទៅ​ឱ្យ​កូនប្រុស​របស់​លោក»។

លោក Phil Robertson មើលឃើញ​ថា របប​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស​នៅ​កម្ពុជា ​កំពុង​ដើរថយក្រោយ​ ដោយ​លោក​ថា សភា​គ្រប់គ្រង​ដោយ​បក្ស​ប្រជាជន​ដែល​កើត​ពី​ការបោះឆ្នោត​មិន​ត្រឹមត្រូវ ឥទ្ធិពល​នយោបាយ​លើ​តុលាការ រៀបចំ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ដោយ​ប្រើអំណាច​​មិន​មាន​ដែន​កំណត់ ​និង​ការបង្កើត​ស្នាក់​ការ​កណ្តាល​គណបក្ស​ទ្រង់ទ្រាយ​ធំ​នៅ​ភ្នំពេញ និង​ស្នាក់​ការ​សាខា​នៅ​តាម​ខេត្ត ដើម្បី​ត្រៀម​គ្រប់គ្រង​អំណាច​គ្មាន​ទី​បញ្ចប់។

នៅក្នុង​បទសម្ភាសន៍​មួយ​កាលពី​ខែកញ្ញា ​ឆ្នាំ២០១៥ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែងប្រាប់​ផលិតករ​ភាពយន្ត​អាមេរិក​ លោក Robert H.Lieberman ស្តី​ពី​ដំណើរ​ជីវិត​របស់​លោក។ ចំណុច​មួយ​នៃ​បទសម្ភាសន៍​នោះ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​មានការ​បារម្ភ​ពី​ស្ថានភាព​នៅ​កម្ពុជា​ក្រោយពី​លោក​ឈប់​ធ្វើជា​អ្នកដឹកនាំ។

លោក ហ៊ុន សែន មានប្រសាសន៍​ថា៖ «តើ​អ្វីទៅ​ជា​ដំណាក់កាល​ក្រោយ​ ហ៊ុន សែន? នេះ​ជា​អ្វី​ដែល​ត្រូវ​គិត។ នេះ​ជា​ចម្ងល់​ក្នុងចំណោម​ប្រជាជន​កម្ពុជា និង​ក្នុងចំណោម​នៃ​គណបក្សប្រជាជន​កម្ពុជា។ ហើយក៏​ស្ថិតនៅ​ក្នុង​ការ​គិត​របស់ខ្ញុំ​ផង​ដែរ។ ក្រោយ ​ហ៊ុន សែន​ ជានរណា​? ក្រោយ​ហ៊ុន សែន​ ជា​អ្វី​?»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ