ក្រុម​ប្រឹក្សា​​ឃ្លាំ​មើល​​ទទូច​​ឱ្យ​​រដ្ឋា​ភិបាល​​ផ្អាក​​សង់​​ស្ដូ​ប​វៀត​ណាម​​នៅ​​ប្រទេស​​កម្ពុជា​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់កម្ពុជា បង្ហាញណែនាំដល់មន្ត្រីជាន់ខ្ពស់វៀតណាម ក្នុងពិធីសម្ពោធវិមានអនុស្សាវារីយ៍នយោបាយឈ្នះឈ្នះ កាលពីចុងខែធ្នូ ឆ្នាំ២០១៨។ (ក្រសួងការពារជាតិ)

​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឱ្យ​ផ្អាក​គម្រោង​សាង​សង់​ស្ដូ​បមិ​ត្ត​ភាព​កម្ពុជា-វៀតណាម ឬស្ដូ​បអនុស្សាវរីយ៍​នៃ​នយោបាយ​ឈ្នះ​ៗនៅ​តាម​រាជធានី​-ខេត្ត ដោយ​បារម្ភ​ថា ស្តូប​នេះ​បង្ហាញ​រូបភាព​កម្ពុជា​ចុះ​ខ្សោយ​ក្លាយជា​រដ្ឋ​ចំណុះ​ឱ្យ​ប្រទេសជិតខាង។

ក្នុង​សេចក្ដីថ្លែង​ការណ៍​ជំទាស់​គម្រោង​សាងសង់​បន្ថែម​នូវ​ស្ដូ​បមិ​ត្ត​ភាព​កម្ពុជា​-វៀតណាម ចុះ​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ហៅ​ការ​បន្ត​សាង​សង់​ស្ដូ​បវៀតណាម​នៅ​ខេត្តកោះកុង ឧត្តរមានជ័យ ប៉ៃលិន និង​កំពង់ស្ពឺ នោះ​ថា ជា​ការ​ធ្វើ​ឱ្យ​វៀតណាម​បន្ត​មើលស្រាល ឬបន្ទាបបន្ថោក​ដល់​ការដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។ 

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ឱ្យ​ដឹង​ថា រដ្ឋាភិបាល​វៀតណាមបាន​បញ្ជា​ឱ្យ​ទាហាន​របស់​ខ្លួន​បោះតង់​ចំនួន ១១៤កន្លែង ​ស្ថិតនៅ​ខេត្ត​ពីរ ក្នុង​នោះ វៀតណាម​បោះតង់​ចូល​ខេត្ត​កណ្ដាល​ចំនួន ៣១កន្លែង និង​នៅ​ខេត្តតាកែវ​ចំនួន ៨៣កន្លែង​ ដោយ​មិនព្រម​រុះ​រើចេញ​វិញ ទោះបីជា​កម្ពុជា​បាន​ធ្វើ​លិខិតតវ៉ា​ទៅ​វៀតណាម​រួចហើយ​ក៏ដោយ។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា៖ «សូម​ប្រឆាំង​ជំទាស់​ដាច់​អហង្ការចំពោះ​គម្រោង​ណាមួយ​របស់ក្រ​សួង​ការពារ ​និងលោក ហ៊ុន សែន ក្នុង​ការសាងសង់​នូវ​ស្ដូ​បវៀតណាម​ ឬស្ដូ​បអនុស្សាវរីយ៍​នៃ​នយោបាយ​ឈ្នះ​ៗ ក្នុង​ន័យ​លើកទឹកចិត្ត​វៀតណាម និង​រំលឹក​នូវ​ការ​ដឹងគុណ​វៀតណាម​កាលពី ៤០ឆ្នាំមុន។ ការ​លើកទឹកចិត្ត​ក្ដី និង​ការ​ដឹងគុណ​ក្ដី​ សុទ្ធតែ​ធ្វើ​ឱ្យ​វៀតណាមបន្ត​មើលស្រាល ឬបន្ទាបបន្ថោក​ដល់​ការដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន កាន់តែ​ហួសហេតុ​ឡើង»។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍​ថា ការដែល​កម្ពុជា​សង់​ស្ដូ​បមិ​ត្ត​ភាព​កម្ពុជា​-វៀតណាម​នៅ​គ្រប់​ខេត្ត​នោះ លោក​ថា ដើម្បីរំលឹក​គុណ​ដល់​កងទ័ព​វៀតណាម​ដែល​បាន​ជួយ​រំដោះ​កម្ពុជា។

លោក​ថា៖ «នេះ​ជា​តឹក​តាំង​ប្រវត្តិសាស្ត្រ​មួយ​មិន​អាច​បំភ្លេច​បាន ព្រោះ​គ្មាន​អី​ថ្លៃជាង​ជីវិត​ទេ។ឪពុកម្ដាយ​ក្មួយដែល​ឆ្លងកាត់​របបប្រល័យ​ពូជសាសន៍ ​ក្មួយ​អាច​សួរ​គាត់ បើ​គាត់​នៅ គាត់​ដឹង​ហេតុ​អី​រំដោះ​ថ្ងៃ៧មករាហើយ ​យើង​ចាត់ទុកជា​ជីវិត​ទី២របស់​យើង។ សង់​ស្ដូ​បអនុស្សាវរីយ៍​កម្ពុជា​វៀតណាម​ដើម្បី​អី? អាហ្នឹង​ដូច​ខ្ញុំ​ជម្រាប​មិញ​អ៊ីចឹង ក្នុងនាម​យើង​ជា​ពុទ្ធសាសនិក។ ដូច​ខ្លួនខ្ញុំ​ផ្ទាល់​ រៀងរាល់​ម៉ោង​បែរបន់ពីណា​មក​ជួយ បើ​មិន​អ៊ីចឹង ​ត្រូវ​គេ​យក​ទៅ​វាយចោល អ្នកណា​មក​ជួយ​ក៏ដោយ និយាយ​ឱ្យ​សាមញ្ញទៅ​ សុខចិត្ត​លាង​អាចម៍​ឱ្យ​គេ​មួយ​ជីវិត​ក៏បាន​ដែរ ឱ្យ​តែ​រស់»។

បើ​តាម​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ថវិ​កាដែលសាងសង់​ស្តូប​មិត្តភាព​កម្ពុជា​-វៀតណាម ​មិនមែន​ជា​ថវិកា​របស់​រដ្ឋ​ទាំងអស់​ទេ ដោយ​លោក​បញ្ជាក់​ថា ថវិកា​នោះ​បាន​មក​ពី​សប្បុរសជន​ដែល​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ និង​រដ្ឋាភិបាល​វៀតណាម​មួយ​ផ្នែក។ 

ប្រធាន​រាជបណ្ឌិត​្យសភា​កម្ពុជា​ លោក សុខ ទូច មានប្រសាសន៍​ថា ការ​សង់​ស្ដូ​បនេះ ដើម្បី​ជា​និមិត្តរូប​សម្រាប់​បញ្ជាក់​ថា ក្នុង​ឆ្នាំ១៩៧៩ វៀតណាម​បាន​មក​ជួយ​រំដោះ​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជសាសន៍។

លោក​ថា៖ «ពីឆ្នាំ១៩៧៩ វៀតណាម​មកដល់​ហ្នឹង ទ័ព​មក​រំដោះ​ហ្នឹង អាហ្នឹង​ជា​ប្រវត្តិ​សាស្ត្រ។ យើង​កុំ​មើលតែ​មួយ​ចំហៀង ហើយ​បិទ​ភ្នែក​មួយ​ចំហៀង។ ម្នា​ក់ៗ​សុទ្ធតែ​អស្ចារ្យ ប៉ុ​ន្តែបាន​រៀបចំ​អី​សម្រាប់​ខ្មែរទេ ពូកែ​ណាស់! ​ខ្ញុំ​គ្រាន់តែ​លឺ​យុវជន​និយាយ​ស្នេហាជាតិ មោទនភាព​ជាតិខ្មែរ ស៊ី​បន្លែ​គេ ស៊ីសាច់​គេ ផឹកទឹក​គេ ផឹកស្រា​គេ។ ពូកែ​តែ​បបូរ​មាត់ ជូត​ក្បាល​ក្រមា​ដើរទៅ​ព្រំដែន ​មិនដឹងព្រំដែន មិនដឹង​ផែនទី​អី​នៅ​ណា​ទេ»។

បើ​តាម​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ លោក ម៉ែ​ន ណាត បន្ថែម​លើ​សេចក្តី​ថ្លែងការណ៍​ថា ការ​បន្ត​សាង​សង់​ស្ដូ​បមិ​ត្ត​ភាព​កម្ពុជា​-វៀតណាម នៅ​ទូទាំង​រាជធានី​-ខេត្ត​នៃ​ប្រទេស​កម្ពុជា បង្ហាញ​ឱ្យ​ឃើញថា រដ្ឋាភិបាល​កំពុង​ស្ថិត​ចំណុះ​ឱ្យ​ប្រទេសជិតខាង។

លោក​ថា៖ «សម្រាប់​ជា​ប្រយោជន៍ ​តើ​យើង​ខំ​ក៏សាងសង់​ស្ដូ​បហ្នឹង​ដល់ទៅ ២៤ ទៅ ២៥ខេត្ត-ក្រុង ហើយ​យើង​សង់​បន្ថែម​ស្ដូ​បអនុស្សាវរីយ៍​ឈ្នះ​ៗធ្វើ​អី​ទៀត? រឿង​ហ្នឹង​ជា​រឿង ៤០ឆ្នាំមុន ហើយ​យើង​នៅ​បន្ត​អរគុណ​វៀតណាម​ដល់ណា​ទៀត? ខណៈ​ពេល​ដែល​វៀតណាម​បន្ត​រំលោភ​ឈ្លានពាន​បូរណភាព​ទឹកដី​កម្ពុជា បញ្ជូន​ជន​អន្តោប្រវេសន៍​របស់​ខ្លួន​នៅ​កម្ពុជា ​ហើយ​យើង​នៅតែ​ផ្ដល់​ឱកាស នៅតែ​ផ្ដល់​សិទ្ធិ​ឱ្យ​គេ​…»។

តាម​សារព័ត៌មាន Vietnam News បាន​ឱ្យដឹង​ថា កាលពី​ឆ្នាំ២០១៧ រដ្ឋាភិបាល​វៀតណាម​បាន​ចំណាយ​លុយ​ចំនួន ៧លាន ៨សែន​ដុល្លារ សម្រាប់​ជួសជុល និង​កែ​លម្អ​ស្តូប​មិត្តភាព កម្ពុជា​-វៀតណាម នៅ​លើទឹក​ដី​កម្ពុជា​ចំនួន១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ