លោក សុខ ទូច អំពាវនាវឱ្យឈប់លុបបឹង​

ទិដ្ឋភាពបឹងតាមោក ខណៈអាជ្ញាធររៀបចំចាក់បំពេញដី ដើម្បីអភិវឌ្ឍ កាលពីឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា

ប្រធាន​រាជ្យបណ្ឌិត​សភា​កម្ពុជា​ អំពាវនាវដល់អ្នកពាក់ព័ន្ធឱ្យឈប់លុបបឹង ទុកធ្វើជាកន្លែងរំដោះទឹកកុំឱ្យលិចរាជធានី  ហើយមើលគំរូអភិវឌ្ឍន៍តាមប្រទេសរីកចម្រើន និងកែប្រែទម្លាប់រក្សាគុណភាពបរិស្ថាន ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។

ក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទ«តើកម្ពុជាត្រៀមអ្វីខ្លះ ដើម្បីស្ដារសេដ្ឋកិច្ចក្រោយចប់កូវីដ១៩»  កាលពីម្សិលមិញ  ប្រធាន​រាជ្យបណ្ឌិត​សភា​កម្ពុជា​ លោក សុខ ទូច ថ្លៃងថា ប្រទេសកូរ៉េខាងត្បូងមានផ្ទៃដីតូចជាងកម្ពុជា ហើយមានប្រជាជនដល់ទៅ៥២ លាននាក់   តែប្រទេសនោះមិនដែលលុបបឹងដូចប្រទេសកម្ពុជាឡើយ។ ក្នុងឱកាសនោះលោក៏បានសរសេរពីការគ្រប់គ្រងកាកសំណល់នៅប្រទេសថៃដែរ។​

លោកបន្ថែមថា៖«​ខ្ញុំដឹងថាខ្ញុំនិយាយហ្នឹងប៉ះ ប៉ុន្តែត្រូវតែទទួលការឈឺ​​ចាប់ ត្រូវតែទទួលយក ​បើមិនទទួលយក ហើយបន្តលុបបឹងទៀត ហើយពេលភ្លៀងមកលិចភ្នំពេញ។  វាអត់អីហូរ។ ស្រុកគេទៅមើលថៃ ​មុននឹងបញ្ជូនទៅ​កាកសំណល់ទៅក្នុងទន្លេ​គេត្រូវស្តុក​ទុកឱ្យកក់សិន បីដំណាក់កាល​បានគេបង្ហូរចូលទន្លេ។ យើងក៏ដូចគ្នាដែល យើង​ត្រូវតែ​​កែសង្គមយើង ប្រទេសរបស់យើងទាំងអស់គ្នា ខ្ញុំរស់នៅក៏មិនបានយូរ លោកក៏រស់នៅមិនបានយូរលោករស់នៅក៏មិនបានយូរ ​ប៉ុន្តែកូនរបស់យើង។ អ៊ីចឹងយើងត្រូវតែរក្សា»។

លិខិតទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម និងសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឱ្យដឹងថា រដ្ឋាភិបាល​សម្រេច​កាត់ផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ចំនួន៧៥ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ឱ្យសាលារាជធានីភ្នំពេញ​ ដើម្បីបង្កើតសួន និងឧទ្យានធម្មជាតិសាធារណៈ។

កាលពីខែមិថុនា ឆ្នាំ២០១៨ រដ្ឋាភិបាលក៏សម្រេចកាត់ផ្ទៃបឹងតាមោកចំនួន២០ហិកតា តាមសំណើរបស់សាលារាជធានីភ្នំពេញ ដើម្បីអភិវឌ្ឍធ្វើផ្សារបន្លែ និងចំណតរថយន្តផងដែរ។

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ក្រសួងធនធានទឹកស្នើទៅអាជ្ញាធររាជធានី-ខេត្តឱ្យជួយទប់ស្កាត់ការចាក់ដីលុបចំណីច្រំាង ស្ទឹង ព្រែក អូរ ប្រឡាយ និងអាងទឹកបឹងបូ ដោយថា ការចាក់ដីលុបនេះ នឹងបង្កជាគ្រោះថ្នាក់មហន្តរាយទឹកជំនន់។​

កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការកំណត់ផ្ទៃបឹងតាមោកជាសម្បតិ្តរបស់រដ្ឋ ដែលមានផ្ទៃដីសរុបប្រមាណ ៣ ២៣៩ហិកតា សម្រាប់ស្តុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ។

របាយការណ៍ដែលចេញផ្សាយដោយសមាគមធាងត្នោត កាលពីថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩ បង្ហាញថា បឹងធម្មជាតិទាំងអស់នៅរាជធានីភ្នំពេញកំពុងប្រឈមចាក់ដីលុបអស់ទាំងស្រុង។​ របាយការណ៍បញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩០មក បឹងនៅកម្ពុជាមានចំនួន២៦ ហើយក្នុងចំណោមនោះ១៦លុបអស់ទាំងស្រុង និង បឹងដែលនៅសល់កំពុងតែមានសកម្មភាពបន្តចាក់លុប៕​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ