ធនាគារ​​ពិភព​​លោ​ក​​វាយ​តម្លៃ​​ថា​ កំណើន​​សេដ្ឋ​កិច្ច​​កម្ពុជា​​ធ្លាក់​ចុះ​​ទាប​​បំផុត​​ប៉ះ​ពាល់​​ការ​ងារ​​រាប់​​លាន​​កន្លែង​

ទិដ្ឋភាពប្រាសាទអង្គរវត្ត និង ភ្ញៀវទេសចរដែលមកទស្សនា កាលពីចុងឆ្នាំ២០១៩។ (ជន ចាន់រ៉ែន)

​ធនាគារពិភពលោក​បាន​វាយតម្លៃ​ថា វិស័យ​សំ​ខាន់​ៗដែល​គាំទ្រ​កំណើន​សេដ្ឋកិច្ច​កម្ពុជា កំពុងតែ​រង​ផល​ប៉ះពាល់​កើត​ចេញពី​វិបត្តិ​សុខភាព​សកល ដែល​កំពុង​វាយប្រហារ​ទៅលើ​វិស័យ​ការងារ​របស់​ប្រទេស​នេះ។

ធនាគារពិភពលោក​បាន​វាយតម្លៃ​បែបនេះ​នៅក្នុង​របាយការណ៍​ខ្លួន​ដែលមាន​ចំណងជើង​ថា “Cambodia in the Time of COVID​-19​” ឬមានន័យ​ជា​ភាសាខ្មែរ​ថា «កម្ពុជា​ក្នុង​ពេល​កូ​វីដ១៩» ដែល​ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន​នេះ។

បើ​តាម​របាយការណ៍​នេះ ជំងឺរាតត្បាត​កូ​វីដ១៩ កំពុង​វាយប្រហារ​លើ​វិស័យ​ទេសចរណ៍ ការនាំចេញ​ឧស្សាហកម្ម និង​វិស័យ​សំណង់ ដែល​វិស័យ​ទាំង​បី​នេះ រួមចំណែក​ដល់ទៅ​ជាង ៧០ភាគរយ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។

ធនាគារ​នេះ បាន​វាយតម្លៃ​ទៀត​ថា ការវាយប្រហារ​ដោយ​ជំងឺរាតត្បាត​សកល​មួយ​នេះ​ទៅលើ​វិស័យ​ទាំង​បី​នេះ កំពុងតែ​ប៉ះពាល់​ដល់​វិស័យ​ការងារ​ដល់ទៅ​ជិត ៤០ភាគរយ​នៃ​ការងារ​សរុប​ទូទាំង​ប្រទេស។

ធនាគារពិភពលោកបាន​ប៉ាន់ប្រមាណ​ថា ការងារ​យ៉ាងតិច ១.៧៦លាន​កន្លែង បាន​ទទួលរង​ផល​ប៉ះពាល់ ដោយសារតែ​ការ​ដួល​រលំ​នៃ​វិស័យ​សំ​ខាន់​ៗដែល​ជា​កម្លាំង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច។

បើ​តាម​ធនាគារពិភពលោក កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ២០២០នេះ ត្រូវ​បាន​រំពឹង​ថា នឹង​ទទួល​បាន​កំណើន​យឺតយ៉ាវ​បំផុត​មិនធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ១៩៩៤មក ពោល​កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ស្ថិតនៅ​ចន្លោះ​ដក ១ភាគរយ ទៅ ដក ២.៩ភាគរយ​នៅ​ឆ្នាំនេះ។

ធនាគារ​ពិភពលោក​វាយតម្លៃ​បន្ត​ថា អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០២០នេះ អាច​កើនឡើង​លើស​ពី​បន្ទាត់​ភាព​ក្រក្រី​ចន្លោះ​ពី ៣ ទៅ ១១ភាគរយ​ នៅក្នុងចំណោម​គ្រួសារ​ពលរដ្ឋ​កម្ពុជា ដែល​ជាប់ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ សំណង់ ពាណិជ្ជកម្ម ឧស្សាហកម្ម​កាត់ដេរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ