រដ្ឋា​ភិបាល​​ព្រមាន​​ចាត់​វិធាន​ការ​​លើ​​អ្នក​​កាប់​​រាន​​ដី​​ព្រៃ​ឈើ​​និង​​ព្រៃ​លិច​ទឹក​

ទិដ្ឋភាពនៃការកាប់រានដីក្នុងព្រៃសហគមន៍បឹងប្រិយ ស្ថិតនៅភូមិស្រែធ្នង់ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ (Ministry of Environment)

​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​ចាត់វិធានការ​ទៅលើ​បទល្មើស​នេសាទ និង​ការ​កាប់​រាន​ដី​ព្រៃឈើ រួម​ទាំង​ព្រៃលិចទឹក ដោយ​ថា ដើម្បី​រក្សា​ធនធាន​ធម្មជាតិ​ឱ្យ​មានប្រសិទ្ធភាព។

សេចក្ដីជូនដំណឹង​កាលពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន ក្រសួង​កសិកម្មសម្រេច​ឱ្យ​មន្ទីរ​កសិកម្ម និង​អាជ្ញាធរ​ខេត្ត ចាត់វិធានការ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ជលផល និង​ការ​កាប់​រាន ដុត ឈូស​ឆាយដី​ព្រៃឈើ រួម​ទាំង​ព្រៃលិចទឹក ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ជាពិសេស​ព្រៃឈើ និង​ជលផល។

ការសម្រេច​នេះ ដោយ​ក្រសួង​ថា សកម្មភាព​នេសាទ ការ​កាប់​រាន​ដី​ព្រៃឈើ និង​ព្រៃលិចទឹក រួម​ទាំង​ការ​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ដោយ​ការ​កាប់​រាន​ដុត ឈូ​សឆាយដី​រដ្ឋ​ខុសច្បាប់​នៅតែ​បន្ត​កើតមានឡើង​តាម​បណ្ដាខេត្ត​មួយចំនួន។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សា​ខុន មានប្រសាសន៍​ថា សកម្មភាព​កាប់​រានដី​ព្រៃឈើ និង​ព្រៃលិចទឹក យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន កំពុង​កើតឡើង​នៅ​ជាប់​បឹងទន្លេសាប មាន​ដូចជា ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្តមណ្ឌលគិរី។ 

លោក​បន្ត​ថា អ្នក​ដែល​កាប់​រាន​ដុត ឈូសឆាយដី​ព្រៃឈើ និង​ព្រៃលិចទឹក​កន្លងមក មាន​ប្រជាពលរដ្ឋ និង​ក្រុម​ឈ្មួញ ហើយ​បច្ចុប្បន្ន​នេះ លោក​ថា ក្រសួង​កំពុង​ចុះ​ស្វែងរក​ឈ្មោះ​ម្ចាស់ដី​ទាំងនោះ មុននឹង​ចាត់វិធានការ។

លោក វេង សា​ខុន ប្រាប់​ថា៖ «យើង​បានឱ្យ​អភិបាលខេត្ត​ឱ្យ​និរាករណ៍​នូវ​លិខិតស្នាម​ដែល​បាន​បញ្ជាក់ ដែល​ធ្វើតាម​ឃុំ-ស្រុក វា​អត់​ស្របច្បាប់ ហើយ​ដី​ជា​ដី​របស់​រដ្ឋ ហើយ​យើង​ទៅ​ធ្វើ​អ៊ីចឹង ​វា​ខុសច្បាប់។ យើង​បាន​ចុះ​ធ្វើ​សេចក្ដីណែនាំ​មួយ​ជុំ​ហើយ យើង​នឹង​ត្រឡប់ទៅ​តាមដាន​វិញទៀត ហើយ​តាមដាន​បន្តបន្ទាប់ តើ​វិធានការ​ដែល​យើង​ដាក់​ទៅ​អនុវត្ត​អត់​? ជាចុងក្រោយ បើសិនជា​គណៈ​បញ្ជាការ​ឯកភាព​មិន​ចូលរួម​អនុវត្ត យើង​នឹង​ធ្វើ​សេចក្ដីរាយការណ៍​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យ និង​ដោះស្រាយ»។

សមាជិក​សហគមន៍​ផាត់សណ្ដាយ​នៅ​ស្រុក​កំពង់ស្វាយ ​ខេត្តកំពង់ធំ លោក ហ៊ុន សុខ​សេក ចាត់ទុក​វិធានការ​របស់ក្រ​សួង​ថា ជា​រឿង​ល្អ ដោយ​ថា កន្លងមក សកម្មភាព​កាប់​រាន ដុត ដី​ព្រៃឈើ និង​ព្រៃលិចទឹក ដើម្បី​យក​ដី​នោះ​ បាន​កើតឡើង​ជាបន្តបន្ទាប់។

លោក ហ៊ុន សុខ​សេក ប្រាប់​ថា៖ «ប្រជាពលរដ្ឋ​ធម្មតា​ជា​អ្នក​កាប់​រាន ប៉ុន្តែ មិនមែន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ទេ [មក​ពី​ខេ​ត្ត​ផ្សេង​ៗ។ វិធានការ​របស់ក្រ​សួង​ជា​រឿង​ល្អ [ព្រោះ​] ជួយ​រក្សា​ធនធាន​ធម្មជាតិ​ឱ្យ​នៅ​បាន​ច្រើន ហើយ​ជា​ជម្រកត្រី​ផង​ដែរ»។

អ្នកសម្របសម្រួល​គម្រោង​ទន្លេសាប​ភាគ​ខាងជើង នៃ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក មិញ ប៊ុ​នលី បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​វិធានការ​របស់ក្រ​សួង​ក្នុង​ទប់ស្កាត់​ពាក់ព័ន្ធ​នឹង​ការ​កាប់​រានដី​ព្រៃឈើ និង​ព្រៃលិចទឹក។ លោក​មើលឃើញ​ថា អាជ្ញាធរ​ថ្នាក់ក្រោម​ហាក់ដូចជា​មានការ​យោគយល់ ដែល​ធ្វើ​ឱ្យ​សកម្មភាព​​កាប់​រានដី​ព្រៃឈើ និង​ព្រៃលិចទឹក​ ចេះតែ​បន្ត​កើតមាន​ដដែល។

លោក មិញ ប៊ុ​នលី ប្រាប់​ថា៖ «ទាក់ទង​នឹង​ការ​ចាត់វិធានការ​អ្នក​នៅ​ខាងក្រោម​មួយចំនួន ខ្ញុំ​សូម​មិន​និយាយ​ថា ស្ថាប័ន​ៗណា​ទេ ប៉ុន្តែ អ្នក​នៅ​ស្ថាប័ន​ថ្នាក់ក្រោម​ជាតិ មានការ​ត្រូវរ៉ូវ​គ្នា ឬមិន​បាន​ចាប់អារម្មណ៍ និង​បិទ​ភ្នែក​ខ្លះ និង​ខ្លះ​ចាំ​មើលបំណាំ​គ្នា វា​ជា​ឱកាស​របស់​ប្រជាពលរដ្ឋ​វាទ កាប់​បំផ្លាញ​បន្ថែម អ្នកមាន​ដី​ចាស់ ​គាត់​លួច​កាប់​បន្ថែម ហើយ​អ្នកមួយ​ចំនួន​ទៀត​លួច​ដុត»។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​(ADHOC​) លោក ប៉ែន ប៊ុ​ណ្ណា​រ៍ ចាត់ទុក​វិធានការ​របស់​រដ្ឋាភិបាល​ថា មិនមែន​ជា​រឿង​ថ្មី​ទេ ប៉ុន្តែ លោក​ថា លោក​នឹង​ធ្វើការ​តាមដាន​ចំពោះ​ករណីនេះ។ លោក​បន្ត​ថា ដើម្បី​ទប់ស្កាត់ និង​បង្រ្កាប​ការ​កាប់​រានដី ព្រៃឈើ និង​ព្រៃលិចទឹក​ឱ្យ​មានប្រសិទ្ធភាព លុះត្រាតែ​រដ្ឋមន្ត្រី​ ក្រសួង​ពាក់ព័ន្ធ​ ហ៊ាន​ចេញមុខ​ប្ដឹងចំពោះ​អ្នក​ដែល​កាប់​រានដី​ព្រៃឈើ និង​ព្រៃលិចទឹក។

លោក ប៉ែន ប៊ុ​ណ្ណា​រ៍ ប្រាប់​ថា៖ «មន្ត្រី​ជាន់ខ្ពស់​ចេញមុខ​ប្ដឹង ដើម្បី​ឱ្យ​ឆ្លើយតប​នឹង​ទំហំ​អ្នក​ប្រព្រឹត្ត​ធំៗ។ បើសិនជា​មន្ត្រី​ជាន់​ខ្ពស់​ធំៗ​នៅ​ក្រសួង​ចេញមុខ​ប្ដឹងបរិហារ អ៊ីចឹង​បាន​យើង​គិតថា បាន​មានប្រសិទ្ធភាព ហើយ​ចំពោះ​បទ​ល្មើ​សល្មមៗ​ ទុក​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​ធ្វើការ​ទៅ។ អ៊ីចឹង ​ដំបូង​បំផុត យើង​ចង់ឱ្យ​មន្ត្រី​ជាន់ខ្ពស់​នៅ​ថ្នាក់​ក្រសួង តំណាងរាស្ត្រ​ទៀត ឱ្យ​ចេញមុខ​ប្ដឹង ចំពោះ​មន្ត្រី​ធំៗ ឬក៏​ឧកញ៉ា​ទៅ​តុលាការ ដើម្បី​រុញ​យ៉ាងម៉េច​ឱ្យ​មានប្រសិទ្ធភាព ហើយ​បើសិន​គ្រាន់តែ​ចេញ​លិខិតដើម្បី​ព្រមាន​អីហ្នឹង ខ្ញុំ​គិត​ថា​ដដែល​ៗ មិនបាន​លទ្ធផល​ទេ»។

លោក​បន្ត​ថា ប្រសិនបើ​មន្ត្រី​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ នឹង​មិន​ហ៊ាន​ចេញមុខ​ប្ដឹង​ទេ លោក​ថា វិធានការ​ទប់ស្កាត់​កាប់​រានដី​ព្រៃឈើ និង​ព្រៃលិចទឹក​មិន​មាន​ប្រសិទ្ធ​ភាពឡើយ ដោយសារ អ្នក​ដែល​កាប់​រានដី​ព្រៃឈើ និង​ព្រៃលិចទឹក​កន្លងមក ភាគច្រើន​ជា​អ្នកមាន​អំណាច មិនមែន​ប្រជាពលរដ្ឋ​ជា​អ្នកធ្វើ​នោះ​ទេ។

បើ​តាម​អង្គការ​អភិរក្ស​ព្រៃឈើ​ដែល​មានឈ្មោះ​ថា Global Forest Watch បាន​ប៉ាន់ប្រមាណ​ថា ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ ២,១៧ លាន​ហិ​កតា ចាប់ពី​ចន្លោះ​ឆ្នាំ២០០១ ដល់​ឆ្នាំ២០១៨ គឺ​ស្មើនឹង ១ភាគ៤ នៃ​ការបាត់បង់​គម្រប​ព្រៃឈើ​ចាប់តាំងពី​ឆ្នាំ២០០០។

ចំពោះ​តំបន់​បឹងទន្លេសាប​វិញ អង្គការ​អភិរក្ស​ព្រៃឈើ រក​ឃើញថា ព្រៃលិចទឹក​បាន​បាត់បង់​ប្រមាណ ១៦.៨០០ហិ​កតា ចាប់ពី​ចន្លោះ​ឆ្នាំ២០០១ និង​ឆ្នាំ២០០៨ ដោយសារការ​កាប់​រាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ