ទីក្រុង​​ប៉េកាំង​​លុប​​ជើង​ហោះ​ហើរ​​ជាង​១​ពាន់​​បន្ទាប់​ពី​​ផ្ទុះ​​ការ​​ឆ្លង​​កូ​វីដ​១៩​ជា​ថ្មី​​

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ចិនសំចតនៅព្រលានយន្តហោះក្រុងប៉េកាំង ក្រោយអាជ្ញាធរប្រកាសផ្អាកការហោះហើរ។ (AFP)

រដ្ឋអំណាច​ចិន​នៅ​ទីក្រុង​ប៉េកាំង​លុបចោល​ជើងហោះហើរ​ជាង ១ពាន់​ជើង​នៅ​ថ្ងៃម្សិលមិញ បន្ទាប់ពី​ករណី​​ឆ្លង​កូ​វីដ១៩ថ្មី​ចេញពី​ផ្សារ​បន្លែ​ធំ​បំផុត​របស់​ទីក្រុងត្រូវ​បាន​រក​ឃើញ​ជាបន្តបន្ទាប់ ហើយ​ព្រមាន​ពលរដ្ឋ​ពី​គ្រោះថ្នាក់​នៃ​រលក​ចម្លង​របស់​មេរោគ​រាតត្បាត​ថ្មី។

សារព័ត៌មាន​រដ្ឋ​ចិន​រាយការណ៍​នៅ​ថ្ងៃនេះ​ថា យ៉ាងហោចណាស់ ​ជើងហោះហើរ ១២៥៥ជើង ស្មើ​ប្រមាណ ៧០ភាគរយ​នៃ​ការ​ធ្វើដំណើរ​ឡើងនិង​ចុះ​ទាំងអស់​នៅ​ព្រលា​នយន្តហោះក្រុង​ប៉េកាំង ​ត្រូវ​បាន​លុបចោល​នៅ​ថ្ងៃពុធ​នេះ ហើយ​ពលរដ្ឋ​ក្នុង​សហ​គម​ន៍ទាំងអស់​ត្រូវ​បាន​ហាម​មិន​ឱ្យ​ចេញពី​ទីក្រុង។

តាម​សេចក្តី​រាយការណ៍​ពី​កាសែត​រដ្ឋ​ចិន Xinhua ឱ្យ​ដឹង​ថា ការ​បង្កើន​ការ​រឹត​បន្តឹង​ការ​ធ្វើដំណើរ​ឡើងវិញ​នេះ ធ្វើឡើង​ក្រោយ​ករណី​ឆ្លង​ថ្មី​ចេញពី​ផ្សារ​បន្លែ Xinfadi ត្រូវ​បាន​រក​ឃើញ​ច្រើន​ករណី​ជាបន្តបន្ទាប់ក្នុង១សប្តាហ៍​ចុងក្រោយ ដោយ​សរុប​បាន​កើន​ដល់ ១៦៩ករណី។

ប្រភព​ដដែល​ឱ្យ​ដឹង​បន្ថែម​ថា អាជ្ញាធរ​ក៏បាន​បិទ​សាលារៀន ផ្អាក​កម្មវិធី​ជួបជុំ​នានា និង​ហាម​ពលរដ្ឋ​ចេញចូល​តំបន់​ក្បែរ​​តំបន់កើតហេតុ​ទាំងអស់ ហើយ​អំពាវនាវ​ឱ្យ​អ្នក​ដែល​បាន​ទៅ​ផ្សារ​បន្លែ Xinfadi ទាំងអស់​ចាប់ពី​ថ្ងៃទី៣០ ខែឧសភា ​មក​តេ​ស្តរ​កមេរោគ។

អនុប្រធាន​មជ្ឈ​មណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​ក្រុង​ប៉េកាំង លោក Pang Xinghuo លើកឡើង​ពីការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​ការ​ចម្លង​របស់​មេរោគ និង​ព្រមាន​ពី​ការ​វិលត្រឡប់​នៃ​រលក​ចម្លង​របស់​មេរោគ​ជា​លើក​ទីពីរ ខណៈ​ករណី​ឆ្លង​ថ្មី​បន្ត​រក​ឃើញ​ច្រើន​ករណី​ក្នុង​មួយថ្ងៃ។

តាម​ប្រភព​ដដែល លោក Pang ឱ្យ​ដឹង​បន្ថែម​ថា ផ្សារ Xinfadi គឺជា​ទីផ្សារ​លក់​បន្លែ ត្រី​សាច់ និង​គ្រឿង​សមុទ្រ​ធំ​បំផុត​ក្នុង​ទីក្រុង ដោយមាន​ពល​ករ​អន្តោប្រវេសន៍​ធ្វើការ​រាប់ពាន់​នាក់ និង​អ្នកដំណើរ​រាប់​ម៉ឺន​នាក់​មកកាន់​ផ្សារ​នេះ​ដើម្បី​ទិញ​ម្ហូប​ជា​រៀងរាល់ថ្ងៃ។

ប្រភព​ដដែល​បន្ថែម​ថា ដោយសារ​កត្តា​ចំនួន​មនុស្ស​បម្លាស់​ទី​ទៅមក​ក្នុង​ទ្រង់ទ្រាយ​ធំ​ដូច្នេះ ទើប​ធ្វើ​ឱ្យ​អាជ្ញាធរ​ពិបាក​គ្រប់គ្រង​ការ​ចម្លង។ លោក​ថា ​តួលេខ​ឆ្លង​ថ្មី​នឹងកើនឡើង​នៅ​ប៉ុន្មាន​ថ្ងៃខាងមុខ។

ឆ្លើយតប​នឹង​ហានិភ័យ​នេះ អាជ្ញាធរ​ក្រុង​បាន​បង្កើន​បុគ្គលិក​ទប់ស្កាត់​ការ​ចម្លង​របស់​មេរោគ​ឡើង​ដល់ ១សែន​នាក់ ហើយ​មនុស្ស​ប្រមាណ ២សែន​នាក់ ដែល​ធ្លាប់ទៅ​ផ្សារ​បន្លែ ត្រូវ​បាន​ទាក់ទង​សួរនាំ​ដល់​ផ្ទះ តាម​ទូរសព្ទ តាមកម្ម​វិធី​ទូរសព្ទចល័ត និង​តាមវិធី​ផ្សេងទៀត។ អាជ្ញាធរ​កំពុង​បង្កើន​ការ​តេ​ស្ត​រហ័ស​លើ​ពួក​គេ​ទាំងនេះ ខណៈ​ស្នើ​ឱ្យ​បង្ខាំង​ខ្លួន​ក្នុង​ផ្ទះ​រង់​ចាំ​ការ​តាមដាន​សុខភាព។ 

នៅ​ថ្ងៃម្សិលមិញ អាជ្ញាធរ​ចិន​បាន​ប្រកាស​តេ​ស្តរ​កមេរោគ​កូ​វីដ១៩ លើ​ផលិតផល​សាច់​នាំចូល​ពីក្រៅ​ប្រទេសទាំងអស់ ពិសេស​ពី​សហរដ្ឋអាមេរិក និង​អឺរ៉ុប បន្ទាប់ពី​ផ្ទុះ​ករណី​ឆ្លង​ចេញពី​ផ្សារ Xinfadi ហើយ​គេ​សង្ស័យ​ថា ឆ្លង​ពី​ត្រី​សា​ម៉ុង​ដាក់​លក់​នៅ​ផ្សារ​នោះ។

នៅ​ថ្ងៃទី១០ ខែឧសភា ជំងឺ​កូ​វីដ១៩ បាន​ចាប់ផ្តើម​កម្រើក​ឡើងវិញ​ចេញពី​អគារ​លំនៅ​ដ្ឋាន​មួយ​កន្លែងនៅ​ទីក្រុង​វូ​ហាន ហើយ​អាជ្ញា​ធរខេត្ត​បាន​បិទ​ខ្ទប់​ការ​ធ្វើដំណើរ​ចេញចូល​តំបន់​នោះ រួច​បើក​យុទ្ធនាការ ១០ថ្ងៃ​ តេ​ស្តរ​កមេរោគ​លើ​មនុស្ស ១១លាន​នាក់។ 

យុទ្ធនាការ​នេះ ធ្វើឡើង​ចំ​ពេល​អាមេរិក អឺរ៉ុប និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​ដែល​រង​ការវាយប្រហារ​ធ្ងន់ធ្ងរ​ពី​មេរោគ បង្កើន​ការ​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បើកផ្លូវ​ឱ្យ​ក្រុម​អ្នកវិទ្យាសាស្រ្ត​អន្តរជាតិ ចុះ​ស្រាវជ្រាវ​ប្រភព​ដើម​នៃ​មេរោគ​កូ​វីដ១៩ និង​មូលហេតុ​នៃ​ការ​ឆ្លង​រាលដាល​នៅ​ក្រុង​វូ​ហាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ