អតីត​​សកម្ម​ជន​​បរិស្ថាន​​ម្នាក់​​ត្រូវ​​សមត្ថ​កិច្ច​​ក្រុង​​ប៉ោយ​ប៉ែត​​ឃាត់​ខ្លួន​​ជាង​៥​ម៉ោង​

អតីត​សកម្មជន​បរិស្ថាន ហ៊ុន វណ្ណៈ។ (Hun Vannak)

​អតីត​សកម្មជន​បរិស្ថាន ហ៊ុន វណ្ណៈ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ឃាត់ខ្លួន​ជាង ៥ម៉ោង ខណៈ​ដែល​យុវជន​រូប​នោះ ថតរូប​ភាព​អំពី​សកម្មភាព​របស់​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត ដែល​កំពុង​ពង្រាយ​កម្លាំង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ប្រកាស​ធ្វើបាតុកម្ម​នៅ​ថ្ងៃនេះ។

សកម្មជន​ដីធ្លី អ្នកស្រី ច្រាយ នីម ដែល​អះអាង​ថា បានឃើញ​ហេតុការណ៍​នោះ ប្រាប់​វី​អូ​ឌី​ថា លោក ហ៊ុន វណ្ណៈ ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែត​ចាប់ខ្លួន​នៅ​ម៉ោង​ប្រមាណ​ជាង ៧ព្រឹក នៅមុខ​ការិយាល័យ​គយ និង​រដ្ឋាករ​ប៉ោយប៉ែត ខណៈ​ដែល​យុវជន​រូប​នេះ យក​ទូរសព្ទ​ថត​សកម្មភាព​របស់​សមត្ថកិច្ច​ដាក់​របាំង និង​កម្លាំង​ត្រៀម​ការពារ​មិនឱ្យ​មានការ​ប្រមូល​ផ្តុំ​របស់​ប្រជាពលរដ្ឋ។

អ្នកស្រី ច្រាយ នីម ប្រាប់​ថា៖ «យើង​ឃើញ​អ្នកកាសែត​ជា​ច្រើ​នរបស់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​មួយចំនួន​គេ​ថត​ជាច្រើន ប៉ុន្តែមិន​ត្រូវ​សមត្ថកិច្ច​ឃាត់ឬហៅ​ទៅ​សួរនាំ​ទេ។ ប៉ុន្តែ ចំពោះ វណ្ណៈ ត្រូវ​បាន​គេ​ហៅ​ទៅ​សាកសួរ ហើយ​គេ​ចោទ​អ្នកកាសែត​របស់​ទូរទស្សន៍​ព្រះអាទិត្យ​ទៅវិញ»។

ពាក់ព័ន្ធ​ករណីនេះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក អាត់ ខែម សុំ​មិន​ឆ្លើយ​ទេ ដោយ​លោក​បង្វែរឱ្យទៅ​សួរ​ស្នងការ​រង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក សិទ្ធ ឡោះ ប៉ុន្តែ លោក សិទ្ធិ ឡោះ ប្រាប់​ថា កំពុង​ជាប់រវល់​ប្រជុំ​ មិន​អាច​ឆ្លើយ​បាន។

មន្ត្រី​អង្គការ​លី​កាដូ (Licadho​) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ិ​ន គង់​ជិត ដែល​ចុះ​ឃ្លាំមើល​ករណីនេះ បញ្ជាក់​ថា យុវជន ហ៊ុន វណ្ណៈ ពិតជា​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​ចាប់ខ្លួន​មែន។ 

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ មានប្រសាសន៍​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ពី​ស្នងការ​រង លោក សិទ្ធិ ឡោះ គឺ​ករណី​សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន ហ៊ុន វណ្ណៈ ដោយ​សង្ស័យ​យុវជន​រូប​នោះ បាន​ធ្វើ​អត្ថា​ធិប្បាយ​តាមរយៈ​វីដេអូ​ឡាយ ​មាន​ចរិតញុះញង់​ឱ្យពលរដ្ឋ​តវ៉ា និង​អត្ថា​ធិប្បាយ​ប៉ះពាល់​ដល់​សមត្ថកិច្ច។

លោក អ៊ិ​ន គង់​ជិត បន្ថែម​ថា៖ «ពេល​ដែល​ខ្ញុំ​អង្គុយ​ជាមួយ​ស្នងការ​រង សិទ្ធ ឡោះ ហ្នឹង គាត់​បញ្ជាក់​ថា សង្ស័យ​ការ​ឡាយ​ព័ត៌មាន​របស់ ហ៊ុន វណ្ណៈ ហ្នឹង​មានការ​ញុះញង់។ អ៊ីចឹង​បាន​ជា​គាត់​អញ្ជើញ ហ៊ុន វណ្ណៈ ហ្នឹង​ទៅ​សួរនាំ»។

លោក ហ៊ុន វណ្ណៈ ប្រាប់​វី​អូ​ឌី​នៅ​រសៀល​ថ្ងៃនេះ​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក​នៅ​ម៉ោងជាង ៧ព្រឹក និង​ដោះលែង​វិញ​នៅ​ម៉ោង​ជិត ១រសៀល ពោល​គឺ​សមត្ថកិច្ច​សាកសួរ​លោក​ជាង ៥ម៉ោង។

អតីត​សកម្មជន​បរិស្ថាន​រូប​នេះ ឱ្យដឹង​ថា អំឡុង​ពេល​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​បាន​ព្យាយាម​សួរ និង​ឱ្យលោក​ឆ្លើយ​ថា លោក​ជា​អ្នកយកព័ត៌មានឱ្យ​ទូរទស្សន៍​ព្រះអាទិត្យ ចោទប្រកាន់​លោក​ថា ថត​សកម្មភាព​សមត្ថកិច្ច​ដោយ​គ្មាន​ការអនុញ្ញាត និង​ព្យាយាម​ឱ្យ​លោក​ផ្តិត​មេដៃ​ និង​ធ្វើ​កិច្ចសន្យា ប៉ុន្តែ លោក​បដិសេធ។

លោក ហ៊ុន វណ្ណៈ បន្ត​ថា លោក​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា លោក​ទៅ​ក្រុង​ប៉ោយប៉ែត​នោះ ដើម្បី​ឃ្លាំមើល​ខ្លាចមាន​ការតវ៉ា​របស់​ប្រជាពលរដ្ឋ និងដើម្បី​ត្រៀម​ផ្តិត​យក​រូបភាព​នៃ​ការ​តវ៉ា​នោះ​តែប៉ុណ្ណោះ។

លោក ហ៊ុន វណ្ណៈ ចាត់ទុក​សកម្មភាព​សមត្ថកិច្ច​ឃាត់ខ្លួន​លោក​​ថា ជា​ការ​គំរាមកំហែង​មិន​ឱ្យពលរដ្ឋ​ផ្សេងទៀត​ហ៊ាន​ថតរូប ឬក៏​ឡាយ​វីដេអូ​អំពី​សកម្ម​ភាពផ្សេង​ៗរបស់​សមត្ថកិច្ច និង​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ។

អតីត​សកម្មជន​បរិស្ថាន​រូប​នេះ បន្ត​ថា ក្រោយ​ការសាកសួរ​ជាង ៥ម៉ោង គឺ​សមត្ថកិច្ច​បាន​ដោះលែង​លោក​វិញ​ ដោយ​ពុំ​មានលក្ខខណ្ឌ​អ្វី​នោះ​ទេ។

លោក ហ៊ុន វណ្ណៈ និយាយ​ថា៖ «ខ្ញុំ​មើលឃើញ វា​ជា​ចេតនា​ដើម្បី​គំរាមកំហែង​ដល់​ពួក​ខ្ញុំ​ដែល​ជាសកម្ម​ជន​សិទ្ធិមនុស្ស​ហ្នឹង កុំឱ្យ​ហ៊ាន​មក​ឃ្លាំមើល​គេ​ទៀត។ មួយទៀត គេ​មាន​ចេតនា​ចង់​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មាន​ទូរសព្ទ​នៅ​ដៃ​ហ្នឹង ដែល​នៅ​តំបន់​ព្រំដែន​ដែល​ជា​តំបន់​អាច​ប្រឈម​នឹង​ការ​តវ៉ា​ហ្នឹង គឺ​គេ​មិន​ចង់​ឱ្យមានការ​ថត ឬឡាយ​វីដេអូ​អី​ទេ ព្រោះ​ជា​រូបភាព​ធ្វើឱ្យអាជ្ញាធរ​ទាំងអស់​ហ្នឹង​អា​ម៉ាស់​មុខ»។

កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា បាន​ដាក់​លិខិត​ទៅ​អភិបាលខេត្ត​បន្ទាយមានជ័យ​ ដើម្បី​សុំ​ធ្វើបាតុកម្ម​ដោយសន្តិវិធី​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត ចាប់​ថ្ងៃទី១ រហូតដល់​ថ្ងៃទី៧ ខែមិថុនា។

ក្នុង​លិខិត​ដដែល​នេះ បាន​បញ្ជាក់​ថា ការ​ធ្វើបាតុកម្ម​នោះ គឺ​ទាមទារ​ទៅ​អាជ្ញាធរ​ឱ្យបើក​ច្រកព្រំដែន​សម្រាប់​អ្នកដើរ​ថ្មើរជើង រទេះ ទោចក្រយាន​យន្ត និង​រថយន្ត អាច​ឆ្លងកាត់​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​លក់ដូរ​ក្នុង​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​បាន​វិញ ហើយ​ថា ប្រសិន​អាជ្ញាធរ​ថៃ​មិនព្រម​បើកទេ បា​តុ​ករក៏នឹងស្នើ​ទៅ​អាជ្ញាធរ​កម្ពុជា​បិទ​ច្រកព្រំដែន​ប៉ោយប៉ែត ដោយ​កុំឱ្យ​រថយន្ត​ថៃ​ចូល​មក​កម្ពុជា​វិញ​ដែរ។

បើ​តាម​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា អ្នក​ដែល​ចូលរួម​បាតុកម្ម​នោះ​មាន​ទាំង​អាជីវករ អ្នកលក់​ដូរ​ទំនិញ​នៅក្នុង​ផ្សារ​រុង​ក្លឿ កម្មករ​អូស​រទេះ អ្នក​រត់​ម៉ូតូឌុប តាក់ស៊ី ម៉ូតូ​កង់​បី និង​អ្នក​ប្រកបរបរ​ក្រៅ​ប្រព័ន្ធ​ចំនួន ១៥០០នាក់។

បើ​តាម​សកម្មជន​ដីធ្លី​ អ្នកស្រី ច្រាយ នីម ដែល​ចុះ​ឃ្លាំមើល​ច្រកព្រំដែន​ប៉ោយប៉ែត​ អះអាង​ថា នៅ​ថ្ងៃនេះ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បាន​ដាក់​ពង្រាយ​កម្លាំង និង​ប៉ា​រ៉ា​ស់ជាច្រើន​កន្លែងនៅ​ច្រក​ទ្វារ​អន្តរជា​តិ​មួយ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ