កម្ពុជា​​ចាប់​ផ្ដើម​​ស៊ើប​អង្កេត​​ជុំវិញ​​ព័ត៌មាន​​នៃ​​ការ​​ចាប់​ខ្លួន​​សកម្ម​ជន​​នយោ​បាយ​​ថៃ​

សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​ឈ្មោះ Wanchalearm Satsaksit និយាយតាមវិដេអូលើបណ្ដាញសង្គមទាក់ទងនឹងរឿងលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចារ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។ (Wanchalearm Satsaksit/ Screenshot)

​អាជ្ញាធរ​កម្ពុជា​ អះអាង​ថា​ នឹង​បើក​ការស៊ើបអង្កេត​ជុំវិញ​ព័ត៌មាន​នៃ​ការ​ចាប់ខ្លួន​សកម្មជនន​យោ​បាយ​ថៃ លោ​ក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ ក្នុង​រាជធានី​ភ្នំពេញ។

ហេតុការណ៍​ចាប់​ពង្រាត់​សកម្មជន​បក្ស​ប្រឆាំង លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ (Wanchalearm Satsaksit​) ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹងពី​សំណាក់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) កាលពី​ថ្ងៃទី០៥ ខែមិថុនា។ អង្គការ​នេះ​រាយការណ៍​ថា ​ជនប្រដាប់អាវុធ​មួយ​ក្រុម​ជិះរថយន្ត​ពណ៌ខ្មៅ​មួយ​គ្រឿង​ បាន​ចាប់ខ្លួន​លោក វ៉ាន់​ឆា​ឡឺម នៅពេល​ដែល​គាត់​ដើរតាម​ផ្លូវ​ទិញ​អាហារ​មុខ​អគារ​ស្នាក់នៅ​នា​រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​ជិត ៦ល្ងាច ថ្ងៃទី៤ ខែមិថុនា។

ប្រតិកម្ម​ជុំវិញ​ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ​អាវ​ក្រហម​ថៃ​នៅពេល​នេះ ​កើតឡើង​ជាបន្តបន្ទាប់​រហូតដល់​ក្រុម​អ្នកគាំទ្រ​ និង​សាច់ញាតិ​លោក វ៉ាន់​ឆា​ឡឺម ចេញមុខ​ធ្វើបាតុកម្ម​នៅ​ខាងមុខ​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក​នៅ​ថ្ងៃ​ម្សិលមិញ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បញ្ជាក់​ថា ​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ ទទួ​លបានញ​ត្តិ​ចំនួន​ពីរពី​ក្រុម​បាតុករ​ដែលជាសាច់ញាតិ​ និង​អ្នកគាំទ្រ​លោ​ក វ៉ាន់​ឆា​ឡឺម ជុំវិញ​ករណី​បាត់ខ្លួន​បុរស​ជនជាតិ​ថៃ​រូប​នេះ។

លោក​បន្ត​ថា កម្ពុជា​ទើបតែ​បាន​ទទួល​កំណត់​ទូត​ជា​ផ្លូវការ​ពីសំណាក់​ស្ថានទូត​ថៃ​កាលពី​ម្សិលមិញ​ ដើម្បី​ស្នើសុំ​ឱ្យ​អាជ្ញា​ធរ​កម្ពុជា​ស៊ើបអង្កេត​រឿង​នេះ។

លោក កុយ គួង ប្រាប់​ថា ៖ «ទើបតែ​ថ្ងៃនេះ ​[ថ្ងៃទី០៨ ខែមិថុនា​] ក្រសួង​បាន​ទទួល​កំណត់​ទូត​ពី​ស្ថានទូត​ថៃ​នៅ​ទីក្រុង​ភ្នំពេញ សាកសួរ​ពី​បញ្ហា​នេះ​ពី​ព័ត៌មាន​ដែល​ផ្សាយ​ថា ​មាន​បុរស​ថៃ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ភ្នំពេញ​នេះ។ ក្រសួង​ការបរទេស​បាន​បញ្ជូនរឿង​នេះ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​រួចហើយ។ កន្លងមក​ យើង​បានដឹង​ត្រឹមតែ​ព័ត​៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ»។

ទាក់ទង​នឹង​បញ្ហា​នេះ​ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹ​មខឿន ថ្លែង​ដោយ​ខ្លី​ប្រាប់​វី​អូ​ឌី​ថា កម្លាំង​នគរបាល​ត្រូវ​ស៊ើបអង្កេត​ជាមុន​សិន​ថា ​ព័ត៌មាន​ស្ដីពី​ការ​ចាប់ខ្លួន​នោះ​ជា​ព័ត៌មាន​ពិត​ ឬអត់។

លោក ឆាយ គឹ​មខឿន៖ «យើង​កំពុង​បើក​ការស៊ើបអង្កេត​អូន! ប៉ុន្តែ​ មិនមែន​ស៊ើបអង្កេត​រឿង​ចាប់​ហ្នឹង​ទេ តែ​ស៊ើបអង្កេត​ថា ​ព័ត៌មាន​ហ្នឹង​ពិត​កម្រិត​ណា ​មិន​ពិត​កម្រិត​ណា»។

វី​អូ​ឌី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក ខៀវ សុភ័គ ដើម្បី​បំភ្លឺបន្ថែម​ពី​បញ្ហា​នេះ​លម្អិត​នៅឡើយទេ។

ទោះជាយ៉ាងណា​ក្ដី​ ស្ថាប័ន​ព័ត៌មាន ហ្វ្រែស​ញូយ៍ ​(Fresh News​) បាន​ផ្សាយ​ដោយ​ស្រង់​ប្រសាសន៍​លោក ខៀវ សុភ័គ ដែល​បាន​អះអាង​ថា លោក​ វ៉ាន់ឆា​ឡឺម បាន​ចេញពី​កម្ពុជា​តាំងពី​ឆ្នាំ២០១៧មក​ម្ល៉េះ។

មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​រូប​នេះ​ថែមទាំង​ស្នើ​ឱ្យ​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ចាប់ខ្លួន​នេះ ចេញ​មក​ផ្ដល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​ទៀតផង។

សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃទី០៨ ខែមិថុនា ដោយ​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បើក​ការស៊ើបអង្កេត​ករណី​ចាប់​ពង្រាត់​អ្នកទោស​នយោបាយ​ថៃដែល​បាន​និរទេស​ខ្លួន​មក​រស់នៅ​កម្ពុជា​នេះ។

ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ និង​ជាស​មា​ជិ​កស​ភា​ម៉ាឡេស៊ី លោ​ក ឆាលស៍ សាន់​ទី​អាហ្គោ (Charles Santiago​) លើកឡើង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ​ថា ហេតុការណ៍​ចាប់​ពង្រាត់​សកម្មជន​នយោបាយ​ថៃ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ញញើត​នេះ​ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត។ ការណ៍​ដែល​រដ្ឋាភិបាល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បណ្ដោយ​ឱ្យ​រឿង​បែបនេះ​កើតឡើង​ក្នុង​ប្រទេស​ខ្លួន ជា​ការ​ប្រែក្លាយ​តំបន់​អាស៊ាន​ជា​ឋានសួគ៌​របស់​ជន​ផ្ដាច់ការ​គ្មាន​ទី​បញ្ចប់។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ​ស៊ឹង សែន​ករុណា ស្នើឱ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ករណីនេះ​ដោយ​តម្លាភាព ដើម្បី​ធានា​ថា ​កម្ពុជា​ជា​ប្រទេស​មានច្បាប់ ​និង​គោរពច្បាប់។

លោក ស៊ឹង សែន​ករុណា លើកឡើង​ថា៖ «បើសិនជា​មិន​ធ្វើការ​ស្រាវជ្រាវ​ទេ​ កម្ពុជា​នឹង​រង​ការ​រិះ​គន់​ពី​សហគមន៍​អន្តរជាតិ ​រួម​ទាំង​ជនជាតិ​ថៃ​ដែលគេ​ស្រលាញ់​ប្រជាធិបតេយ្យ​ផង​ ហើយ​អន្តរជាតិ​គេ​នឹង​សម្លឹង​មកកាន់​កម្ពុជា​ថា ​ជា​ប្រទេស​ដែល​មិន​មាន​សុវត្ថិភាព»។

លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ គឺជា​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​សំខាន់​ម្នាក់ ដែល​ជាប់ពាក់ព័ន្ធ​ក្រុមប្រឆាំង​របប​ផ្តាច់​ការ។ លោក​បាន​ភៀសខ្លួន​មក​រស់នៅ​កម្ពុជា ក្រោយ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ២០១៤ រួច​បន្តសកម្មភាព​នយោបាយ​រិះគន់​រដ្ឋាភិបាល​ថៃ​ថ្មី​តាម​បណ្តាញ​សង្គម។

កាសែត Bangkok Post រាយការណ៍​កាលពី​ថ្ងៃទី០៨ ខែមិថុនា ​ថា ចាប់ពី​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ២០១៤មក យ៉ាង​យោ​ចណាស់ សកម្មជន​ថៃ ៨នាក់ បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​ឡាវ កម្ពុជា និង​វៀតណាម ។

ប្រភព​ដដែល​បន្ថែម​ថា លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ គឺ​ស្ថិតនៅ​ក្នុងចំណោម​សកម្មជន​និរទេស​ខ្លួន ២៩នាក់ ដែល​រង​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ​ថៃ។

ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ បាន​កត់សម្គាល់​ក្នុង​សេចក្ដីថ្លែង​ការណ៍​របស់​ខ្លួន​ផង​ដែរ​ថា អាជ្ញាធរថៃ វៀតណាម កម្ពុជា ​និង​ម៉ាឡេស៊ី សុទ្ធតែ​រង​ការចោទប្រកាន់​ថា បាន​ចាប់​បញ្ជូន​អ្នករិះគន់​របប​ដឹកនាំ​ខ្លួន​ទៅកាន់​ប្រទេសកំណើត​វិញ។

សេចក្ដីថ្លែង​ការណ៍​ដដែល​បាន​លើកឡើង​ករណី​អ្នក​សរសេរ​ប្លុក​ជនជាតិ​វៀតណាមដែល​ត្រូវ​បាន​បាត់ខ្លួន​កណ្ដាល​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ នៅ​ផ្សារ​ទំនិញ​មួយកន្លែង។

ប៉ុន្មាន​ខែក្រោយ​មក​ នៅ​ឆ្នាំ​ដដែល ជនជាតិ​ថៃ​បី​នាក់​ដែល​និរទេស​ខ្លួន​រស់នៅ​វៀតណាម​ ត្រូវ​បាន​រាយការណ៍​ថា ត្រូវ​បាន​គេ​ចាប់ខ្លួន។ បី​ខែក្រោយ​មក​ គឺ​អំឡុង​ខែមករា​ឆ្នាំ២០២០ មនុស្ស ២នាក់​ក្នុងចំណោម​នោះ ​ត្រូវ​បានរក​ឃើញថា​ស្លាប់នៅ​តាម​ដងទន្លេ​មេគង្គ​ជាប់នឹង​ប្រទេស​ឡាវ។

ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ លោ​ក ឆា​លស៍ សាន់​ទី អាហ្គោ មានប្រសាសន៍​ថា៖ «ការ​កើនឡើង​នូវ​និន្នាការ​នៃ​ការដោះដូរ​អ្នកនយោបាយ​ប្រឆាំង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ​ជា​រឿង​អាក្រក់​បំផុត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ