ភិក្ខុ​​ លួន សុវ៉ាត ​ចោទ​សមត្ថកិច្ច​ខេត្ត​​សៀមរាប​ថា ប្រើ​អំពើ​ហិង្សាលើ​ញោម​ញាតិ​​ក្នុង​ប្រតិបត្តិ​ស្វែង​រក​ចាប់​ផ្សឹក​ព្រះ​អង្គ

ព្រះ​សង្ឃ លួន សុវ៉ាត ដែល​ជា​សកម្ម​សង្ឃ​ការពារ​សិទ្ធិ​មនុស្ស ចូលរួម​ក្នុង​ពិធី​រំលឹក​ខួប ១៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​ដ៏​ល្បី​ល្បាញ លោក ជា វិជ្ជា កាល​ពី​ឆ្នាំ​២០១៧។ (ផ្ដល់​ឲ្យ)

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​​ព្រះតេជគុណ លួន សុវ៉ាត បាន​ចោទសមត្ថកិច្ច​ខេត្ត​សៀមរាប​ថា បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ញោម​ញាតិ​របស់​ព្រះ​អង្គ និង​ធ្វើ​​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ព្រះ​សង្ឃ​ ២​​អង្គ ក្នុង​​កិច្ច​ប្រឹង​ប្រែង​​ស្វែង​រក​ចាប់​ព្រះ​កាយ​ព្រះ​អង្គ​យក​ទៅ​ផ្សឹក​ទៅ​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ព្រះ​សង្ឃ​ជាន់​ខ្ពស់។

ព្រះ​តេជ​គុណ លួន សុវ៉ាត ដែល​ជា​ជយ​លាភី​ពាន​រង្វាន់​សិទ្ធិ​មនុស្ស Martin Ennals កាល​ពី​ឆ្នាំ​២០១២ ត្រូវ​បាន​​គណៈ​ថេរ​សភា​ខេត្ត​សៀមរាប ចេញ​សេចក្ដី​សម្រេច​ឲ្យ​ផ្សឹក​លា​ចាក​សិក្ខាបទ​​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា​សប្ដាហ៍​មុន។

សេចក្ដី​សម្រេច​នេះ បាន​កើត​ឡើង​ក្រោយ​ពី​ព្រះ​តេជ​គុណ លួន សុវ៉ាត ដែល​គង់​នៅ​វត្ត​ស្លែង ស្ថិត​ក្នុង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ត្រូវបាន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ​ព្រះ​ពុទ្ធ​សាសនា បន្ទាប់​ពី​វីដេអូ​នៃ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​មួយ​រវាង​បុរស និង​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ ត្រូវ​បាន​ទម្លាយ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​ចុង​ក្រោយ​មក​នេះ។

សេចក្ដីសម្រេច​របស់​ថេរ​សភា​ខេត្ត​សៀមរាប ក៏​បាន​សម្រេច​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ច្បាប់​ទៅ​លើ​ព្រះ​សង្ឃ លួន សុវ៉ាត ផងដែរ ប្រសិន​បើ​ព្រះ​សង្ឃ​អង្គ​នេះ​នៅ​តែ​បន្ត​គ្រង​ស្បង​ចីវរ​ជា​សង្ឃ​បន្ត​ទៀត។

ប៉ុន្តែ ​ព្រះ​តេជ​គុណ លួន សុវ៉ាត សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ព្រះ​អង្គ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ព្រះ​អង្គ​មិន​ទាន់​ត្រូវ​បាន​ចាប់​ផ្សឹក​នៅ​ឡើយ​ទេ ហើយ​ស្ថិត​នៅ​កន្លែង​មាន​សុវត្ថិភាព។ ព្រះ​អង្គ​បាន​បដិសេធ​វីដេអូ​បែក​ធ្លាយ​នោះ ហើយ​ចាត់​ទុក​ជា​ការ​លាប​ពណ៌​ទៅ​លើ​ព្រះ​អង្គ។

ព្រះអង្គសរសេរ​រៀប​រាប់ថា៖ «ចោទប្រកាន់ មូលបង្កាច់ លាបពណ៌ ប្រឌិតពត៌មានក្លែងក្លាយ កាត់តយករូបភាពអ្នកដទៃ និងសំឡេង​មកថតបញ្ចូលគ្នាក្នុងហ្វេសប៊ុកឲ្យកើតទៅជាសាច់រឿងមួយ​ដែលខុសការពិត ដែលបង្កើតឡើងក្នុងសម័យបច្ចេកវិទ្យាទំនើបដោយខុសទៅនឹងច្បាប់ជាតិ ច្បាប់អន្តរជាតិ ច្បាប់សាសនា»

ខណៈ​ដែល​ព្រះ​តេជ​គុណ លួន សុវ៉ាត អះ​អាង​បែប​នេះ​លើ​ហ្វេសប៊ុក​របស់​ព្រះ​អង្គ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បាន​ចេញ​ព្រះ​លិខិត​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ ដោយ​បានណែនាំ​ទៅ​មេគណៈ​សង្ឃ​ទូទាំង​ប្រទេសឲ្យ​ចាប់​ផ្សឹក​​ព្រះសង្ឃ លួន សុវ៉ាត ទៅ​តាម​សេចក្ដី​សម្រេច​របស់​​ថេរ​សភា​ខេត្ត​សៀមរាប។

ព្រះតេជគុណ លួន សុវ៉ាត បានរៀបរាប់​លើ​ហ្វេសប៊ុក​បន្ថែម​ថា​ ក្មួយ​ប្រុស ២​នាក់​របស់​ព្រះ​អង្គ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សៀមរាប​ចាប់​ខ្លួន និង​នាំ​សាក​សួរ​នៅ​ស្នងការ​ដ្ឋា​នគរបាល​ខេត្ត​។ ព្រះ​តេជគុណ​រៀប​រាប់​បន្ត​ថា ក្មួយ​ប្រុស​ទាំង ២​នាក់​របស់​ព្រះ​អង្គ​ ត្រូវ​បាន​នាំ​ទៅ​ឃុំ​ខ្លួន​អស់​រយៈពេល ១​យប់ ២​ថ្ងៃ មុន​នឹង​ដោះ​លែង​វិញ​ក្រោយ​បង់​ប្រាក់​ធានា។

ព្រះ​សង្ឃ​ លួន សុវ៉ាត អះ​អាង​ទៀត​ថា សមត្ថកិច្ច​ខេត្ត​សៀមរាប​ក៏​បាន​ដក​ហូត​ទូរស័ព្ទ ២​គ្រឿង​របស់​ក្មួយ​ប្រុស​ព្រះ​អង្គ និង​រឹប​អូស​​កម្មសិទ្ធិ​ផ្ទាល់​របស់​ព្រះ​អង្គ​នៅ​ឯ​ផ្ទះ​ស្ថិត​ក្នុង​ស្រុក​កំណើត​ព្រះ​អង្គ​ផង​ដែរ ក្នុង​នោះ​មាន​​រថយន្ត​ឡិចស៊ិច (Lexus 470)​មួយ​គ្រឿង កាមេរ៉ា​ជិត ១០​គ្រឿង ទូរទស្សន៍​ ១​គ្រឿង ទូរ​ទឹក​កក ធុង​ទឹក​កក និង​ឯកសារ​ផ្សេងៗ។

ព្រះ​សង្ឃ លួន សុវ៉ាត បាន​រៀប​រាប់​បន្ត​ថា ព្រះ​សង្ឃ ២​អង្គ​ទៀត ដែល​គង់​នៅ​វត្ត​ស្លែង​​ស្ថិត​នៅ​ភូមិ​កំណើត​របស់​ព្រះ​អង្គ ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​សាក​សួរ​ផង​ដែរ ហើយ​ទូរស័ព្ទ​របស់​ព្រះ​សង្ឃ​ទាំង​ ២​អង្គ​នេះ ក៏​ត្រូវ​បាន​ដក​ហូត​នៅ​ថ្ងៃ​ទី៧ ខែ​មិថុនា មុន​នឹង​ប្រគល់​ត្រឡប់​មក​វិញ។

ព្រះ​តេជគុណ លួន សុវ៉ាត សរសេរ​ថា​៖ «នេះ​គឺ​ជា​ចេតនា​នយោបាយ គំនុំ​គុំ​គួន​យ៉ាង​ពិត​ប្រាកដ ដោយសារ​តែ​យក​លេស​ថា ខុស​វិន័យ​សង្ឃ ប៉ុន្តែ ចេតនា​នយោបាយ ដោយសារ​កន្លង​មក​ អាត្មា​ជា​សកម្មជន​សិទ្ធិ​មនុស្ស​សង្ឃ​ដ៏​ល្បី​ទាំង​ក្នុង និង​ក្រៅ​ប្រទេស»

អ្នកនាំពាក្យក្រសួងធម្មការ​ និងសាសនា លោក សេង សុមុនី មានប្រសាសន៍បន្ថែមលើខ្លឹមសារលិខិតថា ព្រះសង្ឃ លួន សុវ៉ាត ពិតជាប្រព្រឹត្តខុសនឹងវិន័យសង្ឃប្រាកដមែន។ ករណីនេះ លោកថា បើមិនចូលខ្លួនមកដោះស្រាយទេ គេចមិនផុតពីតុលាការសង្ឃនោះទេ។

លោក សេង សុមុនី ប្រាប់ថា៖ «បុរាណខ្មែរយើងថា កុក​មិនភ្លេចជុងទេ លុះណាតែជុងហ្នឹងគេដកចេញបានវាអាចទៅបាន ព្រោះអាជ្ញាយុការ​ផ្លូវច្បាប់នៅរង់ចាំជានិច្ច»។

នៅពេលសួរថា ហេតុអ្វីបានជាមានការរឹបអូសទ្រព្យសម្បត្តិរបស់ព្រះតេជគុណ លួន សុវ៉ាត ចាប់ខ្លួនក្មួយ ២នាក់​របស់​ព្រះ​អង្គ និង​ព្រះ​សង្ឃ ២​ព្រះ​អង្គ​នៅ​វត្ត​ស្លែង លោក សុមុនី បាន​បង្វែរ​សំណួរឲ្យទៅសួរខាងសមត្ថកិច្ចវិញ។

ស្នងការរងនគរបាលខេត្តសៀមរាប លោកស្រី ដួង ថាវរី ដែល​ទទួល​បន្ទុក​ផ្នែក​ប្រឆាំងការជួញដូរ​មនុស្ស និងការពារអនីតិជន បាន​ប្រាប់​ថា សមត្ថកិច្ចបានរឹបអូសរថយន្ត Lexus470 ១គ្រឿង កាមេរ៉ា​ត្រូន និងសម្ភារៈមួយចំនួនទៀតបញ្ជូនទៅតុលាការ ដើម្បីរក្សាទុក និងឲ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវរករូបភាពអាស​អាភាស ឬវីដេអូ ដែលប្រព្រឹត្តបទល្មើសជាមួយនារីម្នាក់ដែលមានអាយុជាង ២០ឆ្នាំ ដែលប្តឹងមកសមត្ថកិច្ច។

លោកស្រីបញ្ជាក់ថា រាល់វត្ថុតាងដែលប្រមូលបាននោះ ត្រូវ​បាន​សមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញខេត្តស្រាវជ្រាវ និង​ពិនិត្យកាលពីថ្ងៃ​ម្សិលមិញផងដែរ។

លោកស្រី ដួង ថាវរី ប្រាប់ថា៖ «យើងបានបញ្ជូនភស្តុតាងទាំងនោះទៅនាយកដ្ឋានជំនាញ ទៅនាយកដ្ឋានជួញដូរមនុស្ស និងការពារអនីតិជននៅអគ្គស្នងការ ដើម្បីបញ្ជូនបន្តទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីឆែករកភស្តុតាងដាក់បន្ទុកទៅតាមបណ្តឹងដែលបានចោទប្តឹង ប៉ុន្តែ យើងទើបតែបញ្ជូនទៅម្សិលមិញ ប្រហែលជាមិនទាន់ឆែកឆេររកឃើញទេ»

ទាក់ទងនឹងការនាំខ្លួនក្មួយរបស់ព្រះអង្គចំនួនពីរនាក់​​ អ្នកស្រី ថាវរី ប្រាប់​ថា សមត្ថកិច្ច​ឃាត់​ខ្លួន​សួរ​នាំ ដោយ​សង្ស័យថា ពួកគេជាប់ពាក់ព័ន្ធជួយលាក់បាំងព័ត៌មានមួយចំនួនរបស់ព្រះអង្គ លួន សុវ៉ាត ប៉ុន្តែ លោកស្រីថា ក្រោយពីសួរនាំ សមត្ថកិច្ចបានដោះលែងពួកគេឲ្យមានសេរីភាព​វិញផងដែរ។

វីអូឌី មិនអាចសុំការបំភ្លឺពីព្រះរាជអាជ្ញាខេត្តសៀមរាប លោក កើត វណ្ណារ៉េត បានទេនៅថ្ងៃនះ។

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ទាក់ទងរឿងសាសនា សម្តេចព្រះសង្ឃនាយក​មានសិទ្ធិបញ្ជាទៅមន្ត្រីសង្ឃចាត់វិធានការលើអ្នកដែលប្រព្រឹត្តខុសតាមវិន័យរបស់សាសនា។ សម្រាប់​ព្រះសង្ឃ លួន សាវ៉ាត លោក អំ សំអាត ចាត់​ទុក​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ខណៈ​​ករណី​នេះមិនទាន់ស្រាវជ្រាវ​ដឹង​ថា ខុស ឬយ៉ាងនៅឡើយ បែរ​ជាមន្ត្រីតុលាការ និង​សមត្ថកិច្ចចុះរឹបអូសទ្រព្យសម្បត្តិ និងសម្ភារៈមួយចំនួនរបស់ព្រះអង្គទៅវិញ។

លោក អំ សំអាត ប្រាប់ថា៖ «អ្វីដែលជាការរំលោភទៅលើសិទ្ធិធ្ងន់ធ្ងរនោះ គឺការឆែកឆេរ និងការរឹបអូស​​ទ្រព្យសម្បត្តិផ្សេងៗ វាជាការរំលោភសិទ្ធិរបស់គាត់។ រឿងជារឿងព្រះសង្ឃ ហេតុអ្វីបានជាទៅអនុវត្តទៅលើនីតិវិធីក្រមព្រហ្មទណ្ឌ ហើយទៅឆែកឆេររឹបអូសជាវត្ថុតាងនៃបទល្មើសព្រហ្មទណ្ឌទៅវិញ»

ព្រះសង្ឃ លួន សូវ៉ាត ពាន​រង្វាន់​​ការពារ​សិទ្ធិ​មនុស្ស Martin Ennels ពី​​ប្រទេស​ស្វីស​កាលពីខែតុលា ឆ្នាំ២០១២ ​ជា​ពាន​រង្វាន់​ដ៏​សំខាន់​មួយ ​សម្រាប់​ផ្តល់​ជូន​ដល់​បុគ្គល​ណា ​ដែល​បាន​ចូល​រួម​ការពារ និង​លើក​តម្កើង​សិទ្ធិ​មនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ