វិភាគ៖ តើ​​ការ​កាត់​បន្ថយ​​ចំណាយ​​ថវិកា​ជាតិ​៥០​ភាគ​រយ​​ដោះ​ស្រាយ​​វិបត្តិ​​សង្គម​​បាន​ទេ​​?​

ទិដ្ឋភាពនៅពីមុខធនាគារជាតិនៃកម្ពុជា ស្ថិតនៅក្រុងភ្នំពេញ។ រូបភាព៖ ជន ចាន់រ៉ែន

ឥទ្ធិពល​កូ​វីដ១៩ និង​វិធានការ​របស់​សហភាព​អឺរ៉ុប ជុំវិញ​លក្ខខណ្ឌ​សិទ្ធិមនុស្ស រួម​ទាំង​សម្ពាធ​ផ្សេង​ៗទៀត វា​បាន​បង្កើត​ជា​ចម្ងល់​ទៅលើ​ការ​អះអាង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា បង្ខំចិត្ត​កាត់បន្ថយ​ថវិកាជាតិ​ដល់ទៅ ៥០ភាគរយ សម្រាប់​ចំណាយ​ប្រចាំឆ្នាំ។

លោក​ថា៖ «ខ្ញុំ​សុំ​យក​ឱកាស​នេះ ​ជម្រាប​ជូន​គ្រប់​ស្ថាប័ន​ទំាង​អស់​ឱ្យបាន​ជ្រាប​ថា ​ស្ថាប័ន​ទាំងអស់​ត្រូវ​កាត់បន្ថយ​ទៅដល់ ៥០ភាគរយទៅលើ​ការ​ចំណាយ​ លើកលែងតែ​ក្រសួង​ការបរទេស​ក្រសួង​ពាណិជ្ជកម្ម និង​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ទេ​ ដែល​នឹង​ត្រូវ​កាត់បន្ថយ ២៥ភាគរយ»។

មេដឹកនាំ​រូប​នេះ បាន​អះអាង​ទៀត​ថា រដ្ឋាភិបាល​បង្ខំចិត្ត​កាត់បន្ថយ​ថវិកា ៩១៨លាន​ដុល្លារ​នៅ​ឆ្នាំនេះ ពី​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ជា​ប្រាក់​ត្រៀម​បម្រុងទុកសម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ១៩។

មួយវិញទៀត សារាចរណែនាំ​ស្តី​ពី​ការ​រៀប​ចំ​យុទ្ធសាស្ត្រ​ថវិកាជាតិ​ឆ្នាំ២០២១ ដល់​ឆ្នាំ២០២៣ របស់​រដ្ឋាភិបាល ចុះ​ថ្ងៃទី៩ ខែមិថុនា បង្ហាញថា ទំហំ​នៃ​ថវិកាជាតិ​សម្រាប់ ៣ឆ្នាំខាងមុខ ក៏​ត្រូវ​កាត់បន្ថយ​ដូចគ្នា។

សារាចរណែនាំ​ហៅផែនការ​យុទ្ធសាស្ត្រ​នេះ​ថា ជា​ឧបករណ៍​សំខាន់ ធានា​និរន្តរភាព​នៃ​ការអនុវត្ត​កម្មវិធី​ក្រសួង ស្ថាប័ន ដើម្បី​សម្រេច​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ។

ជ្រុង​មួយទៀត ជា​បញ្ហា​ដែល​រដ្ឋាភិបាល​ត្រូវ​ប្រឈមមុខ​ដោះស្រាយ​ដែរ​នោះ គឺ​វិធានការ​របស់​សហភាព​អឺរ៉ុប ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​កំពុង​គំរាម​កាត់​ផ្តាច់​ពី​កម្ពុជា។

នៅ​ខែសីហា​ខាងមុខនេះ សហភាព​អឺរ៉ុប​នឹង​សម្រេច​កាត់​ផ្ដាច់ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយពី​កម្ពុជា ដោយ​ចោទ​ថា រដ្ឋាភិបាល​មិន​គោរព​តាម​លក្ខខណ្ឌ​លើកកម្ពស់​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ។

អំណោយផល​ដែល​បាន​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​នេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និងក្រុម​អ្នក​វិនិយោគ​យល់ឃើញ​ខុសគ្នា។

លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា ការបាត់បង់EBA វា​នឹង​មិន​ធ្វើឱ្យ​កម្ពុជា​ស្លាប់​នោះ​ទេ ហើយ​ថា​កម្ពុជា​នឹង​មិន​យក​អធិបតេយ្យ​ទៅ​ដោះដូរ​នឹង​អំណោយផល​នេះ​ទេ ក៏ប៉ុន្តែ​ នៅ​ថ្ងៃទី៣ ខែមិថុនា​ដើមខែ​នេះ តំណាង​អ្នក​វិ​និ​យោ​គធំៗ​ចំនួន៣ រួមមាន ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC​) សមាគម​ស្បែកជើង​កម្ពុជា (CFA​) និង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា បាន​ដាក់​លិ​ខិត​ទៅសហ​ភាព​អឺរ៉ុប​សុំ​ពន្យារពេល​ដក EBA ២០ភាគរយ​ពី​កម្ពុជា។

តំណាង​ក្រុម​អ្នក​វិនិយោគ បាន​ស្នើ​អឺរ៉ុប​ពន្យារពេល ១២ខែ ដើម្បី​ទុក​ពេល​ឱ្យពួក​គេ​មានឱកាស​ស្តារ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន ខណៈ​កំពុង​រង​ផលប៉ះពាល់​ពី​កូ​វីដ១៩។

អគ្គលេខាធិការ​សមាគម​ស្បែកជើង​កម្ពុជា លោក បិន កែវ លើកឡើង​ក្នុង​លិខិត​នោះ​ថា បើ​សហភាព​អឺរ៉ុប​ដក EBA ដូច​ការ​គ្រោងទុក ​ចំ​ពេល​ដែល​វិស័យ​មួយ​នេះ​កំពុង​រង​ផល​ប៉ះពាល់​ពី​កូ​វីដ១៩ លោក​ថា៖

«គ្រួសារ​កម្ពុជា​រាប់​សែន​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ភាព​បាត់បង់​ការងារ ហើយ​ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ អាច​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​ជាថ្មី ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ណាមួយ​ទេ​នោះ»។

សំណួរ​ថា តើ​ការកាត់បន្ថយ​ចំណាយ​ថវិកាជាតិ៥០ភាគរយ​ដោះស្រាយ​វិបត្តិ​សង្គម​បានទេ​?

អ្នកវិភាគ​នយោបាយ​ដែល​មាន​អសយ​ដ្ឋាន​នៅ​ក្រៅប្រទេស ​លោក គឹម សុខ និយាយ​ថា ចំណាត់ការ​នេះ ទំនងជា​រដ្ឋាភិបាល​ដឹងមុន​ថា ​បញ្ហា​របស់​កម្ពុជាអាច​នឹង​រអិល​ចូលក្នុង​វិបត្តិ​ក្នុងរយៈពេល​យូរ។

លោក​ថា៖ «ការ​កាត់​ចំណាយ​ថវិកាជាតិ​ដល់​ពាក់កណ្តាលក្នុងរយៈពេល​យូរ​រហូតដល់​ឆ្នាំ២០២៣បែបនេះ​ មានន័យ​ជាក់ស្តែង​ថា កម្ពុជា​រអិល​ធ្លាក់​ពី​ស្ថានភាព​មាន​បញ្ហា​ចូល​ដល់​ស្ថាន​ការ​ណ៍វិបត្តិ​ហើយ ពីព្រោះ​បាន​ត្រឹមតែ​មាន​បញ្ហា​[កូ​វីដ​] គេ​កាត់បន្ថយ​ត្រឹមតែ​ផ្នែក​រដ្ឋបាល​មិន​ចាំបាច់ក្នុង​រយៈពេល​ខ្លី និង​មាន​បង្អែក​ស្តារ​ស្ថាន​ការ​ណ៍ទាន់ពេល»។

លោក គឹម សុខ វិភាគ​ថា វិធានការ​កាត់បន្ថយ​ថវិកាជាតិ​ដល់ទៅ ៥០ភាគរយ​ ដល់ទៅ ៣ឆ្នាំនេះ បង្ក​ពី​បញ្ហា​ធំ៣។

បើ​តាម​លោក គឹម សុខ ការ​គំរាមកំហែង​ពី​កូ​វីដ១៩ជា​ការពិត ប៉ុន្តែ​ថា បញ្ហា​ធំ​ពីរ​ទៀត​ដែល​កើត​ចេញពី​ការសម្រេច​ចិត្ត​ផ្នែក​នយោបាយ​នោះ គឺ​ការ​បរាជ័យក្នុង​ការស្វែងរក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយអតីត​មិត្ត​កុម្មុយនីស្ត​នៅ​អឺរ៉ុប​ខាងកើត ដើម្បី​ទប់ទល់​នឹង​សម្ពាធ​អឺរ៉ុប។

លោក​ថា ការ​បរាជ័យ​មួយទៀត គឺ​ចិន​មិន​អាច​ជួយសង្គ្រោះ​សេដ្ឋកិច្ច​កម្ពុជា​បាន ដូច​ការ​រំពឹង​ទុក នៅពេល​ដែល​ចរន្ត​នយោបាយ​ងាក​ទៅ​បង្កើន​កម្តៅ​ជាមួយ​ប្លុក​លោកសេរី​នោះ។ ទោះជាយ៉ាងណា ​អ្នកវិភាគ​រូប​នេះ បាន​ផ្តល់​យោបល់ជា​គន្លឹះ​មួយចំនួន​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​កម្ពុជា​ចេញពី​វិបត្តិ​នេះ។

លោក​ថា៖ «បើ​ចង់​គេច​ចេញពី​ចលាចល​សេដ្ឋកិច្ច​ដែល​អាច​ធ្លាក់​ដល់​គ្រោះ​អសន្តិសុខ​ពេញ​ផ្ទៃក្នុង​ជាតិ​នៅ​ថ្ងៃខាងមុខ​ លោក ហ៊ុន សែន គួរ​ពិចារណា​សម្លឹង​រក​ការ​ជជែកគ្នា​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង ​លោក កឹម សុខា សម្រួល​នយោបាយ​ក្នុង​ក្រម​ខ័ណ្ឌ​ណាមួយ ​ដើម្បី​ដោះ​សម្ពាធ​លើ​លក្ខណៈ​មិន​គ្រប់​របស់​គាត់ ​កុំ​ឱ្យ​ធ្ងន់​ពេក»។

សាស្ត្រា​ចារ្យ​ផ្នែកការ​ទូត​នៃ​សាកល​វិទ្យាល័យ Occidental សហរដ្ឋអាមេរិក លោក​បណ្ឌិត អៀ សុផល និយាយ​ថា មូលហេតុ​នៃ​ការ​កាត់​ថវិកា​របស់​រដ្ឋាភិបាល​កម្ពុជា គ្មាន​អី្វ​ក្រៅពី​ការ​បាត់​ចំណូល​នោះ​ទេ ហើយក៏​អាច​និយាយ​បាន​ថា ជា​ការ​ត្រៀមខ្លួន​ដើម្បី​ទប់ទល់​នឹង​សម្ពាធ EBA របស់​សហភាព​អឺរ៉ុប​ដែរ។

លោក អៀ សុផល និយាយ​ទៀត​ថា អំឡុង​ពេល​ដែល​កម្ពុជា​ប្រឈម​នឹង​ការ​គំរាមកំហែង​ដោយ​កូ​វីដ១៩ផង និង​សម្ពាធ​អន្តរជាតិ​ផង បក្ស​កាន់អំណាច​អាច​រក្សា​អំណាច​បាន​តាមរយៈគ្មាន​បក្ស​ប្រឆាំង ឬគ្មាន​ប្រជាធិបតេយ្យ ឬមួយ​ទៀត​គឺ ​ធ្វើខ្លួន​ឱ្យទៅ​ជា​ចិន​តែម្ដង តែ​វា​មិនមែន​ជា​រឿង​ស្របច្បាប់​នោះ​ទេ។

សាស្ត្រា​ចារ្យ​នៅ​សហរដ្ឋអាមេរិក​រូប​នេះ បង្ហាញ​ចម្ងល់​ថា សេដ្ឋកិច្ច​ធ្លាក់​ក្រោមសូន្យ​បែបនេះ ហេតុអ្វី​រដ្ឋាភិបាលមិន​យកមាស ៣០តោន​មក​ប្រើ​ បែរ​ជា​ទៅកាត់​ថវិកាជាតិ​ទៅវិញ។

លោក​ថា៖ «កម្ពុជា​មាន​មាស ៣០តោន​ដែល​ដាក់​នៅ​ប្រទេស​ស្វីស នៅ​ទី​ក្រុង​ឡុងដ៍ និង​ភ្នំពេញ លុយ​បម្រុងមាន​ជាង ១៥ពាន់​លាន​ដុល្លារ ហើយ​មាន ៤ពាន់​លាន​ដុល្លារ​ក្នុង​ដៃ​ហើយ​ស្រាប់។ ហើយ​ចុះ​ហេតុ​ដូចម្ដេច​បាន​កាត់​លុយ​ថវិកាជាតិ​?»

នាយក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ​(CID​) លោក​បណ្ឌិត ប៉ា ច័ន្ទ​រឿន និយាយ​ប្រហាក់​ប្រហែល​ដែរ​ថា​ ជា​លក្ខណៈ​បច្ចេកទេស ផល​ប៉ះពាល់​ពី​កូ​វីដ១៩ ពិតជា​បង្ខំឱ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​ទៅ​ទំហំ​នៃ​ការ​ចំណាយ ដើម្បី​ទប់ទល់​ទៅ​នឹង​វិបត្តិ​នេះ។

ប៉ុន្តែ​ អ្នកឃ្លាំមើល​រូប​នេះ បង្ហាញ​ការយល់ឃើញ​ថា វិបត្តិ​កូ​វីដ១៩ផង ​និង​កង្វល់​របស់​អ្នក​វិនិយោគ​ពាក់ព័ន្ធ​នឹង​វិធានការ​អឺរ៉ុប ជា​សារ​ប្រាប់​ទៅ​បក្ស​កាន់អំណាច​ថា វា​ដល់ពេល​ត្រឡប់ទៅ​រក​ការផ្សះផ្សា​ជាតិ​ឡើងវិញ ដើម្បី​រក្សា​ផលប្រ​យោ​ន៍​ជាតិ។

លោក​ថា៖ «ក្នុង​ពេល​តែមួយ​ យើង​មិន​អាចប​ង្កើត​សមរភូមិ​ច្រើន​ជ្រុង​បានទេ ជាពិសេស​យើង​ប្រឈមមុខ​ទៅ​នឹង​បញ្ហា​ជំងឺ​កូ​វីដ១៩ជាស​កល​ហើយ ដូច្នេះ​មិន​ត្រូវ​បន្តឱ្យ​វិបត្តិ​នយោបាយ​ហ្នឹង​តទៅទៀត​ទេ»។

បើ​តាម​លោក ប៉ា ច័ន្ទ​រឿន សម្រាប់​កម្ពុជា​បើ​អ្នកនយោបាយ​អាច​រក​ច្រក​ណាមួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​ យើង​ប្រហែលជា​មាន​កម្លាំង​មាំ​ជាង​មុន ដើម្បី​ប្រឈម​មុខនឹង​កូ​វីដ១៩ ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​ក៏អាច​ដោះស្រាយ​រឿង​ព្រំដែន​ដែល​កំពុង​កើត​មាន​ថ្មី​ៗនេះ​ផង​ដែរ។

កាលពី​ថ្ងៃទី១១ ខែមិថុនា អង្គការ សមាគម និង​សហជីព​ចំនួន៣០ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ច្បាប់​ទៅ​យាយី​អ្នកនយោបាយ​ប្រឆាំង ដោយ​បង្ហាញ​កង្វល់​ថា ចំណាត់ការ​នេះ​កំពុង​ជំរុញ​កម្ពុជា​ឱ្យ​រង​សម្ពាធ​កើនឡើង​ទាំង​ក្នុង និង​ក្រៅប្រទេស ហើយ​ឈាន​ដល់​ធ្លាក់​ក្នុង​វិបត្តិ​«ធ្ងន់ធ្ងរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ