លោក ហ៊ុន សែន គំរាម​ប្រើ​យុទ្ធ​សាស្ត្រ​ផ្ដាច់​ក្បាល​បំបែក​ដង​ខ្លួន​បើ​មាន​ចលា​ចល​សង្គម​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ក្នុងជំនួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា យុទ្ធសាស្ត្រ​ផ្តាច់ក្បាល​បំបែកដងខ្លួន នឹងត្រូវវាយបក បើក្រុមប្រឆាំង​យកបញ្ហាកូវីដ១៩ ដើម្បីផ្តួលរំលំរបបដឹកនាំរបស់លោក។

ក្នុងពិធីមួយនៅខេត្តព្រះសីហនុ លោក ហ៊ុន សែន ថ្លែងថា លោកអាចធ្វើការជាមួយខ្មែរក្រហមបាន ប៉ុន្តែ លោកថា មិនអាចធ្វើការជាមួយអ្នកនយោបាយដែលលោកថា បំផុសឱ្យមានចលាចលសង្គម​តាមរយៈការអំពាវនាវកុំឱ្យពលរដ្ឋសងបំណុល និងអះអាងថា ធនាគារមួយចំនួននឹងក្ស័យធុនជាដើម។

មេដឹកនាំរូបនេះ ព្រមានថា វិធានការចាប់ខ្លួននឹងបន្តធ្វើចំពោះអ្នកពាក់ព័ន្ធនឹងចលនានេះ។

លោក ហ៊ុន សែន ថ្លែងថា៖ «សូមកុំឆ្លៀតឱកាសកូវីដ១៩ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលឱ្យសោះ បង្កចលាចលឱ្យសោះ។ អ្នកចង់សាក ក​​ម្លាំងរបស់អ្នកកាន់តែថយចុះ តាមរយៈផ្តាច់ក្បាលបំបែកដងខ្លួនតែម្តង។ និយាយប្រាប់លោកឯងឱ្យត្រង់​ឱ្យច្បាស់»។

កាលពីសប្តាហ៍មុន អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានបង្ហោះសារលើហ្វេសប៊ុករបស់ខ្លួន ធ្វើការវិភាគថា ធនាគារមួយចំនួននឹងដួលរំលំ ដោយថា ពលរដ្ឋជិត ៣លាននាក់គ្មានលុយសង អ្នកខ្ចីខ្នាតធំផុងខ្លួនរកលុយសងត្រឡប់វិញមិនបាន ព្រោះដីលក់មិនដាច់ និងអ្នកដាក់ប្រាក់បញ្ញើមិនអាចដកលុយបាន។

មេដឹកនាំដែលកំពុងនិរទេសរូបនេះ ក៏បានអំពាវនាទៅពលរដ្ឋឱ្យធ្វើចលនាស្រុះគ្នា កុំសងប្រាក់ត្រឡប់ទៅធនាគារជាម្ចាស់បំណុលវិញ។

លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖ «អ្នកដែលជំពាក់បំណុលធនាគារ មីក្រូហិរញ្ញវត្ថុ យើងត្រូវតែស្រុះគ្នា យើងធ្វើចលនា យើងប្រាប់ធនាគារ មីក្រូហិរញ្ញវត្ថុ អង្គការទាំងអស់ហ្នឹងថា ឥលូវនេះ យើងអត់បង់»

កម្ពុជា​បាន​រក​ឃើញ​មនុស្ស ១២៥​នាក់ បាន​ឆ្លង​វីរុស​កូរ៉ូណា​គិត​ចាប់​តាំង​ពី​ចុង​ខែ​មករា​កន្លងមក ប៉ុន្តែ អ្នក​ជំងឺ ១២៣​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ ខណៈ​អ្នក​ជំងឺ ២​នាក់ កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​ដាច់​ដោយ​ឡែក​នៅ​ឡើយ។

វិបត្តិ​សុខភាព​សកល​មួយ​នេះ បាន​បង្ខំ​ឱ្យ​វិស័យ​ធនាគារ ត្រូវ​រៀបចំ​រចនា​សម្ព័ន្ធ​ឥណទាន​ឡើង​វិញ​សម្រាប់​អ្នក​ខ្ចី​ប្រាក់​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ដែល​រង​ផល​ប៉ះពាល់​កើត​ចេញ​ពី​វិបត្តិមួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ