លោក ឃួង ស្រេង ​ថា​វិវាទ​​ដី​ធ្លី​​នៅ​​ភ្នំពេញ​​ងាយ​​ដោះ​ស្រាយ​​បើ​​គ្មាន​​ការ​អុជ​​អាល​​ពី​​អ្នក​នយោបាយ​​

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ» ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា​ រាល់​ទម្រង់​នៃ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​នៅ​រាជធានី នឹង​ងាយស្រួល​ដោះស្រាយ ប្រសិនបើ​ជម្លោះដីធ្លី​នោះ មិនមាន​អ្នកនយោបាយ​ញុះញង់​នៅ​ពីក្រោយ។ 

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​នា​ព្រឹក​ថ្ងៃអង្គារ​នេះ លោក ឃួង ស្រេង មានប្រសាសន៍​ថា​ ជម្លោះដីធ្លី​ដែល​ពិបាក​ដោះស្រាយ​គឺ ដោយសារ​ក្រុម​អ្នក​តវ៉ា​ខ្លះ​ជា​អ្នក​តវ៉ា​អាជីព ហើយ​ខ្លះទៀត​ ដោយសារ​មាន​អ្នកនយោបាយ​នៅ​ពីក្រោយ​ផង​ដែរ។ 

លោក​មានប្រសាសន៍​ថា៖ «បញ្ហា​ដីធ្លី​ បើ​វា​ជា​បញ្ហា​ទំនាស់​ដីធ្លី​ពិតប្រាកដ​សុទ្ធសាធ គឺ​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ ហើយ​កុំឱ្យ​អ្នកនយោបាយ​កេង​ចំណេញ​លើ​បញ្ហា​នេះ ឬក៏​អុជអាល​លើ​បញ្ហា​នេះ យើង​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​ណាស់»។ 

តំណាង​សហគមន៍​ជ្រោយចង្វារ​ ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន OCIC និង​អះអាង​ថា ​ជា​អតីត​នាយទាហាន​កងទ័ព​ជើងអាកាស​ឋានៈ​ផ្កាយ១ លោក ជា សុផាត យល់ឃើញ​ថា ​ការ​លើកឡើង​របស់​អភិបាលក្រុង​ភ្នំពេញ​ ជា​ការ​លាប​ពណ៌​ទៅលើ​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ពិតប្រាកដ ពិសេស​សហគមន៍​ជ្រោយចង្វារ​របស់​លោក ហើយក៏​ជា​ការ​គំរាមកំហែង​របស់​ពួក​គាត់​ផង​ដែរ។ 

លោក​បន្ត​ថា មូលហេតុ​ជំរុញ​ឱ្យ​ពលរដ្ឋ​សហគមន៍​លោក​តវ៉ា​កន្លងមក ដោយសារ​ភាព​អយុត្តិធម៌ ត្បិត​ដីធ្លី​តំបន់​សហគមន៍​ជ្រោយចង្វារ​ដែល​ពួក​គាត់​កាន់កាប់​ គឺធ្វើឡើង​ដោយ​ស្របច្បាប់ ប៉ុន្តែ​យន្តការ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ ប្រជា​សហគមន៍​លោក​មិន​អាច​ទទួលយក​បាន។ 

លោក​មានប្រសាសន៍​ថា៖ «អាហ្នឹង​ជា​ការ​លាប​ពណ៌​មួយ​ហើយ។ ជា​ការ​លាប​ពណ៌​ដល់​ការ​តស៊ូ​មតិរបស់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ដល់យូរទៅ​ គ្នា​ហ្នឹង​រួញ ​[ខ្លាច​]។ ដល់​បញ្ហា​សព្វថ្ងៃ​ហ្នឹង​ បញ្ហា​កូ​វីដ១៩ផង បញ្ហា​សម្ពាធ​នយោបាយ​ផ្សេង​ៗទៀតផង។ ពួក​ខ្ញុំចេញទៅ​ [ចេញ​តវ៉ា​] សឹង​គេ​យក​ច្បាប់អាជ្ញាសឹក​យក​មក​ដាក់​ហ្នឹង គេដាក់​គុក​យើង​ថ្មើរណា​ក៏បាន​ដែរ។ វា​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឱ្យ​យើង​បាត់បង់​ស្មារតី​ទាមទារ​រក​យុត្តិធម៌​ហ្នឹង»។ 

លោក​បន្ថែម​ថា សហគមន៍​របស់​លោក ​ចាប់ផ្តើម​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន OCIC តាំងពី​ឆ្នាំ២០១០ ហើយ​បច្ចុប្បន្ន​ ពលរដ្ឋ​នៅ​មិនទាន់​ទទួល​បានការ​ដោះស្រាយ​សមស្រប​មាន​ចំនួន ៦៧គ្រួសារ​ទៀត លើ​ទំហំផ្ទៃ​ដី​ជាង ៤០ហិ​កតា។ 

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​ លោក អ៊ូ ច័ន្ទ​រ័ត្ន មើលឃើញ​ថា​ កន្លងមក ​អតីត​បក្ស​ប្រឆាំង រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ផង តែង​រង​ការចោទប្រកាន់​បែបនេះ ប៉ុន្តែ​ នេះជា​លេស​ដើម្បី​គេចវេះ​ពី​ការ​ដោះស្រាយ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ជូន​ពលរដ្ឋ​រងគ្រោះ​តែប៉ុណ្ណោះ។ 

លោក​បន្ត​ថា កន្លងមក ​អតីត​បក្ស​សង្រ្គោះ​ជាតិ​មិនដែល​យក​បញ្ហា​ដីធ្លី​ដើម្បី​កេង​ចំណេញ​នយោបាយ​ឡើយ ប៉ុន្តែ​ ដោយសារ​ភាព​អយុត្តិធម៌​ក្នុង​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ​មាន​ជម្លោះដីធ្លី ទើប​ការ​ដោះស្រាយ​អូស​បន្លាយ​យូរ និង​ជំរុញ​ឱ្យ​មានការ​តវ៉ា​ជា​រឿយ​ៗ។ 

លោក អ៊ូ ច័ន្ទ​រ័ត្ន បន្ថែម​ថា៖ «ខ្ញុំ​មើលឃើញ​ថា​ ដោយសារ​ការ​កេងប្រវ័ញ្ច កេង​ចំណេញ​ពី​ប្រជាពលរដ្ឋ។ ប្រសិនបើ​មានការ​ដោះដូរ ការ​ដោះស្រាយ​ដោយ​យុត្តិធម៌ជូន​គាត់ ​[ពលរដ្ឋ​មាន​ជម្លោះដីធ្លី​] អាហ្នឹង​មិន​បង្ក​ឱ្យ​មាន​បញ្ហា​វែងអន្លាយ​អីចឹង​ទេ»។

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច​ និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍​ថា ​ការ​លើកឡើង​នេះ ជា​ការ​លាប​ពណ៌​ទៅ​លើពលរដ្ឋ​មាន​ជម្លោះដីធ្លី​តែប៉ុណ្ណោះ។

លោក​មើលឃើញ​ថា ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ទាំងនោះ ​កន្លងមក​តវ៉ាដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី​​របស់​ពួក​គាត់​ដោយ​សមស្របតែ​ប៉ុណ្ណោះ ដោយ​មិន​យក​រឿង​នយោបាយ​មក​ពាក់ព័ន្ធ​នោះ​ឡើយ។ 

លោកបន្ថែម​ថា៖ «បាទ​! ពីព្រោះ​អី​ទាក់ទង​នឹង​រឿង​ដីធ្លី​ដែល​បាត់បង់​ផ្ទាល់​ហ្នឹង ដោយ​គាត់​មិន​គិត​រឿង​នយោបាយ​អី​ទេ។ គាត់​គិត​រឿង​គោលនយោបាយ​មែន ប៉ុន្តែ​ គាត់​មិន​គិត​រឿង​ហ្នឹង​ទេ ពិសេស​គាត់​ចង់បាន​ដី​គាត់​មកវិញ​ ឬចង់បាន​ដំណោះស្រាយ​ដែល​ពួក​គាត់​អាច​ទទួលយក​បាន»។

ជម្លោះដីធ្លី​នៅ​រាជធានី​ភ្នំពេញ ដែលគេ​សង្កេតឃើញ​ថា​មាន​ភាព​ចម្រូងចម្រាស​រហូតដល់​មានការ​ចាប់ខ្លួន​តំណាង​របស់​ពួក​គេដាក់​ពន្ធនាគារ​ទៀតផង ដូចជា ​ករណី​ជម្លោះដីធ្លី​តំបន់​បឹងកក់ តំបន់​បុរី​កីឡា តំបន់​ដីក្រហម តំបន់​ដីសំបុកចាប​ជាដើម។

វិវាទ​ដីធ្លី​នៅ​ភ្នំពេញ​ដែល​ចម្រូងចម្រាស​ទាំងនោះ ករណី​ខ្លះ​ប្រើ​រយៈពេល​ដោះស្រាយ​យូរ​រហូតដល់​ជិត ១០ឆ្នាំ ​ឬជាង ១០ឆ្នាំក៏​មាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ