​អតីតបុគ្គលិក The Great Duke ចំនួន ៣២នាក់មិនទាន់បើកប្រាក់អតីតភាពការងារដោយសារមានបញ្ហាផ្សេងៗគ្នា

សហជីពតំណាងឲ្យអតីតបុគ្គលិក ​ The Great Duke អះអាងថា រដ្ឋាភិបាលបានទូទាត់ប្រាក់អតីតភាពការងារជូន​អតីតបុគ្គលិកនៃសណ្ឋាគារនេះបានចំនួន១២០នាក់ ខណៈជាង ៣០នាក់ទៀត មិនទាន់ទទួលបានដោយសារមានបញ្ហាផ្សេងៗគ្នា។

ប្រធាន​សហព័ន្ធ​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រចាំ​នៅ​សណ្ឋាគារ The Great Duke លោក ទូច កុសល ប្រាប់​វី​អូ​ឌីនៅថ្ងៃនេះថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងការងារបានទូទាត់ប្រាក់អតីតភាពការងារជូនអតីតបុគ្គលិក The Great Duke បានចំនួន ១២០នាក់ ដោយទទួលបានចន្លោះពី ៣០០ដុល្លារ រហូតដល់ ១៣,០០០ដុល្លារ តាមបទពិសោធិ៍ការងារតិច ឬច្រើនឆ្នាំ។

លោក កុសល បញ្ជាក់ថា ដោយឡែក នៅសល់ ៣២នាក់ទៀត មិនទាន់ទទួលបានប្រាក់អតីតភាពការងារនៅឡើយ ដោយសារអ្នកខ្លះ​ខ្វះឯកសារ​(ប័ណ្ណសម្គាល់ខ្លួនបុគ្គលិក) និងរវល់ការងារ ឬប្រករបររកស៊ីនៅតាមខេត្ត ហើយថ្នាក់ដឹកនាំជនបរទេសខ្លះទៀត ទៅនៅក្រៅប្រទេសជាដើម។

លោក ទូច កសុល ប្រាប់ថា៖ «នៅសល់៣២នាក់ទៀត ខ្លះគាត់ជាប់រវល់ទៅខេត្ត អ្នកខ្លះទៀតពួកគាត់អត់មានកាតបុគ្គលិក [ចំនួន៦នាក់] ខ្លះទៀតពោះធំ ឆ្លងទន្លេ ហើយខ្លះទៀតមានអ្នកគ្រប់គ្រងជនជាតិបរទេស ៣ ទៅ ៤នាក់ទៀត បានទៅក្រៅប្រទេស គាត់អត់ទាន់ត្រឡប់ចូលក្នុងស្រុកខ្មែរបាន [កូវីដ១៩] ហើយអ្នកដែលទៅតាមខេត្ត គាត់នឹងមកបើនៅថ្ងៃចន្ទស្អែកនេះ»

លោក អ៊ំ វណ្ណា ដែលអះអាងថា ជាអតីត​បម្រើការងារនៅសណ្ឋាគារ The Great Duke ប្រហែល ២០ឆ្នាំ ប្រាប់ថា គាត់បើកប្រាក់អតីតភាពការងារបានចំនួនជិត ២,៦០០ដុល្លារកាលពីថ្ងៃ៣០ ខែឧសភានេះ។ លោកបញ្ជាក់ថា ក្រោយពីបើកប្រាក់អតីតភាពការងារនេះ អាចជួយសម្រួលដល់ជីវភាពគ្រួសារមួយផ្នែក។

អ្នកនាងនិយាយថា៖ «ទឹកលុយចុងក្រោយដែលគេ[ក្រសួងការងារ]ប្រគល់ឲ្យជិត ២,៦០០ដុល្លារ ខ្ញុំទទួលបានហើយកាលថ្ងៃសៅរិ៍ហ្នឹង។ ពេលបើកបានមកវាជួយដល់គ្រួសារខ្ញុំខ្លះ ព្រោះនៅពេលមានជំងឺកូវីដហ្នឹង ខ្ញុំបានយកទៅសងធនាគារខ្លះ ហើយសល់ខ្លះទុកចាយក្នុងគ្រួសារដែរ»

អ្នកនាង ទេព ផាន់នីកាក់ និយាយថា គាត់បើកប្រាក់អតីតភាពការងារបានចំនួន ៣០០ដុល្លារ ដោយសារតែធ្វើការងារនៅទីនោះបានតិចឆ្នាំ។ អ្នកនាងអំពាវនាវទៅអតីតបុគ្គលិកដែលមិនទាន់ទៅបើកប្រាក់ប្រញាប់ទៅបើកនៅសប្តាហ៍ក្រោយនេះ ហើយត្រូវយកឯកសារពាក់ព័ន្ធទៅជាមួយផង ទើបក្រសួងបើកប្រាក់ឲ្យ។

អ្នកនាង ផាន់នីកាក់ ​ប្រាប់ថា៖ «ខ្ញុំសុំឲ្យបងប្អូនដែលមិនទាន់បើកលុយ ពួកគាត់ត្រូវយកឯកសារ អត្តសញ្ញាណប័ណ្ណ កាតបុគ្គលិក និងកាត ប.ស.ស ទើបក្រសួងគេបើកលុយឲ្យ  អញ្ចឹងបងប្អូនគួរតែនាំគ្នាទៅបើកឲ្យហើយនៅសប្តាហ៍ក្រោយហ្នឹងទៅ ព្រោះក្រសួងការងារមានលុយទុកសំរាប់បើកឲ្យហើយ»

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មានប្រសាសន៍តាមតេឡេក្រាមយ៉ាងខ្លីថា ក្រសួងមានប្រាក់គ្រប់គ្រាន់ក្នុងការបើកជូនដល់បុគ្គលិកសរុប ១៥២នាក់នេះ រហូតដល់សប្តាហ៍ក្រោយ ដោយសារអតីតបុគ្គលិកខ្លះ វិលត្រឡប់ទៅស្រុកកំណើត។

នាយក​ប្រតិបត្តិនៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់​ត្រា​ល់​) លោក មឿន តុលា មានប្រសាសន៍ថា បើអតីតបុគ្គលិក The Great Duke មិនទាន់មានពេលទៅបើកប្រាក់អតីតភាពការងារ ដោយសារចំណាកស្រុក ឬទៅតាមខេត្តឆ្ងាយជាដើម ក្រសួងគួរតែសម្រួលឲ្យសាច់ញាតិ ប្តី ឬប្រពន្ធ អាចទៅបើកជំនួសបាន ដោយភ្ជាប់ជាមួយលិខិតប្រគល់សិទ្ធិ ឬដឹងឮពីអាជ្ញាធរមូលដ្ឋានជាដើម។

លោក មឿន តុលា ប្រាប់ថា៖ «ខ្ញុំថា បើសិនជាអ្នកដែលធ្វើការងារនៅតាមខេត្ត ហើយគាត់មិនអាចត្រឡប់មកវិញបាន គាត់អាចធ្វើលិខិតប្រគល់សិទ្ធិ ទៅឲ្យប្រពន្ធ ឬក៏ប្តីមកបើកជំនួស ហើយមានភ្ជាប់ជាមួយលិខិតផ្ទេរសិទ្ធិ និងសំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ ហើយដោយឡែកជនបរទេសក៏ដូចគ្នាដែរ បើមានលិខិតប្រគល់សិទ្ធិ គឺក្រសួងគួរតែបើកឲ្យពួកគាត់ដែរ»

កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល បាន​ចេញ​សេចក្តី​សម្រេច​តម្រូវ​ឱ្យ​ថៅកែ​សណ្ឋាគារ​ទូទាត់ប្រាក់​សំណង​ចំនួន ៣ចំណុច ទៅតាម​ការ​ទាមទារ​របស់​អតីត​បុគ្គលិក​សណ្ឋាគារ​នេះ។ ក្រោយមកម្ចាស់សណ្ឋាគារមិនព្រមទូទាត់ឲ្យនោះទេ រហូតដល់ថ្ងៃទី២១ ខែឧសភា សហព័ន្ធសហជីព​ និងអតីតបុគ្គលិកជិត ១០០នាក់នាំគ្នាតវ៉ានៅមុខសណ្ឋាគារជាថ្មីទៀត។ នៅពេលនោះ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានចេញមុខសន្យាដោះស្រាយជូនពួកគេយ៉ាងយូរចុងសប្តាហ៍នេះ។

សណ្ឋាគារ​លំដាប់​ផ្កាយ៥ ដឹហ្ក្រេ​តឌ្យូ​កភ្នំពេញ (The Great Duke Phnom Penh​) គឺ​ជា​អតីត​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណង់​តាល់ ​(InterContinental​) មាន​ទីតាំង​នៅកណ្ដាល​រាជធានី​ភ្នំពេញ ប្រកាស​បិទទ្វារ​ចាប់ពី​ចុងខែ​ធ្នូ​ឆ្នាំមុន បន្ទាប់ពី​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​អស់​រយៈពេល ២៣ឆ្នាំ។ ចំណែកប្រាក់អតីតភាពការងារដែលត្រូវទូទាត់ជូនអតីតបុគ្គលិក ១៥២នាក់នោះ សរុបចំនួន ៣២ម៉ឺនដុល្លារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ