កម្មករ​​រោង​ចក្រ​​មួយ​​នៅ​​ក្រុង​​តា​ខ្មៅ​​ព្រមាន​​លក់​​សម្ភារ​​ឡាយ​ឡុង​ បន្ទាប់​ពី​​ថៅកែ​​ខក​ខាន​​ផ្តល់​​ប្រាក់​សំណង​​ជូន​​ពួក​​គេ​​

រោងចក្រ Dignity ក្នុងសង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ហ៊ុន សិរីវឌ្ឍន៍/ ០១ ឧសភា ២០២០)

កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ ឌី​កនើ​ធី នី​តធើរ លីមីត​ធី​ត (Dignity Knitter Limited​) ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បាន​ព្រមាន​លក់​ឡាយឡុ​ងនូវ​សម្ភារ​របស់​ក្រុមហ៊ុន ដើម្បី​យក​លុយ​ដោះស្រាយ​សំណង​ជូន​ពួក​គេ បន្ទាប់ពី​ថៅកែ​រោងចក្រ​មួយ​នេះ មិនបាន​ទូទាត់​តាម​កិច្ច​ព្រមព្រៀង។

កម្មករ​រោងចក្រ ឌី​កនើ​ធី នី​តធើរ បាន​នាំគ្នា​ដេក​យាម​មុខ​រោងចក្រ​ចាប់តាំងពី​ពាក់កណ្តាល​ខែកុម្ភៈ​រហូតមកដល់​ថ្ងៃនេះ ពោល​គឺ​រយៈពេល ៥ខែ​ហើយ ដើម្បី​ទប់ស្កាត់​មិន​ឱ្យមានការ​ដឹក​សម្ភារ​ចេញ ខណៈ​ថៅកែ​រោងចក្រ​មួយ​នេះ​មិន​បើកប្រាក់​ឈ្នួល​ជូន​កម្មករ។

តង់ខាងមុខរោងចក្រ Dignity ក្នុងសង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលកម្មកររោងចក្រយាមពេលថ្ងៃ និងសម្រាកនៅពេលយប់។ (ហ៊ុន សិរីវឌ្ឍន៍/ ០១ ឧសភា ២០២០)

រោងចក្រ ឌី​កនើ​ធី នី​តធើរ ដែល​មានកម្ម​ករ​ជាង ១ពាន់​នាក់ បាន​ប្រកាស​បិទទ្វារ​រោងចក្រ​របស់​ខ្លួន​កាលពី​ថ្ងៃទី៧ ខែមេសា ដោយ​ពុំ​មានការ​ជូនដំណឹង និង​ដោះស្រាយ​សំណង​ជូន​កម្មករ​នោះ​ទេ ខណៈ​ប្រាក់ឈ្នួល​របស់​កម្មករ​នៅ​រោងចក្រ​នេះ បាន​បើក​ឱ្យ​រអាក់រអួល​តាំងពី​ចុងខែ​ធ្នូ ឆ្នាំ២០១៩។

លោក ចិក ប៊ុ​នសាន អនុប្រធាន​សហជីព​ស៊ី​ខៅ​ឌូ​ប្រចាំ​រោងចក្រ ឌី​កនើ​ធី នី​តធើរ ប្រាប់​វី​អូ​ឌី​ថា ក្រោយ​ថៅកែ​ប្រកាស​បិទទ្វារ​រោងចក្រ​ជា​ផ្លូវការ គឺ​នៅ​ថ្ងៃទី១៧ ខែមេសា ក្រសួងការងារ​បាន​ហៅ​តំណាង​កម្មករ និង​តំណាង​រោងចក្រ​ទៅ​ដោះស្រាយ​សំណង។

លោក ចិក ប៊ុ​នសាន បន្ត​ថា កាលនោះ ភាគី​រោងចក្រ​បាន​ព្រមព្រៀង​ទូទាត់​លុយ និង​អត្ថ​ប្រយោជន៍​ជូន​កម្មករ​ចំនួន ៤ចំណុច មាន​ប្រាក់ខែ​ចុងក្រោយ ប្រាក់បំណាច់​ឆ្នាំ ប្រាក់​រំលឹក​អតីតភាព​ការងារ និង​ប្រាក់​ជូនដំណឹង ដោយ​សន្យា​បើកឱ្យ​កម្មករ​នៅ​ថ្ងៃទី៣០ ខែឧសភា ប៉ុន្តែ ដល់ថ្ងៃកំណត់ហើយ​ ខាង​ក្រុមហ៊ុន​មិនបាន​បើកលុយឱ្យកម្មករ​ឡើយ។

អនុប្រធាន​សហជីព​រូប​នេះ ឱ្យដឹង​ថា ក្រោយ​ក្រុមហ៊ុន​ខក​ខន​មិនបាន​បើកប្រាក់​សំណង​ជូន​កម្មករ​តាម​ការកំណត់ គឺ​កា​លពីម្សិញ​មិញ​នេះ ក្រសួងការងារ​បាន​ហៅ​តំណាង​កម្មករ និង​តំណាង​រោងចក្រ​ទៅ​ដោះស្រាយ​ម្តង​ទៀត។ លោក​ថា ក្នុង​ពេល​ជួប​ចរ​ចា​រក​ដំណោះស្រាយ​នោះ គឺ​ភាគី​រោងចក្រ​សុំ​ពិនិត្យ​បញ្ជី​ឈ្មោះ​កម្មករ និង​សុំ​គណនា​ចំនួន​លុយ​សំណង​កម្មករ​ម្តង​ទៀត ហើយ​បាន​សន្យា​ជូនដំណឹង​ពី​ការ​បើកប្រាក់​សំណង​ជូន​កម្មករ​នៅ​ថ្ងៃទី១២ ខែមិថុនា​នេះ។

លោក ចិក ប៊ុ​នសាន ព្រមាន​ថា ប្រសិនបើ​ថៅកែ​នៅតែ​បន្ត​ពន្យា​រពេល​បើកប្រាក់​សំណង​ជូន​កម្មករ​ទៀត គឺ​ក្រុម​កម្មករ​នឹង​សម្រេច​លក់​សម្ភារ​របស់​ក្រុមហ៊ុន ដើម្បី​យក​លុយ​នោះ​ដោះស្រាយ​សំណង​របស់​ពួក​គេ ដោយ​ថា ក្រុម​កម្មករ​មិន​អាច​រង់ចាំ​យូរ​ទៀត​បាន​ឡើយ។

លោក​ប្រាប់​ថា៖ «នៅ​ថ្ងៃទី១២ហ្នឹង ទោះ​ក្រុមហ៊ុន​ជូនដំណឹង ឬមិន​ជូនដំណឹង គឺ​ពួក​ខ្ញុំ​ឈប់​និយាយ​ជាមួយ​ក្រុមហ៊ុន​ហើយ គឺ​យើង​បង្កើត​គណៈកម្មការ​មួយ​ជាមួយ​ក្រសួងការងារ ដោយ​យើង​សម្រេច​លក់​អីវ៉ាន់​របស់​ក្រុម​ហ៊ុន​ឡាយឡុង បាន​ប៉ុន្មានគឺ​យើង​គិត​​ឱ្យកម្មករ​ប៉ុណ្ណឹង ​ព្រោះ​កម្មករ​គាត់​រង់ចាំ​យូរហើយ ហើយ​អន្ទះ​សារ​ខ្លាំង​ណាស់ ដោយសារ​ពួក​គាត់​អត់​លុយ​បង់​ធនាគារ គាត់​ខ្វះខាត​ក្នុង​ជីវភាព​ ដោយសារ​គាត់​អត់​បាន​ទៅ​រកលុយ រក​ការងារ​ធ្វើ​ ដោយសារ​គាត់​រវល់​ដេក​យាម​មុខ​រោងចក្រ»។

វី​អូ​ឌី​បាន​ព្យាយាម​ទាក់ទង​ទៅ​ភាគី​ថៅកែ​រោងចក្រ ឌី​កនើ​ធី នី​តធើរ ទៅតាម​លេខទូរសព្ទ​ដែល​ត្រូវ​បាន​ភ្ជាប់​ក្នុង​បញ្ជី​ការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​​កម្ពុជា ប៉ុន្តែ អ្នកប្រើ​ប្រាស់​លេខទូរសព្ទ​ទាំងនោះ ប្រាប់​ថា ពួក​គេ​មិនមែន​ជា​តំណាង​ភាគី​ថៅកែ​រោងចក្រ​នេះ​ឡើយ។

វី​អូ​ឌី​បាន​ទាក់ទង​តាម​លេខទូរសព្ទ​មួយ​ខ្សែ​ទៀត ហើយ​បុរស​ម្នាក់​ប្រាប់​ថា លោក​ឈ្មោះ លីម ផេង​សាន ហើយ​ប្រាប់​ថា ជា​ម្ចាស់​អគារ និង​ទីតាំង​រោងចក្រ ឌី​កនើ​ធី នី​តធើរ។ លោក ផេង​សាន បានឱ្យ​ដឹង​បន្ថែម​ថា លោក​ក៏​កំពុង​ស្វែងរក​ថៅកែ​រោងចក្រ​នេះ​ផង​ដែរ ដោយ​ថា ​ថៅកែ​រោងចក្រ​ជំពាក់​ថ្លៃឈ្នួល​ជួល​អគារ និង​ទីតាំង​របស់​លោក​អស់​រយៈពេល ៣ខែ​មក​ហើយ។

វី​អូ​ឌី​បាន​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួងការងារ លោក ហេង សួរ តាម​ប្រព័ន្ធ​តេឡេក្រាម​ដែរ ប៉ុន្តែ លោក​មិន​ឆ្លើយ។

ចំណែក​អនុប្រធាន​ផ្នែក​អន្តរាគមន៍ និង​ដោះស្រាយ​បាតុកម្ម​កូដកម្ម​គ្រប់មុខ​សញ្ញា នៃ​ក្រសួងការងារ លោក អ៊ូ រតនា ដែល​កាន់​សំណុំរឿង​នេះ សុំ​មិន​ឆ្លើយតប​ទេ ដោយ​លោក​ថា កំពុងរវល់​ដោះស្រាយ​វិវាទ​ការងារ​កម្មករ​នៅ​ផ្លូវជាតិ​លេខ៣។

ប្រធាន​សម័្ពន្ធ​សហជីព​ស៊ី​ខៅ​ឌូ លោក គង់ អាទិត្យ ប្រាប់​ថា ករណី​រោងចក្រ ឌី​កនើ​ធី នី​តធើរ នេះ គឺជា​កំហុស​ធ្ងន់ធ្ងរ​មួយ​របស់​ថៅកែ លោក​ថា ការ​មិន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ពីសំណាក់ថៅកែ​រោងចក្រនេះ គឺ​បាន​ធ្វើឱ្យកម្មករ​បន្ត​រង​ទុក​្ខលំបាក។

បើ​តាម​លោក គង់ អាទិត្យ សម្ភារ​ក្នុង​រោងចក្រ ឌី​កនើ​ធី នី​តធើរ នៅសល់​ច្រើន ដែល​លោក​ប៉ាន់ប្រមាណ​ថា សម្ភារ​ទាំងនោះ​បើ​លក់​ទៅ​ អាច​ទទួល​បាន​កម្រៃ​គ្រប់ ឬក៏​លើស​ប្រាក់សំណង​ដែល​ថៅកែ​ជំពាក់​កម្មករ។

ប្រធាន​សម័្ពន្ធ​សហជីព​ស៊ី​ខៅ​ឌូ​រូប​នេះ អះអាង​ថា ក្នុង​កិច្ច​ប្រជុំរវាង​តំណាង​កម្មករ តំណាង​រោងចក្រ និង​តំណាង​ក្រសួង​ កាលពី​ម្សិលមិញ គឺ​តំណាង​កម្មករ​បាន​ស្នើ​ទៅ​ក្រសួង​ការ​ងារជួយ​សម្របសម្រួល​លក់​ឡាយ​ឡុង​សម្ភារ​ក្នុង​រោងចក្រ ប្រសិនបើ​ថៅកែ​នៅ​បន្ត​ពន្យារ​បើកលុយឱ្យពួក​គេ។

លោក​បន្ថែម​ថា៖ «អ្វី​ដែល​យើង​បាន​សំ​ណូម​ពរ​ទៅ​ក្រសួងការងារ​ហ្នឹង គឺ​ក្រសួង​បាន​ដាក់​ក្នុង​កំណត់ហេតុ​ហើយ​ ថាលើក​នេះ​ជា​លើក​ចុងក្រោយ​ហើយ បើសិន​ថៅកែ​អត់បើ​កលុយ​ឱ្យទៀត គឺ​កម្មករ​សុំ​ឱ្យនិយោ​ជកហ្នឹង​ប្រ​គល់​សិទ្ធិ​ឱ្យកម្មករ​ ដើម្បី​លក់​ឡាុយឡុង​សម្ភារ​របស់​ក្រុមហ៊ុន។ ហើយ​ក្រសួង ​គេ​ក៏​បាន​សរសេ​រក្នុង​កំណត់​ហេតុហ្នឹង​ដែរ​ថា លែង​មាន​ការ​ពន្យា​រពេល​អី​ឱ្យ​ទៀត​ដែរ នេះ​ជា​លើក​ចុងក្រោយ​ហើយ។ អ៊ីចឹង​ មើលទៅ ​ក្រសួង​គេ​ហាក់​មាន​ទិ​ន្នា​ការ​ស្រដៀង​យើង​ដែរ គេ​ចង់​បញ្ចប់រឿង​ហ្នឹង​ដែរ»។

មន្រ្តី​ដោះស្រាយ​វិវាទ​នៅ​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ លោក ស៊ាង យ៉ូ​ត ដែល​សម្របសម្រួល​ដោះស្រាយ​វិវាទ​ការ ឌី​កនើ​ធី នី​តធើរ ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃទី១០ ខែមេសា ​ថា រោងចក្រ ឌី​កនើ​ធី នី​តធើរ មានកម្ម​ករ​សរុប ១០៤៩នាក់ ហើយ​ថៅកែ​រោងចក្រ​នេះ ជំពាក់​សំណង​កម្មករ​តាមផ្លូវ​ច្បាប់​ប្រហែល ១លាន ៥៩ម៉ឺន ៩ពាន់​ដុល្លារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ