អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​UN​បារម្ភ​​ថា​ វិធាន​ការ​​ទប់​ស្កាត់​​ព័ត៌មាន​​ក្លែង​ក្លាយ​​ជំរុញ​​ឱ្យ​មាន​ការ​​ចាប់​ខ្លួន​​អ្នក​រិះ​គន់​​

បុរសម្នាក់ឈ្មោះ កូយ សំអាត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោយបង្ហោះវីឌីអូឃ្លីបតាមបណ្ដាញសង្គមហ្វេសប៊ុកអំពីការឆ្លងជំងឺកូវីត១៩។ (ហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បង្ហាញ​ការ​ព្រួយបារម្ភ​ថា វិធានការ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ជំរុញ​ឱ្យមានការ​ចាប់ខ្លួន​អ្នករិះគន់ ចោទ​ពី​បទឧក្រិដ្ឋ​រៀបចំផែនការ​ប្រឆាំង​រដ្ឋាភិបាល ដោយ​គ្រាន់តែ​ពួក​គេ​បង្ហាញ​កង្វល់​ទាន់​ទិន​នឹង​ជំងឺ​កូ​វីដ១៩។

ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោកស្រី មី​សែ្សល បាស្សេ​ឡេ​ត (Michelle Bachelet​) តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ពីទី​ក្រុង​ហ្សឺណែវ ចុះ​ថ្ងៃទី៣ ខែមិថុនា បាន​លើកឡើង​ថា ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​មាន​រួចហើយ​នូវ​ច្បាប់​គ្រប់គ្រង ដែលគេ​ហៅថា «ព័ត៌មាន​មិន​ពិត»«ព័ត៌មាន​ក្លែងក្លាយ»

លោកស្រី មី​សែ្សល បាស្សេ​ឡេ​ត បន្ត​ថា ការអនុវត្ត​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយនៅ​ផ្នែក​ខ្លះ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អំឡុង​ពេល​មាន​វិ​បត្ដិ​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ជំរុញ​ឱ្យមានការ​ព្រួយបារម្ភ​ចំពោះ​ការគាបសង្កត់​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ។

លោកស្រី មី​សែ្សល និយាយ​ថា សម្រាប់​ប្រទេស​កម្ពុជា មនុស្ស ៣០នាក់ មាន​ទាំង​ស្ត្រី ៦នាក់ និង​ក្មេងស្រី​ម្នាក់​អាយុ ១៤ឆ្នាំ​ផង​ដែរ ត្រូវ​បាន​ចាប់ខ្លួន។ លោកស្រី​ថា ការ​ចាប់ខ្លួន​នេះ ដោយសារតែ​ការ​និយាយ​ជា​សាធារណៈ និង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ទាក់ទង​នឹង​ជំងឺ​កូ​វីដ-១៩។

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់UNរូបនេះ និយាយ​ទៀត​ថា អ្នក​ដែល​បាន​ចាប់ខ្លួន​មួយចំនួន «ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬព័ត៌មាន​ក្លែងក្លាយ ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​រៀបចំផែនការ​ប្រឆាំង​នឹង​រដ្ឋាភិបាល» ហើយ​ថា មកដល់ពេលនេះ មនុស្ស ១៤នាក់ កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​នៅឡើយ ក្នុង​នោះ ១០នាក់ ជាប់ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ប្រកាស​រំលាយ​ទៅ​ហើយ​ក្ដី។

លោកស្រី មី​ស្សែល ថ្លែង​ទៀត​ថា៖ «ឧត្តម​ស្នងការ​បាន​ទទួលស្គាល់​ពី​ភាព​ចាំបាច់ក្នុង​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ឬព័ត៌មាន​មិន​ពិត​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ ឬការ​ញុះញង់​ឱ្យ​មានការ​ខឹង​ស្អប់​ចំពោះ​ក្រុម​ជនជាតិ​ភាគ​តិច​ផ្សេង​ៗ។ ប៉ុន្តែ​ថា ការ​នេះ​មិន​គួរ​បណ្តាល​ឱ្យ​មានការ​រឹតត្បិត​លើ​ការ​បញ្ចេញមតិ​ផ្ទាល់ខ្លួន​ដោយមាន​បំណង ឬដោយ​អចេតនា ដែល​ធ្វើ​ឱ្យ​បាត់បង់​ការ​ជឿ​ទុកចិត្ត​ឡើយ»។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ប្រទេស​ជាង ១០ មាន​ដូចជា នេប៉ាល់ ឥណ្ឌា ហ្វីលីពីន ថៃ និង​កម្ពុជា ជាដើម ​ត្រូវ​បាន​រក​ឃើញថា បានចាត់វិធានការ​ចាប់​ឃុំខ្លួនអ្នកបង្ហាញ​កង្វល់​ទាក់ទិន​នឹង​ជំងឺ​កូ​វីដ១៩។

ទោះជាយ៉ាងណា កម្ពុជា​មិនទាន់​មានច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ទេ ប៉ុន្តែ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពីធី​ជួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​អំឡុង​ខែ​មក​រា​ឆ្នាំនេះ បាន​បញ្ជាក់​ជាថ្មី​ថា រដ្ឋាភិបាល​កំពុង​ពិចារណា​បង្កើត​ច្បាប់​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន បាន​ច្រានចោល​របាយការណ៍​នេះ ដោយ​អះអាង​ថា មិនបាន​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​នៅ​កម្ពុជា​ទេ។

លោក កត្តា អ៊ន មានប្រសាសន៍​ថា៖ «បើ​យើង​ពិនិត្យ​ពី​ទិដ្ឋភាព​ជាក់ស្តែង​នៅ​កម្ពុជា រាជរដ្ឋាភិបាល​ពិតមែន​យើង​ត្រូវតែ​ពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បី​ធានា​ប្រយោជន៍​សាធារណៈ។ អ៊ីចឹង​រាល់​ការ​ឃាត់ខ្លួន ឬរាល់​ការ​បំពេញ​នីតិវិធី​តាម​បណ្តឹង​តុលាការ​ដើម្បី​ប្រឆាំង​ជនល្មើស ដូច្នេះហើយ​ការអនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ជនល្មើស​ វា​ជា​រឿង​គោរព​សិទ្ធិមនុស្ស»។

នាយករង​អង្គការ​លី​កាដ​ូ លោក អំ សំអាត និយាយ​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ដែ​លប្រ​សូត​ចេញពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ធានា​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ។ លោក​បន្ត​ថា វិធានការ​ទាំងឡាយ​ណា​បង្ក​ការ​គំរាមកំហែង​ដល់​ការ​បញ្ចេញមតិ​ ជា​ការអនុវត្ត​ផ្ទុយពី​ច្បាប់​កំពូល​របស់​ជាតិ។

លោក អំ សំអាត ប្រាប់​ថា៖ «ការរិះគន់​ដើម្បី​ស្ថាបនា ​ជា​រឿង​ចាំបាច់​សម្រាប់​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ ក៏ដូចជា​ការ​បញ្ចេញ​នូវ​កង្វល់ ដើម្បី​ស្នើ​ឱ្យអ្វី​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ វា​ជា​រឿង​សំខាន់»។

ធនាគារពិភពលោក​ កាលពី​សប្តាហ៍​មុន បាន​ចេញ​របាយការណ៍​វាយតម្លៃ​ថា ការ​រាតត្បាត​នៃ​មេរោគ​កូ​វីដ១៩ បង្ក​ផល​ប៉ះពាល់​ដល់​វិស័យ​ការងារ​ដល់ទៅ​ជិត ៤០ភាគរយ ប៉ះពាល់​ការងារ​យ៉ាងតិច ១.៧៦លាន​កន្លែង។

ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ២០២០នេះ ស្ថិតនៅ​ចន្លោះ​ដក ១ភាគរយ ទៅ​ដក ២.៩ភាគរយ ដែល​នឹង​ជំរុញ​ឱ្យអត្រា​ភាព​ក្រីក្រ​ក្នុងចំណោម​ពលរដ្ឋ​កម្ពុជា អាច​កើនឡើង​លើស​ពី​បន្ទាត់​ភាព​ក្រក្រី​ចន្លោះ​ពី ៣ ទៅ ១១ភាគរយ នៅក្នុងចំណោម​គ្រួសារ​ពលរដ្ឋ​កម្ពុជា។

ទោះជាយ៉ាងណា អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ផ្តល់​ជា​អនុសាសន៍​ថា ភាព​ចម្រុះ​បែប​នៃ​ទស្សនៈ នឹង​ជំរុញ​ឱ្យ​មានការ​យល់ដឹង​កាន់តែ​ច្រើន​ថែមទៀត​អំពី​បញ្ហា​ប្រឈម​ផ្សេង​ៗ រក​ឃើញ​ឫសគល់​នៃ​បញ្ហា និង​ការ​អនុ​វត្ត​ល្អ​ៗដែល​ចាំបាច់ ដើម្បី​ជម្នះ​ផល​ប៉ះពាល់​ខាងសេដ្ឋកិច្ច​សង្គម​រយៈពេល​វែង និង​ផល​ប៉ះពាល់​ដទៃផ្សេង​ទៀត។ ការ​ជជែក​ដេញដោល​នេះ​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​ទាំងឡាយ​ក្នុង​ការ​កសាង​ស្តារ​ឡើងវិញ បន្ទាប់ពី​មាន​វិបត្តិ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ