ពលរដ្ឋ​មាន​រឿង​ក្តី​ជា​មួយ​អតីត​មន្រ្តី​ប៉េអិម​​ខេត្ត​បន្ទាយ​មាន​ជ័យ ស្នើ​តុលា​ការ​ពន្លឿន​នីតិ​វិធី​ជំនុំ​ជម្រះ​

លោក ហ៊ឹម គីរី (ឆ្វេង) លោក នូវ នឿន (កណ្ដាល) និងលោក អាន សារួន (ស្ដាំ) ថតនៅពីមុខសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ (ហេង វិចិត្រ)

អ្នកភូមិដែល​ជាដើមបណ្ដឹង​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌជាមួយអតីតមន្រ្តី​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បាន​អំពាវនាវឱ្យ​តុលាការ​ខេត្ត​នេះពន្លឿន​នីតិវិធី​ជំនុំជម្រះ​ ដើម្បីផ្តល់​យុត្តិធម៌ឱ្យពួកគេ ក៏ដូចជាតំណាងរបស់ខ្លួន​ម្នាក់ដែល​បាន​ស្លាប់ក្នុងពេល​ឃុំ​ខ្លួន។

សំណុំរឿង​នេះ ផ្ដើម​ចេញ​ពី​ទំនាស់​ដីធ្លី​​នៅ​​ចំណុច​អូរ​កំបុត អាង​កន្សែង និង​ភូមិ​ទ័ព​សៀម ព្រម​ទាំង​ដី​សំបុកចាប និង​ភូមិ​បឹង​ស្នោ។ ភូមិសាស្ត្រ​ដី​ទំនាស់​ទាំង​នោះ​ស្ថិត​នៅ​ឃុំ​ស្លក្រាម និង​ឃុំ​ស្វាយចេក​ខេត្ត​បន្ទាយមានជ័យ។ នៅពេលនោះ អាជ្ញាធរ​ខេត្ត​បានចោទ​ប្រកាន់​ថា ​ពលរដ្ឋ​ប្រមាណ​ជិត ១០០០គ្រួសារ ទៅ​ចាប់ និង​គ្រប់គ្រង​ដី​រដ្ឋ​ដោយខុស​ច្បាប់។ មុន២ថ្ងៃ​នៃ​ការ​ចាប់​ខ្លួន​តំណាង​អ្នក​តវ៉ា​ដីធ្លី កម្លាំង​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត​ ដឹកនាំ​ដោយ​ផ្ទាល់ពី​អភិបាល​ខេត្ត​ លោក អ៊ុំ រាត្រី បាន​បញ្ជា​កងកម្លាំង​ឱ្យ​ដុត​ផ្ទះ ខ្ទម និង​រុះរើ​សម្ភារ​របស់​ប្រជាពលរដ្ឋ​គ្មាន​សេសសល់លើ​ទីតាំងដី​ដែល​មាន​ទំនាស់។

នា​ថ្ងៃ​តវ៉ា​ នៅខាង​មុខ​សាលាខេត្តបន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ២០១៩ តំណាង ​៥នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ប្រមាណ ៦០០នាក់ ត្រូវ​បាន​កងរាជអាវុធហត្ថខេត្ត​ចាប់​ខ្លួន​។ ក្រោយ​ចាប់​ខ្លួន​បាន ៣ថ្ងៃ ​លោក ទុយ ស្រស់ តំណាង​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ទាំង ៥នាក់ បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ។

សពលោក ទុយ ស្រស់។ (រូបផ្តល់ដោយ សមាគមអាដហុកខេត្តបន្ទាយមានជ័យ)

សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍ អំឡុង​ពេល​ឃុំ​ខ្លួន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ចោទ​ប្រកាន់​ថា​ លោក ស ប៊ុនសឿង មេបញ្ជាការ​រង និង​លោក ឆយ រដ្ឋនា ហៅ​សឿង៣៨ ជា​អ្នក​ធ្វើ​ទារុណកម្ម មុន​នឹងពួកគេ​ត្រូវ​បញ្ជូន​ចេញ​ទៅ​ឃុំ​ខ្លួន​បន្ត​នៅ​ពន្ធនាគារ។

ដើមបណ្តឹងទាំង ៤នាក់នោះ រួមមាន លោក អាន សារួន លោក ហ៊ឹម គិរី លោក នូវ នឿន និង អ្នកស្រី ប៊ុយ គីមឡាក់ ប្រពន្ធសពលោក ទុយ ស្រស់។ លោក អាន សារួន លោក ហ៊ឹម គិរី និងលោក នូវ នឿន ជាតំណាងពលរដ្ឋ ៣នាក់​ក្នុងចំណោម  ដែលត្រូវបានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ខ្លួន​រួមគ្នាជាមួយលោក ទុយ ស្រស់។

រឿងទាក់ទងនឹង ទុយ ស្រស់
(ឆ្វេង) លោក នូវ នឿន និងភរិយា (អាវស) និង (ស្ដាំ) លោក អាន សារួន និងភរិយា (អាវលឿង)

ថ្លែង​ប្រាប់​វីអូឌី​តាម​ទូរសព្ទ កាល​ពី​ថ្ងៃ​ទី២៩ ខែឧសភា ដើមបណ្ដឹង​ម្នាក់​​ក្នុងចំណោម ៤នាក់​ លោក នូវ នឿន ដែលរស់​នៅ​ក្នុង​សង្កាត់៤ ក្រុង​ប៉ោយប៉ែត ថា លោក​ពិត​ជា​ចង់​ឃើញ​តុលាការបើក​ការ​ជំនុំជម្រះ​រឿង​នេះ​ឱ្យបាន​ឆាប់​ៗ។ ​លោក នូវ នឿន បានលើក​ឡើង​ទៀត​ថា ​ការ​ផ្អឹប​សំណុំរឿង​នេះ​ទុក​យូរ​ពេក វា​នឹង​កាន់​តែ​ធ្វើ​ឱ្យប៉ះពាល់​ការ​ស្វែង​រក​យុត្តិធម៌​ចំពោះ​ជនរងគ្រោះ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ចង់​បាន​ឆាប់ ហើយ​ក៏​មិនមែន​ថា​ខ្ញុំ​នឹង​ចង់​ឈ្នះ​ចាញ់​អី​ទេ។ ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ ត្រូវ​ឈរ​នៅ​លើ​ភាព​យុត្តិធម៌ ហើយ​ក្នុង​ប្រទេស​របស់​យើង​ត្រូវ​មាន​សីលធម៌។ ទាំង​ខ្ញុំ​ទាំង​គេ​សប្បាយ​ចិត្ត​ទាំងអស់​គ្នា។ ហើយ​គេ​ដែល​បាន​ដឹង​ឭ​ ក៏​គេ​នៅ​រង់ចាំ​ទាំងអស់​គ្នា នៅ​ពេល​នៃ​ការ​កាត់​ក្តី​ពួក​ខ្ញុំ​ដែរ​ថា​ យុត្តិធម៌​ហ្នឹង​វា​មាន​ហើយ​ឬ​នៅ»។

គិត​មក​ចាប់​ពី​ថ្ងៃ​ទី១៩ ខែមករា ដើម​ឆ្នាំ២០២០ ជា​ថ្ងៃ​នៃ​ការ​ចាប់​ខ្លួន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ បាន​បន្ត​អូស​បន្លាយ​ប្រមាណ​ ៥​ខែ​កន្លង​មក​ហើយ។ ដើមបណ្ដឹង​ដែល​ជា​អ្នក​តស៊ូ​មតិ​ក្នុង​រឿង​ដីធ្លី​ ហើយ​ដែល​អះអាង​ថា ​ជា​ជនរងគ្រោះ​ លើក​ឡើង​ថា ពួក​គេ​រង់​ចាំ​យុត្តិធម៌ តាមរយៈ​ការ​ជំនុំជម្រះ​តាម​ផ្លូវ​តុលាការ​នេះ អស់​ពេល​ជា​យូរ​ខែ​ណាស់​មក​ហើយ។

លោក អាន សារួន ​ដែលអះអាងថា ​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ធ្វើ​ទារុណកម្ម​ដែរ ​និយាយ​ថា ខ្លួន​លោក​ហាក់​បាត់បង់​ជំនឿ​ទៅ​ហើយ ដោយ​សារ​ពុំ​មាន​ចម្លើយ​អ្វី​សោះ​ពី​តុលាករ។ បើ​តាម​ពលរដ្ឋរូបនេះ កាល​ពី​ពាក់កណ្ដាល​ខែមីនា​កន្លង​ទៅ​នេះ ពួក​គេ​ទាំង ៤នាក់ បាន​ឡើង​មក​ភ្នំពេញ ​ដើម្បី​ស្វែង​រក​យុត្តិធម៌​នៅ​តាម​ស្ថាប័ន​ថ្នាក់​ជាតិ​ មាន​ក្រសួង​យុត្តិធម៌​ជាដើម​បន្ត​ទៀត។ ជា​អតីត​មន្ត្រី​យោធា​ក្នុង​កងពល​៥១ ​ប្រចាំ​នៅ​ខេត្ត​បន្ទាយមានជ័យ លោក អាន សារួន បញ្ជាក់​ថា តាមរយៈ​បណ្ដឹង​ជា​ថ្មី​ទៀត​របស់​ពួក​គេ មន្ត្រី​ដែល​ទទួល​ពាក្យបណ្ដឹង​នៃ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ សន្យា​ថា ​នឹង​ចុះ​ពិនិត្យ​ក្នុង​ពេល​ឆាប់​ៗ​​ខាង​មុខ​នេះ។

លោក​បន្ត​ថា៖ «ដល់​ហើយ ហើយ​ក៏​បោះត្រា​រួច​ហើយ​ដែរ។​ តិចទៀត​គេ​នឹង​ចុះ​មក​ហើយ។ គេ​អត់​ប្រាប់​[កាល]កំណត់​ទេ ​លុះ​ត្រា​តែ​សម្ដេច ហ៊ុន សែន និង​សម្ដេច ស ខេង អនុញ្ញាត ឬ​ក្រសួង​យុត្តិធម៌​អនុញ្ញាត​ហើយ ​បាន​ប្រគល់ឱ្យ​ក្រុម​ការងារ​ចុះ​ស្រាវជ្រាវ​នៅ​ខេត្ត»។

វីអូឌី មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​ទេពី​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី៣០ ខែឧសភា។ ប៉ុន្តែ ​ភ្លាម​ៗ ក្រោយ​កើតហេតុ លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​បង្កើត​គណៈកម្មការ​ ដើម្បី​ពិនិត្យ​រឿង​ក្ដី​ជា​បន្ទាន់។

ជាង​នេះ​ទៀត លោកនាយករដ្ឋមន្រ្តី​ថែម​ទាំងបាន​​ព្រមាន​មិន​លើកលែង​ឱ្យ​អ្នក​ប្រព្រឹត្ត​បទល្មើស​នេះ​ថែម​ទៀត​ផង។ ភ្លាម​ៗ ​ក្រោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បទបញ្ជា តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​ដីកា​ឱ្យចាប់​ខ្លួនមន្រ្តី​កងរាជអាវុធហត្ថខេត្តនេះ ២នាក់ ​ដាក់​ពន្ធនាគារ។

ទាំង​លោក ស ប៊ុនសឿង និង​ឈ្មោះ ឆយ រដ្ឋនា (ហៅ​សឿង៣៨) ជា​មន្ត្រីកងរាជអាវុធហត្ថខេត្ត​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ចោទ​ប្រកាន់​ពី​បទ ហិង្សា​ដោយ​ចេតនាមាន​ស្ថាន​ទម្ងន់​ទោស ដោយ​សារ​មរណភាព​នៃ​ជនរងគ្រោះ ​តាម​បញ្ញត្តិ​មាត្រា ២១៨ និង​មាត្រា ២២៤ នៃ​ក្រមព្រហ្ម​ទណ្ឌ។ សព្វថ្ងៃ​នេះ មន្ត្រី​ប៉េអិម​ទាំង ២នាក់ ដែល​រង​ការ​ចោទ​ប្រកាន់ ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត។

មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ឈ្មោះ សរ ប៊ុនសឿង ដែលរងការចោទប្រកាន់ប្រើអំពើហិង្សា។
មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ឈ្មោះ សរ ប៊ុនសឿង ដែលរងការចោទប្រកាន់ប្រើអំពើហិង្សា។ (រូបផ្តល់ដោយ សមាគមអាដហុកខេត្តបន្ទាយមានជ័យ)

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន បាន​ប្រាប់​វីអូឌី តាម​ទូរសព្ទ​នៅ​ថ្ងៃ​ទី៣០ ខែឧសភា ថា លោក​នៅ​មិន​ទាន់​ដឹង​ចំពោះ​កិច្ច​អន្តរាគមន៍​របស់​ជន​រងគ្រោះ​ទាំង​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ លោក ម៉ាលីន ថ្លែង​ថា បើ​ពិត​ជា​មាន​ពាក្យ​បណ្ដឹង​ដូច្នេះ​មែន ក្រសួង​នឹង​ពិនិត្យ រួច​បញ្ជូន​ទៅ​តុលាការ​វិញ ដើម្បី​ពិនិត្យ និង​អនុវត្ត​ទៅ​តាម​នីតិវិធី។ បើ​តាម​លោក ជិន ម៉ាលីន ក្រសួង​យុត្តិធម៌​ក៏​ពុំ​អាច​មាន​សិទ្ធិ​ដើម្បី​បង្គាប់បញ្ជា​ឱ្យតុលាការត្រូវ​តែ​អនុវត្ត​តាម​ណា​មួយ​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​រឿង​ក្ដី​នេះ​ពិត​ជា​ត្រូវ​បិទ​បញ្ចប់​មែន ក៏​ខាង​តុលាការ​ជូន​ដំណឹង​ដែរ។​​

លោក​បន្ថែម​ថា៖ «តែ​គាត់​យក​មក​ដាក់ អា​ហ្នឹង​ខាង​ក្រសួង​គេ​នឹង​ពិនិត្យ​ចាត់ការ​តាម​នីតិវិធី​ហ្នឹង​ហើយ។​​ ជា​ទូទៅ​ គេ​ពិនិត្យ​លើ​បណ្ដឹង​របស់​គាត់​ជា​មុន​សិន​ ថា​តើ​មាន​មូលដ្ឋាន​ដែរ​ឬ​អត់ ​ជា​គោលការណ៍។ ​​​​​ហើយ​បើ​សិន​ជា​មាន​មូលដ្ឋាន​ គេ​នឹង​បញ្ជូន​រឿង​ក្តី​នេះ​ទៅ​តុលាការ ​ដើម្បី​ពិនិត្យ​លើ​ករណី​ហ្នឹង។​ យើង​មិន​អាច​បញ្ជា​ទៅ​តុលាការ​បាន​ទេ ​ក្រសួង។ តែ​ជា​នីតិវិធី ​កាល​ណា​យើង​ទទួល​បាន​ហើយ យើង​ឱ្យតុលាការ​គាត់​ពិនិត្យ​ទៅ​តាម​ការ​មិន​សុខចិត្ត​របស់​ប្រជាពលរដ្ឋ​ហ្នឹង»។

ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ​លោក ហេង កេសរោ បដិសេធ​តាម​ទូរសព្ទ កាល​ពី​ថ្ងៃ​ទី២៩ ខែឧសភា ក្នុង​ការ​ផ្ដល់​ចម្លើយ​អំពី​ភាព​យឺតយ៉ាវនៃ​ការ​ជំនុំជម្រះ​នេះ។

ក្រៅ​ពី​នេះ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​តុលាការ​ខេត្ត​បន្ទាយមានជ័យ ​លោក តេង សាម៉ៃ ប្រាប់​វីអូឌី តាម​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី៣០ ខែឧសភា ថា រឿង​ក្ដី​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​នៅ​ឡើយ។ ថែម​ពី​នេះ​ទៀត​ លោក​បញ្ជាក់​ថា មេធាវី​ខាង​ចុងចោទ​ស្នើ​ឱ្យបំពេញ​កិច្ច​បន្ថែម​ទៀត។ បើ​តាម​លោក តេង សាម៉ៃ យ៉ាង​ណា​សំណុំរឿង​នេះ អាច​នឹង​ត្រៀម​បិទ​ការ​ស៊ើបសួរ​ឆាប់​ៗ​នេះ​ហើយ។

លោក​បន្ថែម​ថា៖ «មិន​អាច​កំណត់​ទេ។ តែ​ការ​ស៊ើបសួរ​នេះ​យូរ​គួរសម​ហើយ អាច​ឆាប់​ៗ​នេះ​ ត្រៀម​បិទ​ស៊ើប បន្ទាប់​មក​រង់ចាំ​ការ​កំណត់​ជម្រះ»។

មន្ត្រី​អង្គការ​ឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស ហៅ​ការ​ធ្វើ​ទារុណកម្ម និង​ប្រើប្រាស់​ហិង្សា​យក​ចម្លើយ​ពី​ពិរុទ្ធជន នៅ​អំឡុង​ពេល​ឃុំ​ខ្លួន​ គឺ​ជា​រឿង​ខុស​ច្បាប់។ ម្យ៉ាង​វិញ​ទៀត ការ​បន្ត​អូស​បន្លាយ​សំណុំរឿង​នេះ វា​រឹត​តែ​ធ្វើ​ឱ្យប៉ះពាល់​ដល់​សិទ្ធិ​ជន​រងគ្រោះ ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ថែម​ទៀត​ផង។

យោង​តាម​នីតិវិធី​ក្រមព្រហ្មទណ្ឌ​ចែង​ថា ចំពោះ​បទល្មើស​មជ្ឈិម ​តុលាការ​អាច​ត្រូវ​ការ​ពេលវេលា ដើម្បី​ស៊ើបអង្កេត​រយៈពេល ៤ខែ មុន​នឹង​ត្រូវ​បើក​ការ​ជំនុំជម្រះ។ ដោយ​ឡែក ​ចំពោះ​បទល្មើស​ឧក្រិដ្ឋ​វិញ ការ​សិក្សា​រឿង​ក្តី​រហូត​ដល់ ៦ខែ។ ប៉ុន្តែ​ បើ​សិន​ជា​តុលាការ​នៅ​យល់​ឃើញ​ថា អំឡុង​ពេល ​៦ខែ​នេះ នៅមិន​ទាន់​គ្រប់គ្រាន់​ទេ រឿង​ក្តី​នៃ​បទឧក្រិដ្ឋ​នេះ អាច​ត្រូវ​ពន្យារ​ពេល​រហូត​ដល់ ១៨ខែ។ មានន័យ​ថា ​តុលាការ​អាច​លើក​ពេល ៦​ខែ​ បាន​៦ដង។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា យល់​ឃើញ​ថា តុលាការ​គួរ​ពន្លឿន​សំណុំរឿង​នេះ យក​ទៅ​ជម្រះ​ឱ្យបាន​ឆាប់ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​សម្រាប់​​ជនរងគ្រោះ តាមរយៈ​សវនាការ​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន។​​​​ ក្រៅ​ពី​នេះ បើ​តាម​លោក ចន្ទគា ប្រសិន​បើ​មាន​អ្នក​ដែល​ចង់​ផ្អឹប​រឿង​ក្តី​នេះ​ទុក​ចោល ហើយ​បញ្ចប់​ស្ងាត់​ៗ លោក​នឹង​ប្រើប្រាស់​សិទ្ធិ​តាម​គោលការណ៍​ច្បាប់ ប្ដឹង​ប្រឆាំង​ការ​អនុវត្ត​នីតិវិធី​បែប​នេះ។

លោក​បន្ថែម​ថា៖ «បើ​សិន​ជា​ខ្ញុំ​បាន​ឮ ខ្ញុំ​បាន​ដឹង​ ខ្ញុំ​នឹង​ប្ដឹង​អ្នក​នោះ​បន្ថែម​ទៀត ព្រោះ​វា​ទាក់ទង​ទៅ​លើ​បទល្មើស​ព្រហ្មទណ្ឌ។ នាំ​គ្នា​ចរចា​ដើម្បី​បង្កើត​នូវ​អំពើ​និទណ្ឌភាព​​នៅ​កម្ពុជា យើង​អត់​ត្រូវ​ការ​ទេ។ បើ​ឮ យើង​នឹង​ប្ដឹង​អ្នក​នោះ​ថែម​ទៀត និយាយ​ឱ្យចំ​ទៅ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ