ពលរដ្ឋ និងព្រះសង្ឃនៅខេត្តកណ្តាលតវ៉ាបិទផ្លូវជិត៣ម៉ោងបន្ទាប់ពីគ្មានដំណោះស្រាយជម្លោះដីវត្ត

ព្រះសង្ឃ និងពលរដ្ឋរាប់សិបនាក់នៅស្រុកមុខកំពូល ខេត្តកណ្តាល នាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៦A ជិត៣ម៉ោង (រូបភាពពីវីដេអូ VOD)

ព្រះសង្ឃ និងពលរដ្ឋរាប់សិបនាក់នៅស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃនេះ បាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៦Aជិត៣ម៉ោង បន្ទាប់ពីគ្មានដំណោះស្រាយរឿងជម្លោះដីវត្តជាមួយអ្នក​លក់គ្រឿងសំណង់ម្នាក់។

ព្រះសង្ឃនិងប្រជាពលរដ្ឋចំណុះជើងវត្តរតនៈបុប្ឆារាម ហៅវត្តព្រែកអញ្ចាញ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ បានផ្ទុះការតវ៉ាតាំងពីយប់មិញ និងឈានដល់ការបិទផ្លូវជាតិលេខ៦នៅព្រឹកនេះ។ ក្រុមអ្នកភូមិ និងព្រះសង្ឃអះអាងថាម្ចាស់ដេប៉ូលក់គ្រឿងសំណង់យីហោ ឈឿន ម៉ានី មិនព្រមរុះរើចេញពីដីវត្ត ហើយថែម​ទាំងជេរប្រមាថព្រះសង្ឃទៀតផង។

គ្រូសូត្រស្តាំនៅវត្តព្រែកអញ្ចាញព្រះតេជគុណ ឈឺន ម៉េងឆន មានសង្ឃដីការរៀបរាប់ប្រាប់វីអូឌីនៅកន្លែងតវ៉ាថា កាលពីឆ្នាំ២០១៥គណៈកម្មការវត្តបានជួលដីវត្តមួយផ្នែកទៅឲ្យបុគ្គលឈ្មោះ ឈឿន ម៉ានី បើកអាជីវកម្មលក់គ្រឿងសំណង់ ដោយចុះ​កុងត្រារយៈពេល៣ឆ្នាំម្តងជាបន្តបន្ទាប់ រហូតដល់ផុតកុងត្រាថ្មីនៅខែកក្តដា ឆ្នាំ២០១៩។

តេជគុណ ឈឺន ម៉េងឆន មានសង្ឃដីការបន្តថា ដល់ថ្ងៃកំណត់កុងត្រានៅកក្តដាឆ្នាំ២០១៩នោះ គឺគណៈកម្មការវត្តសម្រេចឈប់ជួលដីឲ្យបុគ្គលឈ្មោះ ឈឿន ម៉ានី ទៀត ដើម្បីយកដីនោះអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗក្នុងវត្ត ប៉ុន្តែម្ចាស់អាជីវកម្មឈ្មោះ ឈឿន ម៉ានី មិនបានរើចេញនោះទេរហូតមកដល់ថ្ងៃនេះ។

គ្រូសូត្រស្តាំរូបនេះឲ្យដឹងទៀតថា ម្ចាស់អាជីវកម្ម ឈឿន ម៉ានីមិនត្រឹមតែមិនរើចេញប៉ុណ្ណោះទេ ថែមទាំងបានជេរប្រមាថព្រះសង្ឃទៀតកាលពីល្ងាចម្សិលមិញ ខណៈដែលព្រះសង្ឃយកកម្ទេចថ្មទៅចាក់លើបរិវេណវត្តក្បែរទីតាំងអាជីវកម្មរបស់ខ្លួន។

ព្រះតេជគុណ ឈឺន ម៉េងឆន បន្ថែមថា៖«ពេលដែលព្រះសង្ឃយកកម្ទេចថ្មីទៅចាក់នៅទីនោះមានកូនចៅរបស់គាត់ម្នាក់[ម្ចាស់អាជីវកម្ម]គាត់បានប្រើពាក្យ​អសុរោះមកលើព្រះសង្ឃ ជេរប្រទិចព្រះសង្ឃ និងបានថតព្រះសង្ឃ ហើយព្រះសង្ឃក៏បានថតវិញ ប៉ុន្តែមិនមានការប្រើហិង្សាលើគ្នានោះ។ ប៉ុន្តែពេលដែលថតទៅក៏មានការដឹងលឺផ្អើលដល់ប្រជាពលរដ្ឋតម្តង»

ពលរដ្ឋម្នាក់ដែលចូលរួមតវ៉ាម្នាក់អ្នកស្រី​ ម៉ូ សាម៉ឺន និយាយថា ក្រោយលឺថាម្ចាស់អាជីកម្មមិនព្រមរើចេញ និងបានជេរប្រមាថព្រះសង្ឃនោះ គឺអ្នកភូមិមានការខឹងសម្បា ហើយនាំគ្នាតវ៉ាទាំងយប់ ដើម្បីទាមទារឲ្យអាជ្ញាធរដោះស្រាយបន្ទាន់ ប៉ុន្តែដោយសារតែការដោះស្រាយរបស់អាជ្ញាធរមានភាពយឺតយ៉ាវ ទើបអ្នកភូមិនាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៦Aតាំងពីម៉ោង៨រហូតដល់ម៉ោង១០ព្រឹក។

ពលរដ្ឋរូបនេះបន្តថា អ្វីដែលដែលប្រជាពលរដ្ឋចង់បាននោះ គឺសុំឲ្យម្ចាស់ដេប៉ូលក់គ្រឿងសំណង់យីហោ ឈឿន ម៉ានី រើចេញ និងប្រគល់ដីនោះគណៈកម្មការវត្តវិញ។

អ្នកស្រីបន្ថែមថា៖«ការជួលហ្នឹងបានដាច់អាណត្តិយូរហើយជិត១ឆ្នាំហើយ។ អ៊ីចឹងប្រជាជនទាមទារហ្នឹងគឺចង់យកដីវត្តហ្នឹងមកវិញ ដើម្បីឲ្យវត្តមកដាក់ជាជ័យភណ្ឌរបស់វត្ត។ យើងកុំចង់បានរបស់គេ ព្រោះដីនេះជារបស់រួម។វានៅយូរៗទៅវាប្រុងយកជាកម្មកសិទ្ធ។អីចឹងប្រជាជនគេធ្វើបាតុកម្មករឲ្យវាចេញ»

ក្រោយតវ៉ាបិទផ្លូវជិត៣ម៉ោង និងមានការសន្យាដោះស្រាយពីអាជ្ញាធរពាក់ព័ន្ធផងនោះ គឺព្រះសង្ឃ និងប្រជាពលរដ្ឋបានបើកផ្លូវឲ្យប្រជាពលរដ្ឋធ្វើដំណើរធម្មតាវិញ។

អភិបាលស្រុកមុខកំពូលលោក តុង សៀវមី ដែលចុះសម្របសម្រួលដោះស្រាយបញ្ហានេះ បានសន្យាមុខពលរដ្ឋថា លោកនឹងពិនិត្យមើលឯកសារជួលដីនោះ និងហៅភាគីពាក់ព័ន្ធមកដោះស្រាយនៅរសៀលម៉ោង២ថ្ងៃនេះ។

លោកបន្ថែមថា៖« ក្រោយយើងដោះស្រាយរួចគឺល្ងាច ឬថ្ងៃស្អែកឲ្យគេរើចេញ។ ហើយគេមិនរើចេញយើងប្រើកម្លាំងសមត្ថកិច្ចយើងទៅរុះវិញ។ ប៉ុន្តែបងប្អូនកុំទៅប៉ះរបស់គេ កាលណាបើយើងទៅប៉ះពាល់របស់គេវាអាចទៅជារឿងព្រហ្មទណ្ឌផ្សេង។ អីចឹងយើងកុំធ្វើ។ ខ្ញុំសន្យាជាមួយបងប្អូនថា បើគាត់មិនរុះចេញយើងយកកម្លាំងទៅការពារបងប្អូន ហើយយើងរុះទាំងអស់គ្នា»

មេឃុំព្រែកអញ្ចាញលោក មិន យ៉ុន មានប្រសាសន៍ថា ម្ចាស់ដេប៉ូលក់គ្រឿងសំណង់ ឈឿន ម៉ានី ពិតជាបានជួលដីវត្តដើម្បីដាក់លក់គ្រឿងសំណង់មែន។ លោកថា កន្លងអាជា្ញធរឃុំធ្លាប់បានសម្របសម្រួលដោះស្រាយ និងសុំម្ចាស់អាជីវកម្មរើចេញដែរក្រោយកុងត្រា ប៉ុន្តែម្ចាស់អាជីវកម្មករនៅតែទទូចសុំជួលបន្ត​ និងមិនព្រមរើចេញ។

ម្ចាស់ដេប៉ូលក់គ្រឿងសំណង់អ្នកស្រី ឈឿន ម៉ានី ទទួលស្គាល់ថា អ្នកស្រីពិតជាបានជួលដីវត្ត ដើម្បីបើកអាជីវកម្មកររកស៊ីពិត  មែន។ អ្នកស្រីថា អ្នស្រីមិនបានជេរប្រមាថ និងមានចេតនាចង់បានដីវត្តធ្វើកម្មករសិទ្ធិដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋឡើយ។

ម្ចាស់ដេប៉ូលក់គ្រឿងសំណង់រូបនេះលើកឡើងថា ករណីពលរដ្ឋផ្ទុះការតវ៉ានេះហាក់មានចេតនានាចង់ធ្វើបាបអ្នកស្រី ដោយថាកន្លងអ្នកស្រីតែងតែទទួលរងការលាបពណ៌លើជាច្រើនពីសំណាក់ប្រជាពលរដ្ឋថា អ្នកស្រីចង់បានដីវត្តធ្វើជាកម្មសិទ្ធិ។

អ្នកស្រី ឈឿន ម៉ានី និយាយថា អ្នកស្រីជាស្ត្រីមេម៉ាយបានទៅខ្ចីលុយពីធនាគាររាប់ម៉ឺនដុល្លារ ដើម្បីយកមកបើកអាជីវកម្មលក់គ្រឿងសំណង់នេះ។ អ្នកស្រីបានសុំឲ្យប្រជាពលរដ្ឋ​ ព្រះសង្ឃ គណៈកម្មការវត្ត និងអាជ្ញាធរមានយោកយល់អ្នកស្រី ដោយថា អ្នកមិនអាចរកកន្លែងថ្មីដើម្បីលក់ដូរបានឡើយ។

អ្នកស្រីបន្ថែមថា៖«ការចោទប្រកាន់ថាខ្ញុំយកដីវត្តឬថាខ្ញុំលួចធ្វើប្លង់ដែលលឺកន្លងមកហ្នឹង។ ខ្ញុំសូមច្រានចោលទាំងអស់ព្រោះខ្ញុំអត់មានសិទ្ធិ អត់បានទៅធ្វើអីចឹងទេ។ ខ្ញុំគ្រាន់តែសុំជួលដីវត្តដាក់ទីតាំងលក់ដូរចិញ្ចឹមជីវិតកូននិងខ្លួនឯងតែប៉ុណ្ណឹងទេ។ អីចឹងសុំឲ្យពួកគាត់មេត្តាយោគយល់អធ្យាស្រ័យដល់ខ្ញុំឲ្យបានច្រើនផង។ ហើយបញ្ឈប់ការលាបពណ៌ថាខ្ញុំនឹងចង់បានដីហ្នឹងទៅខ្ញុំអត់ចង់បានទេ»

ទោះយ៉ាងណានៅម៉ោង៣រសៀលនេះ ប្រជាពលរដ្ឋនៅតែបន្តប្រមូលផ្តុំគ្នានៅក្នុងវត្ត ដើម្បីរងចាំស្តាប់ដំណោះស្រាយ និងចំណាត់ការរបស់អាជ្ញាធរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ