កូន​ប្រុស​ច្បង​លោក ហ៊ុន សែន ត្រូវ​បាន​ដំឡើង​ជា​មេ​ដឹកនាំ​ចលនា​យុវជន​ក្នុង​បក្ស​បន្ថែម​លើ​តំណែង​ជាន់​ខ្ពស់​ក្នុង​ជួរ​កង​ទ័ព

លោក ហ៊ុន ម៉ា​ណែ​ត ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ខួប២០ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​បញ្ជាការ​ដ្ឋាន​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ២៤ មករា ឆ្នាំ​(១៩៩៩ – ២០១៩​) នៅ​ទីបញ្ជាការ​ដ្ឋាន​កងទ័ពជើងគោក ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុក ហ៊ុន សែន​

កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​តែង​តាំង​ឱ្យ​ដឹកនាំ​​ចលនា​យុវជន​របស់​គណបក្ស​កាន់​អំណាច បន្ថែម​ទៅ​លើ​តួនាទី​ដែល​លោក​កំពុង​កាន់​កាប់​នា​ពេល​សព្វថ្ងៃ​នេះ។ នេះ​បើ​តាម​សេចក្ដី​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចេញ​នៅ​ថ្ងៃ​នេះ។

ក្នុង​សេចក្ដី​សម្រេច​នោះ លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ដំឡើង​ឋានៈ​ពី​អនុ​ប្រធាន​ទៅ​​ជា​ប្រធា​ន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល ដែល​សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ ​ដឹកនាំ​ដោយ​ឪពុក​របស់​លោក​ គឺ​​​លោក ហ៊ុន សែន។

សេចក្ដី​សម្រេច​នោះ បញ្ជាក់​ថា ការ​តែងតាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យោង​តាម​សំណូម​ពរ​ការងារ និង​សមត្ថភាព​របស់​មន្ត្រី​គណបក្ស សំណើ​របស់​គណៈ​ចាត់តាំង​នៃ​គណៈ​កម្មាធិការ​កណ្ដាល និង​មតិ​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​​បក្ស។ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល គឺ​ជា​រចនា​សម្ព័ន្ធ​ដឹកនាំ​ខ្ពស់​បំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់ ៣៤​រូប​។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​វីអូឌី​បន្ថែម​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ដំឡើង​ឱ្យ​កាន់​តំណែង​ដឹកនាំ​ក្រុម​យុវជន ជំនួស​លោក កែ ប៊ុនខៀង អនុ​​ប្រធាន​គណៈ​ឃោសនា​អប់រំ​នៃ​គណៈកម្មាធិការ​កណ្ដាល​បក្ស ហើយ​ទទួល​បន្ទុក​ជា​ប្រធាន​ក្រុម​យុវជន​​កណ្ដាល​របស់​គណ​បក្ស​អស់​រយៈ​ពេល​ជាង ២០​ឆ្នាំ​មក​ហើយ។

លោក សុខ ឥសាន បាន​ឱ្យ​ដឹង​ថា ការ​តែង​តាំង​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គណៈ​អចិន្ត្រៃយ៍​របស់​បក្ស ដោយ​ផ្អែក​ទៅ​លើ​កត្តា​សមត្ថភាព​ខាង​ចំណេះ​ដឹង និង​ការ​ដឹកនាំ​របស់​លោក និង​មិន​ត្រូវ​បាន​ប្រកួត​​ប្រជែង​ពី​ក្នុង​ចំណោម​យុវជន​មាន​សមត្ថភាព​ដទៃ​ទៀត​នោះ​ឡើយ។

លោក សុខ ឥសាន ប្រាប់ថា៖ «មិនខ្វះទេយុវជននៅក្នុងគណបក្សប្រជាជនកម្ពុជា ក៏ប៉ុន្តែ ការតែងតាំងអាស្រ័យទៅលើគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស ជាអ្នកសម្រេចលើការតែងតាំង ហើយធម្មតាមានសមាសភាពច្រើន ក៏ប៉ុន្តែ ប្រធានមានតែមួយតើ មិនមានប្រធានពីរបីឯណាអត់ទេ។ អ៊ីចឹង ការជ្រើសរើសសម្រិតសម្រាំងហ្នឹង គឺឯកឧត្ដម ហ៊ុន ម៉ាណែត ដែលថ្នាក់ដឹកនាំសម្រេចហ្នឹងហើយ»

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ លោក ហ៊ុន ម៉ាណែត អាយុ ៤២​ឆ្នាំ ក៏​ជា​សមាជិក​មួយ​រូប​ក្នុង​ចំណោម​សមាជិក ៣៤​រូប​​នៅ​ក្នុង​គណៈ​អចិន្ត្រៃយ៍​​នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

​ជា​អ្នក​បញ្ចប់​ការ​សិក្សា​​ពី​បណ្ឌិត​សភា​យោធា​អាមេរិក West Point លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ដំឡើង​ឋានន្តរ​សក្តិ​ពី​ឧត្ដមសេនីយ៍​ទោ​នៅ​​ឆ្នាំ​២០១១​ក្នុង​អាយុ​ ៣៤​ឆ្នាំ ទៅ​ជា​ឧត្ដមសេនីយ៍​ឯក​ផ្កាយ៣​នៅ​ក្នុង​រយៈ​ពេល២​ឆ្នាំ​ក្រោយ​មក។

ក្នុង​រយៈ​ពេល​មិន​ដល់​ ១​ខែ​ផង​មុន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨ លោក ម៉ាណែត ត្រូវ​បាន​ដំឡើង​ទៅ​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក។

បើតាម​សេចក្ដី​រាយការណ៍​របស់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ លោក ម៉ាណែត ក៏​​កាន់​តំណែង​ជា​មេ​បញ្ជាការ​រង​នៃ​កង​អង្គរក្ស​​ផ្ទាល់​ខ្លួន​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​អង្គភាព​ប្រឆាំង​ភេរវកម្ម​របស់​ក្រសួង​ការពារ​ជាតិ​ផង​ដែរ។

ក្រៅ​ពី​​លោក ម៉ាណែត កូន​ប្រុស​មួយ​រូប​ទៀត​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត ក៏​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់​មាន​ឋានន្តរ​សក្តិ​ជា​ឧត្ដមសេនី​ឯក​ និង​​កាន់​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​​ចារកម្ម​នៃ​ក្រសួង​ការពារ​ជាតិ​ផង​ដែរ។

ចំណែក​ឯ​លោក ហ៊ុន ម៉ានី ជាកូន​ប្រុស​ពៅ​​របស់​លោក ហ៊ុន សែន ក៏​កំពុង​ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​បណ្ដាញ​មួយ​ទៀត​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ក្រុម​យុវជន​កម្ពុជា​​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ជា​ពេល​ដែល​ចលនា​តស៊ូ​មួយ​ត្រូវ​បាន​ប្រកាស​​ឡើង​ដើម្បី​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម។

របាយការណ៍​​ក្នុង​ពិធី​ប្រកាស​ដាក់​បញ្ចូល​សមាជិក​ថ្មី​នៅ​​ក្រសួង​រ៉ែ និង​ថាមពល​កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៩ បាន​បង្ហាញ​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មាន​សមាជិក​សរុប​ជាង ១៤​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​ តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន និង​គ្រប់​វិស័យ។

នៅ​ពេល​ត្រូវ​បាន​សាក​សួរ​ថា តើ​ក្រុម​យុវជន​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ដឹកនាំ​លើ​បណ្ដាញ​យុវជន​ដទៃ​ទៀត​ដែល​គាំ​ទ្រ​គណបក្ស​កាន់​អំណាច​នេះ​ឬ​យ៉ាង​ណា​នោះ លោក សុខ ឥសាន អះ​អាង​ថា ចលនា​យុវជន​​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ដូច​ទៅ​នឹង​បណ្ដាញ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ចលនា​យុវជន​ដទៃ​ទៀត​​នោះ​ឡើយ ដោយ​លោក​ថា បណ្ដាញ​យុវជន​ផ្សេង​ទៀត ដំណើរ​ការ​ក្នុង​នាម​​ជា​អង្គការ​​សង្គម​ស៊ីវិល​។

លោក សុខ ឥសាន ប្រាប់​ថា លោក​​មិន​មាន​តួលេខ​ជាក់​នៃ​យុវជន​បក្ស​នោះ​ឡើយ ប៉ុន្តែ លោក​ថា ក្រុម​យុវជន​បក្ស​មាន​អាយុ​ចន្លោះ​ពី ១៥ ទៅ ៣៥​ឆ្នាំ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​ប្រហែល ៣០​ភាគរយ​ (ខ្ទង់ ១.៨​លាន​នាក់)នៃ​សមាជិក​បក្ស​ប្រជាជន​កម្ពុជា​ប្រហែល ៦​លាន​នាក់​នៅ​ទូទាំង​ប្រទេស។

លោក ហ៊ីង សុខសាន្ត ដែល​ជា​ប្រធាន​ចលនា​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​នៅ​ចុង​ឆ្នាំ​២០១៧​នោះ បាន​លើក​ឡើង​ថា តំណែង​ប្រមុខ​ចលនា​យុវជន គឺ​ជា​មូលដ្ឋាន​គាំ​ទ្រ​ដ៏​សំខាន់​សម្រាប់​គណបក្ស​នយោបាយ ឬ​ក៏​អ្នក​នយោបាយ​នា​ពេល​អនាគត ដោយ​លោក​ថា យុវជន​គឺ​ជា​កម្លាំង​នៃ​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ក្នុង​សង្គម។

លោក ហ៊ីង សុខសាន្ត ប្រាប់​ថា​៖ «ការ​ដឹកនាំ​​ចលនា​យុវជន​របស់​គណបក្ស​ណា​មួយ គឺ​ជា​កម្លាំង​គាំ​ទ្រ​ដ៏​សំខាន់​សម្រាប់​ការ​ដឹកនាំ​គណបក្ស​នយោបាយ​នា​ពេល​អនាគត។ ប្រសិន​បើ​លោក ហ៊ុន ម៉ាណែត ចង់​ក្លាយ​ទៅ​ជា​អ្នក​ដឹកនាំ​បន្ត​វេន​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុចា លោក​មាន​មូលដ្ឋាន​គាំ​ទ្រ​ស្រាប់»

ជា​រឿយៗ លោក ហ៊ុន សែន បាន​រង​ការ​រិះគន់​ចំពោះ​ការ​តែង​តាំង​ ឬ​ដំឡើង​ឋានៈ​តួនាទី​ទៅ​ដល់​កូ​ន​ប្រុស​​ ឬ​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ទាំង​នៅ​ក្នុង​ជួរ​​កង​កម្លាំង​ប្រដាប់​អាវុធ និង​ជួរ​រដ្ឋាភិបាល​​ស៊ីវិល​ផង​ដែរ។

ប៉ុន្តែ លោក សុខ ឥសាន បាន​ឆ្លើយ​តប​ថា ​ការ​រិះ​គន់​ទាំង​ឡាយ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​យោបល់​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ ហើយ​លោក​ថា សេចក្ដី​សម្រេច​របស់​គណបក្ស​លោក ត្រូវ​បាន​ធ្វើ​ឡើង​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​បក្ស។

លោក សុខ ឥសាន ប្រាប់ថា៖ «សូមជម្រាបជូនថា ការងារផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើឡើងទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យផ្ទៃក្នុងយ៉ាងទូលំទូលាយ។ អ៊ីចឹង ការសម្រេចតែងតាំងមន្ត្រីណាក៏ដោយ គឺសុទ្ធតែមានការពិភាក្សាជាសមូហភាពនៅក្នុងជួរគណៈកម្មការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ អ៊ីចឹង មិនមែនអត្តនោម័តដោយថ្នាក់ដឹកនាំណាម្នាក់ទេ»

សេចក្ដីកែតម្រូវ៖ សារព័ត៌មានវីអូឌីសូមកែតម្រូវថា លោក ហ៊ុន ម៉ាណែត មានឋានន្តរសក្តិជាឧត្ដមសេនីយ៍ឯកនៅក្នុងជួរកងទ័ព។
រាយការណ៍បន្ថែមដោយលោក សូរ្យ ជ័យឧត្ដម
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ