កម្ពុជា​​ច្រាន​ចោល​​ការ​​រក​​ឃើញ​ថា ​វិធាន​ការ​​ប្រឆាំង​​ព័ត៌មាន​​ក្លែង​ក្លាយ​​គាប​សង្កត់​​សេរី​ភាព​​បញ្ចេញ​មតិ​​

(ឆ្វេង) បុរសម្នាក់ឈ្មោះ កូយ សំអាត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោយបង្ហោះវីឌីអូឃ្លីបតាមបណ្ដាញសង្គមហ្វេសប៊ុកអំពីការឆ្លងជំងឺកូវីត១៩ និង(ស្ដាំ) ឧត្តម​ស្នង​កា​រអង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ លោកស្រី Michelle Bachelet។ (ហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង ហ្វេសប៊ុក Michelle Bachelet)

កម្ពុជា ច្រានចោល​ការដែល​អ្នកជំនាញ​សិទ្ធិមនុស្សUNរក​ឃើញថា ការអនុវត្ត​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​បង្កើត​ជា​ក្តី​បារម្ភ​ដល់​ការគាបសង្កត់​សេរីភាព​បញ្ចេញមតិ ដូចជាអ្នក​និយាយ​ទាក់ទិន​ជំងឺ​កូ​វីដ១៩។

ឧត្តម​ស្នង​កា​រអង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ លោកស្រី Michelle Bachelet តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ពីទី​ក្រុង​ហ្សឺណែវ ចុះ​ថ្ងៃទី៣ ខែមិថុនា បាន​លើកឡើង​ថា ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ ​មាន​រួចហើយ​នូវ​ច្បាប់​គ្រប់គ្រង ដែលគេ​ហៅថា «ព័ត៌មាន​មិន​ពិត» ឬ «ព័ត៌មាន​ក្លែងក្លាយ»។

លោកស្រី​ក៏បាន​រិះគន់​កម្ពុជា​ថា បានប្រើប្រាស់​ច្បាប់​នោះ​ដើម្បី​គាបសង្កត់​សេរីភាព​បញ្ចេញមតិ។

នៅ​ថ្ងៃទី៣ ខែមិថុនា​ដដែល​នេះ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺណែវ ចេញ​លិខិត​មួយ​ដោយ​បង្ហាញ​ការ​សោក​ស្តាយ​ទៅលើ​សេចក្តី​ប្រកា​សព័​ត៌​របស់​លោកស្រី Michelle Bachelet។

លិខិត​ដដែល អះអាង​ទៀត​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​ការ​ក្លែង​ព័ត៌មាន​ថា «ពុំ​មានតម្លៃ​ស្មើនឹង​សេរីភាព​បញ្ចេញមតិ និង​ការ​និយាយ​ស្រប​ច្បាប់​ឡើយ» និង​ចាត់ទុក​របាយការណ៍​នោះ​ថា ប្រមូល​ព័ត៌មាន​មិន​គ្រប់ជ្រុង​ជ្រោយ។

តំណាង​កម្ពុជា​នៅ​អង្គការ​សហ​ប្រជាជា​តិ អះអាង​ទៀត​ថា មេរោគ​កូ​វីដ១៩ គឺជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ ប៉ុន្តែ ព័ត៌មាន​ក្លែងក្លាយ​ក៏​កាច​សាហាវ​មិនចាញ់​មេរោគ​នេះ​ដែរ អាច​នឹង​នាំឱ្យមាន​ការភ័យខ្លាច បាត់បង់​សណ្តាប់​ធ្នាប់​សង្គម ហើយ​ថា​ កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ចាត់វិធានការ​ច្បាប់ ដើម្បី​ការពារ​សន្តិសុខជាតិ សណ្តាប់​ធ្នាប់​សាធារណៈ ​និង​សុខភាព​សាធារណៈ​ឡើយ។

នៅក្នុង​លិខិត​របស់​អ្នក​ជំនា​ញអង្គការសហប្រជាជាតិ​ លោកស្រី មី​សែ្សល បាស្សេ​ឡេ​ត លើកឡើង​ដែរ​ថា ការអនុវត្ត​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នៅ​ផ្នែក​ខ្លះ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អំឡុង​ពេល​មាន​វិ​បត្ដិ​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ជំរុញ​ឱ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ការគាបសង្កត់​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ។

លោកស្រី មី​សែ្សល និយាយ​ថា សម្រាប់​ប្រទេស​កម្ពុជា មនុស្ស ៣០នាក់ មាន​ទាំង​ស្ត្រី ៦នាក់ និង​ក្មេងស្រី​ម្នាក់​អាយុ ១៤ឆ្នាំ​ផង​ដែរ ត្រូវ​បាន​ចាប់ខ្លួន។

លោកស្រី​ថា ការ​ចាប់ខ្លួន​នេះ ដោយសារតែ​ការ​និយាយ​ជា​សាធារណៈ និង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​-១៩។

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់UNរូប​នេះ និយាយ​ទៀត​ថា អ្នក​ដែល​បាន​ចាប់ខ្លួន​មួយចំនួន «ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬព័ត៌មាន​ក្លែងក្លាយ ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​រៀបចំផែនការ​ប្រឆាំង​នឹង​រដ្ឋាភិបាល» ហើយ​ថា មកដល់ពេលនេះ មនុស្ស ១៤នាក់ កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​នៅឡើយ ក្នុង​នោះ ១០នាក់ ជាប់ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ប្រកាស​រំលាយ​ទៅ​ហើយ​ក្ដី។

តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រទេស​ជាង ១០ មាន​ប្រទេស នេប៉ាល់ ឥណ្ឌា ហ្វីលីពីន ថៃ និង​កម្ពុជា ជាដើម បាន​ចាត់វិធានការលើអ្នកបង្ហាញ​កង្វល់​ទាក់ទិន​នឹង​ជំងឺ​កូ​វីដ១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ