ក្រុម​​យុវជន​​សម្រេច​​ដើរ​​ពី​​ខេត្ត​កោះកុង​​មក​​ភ្នំពេញ​​ដើម្បី​​ដា​ក់​ញ្ញ​ត្តិ​​ជូន​​រដ្ឋា​ភិបាល​ បន្ទាប់​ពី​​អាជ្ញាធរ​​ខេត្ត​​នេះ​​ចាប់​​យក​​កង់​​ពួក​​គាត់​

​អាជ្ញាធរខេត្តកោះកុង ហាមឃាត់ និង​ចាប់​យក​កង់​របស់​ក្រុម​យុវជន​ដែល​ជា​មធ្យោបាយ​ធ្វើដំណើរ​ពី​ខេត្ត​នេះ​ឡើង​មក​ភ្នំពេញ ដើម្បី​យក​ញ្ញ​ត្តិ​មក​ដាក់​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឱ្យ​ដាក់​តំបន់​កោះកុង​ក្រៅ ជា​តំបន់​អភិរក្ស​ធម្មជាតិ ឬតំបន់​ឧទ្យានជាតិ​សមុទ្រ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។ (អាឡិច ហ្គន់សាឡេស ដេវិតសុន)

ក្រុម​យុវជន​បាន​លើកឡើង​ថា អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តកោះកុង បង្ហាញ​រូបភាព​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ហើយ​បាន​ដើរ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ច្បាប់ ដែល​ផ្តល់​សេរីភាព​ជូន​ពលរដ្ឋ​គ្រប់រូប​ក្នុង​ការចូលរួម​ថែរក្សា​ធនធាន​ធម្មជាតិ។

ការ​លើកឡើង​នេះ ក្រោយពេល​អាជ្ញាធរ​ខេត្តកោះកុង បាន​ហាមឃាត់ និង​ចាប់​យក​កង់​របស់​ក្រុម​យុវជន​ដែល​ជា​មធ្យោបាយ​ធ្វើដំណើរ​ ដោយ​ជិះកង់​ពី​ខេត្ត​នេះ​ឡើង​មក​ភ្នំពេញ ដើម្បី​យក​ញ្ញ​ត្តិ​មក​ដាក់​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឱ្យ​ដាក់​តំបន់​កោះកុង​ក្រៅ ជា​តំបន់​អភិរក្ស​ធម្មជាតិ ឬតំបន់​ឧទ្យានជាតិ​សមុទ្រ។

​អាជ្ញាធរខេត្តកោះកុង ហាមឃាត់ និង​ចាប់​យក​កង់​របស់​ក្រុម​យុវជន​ដែល​ជា​មធ្យោបាយ​ធ្វើដំណើរ​ពី​ខេត្ត​នេះ​ឡើង​មក​ភ្នំពេញ ដើម្បី​យក​ញ្ញ​ត្តិ​មក​ដាក់​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឱ្យ​ដាក់​តំបន់​កោះកុង​ក្រៅ ជា​តំបន់​អភិរក្ស​ធម្មជាតិ ឬតំបន់​ឧទ្យានជាតិ​សមុទ្រ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។ (អាឡិច ហ្គន់សាឡេស ដេវិតសុន)

អ្នកសម្របសម្រួល​យុទ្ធនាការ​ជិះកង់​ម្នាក់ កញ្ញា រ៉ី រក្សា ប្រាប់ VOD នៅ​ថ្ងៃពុធ​នេះ​ថា យុទ្ធនាការ​ជិះកង់​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដាក់​តំបន់​កោះកុង​ក្រៅ​ជា​តំបន់​អភិរក្ស​ធម្មជាតិ​សមុទ្រ​ជា​ផ្លូវការ ត្រូវ​បាន​អាក់ខាន ដោយសារ​អាជ្ញាធរ​ហាមឃាត់ និង​ចាប់​យក​កង់​របស់​ពួក​គាត់​ចំនួន ១០គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​កោះកុង។ 

លើស​ពីនេះ​ កញ្ញា​ថា អាជ្ញាធរ​តម្រូវ​ឱ្យ​ក្រុម​យុវជន​ចូល​ជួប​ក្នុង​បន្ទប់​ម្នា​ក់​ម្តង​ៗ ព្រមទាំង​បង្ខំ​ឱ្យ​ផ្តិត​មេដៃ​លើ​កំណត់ហេតុ​របស់​អាជ្ញាធរ​ទៀតផង ប៉ុន្តែ​ ក្រុម​យុវជន​បដិសេធ។ 

យុវតី​រូប​នេះ អះអាង​ថា បើ​ទោះបីជា​អាជ្ញាធរ​ចាប់​យក​កង់​របស់​ពួក​គាត់​ក៏ដោយ ប៉ុន្តែ​ ពួក​គាត់​នៅតែ​បន្ត​យក​ញ្ញ​ត្តិ​មក​ដាក់​ជូន​រដ្ឋាភិបាល​នៅ​ភ្នំពេញ​ដដែល ដោយ​គ្រាន់តែ​ប្តូរ​ពី​ការ​ជិះកង់ មក​ជា​ការ​ធ្វើដំណើរ​ដោយ​ថ្មើ​រជើង​វិញ។ 

កញ្ញា រ៉ី រក្សា បន្ត​ថា៖ «សកម្មភាព​ធ្វើ​របស់​អាជ្ញាធរ​ ហាក់ដូចជា​ហួសហេតុ​ខ្លាំង​មែនទែន​មក​លើ​ក្រុម​យុវជន​ពួក​យើង។ ទោះបីជា​ពួក​យើង​គិតថា ​ទាំងអស់​ហ្នឹង​វា​ជា​បញ្ហា​ប្រឈម​របស់​ពួក​យើង​ក៏​ពិតមែន ប៉ុន្តែ ​ពួក​យើង​នៅតែ​បន្ត​គោលដៅ​របស់​ពួក​យើង​ គឺ​ការ​ដា​ក់ញ្ញ​ត្តិ​សង្គ្រោះកោះកុង​ក្រៅ។ ដើររហូត ហើយ​យើង​នឹង​ដើររហូត​ប្រសិនបើជា​អត់​កង់ តែបើ​សិន​ជា​អាជ្ញាធរ​ថា ឱ្យ​កង់​វិញ ​អូខេ! ដោយ​យើង​នឹង​មាន​ក្រុម​របស់​ពួក​យើង​ នឹង​ឡើង​មក​យក​កង់ ហើយ​អ្នក​ដែល​សេសសល់​ នឹង​ដើររហូត»។ 

ប្រភព​ដដែល​បន្ត​ថា យុទ្ធនាការ​ជិះកង់​នេះ មាន​យុវជន​ជិត ២០នាក់ គ្រោង​ធ្វើ​រយៈពេល ៤ថ្ងៃ ចាប់ពី​ថ្ងៃទី២ ខែមិថុនា ដល់​ថ្ងៃទី៥ ខែមិថុនា ដោយ​ចេញដំណើរ​ពីទី​រួម​ខេត្តកោះកុង ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ។ 

យ៉ាងនេះ​ក្តី រ៉ី រក្សា បញ្ជាក់​ថា​ ក្នុង​ការ​ធ្វើដំណើរ​ចេញពី​ទីរួមខេត្ត​កោះកុង​ប្រមាណ ៥០គីឡូម៉ែត្រ​ម្សិលមិញ​នោះ ពុំ​មានការ​រំខាន​ពីសំណាក់​សមត្ថកិច្ច​នោះ​ឡើយ។

មាន​វ័យ ២១ឆ្នាំ យុវជន សួន ចំរើន ហៅ​សកម្មភាព​របស់​អាជ្ញាធរ​ខេត្តកោះកុង​នេះ​ថា​ ជា​ការ​គំរាមកំហែង​ដល់​ក្រុម​យុវជន ក្រោម​លេស​ពិនិត្យ​សុខភាពការពារកូវីដ១៩ ដើម្បី​ផ្អាក​យុទ្ធនាការ​សង្គ្រោះកោះកុង​ក្រៅ​របស់​យុវជន​តែម្តង។

លោក​បន្ត​ថា៖ «តាមពិនិត្យ​ទៅ ​ឃើញថា ​មាន​លក្ខណៈ​គំរាមកំហែង​មែនទែន គឺ​បិទផ្លូវ​របស់​ពួក​យើង ផ្អាក​ការ​ធ្វើដំណើរ​របស់​ពួក​យើង»។ 

អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង លោក សុខ សុទ្ធី មានប្រសាសន៍​ថា មូលហេតុ​ដែល​អាជ្ញាធរ​ហាមឃាត់ និង​ចាប់​យក​កង់​របស់​ក្រុម​យុវជន​រក្សាទុក ដោយសារ​សកម្មភាព​របស់​ពួក​គេ​ធ្វើឡើង​ដោយ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ។ 

លើស​ពីនេះ លោក​ថា ដើម្បី​បង្ការ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ ដោយ​ត្រូវ​ពិនិត្យ​សុខភាព​របស់​ពួក​គាត់​ជាមុន​ ស្របតាម​ការណែនាំ​របស់​រដ្ឋាភិបាល ហើយក៏​ដោយសារ​ក្រុម​យុវជន​មិនព្រម​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​ធ្វើ​កំណត់ហេតុ​អំពី​សកម្មភាព​របស់​ពួក​គេ​ផង​ដែរ។ 

លោក សុខ សុទ្ធី មានប្រសាសន៍​ថា៖ «បាទ​! កង់​របស់​គាត់​នៅតែ​រក្សាទុក​ដដែល​នៅ​អធិការ​នគរបាល​ស្រុក ​[ស្រុក​កោះកុង​] លុះត្រាតែ​មានការ​ណែនាំ​ថ្មី ឬក៏​មានការ​សម្រេច​ជាថ្មី​ណាមួយ ព្រោះអី​យើង​បាន​សុំ​ការ​អធ្យាស្រ័យ​ពី​គាត់​តាំងពី​ម៉ោង ៥កន្លះ រហូតដល់​ម៉ោង ១១កន្លះ​ថ្ងៃ។ គាត់​ជា​អ្នក​ចចេស​រឹងរូស គឺ​បោ​លបំ​បុក​ខាង​សមត្ថកិច្ច គឺ​អូន​ឯង​មើលក្នុង​ឡាយ​ឃើញ​ហើយ។ យើង​ខំប្រឹង​សំពះ​គាត់​ម៉េច​អី​ម៉េច ដើម្បី​ឱ្យ​គាត់​ចូល​មក​ធ្វើ​កំណត់ហេតុ ​តែ​គាត់​អត់​ព្រម​ទេ»។ 

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់​វី​អូ​ឌីតា​មប្រព័ន្ធ​តេឡេក្រាម​ថា ការ​ធ្វើ​យុទ្ធនាការ​ណាមួយ​ជា​សិទ្ធិ​របស់​ពួក​គាត់ ហើយ​ក្រសួង​គាំទ្រ​សកម្មភាព​ទាំងឡាយ​ដែល​ស្របច្បាប់​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា ទោះបីជា​ក្រុម​យុវជន​ទាំងនោះ​មិន​ធ្វើ​យុទ្ធនាការ​ណាមួយ​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា ​តាមរយៈ​ក្រសួងបរិស្ថាន​ បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ រៀបចំ​ឯកសារ​ និង​ទិន្នន័យ​ទាក់ទង​នឹង​តំបន់​កោះកុង​ក្រៅ​តាំងពី​បី​ឆ្នាំមុន​មក​ហើយ ដើម្បី​គ្រោង​ដាក់​តំបន់​កោះកុង​ក្រៅ​នេះ​ជា​ឧទ្យានជាតិ​សមុទ្រ​ ដោយ​ថា ​តំបន់​នោះ​សម្បូ​រ​ដោយសក្តានុពល​ផ្នែក​ធនធាន​ធម្មជាតិ​ និង​ជីវៈ​ចម្រុះ និង​មាន​ឆ្នេរខ្សាច់​ល្អស្អាត។

លោក នេត្រ ភក្ត្រា សរសេរ​ទៀត​ថា៖ «ក្រសួងបរិស្ថាន​បាន​រក​ឃើញថា នៅ​តំបន់​កោះកុង​ក្រៅ​នោះ​ជា​ជម្រក​សត្វ​សមុទ្រ​ប្រភេទ​ជិត​ផុតពូជ​មួយចំនួន​ ដូចជា ​សត្វ​ផ្សោត​សមុទ្រ​ ហើយ​តំបន់​នេះ​គឺ​ក្រសួងបរិស្ថាន​នឹង​រៀបចំ​ជារ​បៀង​អភិរក្ស​ជីវៈចម្រុះ​សមុទ្រ​ ដែល​តភ្ជាប់​តំបន់​ដែនជម្រកសត្វព្រៃ​ពាមក្រសោប ដែនជម្រកសត្វព្រៃ​តា​តៃ និង​ភ្ជាប់​ទៅក្នុង​តំបន់​អភិរក្ស​តំបន់​ផ្សេងទៀត​ក្នុង​ឈូងសមុទ្រ​ថៃ»។ 

ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា ដែល​បាន​ចូលរួម​យុទ្ធនាការ​ជិះកង់​របស់​ក្រុម​យុវជន​នៅ​ថ្ងៃ​ដំបូង លោក រ៉ុង ឈុន មានប្រសាសន៍​ថា ជា​រឿង​សោក​ស្តាយ​នៅពេល​អាជ្ញាធរ​ខេត្តកោះកុង​ហាមឃាត់​ដំណើរ និង​ចាប់​យក​កង់​របស់​ក្រុម​យុវជន ដែល​គ្រាន់តែ​ធ្វើ​យុទ្ធនាការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ខ្មែ​រ។

​ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា លោក រ៉ុង ឈុន ចូលរួមយុទ្ធនាការជិះកង់​ដើម្បី​យក​ញ្ញ​ត្តិ​មក​ដាក់​ជូន​លោកនាយ​ករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ឱ្យ​ដាក់​តំបន់​កោះកុង​ក្រៅ ជា​តំបន់​អភិរក្ស​ធម្មជាតិ ឬតំបន់​អភិរក្ស​សមុទ្រ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

លោក​ថា ការ​ហាមឃាត់​ក្រោម​ហេតុផល​សុខភាព​ក្តី ក្រោម​ហេតុផល​ផ្សេងទៀត​ក្តី គឺ​គ្រាន់តែ​ជា​លេស​ដើម្បី​បង្អាក់ដំណើរ​របស់​ក្រុម​យុវជន​ប៉ុណ្ណោះ។ លោក​យល់ឃើញ​ថា សកម្មភាព​របស់​ក្រុម​យុវជន​ពេលនេះ រដ្ឋាភិបាល ឬអាជ្ញាធរ​ខេត្ត​ គប្បី​មានការ​លើកទឹកចិត្ត ជាជាង​បង្ហាញ​ពី​រូបភាព​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់។

លោក រ៉ុង ឈុន បន្ថែម​ថា៖ «ត្រូវ​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​ពួក​គាត់​បាន​ជិះកង់​មកដល់​គោលដៅ​របស់​ពួក​គាត់ មិន​ត្រូវ​រារាំង​សួរនាំ​នេះ​សួរនាំ​នោះទេ។ អានេះ​គ្រាន់តែ​ជា​លេស ​ដើម្បី​បន្ទច់ប​ង្អា​ក់​នូវ​ដំណើរ​នៃ​យុទ្ធនាការ​របស់​បងប្អូន​ក្រុម​យុវជន​ទេ។ អាជ្ញាធរ​ខេត្តកោះកុង ក៏ដូចជា​រដ្ឋាភិបាល​គួរតែ​សប្បាយចិត្ត​ដែល​ឃើញ​យុវជន​ខ្មែរ​ចូលរួម​ការពារ​សម្បត្តិ​ធម្មជាតិ​របស់​ខ្លួន»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ