“គេបង្ខំចាប់យើងលើកដាក់ឡានទៅតែម្តង។ ពេលមកឃើញគេចាប់ប្រពន្ធកូនដាក់ឡាន អញ្ចឹងខ្ញុំទៅតាមទៅ តាមទៅដល់ភ្នំបាតហ្នឹង មានអីដេក? តែកន្ទេល មុង ភួយក៏អត់មានដែរ។”
នេះជាការរំលឹកឡើងវិញរបស់បុរសវ័យ៣៨ឆ្នាំ ដែលជាអតីតអ្នករស់នៅតំបន់បុរីកីឡា អំពីការបង្ខំឱ្យទៅរស់នៅតំបន់ភ្នំបាត ស្ថិតនៅក្នុងភូមិស្រះពោធិ៍ ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល កាលពីឆ្នាំ២០១២។
មុនត្រូវបានបណ្ដេញចេញ លោក យឿត ឌីណា និងភរិយា ព្រមទាំងកូន៤នាក់ទៀត មានផ្ទះនៅតំបន់បុរីកីឡា ដោយលោកប្រកបរបរជាកម្មករសំណង់ និងប្រពន្ធលក់ដូរបន្ដិចបន្តួច ដើម្បីផ្គត់ផ្គង់ជីវភាព ក្នុងមួយថ្ងៃក៏អាចទទួលបានចំណូលចន្លោះពី ១ម៉ឺន ៥ពាន់ ដល់ ២ម៉ឺនរៀលដែរ។ តែក្រោយពីលោក និងក្រុមគ្រួសារត្រូវបានក្រុមហ៊ុនដេញចេញឱ្យទៅនៅដីដែលក្រុមហ៊ុនចែកឱ្យនៅភ្នំបាតនោះ អ្វីៗទាំងអស់ប្រែប្រួលទាំងអស់។
លោក យឿត ឌីណា៖ «នៅបានពីរឆ្នាំដែរតើបង! ទ្រាំៗនៅបានពីរឆ្នាំ តែអត់អីហូប ខ្ញុំគិតថា និយាយជាមួយប្រពន្ធខ្ញុំបបួលមកនៅភ្នំពេញវិញ គិតថា រកអេតចាយ រកអីហូបចិញ្ចឹមប្រពន្ធកូនវិញ» ។
បច្ចុប្បន្ន លោក និងក្រុមគ្រួសារបានត្រលប់មករស់នៅតំបន់បុរីកីឡាវិញ ដោយជួលបន្ទប់តូចមួយដែលមានបណ្ដោយជិត ២ម៉ែត្រ និងទទឹងជាង ១ម៉ែត្រ មានឡៅតឿខាងលើ ក្នុងតម្លៃ ៤០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ សម្រាប់ស្នាក់នៅរួមជាមួយម្ដាយក្មេក និងប្អូនៗសរុបទៅ ១០នាក់ ហើយលោកត្រូវដេកនៅពីមុខបន្ទប់ជួល ព្រោះតែចង្អៀតគ្នាពេក។
លោក ឌីណា នៅពេលនេះ ប្រកបរបរដើររើសអេតចាយនៅពេលយប់ ដោយចាប់ផ្ដើមពីម៉ោង ៦ល្ងាចដល់ម៉ោង ១២យប់ ឬម៉ោង ១រំលងអាធ្រាត ដែលលោកអាចរកប្រាក់បានជាង ២ម៉ឺនក្នុងមួយថ្ងៃ តែទោះជាយ៉ាងណា លោកថា ប្រសើរជាងលោករស់នៅលើដីដែលក្រុមហ៊ុនចែកឱ្យ ព្រោះទីនោះមិនអាចប្រកបរបរចិញ្ចឹមជីវិតបាន។
កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន ផាន អ៊ីម៉ិច របស់លោកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល ឱ្យអភិវឌ្ឍនៅសហគមន៍បុរីកីឡា ដោយកាលណោះក្រុមហ៊ុននេះសន្យាសង់អគារចំនួន ១០ ជូនពលរដ្ឋវិញ ប៉ុន្តែ ក្រុមហ៊ុនសង់បានតែ ៨អគារ ក៏ផ្អាកវិញ ដោយលើកហេតុផលថា ក្ស័យធន។
នៅឆ្នាំ២០១២ ក្រុមហ៊ុន ផាន អ៊ីម៉ិច បានដោះស្រាយសំណងឱ្យអតីតអ្នកបុរីកីឡាប្រមាណ ១១០គ្រួសារ ឱ្យទៅរស់នៅខាងលិចជាប់ជើងភ្នំឧដ្តុង្គ ស្ថិតក្នុងភូមិស្រះពោធិ៍ ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណជាង ៦០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខណៈ ៣០គ្រួសារទៀត ពួកគេអះអាងថា បច្ចុប្បន្ននេះ ពួកគេមិនទាន់ទទួលបានសំណងនៅឡើយ។ ក្នុងចំនោម ១១០គ្រួសារនោះ មានគ្រួសារខ្លះទទួលបានដី ៥គុណ១២ ខ្លះទៀតទទួលបាន ៤ ម៉ែត្រ៧០ គុណនឹង១២។ សម្រាប់ ៣០គ្រួសារផ្សេងទៀតគឺ អង្គការ រ៉ុក ហ្វូនដែតស្ស៊ីន ផ្តល់ដីនៅទីនោះជូន ក្នុងមួយគ្រួសារ ៤ម៉ែត្រកន្លះ គុណនឹង១២។
អតីតអ្នកបុរីកីឡាម្នាក់ទៀតគឺ អ្នកស្រី ខៀវ ឡៃ បានឱ្យដឹងថា ក្រោយពីគាត់ត្រូវបានគេបណ្ដេញចេញមកនៅតំបន់នេះគឺជីវភាពរបស់ក្រុមគ្រួសារអ្នកស្រីកាន់តែយ៉ាប់យ៉ឺនទៅ ខណៈរស់ពឹងលើជំនួយពីសប្បុរសជនស្ទើរទាំងស្រុង។
អ្នកស្រី ខៀវ ឡៃ៖ «យើងគិតថា ប្តីរបស់គាត់រកបាន ៥ដុល្លារ ប្រពន្ធរកបាន ៣ ទៅ៤ម៉ឺន ចឹងទៅវាច្រើនមែន។ ខុសឆ្ងាយតែម្ដង បើគិតជាភាគរយវិញគឺចុះ ចុះមែនទែនហ្មង កម្រិតសូន្យ។ រាល់ថ្ងៃរស់ដោយសារសប្បុរសជនចេះតែជួយបន្តិចបន្តួច បន្តិចបន្តួច អង្ករអីចឹងទៅ ហើយបងដើររើសអេតចាយ ហើយប្តីរត់ម៉ូតូបានបួនប្រាំពាន់មួយម៉ឺនអីចឹងទៅ វាមិនបានអីដល់ដូចមុនទេ។»
អ្នកស្រី និងក្រុមគ្រួសារមានបំណងចង់លក់ដីនៅតំបន់នេះ ទៅរកដីនៅជិតរាជធានីភ្នំពេញវិញ ដោយសង្ឃឹមថា នឹងអាចបង្កើតមុខរបរបាន។
អ្នកស្រី ខៀវ ឡៃ៖ «រាល់ថ្ងៃហ្នឹង កំពុងតែគិតថា ប្រសិនបើលក់ចេញមិនដឹងជាទៅទិញនៅឯណា ដីឥលូវវាថ្លៃ ហើយដីកន្លែងខ្ញុំវាថោក យើងគិតថា បើសិនលក់ចេញ ខ្ញុំគិតថា បានច្រើនបំផុតបាន ២ពាន់ដុល្លារ ទៅ៣ពាន់ វាមិនដល់ទេឥលូវនេះ។”
ពលរដ្ឋដែលត្រូវបានក្រុមហ៊ុនបណ្ដេញចេញមកនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលនេះ គឺត្រូវរស់ដោយពឹងលើជំនួយពីសប្បុរសជនស្ទើរទាំងស្រុង ដែលនេះជាការលើកឡើងរបស់លោក ទូច ខន ជាអតីតអ្នករស់នៅតំបន់បុរីកីឡាដូចគ្នា ហើយក៏ជាអ្នកស្វែងរកជំនួយជួយដល់ប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ប្តូរមករស់នៅទីនេះផងដែរ។
បុរសវ័យជាង ៥០ឆ្នាំរូបនេះ ឱ្យដឹងថា ដំបូងដែលក្រុមហ៊ុន ផាន អ៊ីមិច យកផ្ទះពួកគាត់មកនោះ គឺកន្លែងនេះមានតែដីទទេ ហើយកន្លែងខ្លះមានព្រៃឫស្សីទៀត ធ្វើឱ្យពួកគាត់ពិបាកក្នុងការរស់នៅ ដោយអ្នកខ្លះនៅពេលដែលសម្អាតដីឱ្យវាលហើយ គឺបានត្រឹមប្រក់តង់រស់នៅប៉ុណ្ណោះ និងគ្មានផ្លូវថ្នល់ អគ្គិសនី និងទឹកប្រើប្រាស់នោះឡើយ។
លោកបន្តថា ដោយមើលឃើញថា ប្រជាពលរដ្ឋមកពីតំបន់បុរីកីឡា មករស់នៅក្នុងភូមិស្រះពោធ៍នេះ មានជីវភាពយ៉ាប់យ៉ឺន លោកបានទាក់ទងម្ចាស់ជំនួយផ្សេងៗជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់ ដែលក្នុងនោះមានទាំងជួយផ្ដល់ដីធ្លី និងសង់ផ្ទះដល់ពួកគាត់ ផ្តល់ជាគ្រឿងឧបភោគបរិភោគជាដើម។
តែទោះជាយ៉ាងណា លោកថា បើទោះជាមានការឧបត្ថម្ភជាបន្តបន្ទាប់ក្តី ក៏ប្រជាពលរដ្ឋជាអតីតអ្នកបុរីកីឡាទាំងនោះ មិនអាចរស់ពឹងលើអំណោយដែលធ្វើឱ្យជីវភាពគាត់ប្រសើរឡើងនោះទេ។
លោក ទូច ខន៖ «ធម្មតា គេអ្នកប្រជាពលរដ្ឋចាស់ គេមានដីស្រែ គេមានចំការ មានមាន់ មានគោក្របីអីចឹងទៅ ពួកគាត់អត់មានគោក្របី បើសិនបើនិយាយពីដីដែលក្រុមហ៊ុនឱ្យគាត់ គឺដូចប្រហែលតែធ្វើម៉ុងខ្មោចមួយបាន អញ្ចឹងគាត់អត់មានវែកញែកទៅដាំបន្លែ ឬចិញ្ចឹមស្អីៗទៀត អត់បាន។ ពេលដែលគាត់មកពីនោះ គាត់រងគ្រោះមួយសារហើយ មកដល់នេះហើយ គាត់អត់មានដើមទុន អញ្ចឹងគាត់ត្រូវនិរទេសចេញទៅរកស៊ីនៅភ្នំពេញ ខ្លះទៅថៃ ខ្លះទៅរតនគិរី ខ្លះប៉ោយប៉ែតអីចឹងទៅ។»
អគ្គនាយិកាក្រុមហ៊ុន ផាន អ៊ីម៉ិច គឺលោកស្រី ស៊ុយ សុផាន បានប្រាប់យ៉ាងខ្លីថា បញ្ហានៃការដោះដូរជូនប្រជាពលរដ្ឋឱ្យទៅរស់នៅក្នុងភូមិស្រះពោធិ៍ ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាលនេះ គឺក្រុមហ៊ុនបានធ្វើអស់ហើយ អ្វីដែលនៅសល់គឺបន្ទុករបស់អាជ្ញាធរមូលដ្ឋាន។
លោកស្រី ស៊ុយ សុផាន៖ «ខាងក្រុមហ៊ុនគឺអត់មានពាក់ព័ន្ធអីទៀតផង មានការដោះដូរហើយ ខាងអាជ្ញាធរគឺគេអ្នកសម្របសម្រួល ការងារហ្នឹងចប់សព្វគ្រប់ហើយ ក្រុមហ៊ុនគឺអត់ទទួលដឹងលឺអីទៀតទេ។»
ប្រធានភូមិស្រះពោធិ៍ គឺលោក វង ឆន បានលើកឡើងថា ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន តែងតែជួយសម្រួលដល់ការរស់នៅរបស់ពលរដ្ឋអតីតអ្នកបុរីកីឡា រាប់ចាប់ពីលិខិតរដ្ឋបាលផ្សេងៗ ការជួយសម្រួលដើម្បីដោះស្រាយបញ្ហាជីវភាព លើសពីនោះ អាជ្ញាធរមូលដ្ឋានក៏បានណែនាំពីមុខរបរដែលពួកគាត់អាចធ្វើបាន ដើម្បីចិញ្ចឹមជីវិតផងដែរ ពោលគឺធ្វើយ៉ាងណាមិនចង់ឱ្យពួកគាត់រស់ពឹងតែជំនួយពីសប្បុរសជននោះទេ។
លោក វង ឆន៖ «ការងារហ្នឹង ដីអស់ហ្នឹងគេចែកឱ្យហើយ អាខ្លះទៅសុខចិត្តលក់ អាខ្លះទៅអញ្ចេះទៅអញ្ចុះ ទៅធ្វើអ្វីខុសពីការងាររបស់ខ្លួន ធ្វើដូចប្រជាជនគេ គេរស់នៅបាន អាខ្លះគេអត់មានស្រែ គេធ្វើការរោងចក្រ សំណង់ដូចតែគ្នា។ ប្រជាជននៅទីនេះគ្មានអ្នកណាមានដីស្រែអីប៉ុន្មាននោះទេ អញ្ចឹងគេទៅធ្វើការសំណង់ គេទៅធ្វើអញ្ចេះធ្វើអញ្ចុះទៅអីហ្នុង ដេកចាំតែជំនួយដែលគេឱ្យ អត់មានគំនិតមួយ បែកគំនិតមួយរកស៊ីអី»។
ចាប់តាំងពីវិវាទដីធ្លីនៅតំបន់បុរីកីឡាបានកើតឡើង អង្គការសង្គមស៊ីវិលមួយចំនួនបានតាមដានយ៉ាងជាប់លាប់ជាពិសេសគឺការរំលោភសិទ្ធិមនុស្ស។
លោក អំ សំអាត នាយករងអង្គការលីកាដូ (LICADHO) ដែលតាមដានករណីជម្លោះដីធ្លីនៅតំបន់បុរីកីឡាតាំងពីដើមមកនោះ មានប្រសាសន៍ថា ការបង្ខំមនុស្សឱ្យទៅរស់នៅតំបន់ភ្នំបាតនេះ បានធ្វើឱ្យអ្នកចំណូលថ្មីជួបការលំបាកជាខ្លាំង ទាំងជីវភាព និងការរស់នៅ ព្រោះថា ហេដ្ឋារចនាសម្ព័ន្ធមិនទាន់មាន ការងារក៏ពិបាកក្នុងការស្វែងរក។
លោក អំ សំអាត៖ «កន្លងមក យើងបានទាមទារថា ការផ្លាស់ប្តូរធ្វើម៉េចបើសិនជាគាត់មិនមានជីវភាពធូរធារទេ កុំឱ្យគាត់ជួបផលលំបាកម្តងហើយម្ដងទៀត រងគ្រោះម្ដងទៀត បានន័យថា ទីតាំងដែលត្រូវដោះដូរ ឬក៏បណ្ដេញគាត់យកទៅ គឺត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធតាំងពីទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ហើយកៀកកន្លែងរោងចក្រ កន្លែងណាដែលអាចឱ្យគាត់មានមុខរបរ អាចប្រកបមុខរបរ ហើយគាត់អាចរស់នៅបាន»៕