កម្មករ​​រោង​ចក្រ ស័ង លី ខេត្ត​ស្វាយ​រៀង​​ទាម​ទារ​​ឱ្យ​ថៅ​កែ​​យក​​តំណាង​​ចូល​​ធ្វើ​ការ​​វិញ​​ដោយ​​គ្មាន​​លក្ខ​ខណ្ឌ​

កាលពី​ថ្ងៃទី៣០ ខែឧសភា កម្មករ​ប្រហែលជា ៥០នាក់ បាន​ធ្វើកូដកម្ម​នៅ​រោងចក្រ ដើម្បី​ទាមទារឱ្យ​ថៅកែ​ទទួលយក​អ្នកនាង ឌី ភ័​ស្ត ដែលជា​អនុប្រធាន​សហជីព​ចលនា​កម្មករ​ប្រចាំ​នៅ​រោងចក្រ ស័ង លី ឱ្យចូល​ធ្វើការងារ​វិញ។ (ប៉ាវ ស៊ីណា)

តំណាង​កម្មករ​រោងចក្រ​មួយ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​បាវិត នៅតែ​មិនទាន់​ត្រូវ​បាន​ភាគី​ថៅកែ​រោងចក្រ​ទទួលយក​ចូល​ធ្វើការងារ​វិញ​នៅឡើយ​ទេ បើ​ទោះបីជា​មន្ទីរ​ការងារ​ខេត្តស្វាយរៀង បានសម្រេច​បង្គាប់​ឱ្យ​ទទួលយក​តំណាង​កម្មករ​ចូល​ធ្វើការ​វិញ​តាំង​ចុងខែ​មីនា​ក្ដី។

កម្មករ ង៉ាន់ ព្រីង ធ្វើការ​ផ្នែក​អ៊ុត​នៅ​រោងចក្រ ស័ង លី (ខេម​បូ​ឌា​) ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​តុង ខេត្តស្វាយរៀង និយាយ​ថា កាលពី​ថ្ងៃទី៣០ ខែឧសភា កម្មករ​ប្រហែលជា ៥០នាក់ បាន​ធ្វើកូដកម្ម​នៅ​រោងចក្រ ដើម្បី​ទាមទារឱ្យ​ថៅកែ​ទទួលយក​អ្នកនាង ឌី ភ័​ស្ត ចូល​ធ្វើការងារ​វិញ ប៉ុន្តែ ថៅកែ​រោងចក្រ​ច្រានចោល​ការ​ទាមទារ​នេះ។ កម្មករ​រូប​នេះ បាន​អំពាវនាវ​នៅ​ថ្ងៃនេះ ​ទៅ​ថៅកែ​រោងចក្រ ឱ្យ​ទទួលយក​តំណាង​ពួក​គេ​ចូល​ធ្វើការងារ​វិញ ដោយ​គ្មាន​លក្ខ​ខណ្ឌ ពីព្រោះ​គាត់​មិនបាន​ធ្វើខុស​ដូច​ការចោទប្រកាន់​នោះ​ទេ។

លោក ង៉ាន់ ព្រីង ប្រាប់​ថា៖ «ទាមទារ​ឱ្យខាង​ក្រុមហ៊ុន​ជួយ​យក​លោកស្រី ឌី ភ័​ស្ត ចូល​ធ្វើការងារ​វិញ ដោយសារ​គាត់​អត់មាន​កំហុស​អ្វី​ទេ ហើយ​ក្រុមហ៊ុន​ព្យួរការងារ​គាត់​ដោយ​អត់​គិត​ប្រាក់ឈ្នួល​ឱ្យគាត់​អញ្ចឹង»។

អ្នកស្រី ឌី ភ័​ស្ត អាយុ ២៥ឆ្នាំ ជា​កម្មការិនី​ផ្នែក​វេច​ខ្ចប់ និង​ជា​អនុប្រធាន​សហជីព​ចលនា​កម្មករ​ប្រចាំ​នៅ​រោងចក្រ ស័ង លី ជា​រោងចក្រ​កាត់ដេរ​ស្ថិតនៅ​ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង។

ក្នុង​លិខិត​ចុះ​ថ្ងៃទី១៨ ខែមីនា​ ឆ្នាំ២០២០ អ្នកស្រី ឌី ភ័​ស្ត ត្រូវ​បាន​ភាគី​រោងចក្រ​សម្រេច​ព្យួរការងារ​ចាប់ពី​ថ្ងៃទី១៩ ខែមីនា ដោយ​ចោទ​ថា តំណាង​កម្មករ​រូប​នេះ បាន​កេងយក​ម៉ោង​ការងារ​របស់​ក្រុមហ៊ុនធ្វើជា​តំណាង​ឱ្យ​តែខ្លួន​ឯង ឆបោក​កម្មករដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន។

ប៉ុន្តែ មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ​ខេត្តស្វាយរៀង បាន​ចេញ​សេចក្ដីបង្គាប់​កាលពី​ថ្ងៃទី២៩ ខែមីនា​កន្លងមក ឱ្យ​ភាគី​រោងចក្រ ស័ង លី ទទួលយក​អ្នកស្រី ឌី ភ័​ស្ត ចូល​ធ្វើការ​វិញ និង​តម្រូវ​ឱ្យ​ទូទាត់ប្រាក់​ឈ្នួល​ដល់​តំណាង​កម្មករ​រូប​នេះ​ផង​សម្រាប់​រយៈពេល​ព្យួរ​នោះ។

មន្ទីរ​ការងារ​ខេត្តស្វាយរៀង បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​សេចក្ដីសម្រេច​របស់​ភាគី​ថៅកែ​រោងចក្រ​ដែល​ព្យួរការងារ​តំណាង​កម្មករ​រូប​នេះ ដោយ​ថា អ្នកស្រី ឌី ភ័​ស្ត មិនបាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​នោះ​ឡើយ។

អនុប្រធាន​សហជីព​ចលនា​កម្មករ អ្នកស្រី ឌី ភ័​ស្ត ដែល​អះអាង​ថា កំពុង​មានផ្ទៃពោះ​ជិត ៤ខែ និង​កំពុង​ជួប​បញ្ហា​ប្រឈម​ច្រើន​ក្នុង​ជីវភាព​គ្រួសារក្រោយពី​បាត់បង់​ការងារ។

អ្នកនាង​អំពាវនាវ​ទៅ​ថៅកែ​រោងចក្រ ទទួលយក​គាត់​ចូល​ធ្វើការងារ​វិញ និង​ទូទាត់ប្រាក់​ខែ​អំឡុង​ពេល​ព្យួរការងារ​ជាដើម ពីព្រោះ​រូប​គាត់មិនបាន​ធ្វើខុស​ដូច​ការចោទប្រកាន់​នោះ​ទេ។

ប្រធានមន្ទីរ​ការងារ​ខេត្តស្វាយរៀង លោក អ៊ូ សុ​ខឿន មានប្រសាសន៍​ថា ក្រសួងការងារ​បាន​កោះហៅ​ឱ្យភាគី​ទាំងពីរ​ជួប​ជជែកគ្នា​ដោះស្រាយ​បញ្ចប់រឿង​ផង​ដែរ​នៅ​ថ្ងៃស្អែក​នេះ។

លោក​មានប្រសាសន៍​ថា៖ «ខ្ញុំ​មិនដឹង​ថា ម៉ោង​ប៉ុន្មាន​ទេ ប៉ុន្តែ គេ​ណាត់​នៅ​ថ្ងៃស្អែក ឱ្យភាគី​ទាំង​ពីរ​ជួបគ្នា​ផ្សះ​ផ្សា។ បើ​ក្រសួង​សម្រេច ហើយ​មិន​ពេញចិត្ត​ការសម្រេច​ទេ ហើយ​ក្រុមហ៊ុន​គាត់​មិនសុខចិត្ត គាត់​ប្តឹង​ទៅ​តុលាការ​ទៅ។ នៅពេល​គេស​ម្រេច​ឱ្យចូល​ធ្វើការ​វិញ ក្រុមហ៊ុន​ត្រូវតែ​រំលឹក ​[សង​ប្រាក់ខែ​ខកខាន​បង់​] ដែល​មិនបាន​បើកឱ្យគេ ​[កម្មករ​] រហូត​មក​ហើយ»។

អ្នកស្រី ឌី ភ័​ស្ត និយាយ​ថា៖ «អយុត្តិធម៌​ហើយ មក​ចោទប្រកាន់​មក​លើ​ខ្ញុំ​ទាំងស្រុង​ ទាំង​ដែល​ខ្ញុំ​មិនបាន​ធ្វើខុស​ដូច​គេ​ចោទប្រកាន់​ខ្ញុំ»។

ចំណែក កម្មការិនី សោ ស្រីម៉ៅ ក៏​បង្ហាញ​ការ​សោក​ស្តាយ នៅពេល​ថៅកែ​រោងចក្រ​ព្យួរការងារ​តំណាង​សហជីព​របស់​គាត់​នៅ​អំឡុង​ពេល​គាត់​មានផ្ទៃពោះ។ កម្មករ​រូប​នោះ​បញ្ជាក់​ថា ចាប់ពី​តំណាង​សហជីព​ត្រូវ​បាន​ថៅកែ​ព្យួរការងារ​មក ​ធ្វើឱ្យ​ពួក​គេ​ជួប​បញ្ហា​ប្រឈម​ច្រើន​នៅក្នុង​ពេល​បំពេញការងារ។

កញ្ញា ស្រីម៉ៅ ប្រាប់​ថា៖ «តាំងពី​គាត់​ចេញទៅ ពួក​ខ្ញុំ​នៅ​ខាងក្នុង គេ ​[អ្នកគ្រប់គ្រង​រោងចក្រ​] គាប​សង្កត់​ខ្លាំង​ដែរ​រឿង​ការងារ ហើយ​បង្ខំឱ្យយើង​ធ្វើការ​មិនសូវ​មាន​ពេលវេលា។ គេ​តាមដាន​យើង​រហូត​ចំនួន​តាម​ម៉ោង គេ​កត់​តាម​ម៉ោង យើង​ហូប​ទឹក​ក៏​គេ​រឹត​បន្តឹង​យើង​មិន​ឱ្យ​យើង​ទៅយូរ បន្ទប់ទឹក​អីហ្នឹង ក្នុង​មួ​យម៉ោងៗ។ គេ​បង្ខំ​យក​ចំនួន ​[ការងារ​ដែល​ធ្វើ​] ពី​ពួក​យើង គឺ​យើង​អត់មាន​សេរីភាព​ គិតតែ​ខំធ្វើការឱ្យ​គេ»។

មាត្រា៤៣ នៃ​ច្បាប់​ស្តី​ពី​សហជីព ត្រង់​កថាខណ្ឌ​ទី៣ ចែងថា បន្ទាប់ពី​ទទួល​បាន​សេចក្តី​សម្រេច​នេះ និយោជិត ឬកម្ម​ករ​និយោជិត ដែល​ត្រូវ​បាន​បញ្ឈប់ ឬសហជីព​របស់​កម្មក​រនិ​យោ​ជិត​នោះ មាន​រយៈពេល ២ខែ ដើម្បី​តវ៉ា​ទៅ​រដ្ឋមន្ត្រី​ក្រសួងការងារ​ទទួលបន្ទុក​វិស័យ​ការងារ​ អាច​លុបចោល ឬកែសម្រួល​សេចក្តី​សម្រេច​របស់​អធិការ​ការងារ​ជាដើម។

វី​អូ​ឌី​មិន​អាច​សុំ​ការ​ឆ្លើយ​បញ្ជាក់​ពី​ភាគី​រោងចក្រ​បានទេ​នៅ​រសៀល​ថ្ងៃនេះ។

ប្រធាន​សហភាព​ចលនា​កម្មករ លោក ប៉ាវ ស៊ី​ណា ឱ្យ​ដឹង​ថា ករណី​ថៅកែ​រោងចក្រ ស័ង លី កំពុង​រំលោភសិទ្ធិ​សេរីភាព​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​សហជីព​ដែល​តំណាង​ឱ្យ​កម្មករ​កម្មការិនី។

លោក ប៉ាវ ស៊ី​ណា ប្រាប់​ថា៖ «បើ​យើង​និយាយទៅ ចេតនា​របស់​រោងចក្រ​នេះ វា​ពាក់ព័ន្ធ​ការរើសអើង​សេរីភាព​សហជីព ក៏ដូចជា​ការបំពាន​សេចក្តី​អំពាវនាវ​របស់​មន្ទីរ​ការងារ ក៏ដូចជា​អនុសាសន៍​របស់​រាជរដ្ឋាភិបាល ដែល​បាន​លើកឡើង​ក្នុង​កំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ មិន​ត្រូវ​យក​ឱកាស​ហ្នឹង បញ្ឈប់ ឬបញ្ចប់​កិច្ចសន្យា​ការងារ​ទេ»។

លោក ប៉ាវ ស៊ី​ណា បញ្ជាក់​ថា បើ​ថៅកែ​រោងចក្រ​នៅតែ​មិនព្រម​ទទួលយក​តំណាង​សហជីព​ឱ្យចូល​ធ្វើការងារ​វិញ​ទេ លោក​នឹង​ជួប​ជាមួយនឹង​ស្ថាប័ន​ដៃគូ​ក្រៅ​ស្រុក​នា​ពេល​ឆាប់​ៗនេះ ដើម្បី​ជួយ​អន្តរាគមន៍​ដោះស្រាយ​ឱ្យផង​ដែរ។

កាលពី​ថ្ងៃទី៦ ខែមីនា​កន្លងមក​នេះ ក្រសួងការងារ​បាន​ណែនាំ​ទៅ​ថៅកែ​រោងចក្រ​ទាំងអស់ កុំ​ប្រែក្លាយ​ពី​ការ​ព្យួរការងារ​ទៅជា​ការ​បញ្ចប់​កិច្ចសន្យា​ការងារ និង​មានការ​រើសអើង​សហជីព អំឡុង​ពេល​រោងចក្រ​ខ្វះ​វត្ថុធាតុដើម​ដោយសារ​ជំងឺ​កូ​វីដ១៩ឡើយ ដោយ​ចាត់ការ​ធ្វើបែប​នេះ​ជា​ទង្វើ​ខុសច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ