អតិថិជនម្នាក់ថាគ្រឹះស្ថានPrimeបង្ខំឱ្យដាក់ម៉ូតូបញ្ចាំដើម្បីសងបំណុល

​អ្នកស្រី សាត ផា ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ផ្ដល់បទសម្ភាសន៍ពីបញ្ហាប្រឈមទាក់ទងនឹងបំណុលធនាគារ អំឡុងកូវីដ១៩ ឆ្នាំ២០២០នេះ។

ស្ត្រីមេម៉ាយម្នាក់​រស់នៅ​សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ​ ចោទគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាណម៍ អឹមអេហ្វ អិលធីឌី(Prime)ថា បានបង្ខំឱ្យគាត់យកម៉ូតូឬទ្រព្យសម្បត្តិផ្សេងទៀតទៅបញ្ចាំដើម្បីបានប្រាក់សងបំណុល។​

ពលរដ្ឋ​រស់នៅ​សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ រាជធានីភ្នំពេញ  អ្នកស្រី សាត ផា អះអាងថា  គាត់បានដាក់ប្លង់ផ្ទះ ដើម្បីខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាណម៍ អឹមអេហ្វអិលធីឌី ចំនួន៧ពាន់ដុល្លារ ដើម្បីពង្រីកមុខរបរ។​

ស្រ្តីដែលមានជំនាញព្យាបាលសត្វចិញ្ចឹមរូបនេះបន្តថា មុខរបរគាត់បាត់ចំណូល ហើយជម្លោះក្នុងគ្រួសារក៏កើតឡើង ធ្វើឱ្យគាត់ធ្លាក់ខ្លួនស្ទើរតែគ្មានលុយទិញអាហារបរិភោគ។​ អ្នកស្រីថា គាត់បានស្នើសុំពន្យារពេលបង់ប្រាក់ ប៉ុន្តែបុគ្គលិកស្ថានប្រាណម៍គំរាមទារប្រាក់ និងជំរុញឱ្យគាត់យកម៉ូតូដែលកំពុងជិះរាល់ថ្ងៃ ឬ យកទ្រព្យសម្បត្តិផ្សេងទៀតទៅបញ្ចាំ។​

អ្នកស្រីថា៖«បុគ្គលិកធនាគារគាត់ថា ធ្វើម៉េចក៏ដោយឱ្យតែបានលុយឱ្យគាត់ យក កាតគ្រីម៉ូតូទៅបញ្ចាំទៅមានស្អីក៏ដោយយកទៅបញ្ចាំទៅគាត់ស្គាល់កន្លែងបញ្ចាំ »

ទោះយ៉ាងណាអ្នកស្រី សាត ផា បញ្ជាក់ថា គាត់មិនទាន់យកម៉ូតូឬ ទ្រព្យសម្បត្តិផ្សេងៗទៅបញ្ចាំនោះទេ បើទោះជាខាងស្ថាប័នផ្តល់កម្ចីហៅគាត់ទៅជួបមិនតិចជាង៥ដង ហើយបានទៅទារប្រាក់ដល់ផ្ទះគាត់ច្រើនដងហើយក៏ដោយ។​ អ្នកស្រីរង់ចាំខាងស្ថាប័នផ្តល់កម្ចី ក៏ដូចជារដ្ឋាភិបាលជួយរកដំណោះស្រាយឱ្យគាត់ឱ្យបានប្រសើរជាងនេះ។​

នាកយកគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាណម៍ អឹមអេហ្វ អិលធីឌី សាខា ឫស្សី​កែវ ដោយសុំមិនបញ្ចេញឈ្មោះ បានច្រានចោលការចោទប្រកាន់ ហើយថា​ ករណីនេះកំពុងស្ថិតនៅក្នុងដំណើរការដោះស្រាយដោយសន្តិវិធី។​

លោកថា៖«ខាងស្ថាប័ន អត់មានជំរិត និងបង្ខំឱ្យគាត់​ ដោះស្រាយបំណុលទេ គ្មាននីតិវិធី ឬក៏គោលការណ៍ស្ថាប័នក្នុងការធ្វើ​ទេ​។ ចំពោះករណីអតិថិជនឈ្មោះ សាត ផា នេះ តាមពិត ករណីនេះ ស្ថិតក្នុងដំណាក់ការកំពុង​ដោះស្រាយជាមួយគ្នា ដោយសន្តិវិធី​​ ដោយយើងយោងទៅតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាល​និងធនាគារជាតិ ដែលបានចេញកន្លងមក​ ដើម្បីអនុវត្តរៀបចំឥណទានឡើងវិញ»

របាយការណ៍​​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ បង្ហាញថា គិត​ត្រឹម​ថ្ងៃទី២៤ ខែឧសភា មាន​ពលរដ្ឋ​ជាង ១៧០ ០០០នាក់​ បាន​ស្នើសុំ​អន្តរាគមន៍​ ដោយសារ​ពួក​គាត់​មិន​អាច​បង់​សង​លុយ​ដែល​ពួក​គាត់​ជំពាក់។ ចំណែក​សមាគម​ធនាគារ​មិនបាន​បង្ហាញ​របាយការណ៍​ដែល​ពលរដ្ឋ​ជំពាក់បំណុលដែល​សុំ​អន្តរាគមន៍​ដោះស្រាយ​នោះ​ទេ​។

កាលពី​ថ្ងៃទី២៧ ខែមីនា ធនាគារជាតិ​បាន​ចេញ​សេចក្តី​ណែនាំ​ចំនួន ៩ចំណុច ​ឱ្យ​ស្ថាប័ន​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ អនុវត្តដើម្បី​សម្រួល​ដល់​អ្នក​ជំពាក់បំណុល។ ក្នុងចំណោម ៩ចំណុច​នេះ ធនាគារជាតិ​មិនបាន​ចាប់បង្ខំ​ឱ្យ​អនុវត្តទេ​ គឺការ​ជ្រើសរើស​យក​ចំណុច​ណាមួយ​ទៅ​អនុវត្ត ជា​ការសម្រេច​ដោយ​ផ្ទាល់​ទៅតាម​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ឬធ​នា​គារ។

អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុង​ងី ថ្លែង​ថា ចំណុច​ដែល​ស្ថាប័ន​ផ្តល់​កម្ចី​ប្រើ​ភាគច្រើន​យក​ទៅ​ប្រើ​មាន ២ចំណុច​ គឺ​ការ​តម្រូវ​ឱ្យ​បង់​តែ​ការប្រាក់ ​និងផ្អាក​ការ​បង់​ទាំងដើមទាំងការ ​រយៈពេល​ពី ៣ ទៅ ៦ខែ។

អ្នក​ជំពាក់​លុយ​ធនាគារ​មួយចំនួន​អះអាង​ថា វិធានការ​នេះមិនបាន​ជួយ​សម្រួល​ដល់​ពួក​គាត់​ទេ ព្រោះថា បើ​បង់​តែ​ការប្រាក់ ​បានន័យ​ថា គាត់​នៅតែ​ជំពាក់​ដដែល ​ត្រូវ​ខំ​រកលុយ​បង់​ការប្រាក់ ចំណែក​ការ​ផ្អាក​បង់​ទាំងដើមទាំងការ ធនាគារ​តម្រូវ​ឱ្យ​បង់​ការប្រាក់​សរុប​ ដល់ពេល​ផុតពេល​ពន្យារ​នេះ អាច​ក្លាយជា​ការ​ដាក់បន្ទុក​បន្ថែម​ទៀត។

ពលរដ្ឋ​អ្នក​ជំពាក់​លុយ​មួយចំនួន ​ស្នើ​ឱ្យ​ក្នុង​ពេល​ផ្អាក​បង់ ៦ខែ​នេះ គឺ​មិន​ត្រូវ​គិតការ​ប្រាក់​ទេ ទើប​ហៅថា ជា​ការ​ជួយ​ពលរដ្ឋ​ក្នុង​ពេល​លំបាក។

ទោះ​យ៉ាងណា ​វិធានការ​ធនាគារជាតិ​ហាក់​មិន​ត្រូវ​ស្ថាប័ន​ផ្តល់​កម្ចី​មួយចំនួន​យក​ទៅ​ប្រើ​ទេ ព្រោះ​ការ​បង្ខំ​ឱ្យ​ពលរដ្ឋ​លក់​ទ្រព្យសម្បត្តិ ឬបង្ខំ​ឱ្យទៅ​ចងការប្រាក់​កន្លែង​ផ្សេង​មក​បង់​ធនាគារ​នៅតែ​មាន ហើយ​ករណី​ខ្លះ ​រហូតដល់​ពលរដ្ឋ​ថត​ពី​សកម្មភាព​នៃ​ការ​ឈ្លោះប្រកែក​គ្នា​រវាង​ពលរដ្ឋ​អ្នក​ជំពាក់បំណុល​ជាមួយបុគ្គលិក​ធនាគារ​ ដែលត្រូវបានផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ជាបន្តបន្ទាប់​ទៀតផង​៕

វិភាគ៖ វិធានការ​​រដ្ឋា​ភិបាល​​បាន​​ជួយ​ពលរដ្ឋ​​ជំពាក់​បំណុល​​ធ្ងន់​ធ្ងរ​​កម្រិត​​ណា​​?​

​​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ