កម្មករ​​ព្យួរ​ការងារ​​រាប់​​រយ​​នាក់​​នៅ​​ខេត្ត​កណ្តាល​​តវ៉ា​​បិទ​ផ្លូវ​​ជាតិ​​លេខ​៥​ទាម​ទារ​​ដំណោះ​ស្រាយ​​

កម្មការិនីម្នាក់ផ្ដល់បទសម្ភាសន៍ជុំវិញការតវ៉ាបិទផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល ករណីថៅកែជំពាក់ប្រាក់ឈ្នួល និងមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។ (TN TV/ Screenshot)

កម្មករ​-កម្មការិនី​រាប់​រយ​នាក់​ បម្រើការ​ងារ​នៅ​រោងចក្រ​មួយ ស្ថិត​ក្នុង​ស្រុក​ពញាឮ ខេត្តកណ្តាល បាន​នាំគ្នា​តវ៉ា​បិទផ្លូវ​ជាតិ៥ ប្រមាណ ៤ម៉ោង​នៅ​ថ្ងៃនេះ ដើម្បី​ទាមទារ​ប្រាក់ឈ្នួល​ថៅកែ​ជំពាក់ និង​ប្រាក់ ៤០ដុល្លារ​របស់​រដ្ឋាភិបាល​ដែល​សន្យា​ផ្តល់​ជូន​ពួក​គេ​អំឡុង​ពេល​ព្យួរការងារ។

កម្មករ​ផ្នែក​ជាងម៉ាស៊ីន​ លោក អឿន ឡូត ដែល​អះអាង​ថា បម្រើការ​ងារ​នៅ​រោងចក្រ យូរ វ៉ាយ (UY​) ១៨ឆ្នាំ​ ប្រាប់​វី​អូ​ឌីតា​មទូ​រសព្ទ​ថា កម្មករ​-កម្មការិនី​នៅ​រោងចក្រ​នេះជាង ៧០០នាក់​ បាន​នាំគ្នា​តវ៉ា​បិទផ្លូវ​ជាតិ​លេខ៥ តាំងពី​ម៉ោង ៨ព្រឹក និង​បាន​បើកផ្លូវ​វិញ​នៅម៉ោង​ប្រមាណ ១១ព្រឹក ក្រោយ​ភាគី​រោងចក្រ មន្ទីរ​ការងារ ក្រសួងការងារ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​ទៅ​សម្របសម្រួល និង​សន្យា​ជួយ​រក​ដំណោះស្រាយ។

លោក អឿន ឡូត បញ្ជាក់​ថា ការស​ម្រេច​តវ៉ា​បិទផ្លូវ ដោយសារតែ​ពួក​គេ​មិន​ទទួល​បាន​ប្រាក់ ៤០ដុល្លារ​អំឡុង​ពេល​ព្យួរការងារ​រយៈពេល​ពីរ​ខែ និង​ប្រាក់ឈ្នួល​មួយចំនួន​ទៀត​ដែល​ថៅកែ​នៅ​ជំពាក់។ លោក​ថា ថៅកែ​រោងចក្រ យូរ វ៉ាយ បាន​ព្យួរការងារ​កម្មករ​ទាំងអស់គ្នា​ជាង ៧០០នាក់ តាំងពី​ដើម​មេសា និង​ត្រូវ​ចូល​វិញ​នៅ​ថ្ងៃទី២ ខែមិថុនា​នេះ។

កម្មករ​ផ្នែក​​ជាងម៉ាស៊ីន​រូប​នេះ ​ឱ្យដឹង​ថា រយៈពេល​ព្យួរការងារ ២ខែ​មកនេះ គឺ​ក្រុម​កម្មករ​ទទួល​បាន​លុយ ៣០ដុល្លារ​ពី​ថៅកែ ប៉ុន្តែ​ មិន​ទទួល​បាន​លុយ​ឧប​ត្ថ​ម្ភ ៤០ដុល្លារ​ពី​រដ្ឋាភិបាល​ឡើយ ហើយ​លោក​ថា ពេល​ដែល​ព្យួរការងារ​កម្មករ​នោះ គឺ​ថៅកែ​រោងចក្រ​មិនបាន​ជូនដំណឹង និង​បញ្ជូន​ឈ្មោះ ឬលេខទូរសព្ទកម្មករ​ទៅ​ក្រសួងការងារ​ឱ្យបានដឹង​ឡើយ។

លោក​បន្ថែម​ថា៖ «បើសិនជា​រោងចក្រ​ហ្នឹង​បិទ ​សុំ​ដោះស្រាយ​សំណង​ជូន​កម្មករ​តាមផ្លូវ​ច្បាប់​ស្តី​ពី​ការងារ។ ហើយ​ថៅកែ​រោងចក្រ​ហ្នឹង​ កុំ​និយាយ​ក្រឡិចក្រឡុច​ ថ្ងៃនេះ​ថ្ងៃ​នោះ​ទៀត។ ខាង​ក្រសួងការងារ​គេ​ចុះ​មក​ដែរ ប៉ុន្តែ​ គេ​ថា រោងចក្រ​ហ្នឹង​អត់​បាន​ជូនដំណឹង​ ឬផ្តល់​ព័ត៌មាន​ដល់​ក្រសួងការងារ។ ខាង​ក្រសួង​ គេ​អត់​ដឹង​រោងចក្រ​ហ្នឹង​ព្យួរការងារ​ផង»។

កម្មការិនី​ផ្នែក​ដេរ​ អ្នកស្រី សុខ ចិន្តា មានប្រសាសន៍​ថា អំឡុង​ពេល​ព្យួរការងារ​នោះ ​អ្នកស្រី​ជួប​ផល​លំបាក និង​ខ្វះខាត​ច្រើនណាស់ ដូចជា​ ការ​ចំណាយ​លើ​ការ​ហូបចុក​ប្រចាំថ្ងៃ និង​ត្រូវបង់សង​ធនាគារ​ជាដើម។ អ្នកស្រី​ថា បើ​មិន​មាន​ដំណោះស្រាយ ពួកគេនឹង​តវ៉ា​បិទផ្លូវ​ទៀត​ថ្ងៃស្អែក។

អ្នកស្រី​បន្ថែម​ថា៖ «កម្មករ​ជួប​ផល​លំបាក​ច្រើនណាស់។ យើង​ត្រូវការ​លុយ​ចិញ្ចឹម​កូន ហើយ​យើង​ត្រូវ​លុយ​បង់​រដ្ឋ​ [ធនាគារ​] ថៅកែ​កុហកយើង​ម្តង​អញ្ចេះ​ម្តង​អញ្ចុះ ខ្ញុំ​មិន​យល់​ទេ។ ឥលូវ​កំពុង​ដោះស្រាយ​មិន​ចេញ​ទេ។ ប្រសិនបើ​ដោះស្រាយ​មិន​​ចេញ ​ស្អែក​យើង​តវ៉ា​បិទផ្លូវ​ទៀត»។

ប្រធាន​រដ្ឋបាល​រោងចក្រ​ យូរ​វ៉ា​យ ដែល​កម្មករ​ប្រាប់​ថា ឈ្មោះ យ៉ាន ប្រាប់​វី​អូ​ឌី​ថា ជុំវិញ​ការព្យួរការងារ​កម្មករ​នេះ គឺ​រោងចក្រ​បាន​ជូនដំណឹង និង​បញ្ជូន​ឈ្មោះ​កម្មករ​ទៅ​ក្រសួង​ហើយ។ លោក​ថា ករណី​កម្មករ​មិនទាន់​ទទួល​បាន​លុយ​ឧប​ត្ថ​ម្ភ ៤០ដុល្លារ ​គឺ​ដោយសារ​រដ្ឋាភិបាលមិនទាន់ទម្លាក់មក។ ចំណែក​លុយ​ដែល​ថៅកែ​ជំពាក់ គឺ​ខាង​រោងចក្រ​នឹង​បើកឱ្យកម្មករ​នៅ​ថ្ងៃទី២៥ ខែមិថុនា​ខាងមុខនេះ។

លោក​បន្ថែម​ថា៖ «បញ្ជី​ឈ្មោះ ​ខាង​រោងចក្រ​បាន​បញ្ជូន​ទៅ​ក្រសួង​អស់ហើយ ប៉ុន្តែ​ ក្រសួង​មិន​ទាន់​បញ្ជូនអ្នក​ជំនាញ​មក​បង្រៀន​កម្មករ។ ព្រឹកមិញ​នេះ ​ខាង​មន្ទីរ​ខាង​ក្រសួងមក​ដោះស្រាយ​ឥលូវ​ត្រូវគ្នា​អស់ហើយ។ ខាង​ក្រុមហ៊ុន​បាន​ឯកភាព​បើកលុយ​ដែល​នៅ​ជំពាក់​ទៅ​កម្មករ​នៅ​ថ្ងៃទី២៥ មិថុនា​នេះ»។

វី​អូ​ឌី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធានមន្ទី​រការងារ​ខេត្តកណ្តាល​ លោក ធុល នាង បានទេ ​ដោយ​ទូរសព្ទ​ចូល​ច្រើនដង ​គ្មាន​អ្នកទទួល។

អ្នកនាំពាក្យ​ក្រសួងការងារ ​និង​​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក ហេង សួរ ប្រាប់​វី​អូ​ឌីតា​មប្រព័ន្ធ Telegram ថា នៅពេល​ដែល​ព្យួរការងារ ថៅកែ​រោងចក្រ​ត្រូវ​បិទផ្សាយ​លិខិតអនុញ្ញាត​ឱ្យ​ព្យួរការងារ​នៅ​រោងចក្រ​ ដើម្បីឱ្យកម្មករ​បានដឹង។ 

លោក ហេង សួរ បន្ត​ថា ក្នុងករណី​រោងចក្រ​មិនបាន​សុំ​ប្រាក់ឧបត្ថម្ភ​ពីរ​ដ្ឋ គឺ​មានន័យថា រោងចក្រ​នោះ​ជា​អ្នកទទួល​ខុសត្រូវ​ដោយខ្លួនឯង ហើយ​ថា បើ​រោងចក្រ​បាន​សុំ​ត្រឹមត្រូវ​ នោះ​កម្មករ​នឹង​ទទួល​បាន​សារ​ពី​ភ្នាក់ងារ​វី​ងនៅ​ពេល​ខាងមុខ។

កាលពី​សប្តាហ៍​មុន ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​ផ្តល់​ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ​ ដល់​កម្មករ ៥៨ ៨១៩នាក់ ដែល​បាន​ព្យួរការងារ​នៅ​រោងចក្រ និង​សហគ្រាស​ចំនួន ១៧៨ ស្ថិត​ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ តាមរយៈ​ធនាគារ​ឯក​ទេ​សវីង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ