សហ​គមន៍​​អះអាង​​ថា​ បទ​ល្មើស​​ព្រៃ​ឈើ​​តំបន់​​ព្រៃ​​ឡង់​​នៅ​តែ​​កើត​មាន​​ឥត​​ឈប់​ឈរ​​

ឈើដែលកាប់ចេញពីតំបន់ព្រៃឡង់​ក្នុងខេត្តកំពង់ធំ ត្រូវបានដឹកតាមគោយន្តចេញពីតំបន់ព្រៃឡង់យកទៅឱ្យឈ្មួញ កាលពីដើមខែមិថុនា ឆ្នាំ២០២០។ (បណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ)

បណ្តាញ​សហគមន៍​ព្រៃ​ឡង់ បាន​អះអាង​ថា ស្ថានភាព​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ជម្រក​សត្វព្រៃ​មួយ​នេះ​នៅតែ​បន្ត​កើតមាន​ឥត​ឈប់ឈរ។

ការ​អះអាង​នេះ ក្រោយពេល​បណ្តាញ​សហគមន៍​បាន​ចុះ​អង្កេត ពិសេស​ឃ្លាំមើល​ឃើញ​សកម្មភាព​ដឹកឈើ​ដោយ​គោយន្ត​ច្នៃ​ ចេញពី​ព្រៃ​ឡង់​ជាហូរហែ​ទាំងថ្ងៃទាំងយប់។

អ្នកសម្របសម្រួល​បណ្តាញ​ស្នូល​ការពារ​ព្រៃ​ឡង់​ខេត្តកំពង់ធំ លោក មិញ នី មានប្រសាសន៍​ថា នៅ​ភូមិសាស្ត្រ​ខេត្ត​នេះ​មាន​ច្រក​ធំៗ​ដែល​ជនល្មើស​ដឹកឈើ​ចេញពី​ព្រៃ​ឡង់​មាន៥ ដោយ​ក្នុង​មួយ​ច្រក​ៗ ក្នុង​មួយថ្ងៃ​ ឈើ​ដឹក​ចេញ​មិន​ក្រោម ៥គោយន្ត​ឡើយ ហើយ​ក្នុង​មួយ​គោយន្ត​មាន​ឈើ​ប្រហែល ១ម៉ែត្រគូប។ 

លោក​ឱ្យ​ដឹង​ទៀត​ថា ឈើ​ដឹក​ដោយ​គោយន្ត​ទាំងនោះ​ត្រូវ​ប្រមូល​ដាក់​ឡាន​សាំ​ងយ៉ុង​ពេល​មកដល់​ក្នុង​ភូមិ ហើយ​ត្រូវ​ដឹក​ឱ្យ​ឈ្មួញ ដើម្បី​យក​ទៅ​ចែកចាយ​បន្ត។ បញ្ហា​នេះ ​លោក​មាន​ក្តី​បារម្ភ​ពី​វាសនា​ព្រៃ​ឡង់ ក្រោយសហគមន៍​ត្រូវ​បាន​រដ្ឋាភិបាល​ហាមឃាត់​មិន​ឱ្យ​ចូលព្រៃ​ជម្រក​សត្វ​មួយ​នេះ តាំងពី​ខែកុម្ភៈ​ឆ្នាំ២០២០មក​ក៏ដោយ។ 

លោក មិញ នី មានប្រសាសន៍៖ «យើង​ច្រើនតែ​លើកឡើង​ថា ​មិនយូរ​មិនឆាប់​គង់តែ​អស់ហើយ​[ព្រៃ​ឡង់​] បើ​យើង​មិនបាន​ចូល​ដូច្នេះ ​[ចូល​ល្បាត​ព្រៃ​] ព្រោះ​គេ​បណ្តោយដៃ​មិនឈប់​មិន​ឈរ​សោះ»។ 

ស្រដៀងគ្នា​នេះ សមាជិក​ក្រុម​ស្នូល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង លោក យឹម សុ​ភ័ក្រ្ត ឱ្យ​ដឹង​ថា ​ព្រៃ​ឡង់​ជាប់​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង ​ក៏​នៅតែ​មាន​ករណី​ដឹកឈើ​ និង​មាន​សកម្មភាព​រុករាន​ដី​ព្រៃ​ធ្វើចម្ការ​ផង​ដែរ។ ប្រភព​ដដែល នៅតែ​ងឿងឆ្ងល់​ថា ​ហេតុអ្វីបានជា​មន្ត្រី​បរិស្ថាន​ហាមឃាត់​សហគមន៍​មិន​ឱ្យ​ចូលព្រៃ​ការពារ​ធនធាន​ធម្មជាតិ ប៉ុន្តែ​ ក្រុម​ជនល្មើស​នៅតែ​អាច​ធ្វើសកម្មភាព​បំផ្លិច​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​មួយ​នេះ​បាន​។ 

លោក យឹម សុ​ភ័ក្រ្ត បន្ថែម​ថា៖ «យើង​ឃើញ​ការអនុវត្ត​ច្បាប់​ហ្នឹង​មិន​សមភាព​គ្នា មិន​ស្មើភាព​គ្នា រវាង​អ្នកការពារ​ព្រៃឈើ ពលរដ្ឋ​អ្នក​ស្រឡាញ់ព្រៃឈើ ជាមួយ​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ជាពិសេស​កម្មករ​របស់​ក្រុមហ៊ុន​ដែល​ខ្ញុំ​តែងតែ​ចុះទៅ​ញឹកញាប់​ហ្នឹង គឺ​ខាង​ក្រុមហ៊ុន ​ស៊ីង​បាយ​អូរ​ទិ​ក គាត់​ឈាន​ចូល​ទៅ​តំបន់​ព្រៃ​ឡង់​ខ្លាំង​មែនទែន​ ហើយ​ពួក​គេ​នៅតែ​អាច​ធ្វើ​បាន ហើយ​មន្ត្រី​ឧទ្យានុ​រក្ស​នៅ​ទីនោះ​ យើង​មិនឃើញ​គាត់​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ទេ»។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក នេត្រ ភក្ត្រា ប្រាប់​វី.អូ.ឌី តាម​ប្រព័ន្ធ​តេឡេក្រាម​ថា ការ​ចេញ​របាយការណ៍​ណាមួយ​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ដែល​មិន​ស្ថិត​ក្រោម​ច្បាប់​ ជា​ការទទួលខុសត្រូវ​ផ្ទាល់ ហើយ​ជា​ព័ត៌មាន​សម្រាប់​តែ​ក្រុម​គាត់​ប៉ុណ្ណោះ មិន​តំណាង​ឱ្យ​ការងារ​គ្រប់គ្រង ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​តំបន់​ព្រៃ​ឡង់​នោះ​ទេ។ 

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូប​នេះ ​បន្ត​ថា កម្លាំង​មានសមត្ថកិច្ច​ រដ្ឋាភិបាល​នៅតែ​មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការទប់ស្កាត់​ និង​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់ ​ប្រឆាំង​នឹង​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​កើតឡើង​ស្របតាម​ច្បាប់​នានា។

លោក​សរសេរ​បន្ត​ថា៖ «ក្រសួងបរិស្ថាន​បន្ត​សហការ​ជាមួយ​ដៃគូ​របស់​ខ្លួន ​ក្នុង​នោះ​មាន​គម្រោង​ព្រៃ​ឡង់​បៃតង​របស់ USAID និង​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំង១៩ ក្នុង​សហគមន៍​ព្រៃ​ឡង់​ដែល​មាន​កិច្ច​ព្រមព្រៀង​សហការ​ជាមួយ​ក្រសួងបរិស្ថាន​បន្ត​ទៀត​ ដើម្បី​ចុះ​ល្បាត​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​នៅក្នុង​តំបន់​ព្រៃ​ឡង់ ថែរក្សា​ធនធាន​ធម្មជាតិ​ដែល​មាន​ឱ្យ​បាន​គង់វង្ស»។

សកម្មជន​ព្រៃឈើ ​លោក ហេង ស្រស់ រក​ឃើញថា​ បទល្មើស​ព្រៃឈើ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​មួយ​នេះ នៅតែ​បន្ត​កើតមាន​ឥត​ឈប់ឈរ។ លោក​មើលឃើញ​ថា ​វិធានការ​របស់ក្រ​សួង​លើ​កិច្ចការពារ​ព្រៃ​ឡង់ និង​ការ​ហាមឃាត់​សហគមន៍ អង្គការ​សង្គម​ស៊ីវិល មិន​ឱ្យ​ចូល​តំបន់​ព្រៃ​អភិរក្ស​មួយ​នេះ ជា​វិធានការ​បើកដៃ​ឱ្យ​ក្រុម​ជនល្មើស​កាន់តែ​មានឱកាស​ច្រើន ដើម្បី​ចូល​ទៅ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​តំបន់​ព្រៃ​ឡង់។

លោក​មានប្រសាសន៍​ថា៖ «ខ្ញុំ​គិតថា​ ចំណាត់ការ​របស់​គាត់​ [ក្រសួងបរិស្ថាន​] គឺ​ចំណាត់ការ​មួយ​ការពារ​អ្នកកាសែត ការពារ​សកម្មជន ការពារ​សហគមន៍​មិន​ឱ្យ​ចូល​ល្បាត​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ដើម្បី​កាង​ការពារ​ឱ្យ​ក្រុម​ឈ្មួញ និង​ក្រុម​ជនល្មើស​ដើម្បី​ចូល​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ទៅវិញ​ទេ។ គាត់ ​[ក្រសួង​] មិនមែន​ជា​វិធានការ​ណាមួយ​ដើម្បីទប់ស្កាត់​មិន​ឱ្យ​មានការ​កាប់​បំផ្លាញព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ឡើយ»។ 

កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​មួយ​ដាក់​តំបន់​ព្រៃ​ឡង់ ជា​តំបន់​ដែនជម្រកសត្វព្រៃ​«ព្រៃ​ឡង់»លើ​ទំហំផ្ទៃ​ដី​ជាង ៤៣ម៉ឺន​ហិ​កតា គ្រប​ដណ្តប់​ទៅលើ​ខេត្ត​ចំនួន៤ រួមមាន ​ខេត្តព្រះវិហារ ខេត្តកំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ដែល​ត្រូវ​ដាក់ឱ្យ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​បរិស្ថាន។

របាយការណ៍​របស់ក្រ​សួង​បរិស្ថាន បានឱ្យ​ដឹង​ថា ​រយៈពេល ៤ខែ ចាប់ពី​ខែមករា ដល់​ខែមេសា ឆ្នាំ២០២០ ការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ រួមមាន​ ការ​លួច​កាប់​ឈើ​ខុសច្បាប់ ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ ការ​បរបាញ់​សត្វ​ខុសច្បាប់ បាន​ចំនួន​ជិត ៤រយ​ករណី ​(៣៩៩​)។

ដោយឡែក បទល្មើស​កាប់​ឈើ ​និង​ទន្ទ្រាន​ដី​ព្រៃខុសច្បាប់​ ចំនួន ៣២ករណី ត្រូវ​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ដំណើរការ​នីតិវិធី និង​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ចំនួន ៤២ករណី​ ដែល​មាន​មនុស្ស​ពាក់ព័ន្ធ​ជិត ១០០នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ