បទ​​យក​ការណ៍​៖​ ហាង​​បោក​អ៊ុត​​មួយ​​នៅ​​ជិត​​វត្ត​​ដំបូក​ខ្ពស់​ មាន​​បុគ្គលិក​​សុទ្ធ​តែ​​ជន​​ពិការ​​ទាំង​អស់​​

កញ្ញា តូយ ស្រី​រ៉េ អាយុ ២៧ឆ្នាំ ដែលពិការដៃតាំងពីកំណើត កំពុងបំពេញការងារបោកគក់សម្លៀកបំពាក់នៅហាងបោកគក់ ជីវិតថ្មី។ (ហ៊ុន សិរីវឌ្ឍន៍/ ២៣ ឧសភា ២០២០)

ជាទូទៅ ការងារ​បោក​សម្លៀកបំពាក់​ភាគច្រើន យើង​ឃើញ​តែ​អ្នកមាន​កាយសម្បទា​គ្រប់គ្រាន់​ធ្វើ ដោយសារ​ការងារ​នេះ​ត្រូវការ​ភាព​រហ័សរហួន និង​ប្រើ​ដៃ​ដែល​មាន​គ្រប់គ្រាន់​សម្រាប់​ចាប់កាន់​ច្រាស ដែល​ជាទូទៅ​គឺ​សម្រាប់​មនុស្ស​ធម្មតា​ប្រើប្រាស់។ តែ​ក្នុង​ហាង​បោកអ៊ុត​សម្លៀកបំពាក់​មួយ​ក្នុង​បុរី៩៩៩ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ គឺ​មាន​លក្ខណៈ​ខុសពី​នេះ។

ហាង​បោក​សម្លៀកបំពាក់​ដែល​មានឈ្មោះ​ថា ជីវិត​ថ្មី នេះ គឺ​ជ្រើសរើស​យក​តែ​អ្នក​ដែល​មាន​ពិការភាព​ប៉ុណ្ណោះ​មក​ធ្វើការ ដោយសារ​ចង់​បណ្ដុះបណ្ដាល​ដល់​ជន​ពិការ​ដែល​គ្មាន​ជំនាញ ឱ្យ​មានលទ្ធភាព​ទទួល​បានការ​បណ្ដុះបណ្ដាល​ជំនាញ និង​ការរស់នៅ​ដោយ​ពឹង​លើ​ខ្លួនឯង ។ 

លោក ធី លាង​ហួរ ម្ចាស់ហាងបោកគក់សម្លៀកបំពាក់ ជីវិតថ្មី ផ្ដល់បទសម្ភាសន៍ពីការប្រកបរបរនេះ និងស្ថានភាពរបស់បុគ្គលិកដែលជាជនពិការ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។ (ហ៊ុន សិរីវឌ្ឍន៍)

ម្ចាស់ហាង​នេះ​គឺ​លោក ធី លាង​ហួរ គឺជា​ជន​ពិការ​ជើងម្ខាង​ខាងស្ដាំ​មួយ​រូប​ដោយសារ​រលាកភ្លើង​ផង​ដែរ​នោះ បានឱ្យ VOD ដឹង​ថា៖ «ដំបូង​ឡើយ គឺ​ខ្ញុំ​ធ្លាប់ធ្វើ​ការ​នៅ​អង្គការ​ជន​ពិការ​កម្ពុជា​ដែរ ហើយ​ខ្ញុំ​ឃើញថា របរ​នេះ​គឺ​ជន​ពិការ​មួយចំនួន​គាត់​អាច​ទទួលយក​បាន ហើយ​អ្នក​ដែល​អត់​ចេះអក្សរ អត់​ចេះ​ជ្រៅជ្រះ​អី ក៏​គាត់​អាច​ធ្វើ​បាន​ដែរ ឱ្យ​តែ​យើង​ប្រាប់​គាត់ បង្រៀន​គាត់​អ៊ីចឹង​ទៅ។ ហើយ​មួយទៀត គឺ​ចង់​ឃើញ​ពួក​គាត់​រស់នៅ​ដោយ​ឯករាជ្យ ព្រោះអី​ខ្ញុំ​ឃើញ​អ្នកខ្លះ​អត់​ពិការ​ផង គាត់​ដើរ​សុំទាន​គេ ដើរ​សុំទាន​តាម​ស្ដុ​បតាម​អី​អ៊ីចឹង។ ខ្ញុំ​ចង់ឱ្យ​ពួក​គាត់​កុំ​ដើរ​តាម​ស្ដុបតាម​អី​អ៊ីចឹង ខ្ញុំ​ចង់​ប្រមូលផ្ដុំ​ពួក​គាត់​ហ្នឹង បើក​ជា​កន្លែង​បោកអ៊ុត ដើម្បី​ជួយ​សម្រួល​ដល់​ការ​ស្នាក់នៅ ការ​ហូបចុក​អី​របស់​គាត់ និង​បាន​ផ្ដល់​ចំណូល​មួយ​ដល់​គាត់​ដែរ កុំឱ្យ​គាត់​ដើរ​សុំ»។ 

លោក​បានឱ្យ​ដឹង​ថា មុន​មកដល់​ថ្ងៃនេះ ហាង​គាត់​ធ្លាប់​ត្រូវ​បាន​គេ​រើសអើង​មិន​តិច​នោះ​ទេ។ 

លោក​ថា៖ «គេ​ថា បោក​មិន​ស្អាត​ទេ​! គេ​សាក មួយ​ៗគេ​យក​មក​សាក​សិន សាកមើល​បោក​ស្អាត ឬអត់​? ដល់ពេល​សាក​ទៅ ចេះតែ​ជាប់។ ជួនកាល​គេ​មក គេ​យក​តែ​អាវ​មួយ​ទេម​ក។ កាលពី​ថ្ងៃ​បើកថ្ងៃ​ដំបូង បងស្រី​ម្នាក់​នោះ​គាត់​មក ​គាត់​បោះ​តែម្ដង​! គាត់​ថា គាត់​ខ្ជិល​ចុះពី​លើ​ម៉ូតូ។ ហើយគ្នា​ខ្ញុំ គាត់​អ្នក​ជិះរទេះ [ជន​ពិការ​ជិះរទេះ​] គាត់​ទៅ​យក​យ៉ាងម៉េច​ទាន់ ដល់​ធ្លាក់​ដី​ប្រឡាក់ គាត់​ថា តិច​បោក​មិន​ស្អាត​ណា​អូន​! អ្នក​បោក​ [បុគ្គលិក​បោកគក់​] ខ្ញុំ គាត់​អត់​មាត់​ទេ។ តែ​ចុងក្រោយ​ គាត់​មក​យក​អាវ​គាត់ គាត់​ទទួលស្គាល់​ថា យើង​បោក​ស្អាត​មែន អ្នកខ្លះ​គេ​ថា​បោក​ស្អាត​មែន។ តែ​ខ្ញុំ​ប្រាប់​ហើយ​ការ​បោកខោអាវ​ ខ្ញុំអត់​ថា​ស្អាត​ទាំងអស់​ទេ​កន្លែង​ខ្ញុំ​នេះ វា​តែងតែមាន​កន្លែង​ខ្លះ​មិន​ស្អាត​ដែរ ព្រោះ​ជួនណា​គាត់​មើល​អត់​បាន​អស់»។ 

បើ​តាម​លោក លាង​ហួរ ហាង​របស់​គាត់​បាន​បើក ២ឆ្នាំ​មក​ហើយ ដែល​ទទួលខុសត្រូវ​លើ​ការងារ បាយទឹក និង​កន្លែង​ស្នាក់នៅ​សម្រាប់​បុគ្គលិក​ទាំងអស់ និង​បាន​ជួយ​ដល់​ជន​ពិការ​ចំនួន ៨នាក់​ហើយ ក្នុង​នោះ​មាន ២នាក់​បាន​ចេញទៅ​បើកហាង​បោកអ៊ុត​ដោយខ្លួនឯង​ផង​ដែរ។ បច្ចុប្បន្ន ហាង​បោកអ៊ុត​សម្លៀកបំពាក់​នេះ គឺ​សល់​តែ​បុគ្គលិក ២នាក់​ប៉ុណ្ណោះ។

ហាងបោកសម្លៀកបំពាក់ ជីវិតថ្មី ដែលមានបុគ្គលិកធ្វើការជាជនមានពិការភាព។ (ហ៊ុន សិរីវឌ្ឍន៍/ ២៣ ឧសភា ២០២០)

ជា​អ្នក​ពិការ​ដៃ​តាំងពី​កំណើត និង​បាន​រៀន​ដល់​ថ្នាក់​ទី៩ កញ្ញា តូយ ស្រី​រ៉េ អាយុ ២៧ឆ្នាំ បានឱ្យ​ដឹង​ថា បន្ទាប់ពី​បោះបង់​ការសិក្សា​នៅ​ឆ្នាំ២០១០ នៅ​ថ្នាក់​ទី៩ ដោយសារ​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​ទៅរៀន និង​ត្រូវ​ជួយ​ដល់​ក្រុម​គ្រួសារ​ដែល​ជួប​ការ​លំបាក។ ក្នុង​ឆ្នាំ២០១៧ កញ្ញា បាន​មក​ភ្នំពេញ​ ដើម្បី​រៀន​ជំនាញ​ចិញ្ចឹម​ជ្រូក​ពី​អង្គការ​ជន​ពិការ​មួយ ​តែ​ដោយសារ​ការ​លំបាក និង​រៀន​មិន​ចូល​នោះ ក៏បាន​ស្នើសុំ​ឈប់​ស្រប​ពេល​ដែល​បាន​ស្គាល់​លោក ធី លាង​ហួរ ក៏​ស្នើសុំ​គាត់​មក​ធ្វើការ​នៅ​ហាង​របស់​លោក​តែម្ដង។

កញ្ញា តូយ ស្រី​រ៉េ៖ «ដំបូង ខ្ញុំ​តែង​មាន​ឧបសគ្គ​លំបាក​ដែរ ដោយសារ​ដៃ​យើង​មិន​ដូច​គេ តែ​ឥលូវ​ស្ទាត់​ជាង​មុន។ […] បើ​យើង​ផ្ដេក​ផ្តួល​តាម​ស្ថានភាព​ពិការ​ខ្លួន​យើង គឺ​យើង​អត់​ដឹងពី​សមត្ថភាព​របស់​យើង​ថា អាច​ធ្វើ​អី​បានទេ ចង់​មាន​សមត្ថភាព​ធ្វើ​ដូចគេដូចឯង។ ហើយ​ណាមួយ​ខ្ញុំ​មិន​ចង់​ពឹង​បងប្អូន ពឹង​ម៉ែ​ទាំងស្រុង​ទេ»។ 

បុគ្គលិក​នៃ​ហាង​បោកអ៊ុត​នេះ​ម្នាក់ទៀត​ឈ្មោះ ស៊ុន ស្រីមុំ អាយុ ២២ឆ្នាំ មក​ពី​ខេត្ត​កំពង់ស្ពឺ ដែល​មាន​បញ្ហា​ខ្សោយ​គំហើញ​ពី​កំណើត ដែល​បាន​បោះបង់​ការសិក្សា​នៅ​ត្រឹម​ថ្នាក់​ទី៦ បាន​លើកឡើង​ថា កញ្ញា​បាន​មក​រស់នៅ​ជាមួយ​អង្គការ​ជន​ពិការ​មួយ​នៅ​ឆ្នាំ២០១៨ ហើយ​នៅ​ឆ្នាំ២០១៩ ដោយចង់​បង្កើន​ជំនាញ និង​ប្រាក់ចំណូល ក៏បាន​មក​ធ្វើការ​ជាមួយ​ហាង​បោកអ៊ុត​សម្លៀកបំពាក់​នេះ។ 

កញ្ញា ស៊ុន ស្រីមុំ៖ «យើង​មានផល​វិបាក​នៃ​ការងារ​របស់​យើង​មែន តែ​យើង​ត្រូវតែ​ជម្នះ​វា ហើយ​ណាមួយ​យើង​អត់​ចង់​ធ្វើ​អី​ដែល​សង្គម​គេ​ស្អប់ខ្ពើម​ទេ»។ 

ទោះជាយ៉ាងណា ពួក​គាត់​ទាំងពីរ​នាក់​មិនទាន់​គិត​ពី​ការ​បើកហាង​បោកអ៊ុត​ដោយខ្លួនឯង​នា​ថ្ងៃ​អនាគត​នៅឡើយ​ទេ។

ក្នុង​សារលិខិត​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សន្និបាត​បូកសរុប​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ពិការភាព​ឆ្នាំ២០១៤ ដល់​ឆ្នាំ២០១៩ ឱ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ២០១៩ មាន​ជន​មាន​ពិការភាព​ចំនួន ២ ៨៦០នាក់ បាន​ចូល​បម្រើការ​ងារ​នៅ​គ្រប់​ស្ថាប័នរដ្ឋ ខណៈ​ជន​ពិការ​ដែល​ធ្វើការ​ក្នុង​វិស័យ​ឯកជន​មាន​ចំនួន ៣ ៧៩២នាក់។ 

ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជន​ពិការ លោក យៀប ម៉ា​លី​ណូ មានប្រសាសន៍​ថា រដ្ឋ​មាន​គោលនយោបាយ​ជាច្រើន​ក្នុង​ការ​លើកទឹកចិត្ត និង​ជំរុញ​ការងារ​ធ្វើ​របស់​ជន​ពិការ ក្នុង​នោះ​ក៏​មាន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្វែងរក​ការងារ​ធ្វើ​ដល់​ជន​ពិការ​ផង​ដែរ ដែល​លោក​ថា រហូតមកដល់​បច្ចុប្បន្ន​នេះ មាន​ជន​ពិការ​មិន​តិច​ជាង ១ម៉ឺន​នាក់​ទេ​ដែល​ត្រូវ​បាន​បណ្ដុះបណ្ដាល​បច្ចេកទេស​ដោយ​ស្ថាប័នរដ្ឋ និង​ដៃគូ​ពាក់ព័ន្ធ។ 

លោក​បន្ថែម​ថា ក្រៅពី​នេះ ការចូលរួម​ពី​វិស័យ​ឯកជន ​ដូចជា ហាង​បោកអ៊ុត ជីវិត​ថ្មី នេះ ក៏​ជា​ការ​ឆ្លើយតប​ជា​វិជ្ជមាន​សម្រាប់​ការ​លើកស្ទួយ​ដល់​ភាព​មានការ​ងារ​ធ្វើ​របស់​ជន​ពិការ​ផង​ដែរ។ 

លោក​ថា៖ «យើង​ទទួលស្គាល់​ថា វិស័យ​ឯកជន​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជំរុញ​ឱកាស​ការងារ និង​ការជំរុញ​មុខរបរ​សម្រាប់​បងប្អូន​មាន​ពិការភាព។ ទាំងនេះ​គឺជា​សកម្មភាព​សេដ្ឋកិច្ច​ដែល​ជួយ​ជំរុញ​នូវ​កម្លាំង​ពលកម្ម​ដែល​យើង​ត្រូវ​ប្រើ​ឱ្យ​អស់ពី​លទ្ធភាព​របស់​ជាតិ។ យើង​ឃើញថា តាម​ហាង​មួយចំនួន ដូចជា The Blind គឺជា​ហាង​បែប​បារាំង ហើយ​ជន​ពិការ​ភ្នែក​ទាំងអស់​គឺជា​អ្នក​ដែល​បម្រើការ​ងារ​នៅ​ទីនោះ ទាំង​ចុងភៅ ទាំង​អ្នក​ដែល​រត់​តុ​ទាំងអស់ គឺជា​អ្នក​ពិការ​ភ្នែក។ យើង​ប្រាកដជា​គិត​ហើយ​ថា រត់​តុ​យ៉ាងម៉េច​ទៅ​? ធ្វើ​យ៉ាងម៉េច​ទៅ​? តែ​យើង​អាច​ធ្វើ​បាន ពួក​គេ​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​បាន ម្ហូប​ឆ្ញាញ់​អី​អ៊ីចឹង។ ទាំងនេះ​គឺជា​ការ​រួមចំណែក​របស់​វិស័យ​ឯកជន​ដែល​បាន​ផ្ដួចផ្ដើម​ ហើយ​ជំរុញ​នូវ​ឱកាស​សេដ្ឋកិច្ច​សម្រាប់​គ្រួសារ​ជន​ពិការ សម្រាប់​ជន​ពិការ ជាពិសេស​ឱកាស​សេដ្ឋកិច្ច​សម្រាប់​ជាតិ​យើង​តែម្ដង»។

បើ​តាម​លោក យៀប ម៉ា​លី​ណូ សម្រាប់​ជន​ពិការ​ដែល​ចង់​បង្កើត​អាជីវកម្ម​ខ្លួនឯង អាច​ដាក់ពាក្យ​ស្នើសុំ​កម្ចី និង​ជំនួយ​ពី​អង្គការ ក្រុមហ៊ុន និង​មីក្រូហិរញ្ញវត្ថុ​ចំនួន ៦ដែល​ជា​ដៃគូ​របស់ក្រ​សួង ឬអាច​ទាក់ទង​មក​នាយកដ្ឋាន​លោក​ដោយ​ផ្ទាល់​ក៏បាន ដើម្បី​ទទួល​ព័ត៌មាន​ពី​ការបង្កើត​អាជីវកម្ម​សម្រាប់​ជន​ពិការ។

ម្ចាស់ហាង​បោក​សម្លៀកបំពាក់ ជីវិត​ថ្មី លោក ធី លាង​ហួរ សំណូមពរ​ដល់​ពលរដ្ឋ​កុំឱ្យ​មានការ​រើសអើង​ដល់​ជន​ពិការ និង​ចូលរួម​ជួយ​លើកទឹកចិត្ត​ពួក​គាត់ ក៏ដូចជា​ហាង​តូច​មួយ​នេះ​របស់​លោក​ផង ដើម្បី​ផ្ដល់​ឱកាស​ការងារ និង​ប្រាក់កម្រៃ​ខ្លះ​ដល់​ពួក​គាត់​ផង​ដែរ។ 

លោក ធី លាង​ហួរ៖ «មួយ​ខែ​ពីរ​ខែ​ចុងក្រោយ​នេះ ដោយសារតែ​វិបត្តិ​កូ​វី​ដនេះ គឺ​ខ្ញុំ​ឡុងចុង​ហើយ។ សូម​សំណូមពរ បើ​អ្នក​ចង់​បោកអ៊ុត​អី មក​បោក​កន្លែង​នេះ​ផង។ ជួយ​ជន​ពិការ​ទៅ ហើយ​សេវា​ដឹកជញ្ជូន​ដល់​ផ្ទះ​ទេ តែ​ខ្ញុំ​ដឹក​បានតែ​ថ្ងៃសៅរ៍​អាទិត្យ​ទេ បើ​ខ្ញុំ​ទៅ​យក​ថ្ងៃសៅរ៍ ខោអាវ​គាត់​ថ្ងៃអាទិត្យ​ដឹង​តែ ​[រួច​] ហើយ តែបើ​យក​ថ្ងៃអាទិត្យ​ពេលព្រឹក ល្ងាច​គឺ​ដឹង​តែ​ហើយ ព្រោះអី​ខ្ញុំ​ធ្វើ​ឱ្យ​ប្រញាប់ ដើម្បី​ដឹក​ឱ្យ​គាត់​វិញ ព្រោះអី​មានតែ​ខ្ញុំ​ទេ​ដែល​ដឹក ហើយ​ខ្ញុំ​ត្រូវការ​ធ្វើការ​ពី​ថ្ងៃ​ចន្ទ ដល់​ព្រឹក​ថ្ងៃសៅរ៍ អីចឹង ​ខ្ញុំ​អត់​អាច​ចេញ​មក​ដឹក​បានទេ»៕


ចំណាំ​៖ «ការស្រាវជ្រាវ​នេះ​ ផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ