កម្ពុជា​​ហៅ​​ឯក​អគ្គ​​រដ្ឋ​ទូត​​វៀត​ណាម​​មក​​សួរ​​រឿង​​បោះ​តង់​​នៅ​​តំបន់​​មិន​ទាន់​​ឯក​ភាព​​គ្នា​​ក្នុង​​ខេត្ត​កណ្តាល​

(ឆ្វេង) កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីស្នងការនគរបាល​ខេត្ត​កណ្ដាល បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ស្ថិតនៅ​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល ដោយឃើញតង់មួយចំនួនដែល​ទាហាន​វៀតណាមសាងសង់​នៅ​តំបន់​ភាគី​កម្ពុជា​-វៀតណាម​មិនទាន់​ឯកភាព​គ្នា និង (ស្ដាំ) ឯកអគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ លោក Vu Quang Minh។ (ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និង ស្ថានទូតវៀតណាមប្រចាំកម្ពុជា)

​ក្រសួង​ការបរទេស​កម្ពុជា បាន​កោះហៅ​ឯកអគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា មក​បំភ្លឺ​ពាក់ព័ន្ធ​នឹង​រឿង​យោធា​វៀតណាមបោះតង់​ចំនួន ៣១កន្លែងនៅ​តំបន់​ព្រំដែន​មិនទាន់​ឯកភាព​គ្នា ស្ថិតនៅ​ក្នុង​ខេត្តកណ្តាល។

ការ​ហៅ​មក​បំភ្លឺ​នេះ ធ្វើឡើង​បន្ទាប់​ភាគី​កម្ពុជា​ផ្ញើ​កំណត់​ទូត​ទៅ​វៀតណាម​កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដោយ​ស្នើ​ឱ្យ​វៀតណាម​រុះរើ​តង់​ឱ្យ​បាន​ឆាប់ ​ចេញពី​តំបន់​មិនទាន់​ឯកភាព​គ្នា​ស្ថិត​ក្នុង​ស្រុកលើ​កដែក និង​ស្រុក​កោះធំ ខេត្តកណ្តាល។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃម្សិលមិញ​នេះ ក្រសួង​ការបរទេស​កម្ពុជា ឱ្យ​ដឹង​ថា ក្រសួង​បាន​កោះហៅ​ឯកអគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ លោក Vu Quang Minh មក​សាកសួរ​ពាក់ព័ន្ធ​នឹង​រឿង​យោធា​វៀតណាម​បោះតង់​ចំនួន ៣១កន្លែងនៅ​តំបន់​ព្រំដែន​មិនទាន់​ឯកភាព​គ្នា ស្ថិតនៅ​ខេត្តកណ្តាល។ 

ក្រៅពី​ការ​សួរនាំ​នោះ ក្រសួង​ថា កម្ពុជា​បាន​ស្នើ​ទៅ​អគ្គរដ្ឋទូត​វៀតណាម​រុះរើ​តង់​ឱ្យ​បាន​ឆាប់ ហើយ​បន្ត​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ រហូតដល់​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដោះស្រាយ​កំណត់​ខ្សែ​ព្រំដែន​ជាក់លាក់​ជាស្ថាពរ ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ប្រកបដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិ​ការ និង​ការ​អភិវឌ្ឍ​ជា​ប្រយោជន៍​រួម​សម្រាប់ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ យោធា​វៀតណាម​បាន​បោះតង់​ចំនួន ៣១កន្លែងនៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-វៀតណាម ស្ថិត​ក្នុង​ស្រុកលើ​កដែក និង​ស្រុក​កោះធំ ខេត្តកណ្តាល ទល់នឹង​ខេត្ត​អាន​យ៉ាង ប្រទេស​វៀតណាម ក្រោម​ហេតុផល​ថា ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ១៩ តាម​ច្រករបៀង​ព្រំដែន។

ប៉ុន្តែ ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ អះអាង​ថា តង់ ៣១កន្លែង ដែល​ភាគី​វៀតណាម​បាន​បោះ​នោះ វៀតណាម​ទើប​រុះ​រើបាន ៩កន្លែង​ប៉ុណ្ណោះ នៅសល់ ២២កន្លែង​ទៀត មិនទាន់​បាន​រុះ​រើនៅឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ