ពលរដ្ឋ​ខ្មែរ​​នៅ​​ម៉ាឡេស៊ី​​ស្នើ​​រដ្ឋា​ភិបាល​​រក​​យន្ត​ហោះ​​ដឹក​​ពួក​​គេ​​មក​វិញ​ ក្រោយ​​បើក​​ឱ្យ​​ចូល​​គ្មាន​​ការ​​បញ្ជាក់​​សុខ​ភាព​

ពលរដ្ឋខ្មែរអង្គុយរងចាំនៅព្រលានយន្តហោះម៉ាឡេស៊ី ខណៈជើងយន្តហោះត្រលប់មកកម្ពុជាវិញ​ត្រូវបានបិទ កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។ (Royal Embassy of Cambodia to Malaysia)

​ពលរដ្ឋខ្មែរ​ដែល​ជាប់​នៅ​ម៉ាឡេស៊ី អះអាង​ថា ទោះបី​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​វិល​ចូល​ប្រទេស​ដោយ​មិន​ចាំបាច់​មាន​លិខិតបញ្ជាក់​សុខភាព​ក៏ដោយ ក៏​ពួក​គេ​មិន​អាចម​កកម្ពុជា​វិញ​បាន​ដែរ ប្រសិន​រដ្ឋាភិបាល​មិន​ជួយ​អន្តរាគមន៍​ឱ្យ​មាន​យន្តហោះ​ដឹក​ពួក​គេ​ត្រឡប់​មក​កម្ពុជា​វិញ​នោះ។

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​កាលពី​ថ្ងៃម្សិលមិញ​ថា ពលរដ្ឋខ្មែរ​ដែល​នៅ​ក្រៅប្រទេស​អាច​វិល​ចូល​កម្ពុជា​បាន ដោយ​មិន​ចាំបាច់​មាន​លិខិតបញ្ជាក់​សុខភាព​ថា គ្មាន​ជំងឺឆ្លង​កូ​វីដ​-១៩នោះ​ទេ ហើយ​វិធានការ​នេះ ធ្វើឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ពលរដ្ឋ​នៅ​ក្រៅប្រទេស​ឆាប់​បាន​វិលត្រឡប់​មក​ជួបជុំ​ក្រុម​គ្រួសារ​ខ្លួន​វិញ។

និស្សិត​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​ខកខាន​ក្នុង​ការ​ត្រឡប់​មក​កម្ពុជា លោក ស្លះ សា​ព្រី បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ពួក​គាត់​នៅតែ​មិន​អាច​ត្រឡប់​មក​ប្រទេសកំណើត​បាន​ដដែល ដោយសារ​មិន​មាន​ជើង​យន្តហោះ។

លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ជួយ​អន្តរាគមន៍​ឱ្យ​មាន​យន្តហោះ​ដឹក​ពួក​គាត់​ត្រឡប់មកវិញ​នោះ លោក​ថា ពួក​គាត់​ទាំងអស់គ្នា​នៅតែ​ជាប់​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដដែល។

លោក ស្លះ សា​ព្រី ប្រាប់​ថា៖ «បើ​រដ្ឋាភិបាល​គាត់​ចង់​ជួយ​ពួក​ខ្ញុំ​ឱ្យ​បាន​ទៅ​មែន ជួយ​ធ្វើ​ម៉េច​ឱ្យ​មាន​ជើង​យន្តហោះ ធ្វើ​ម៉េច​ឱ្យ​គាត់​រក​អាហ្នឹង​ឱ្យ​បាន​មក ពួក​ខ្ញុំ​ដឹង​តែ​បាន​ទៅ​ហើយ ប៉ុន្តែ បើ​មិន​ជួយ​អាហ្នឹង​ទេ ទោះបី​មិន​យក​ក្រដាស​បញ្ជាក់​ក៏ដោយ ពួក​ខ្ញុំ​មិនបាន​ទៅ​ទេ នៅ​ដដែល​ហ្នឹង។ ខ្ញុំ​នៅ​ភ័យ​ និង​បារម្ភ​បងស្រី​មួយ​គាត់​មានផ្ទៃពោះ គាត់​ពិបាក​ជាងគេ។ ពួក​ខ្ញុំ​ក៏​ពិបាក​ដែរ អស់​លុយ​ចាយ ប៉ុន្តែមិនដឹង​ថាម៉េច បើ​យើង​តស៊ូ យើង​ប្រាប់​គេ​អស់ហើយ ​នៅតែ​អត់​បាន​ទៅទៀត»។

ពលរដ្ឋខ្មែរ​ម្នាក់ទៀត អ្នកស្រី ស៊ាង សំ​អូន លើកឡើង​ថា ប្រសិនបើ​ប្រមុខ​រដ្ឋាភិបាល​គ្រាន់តែ​ប្រកាស​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​វិញ ប៉ុន្តែ មិនជួយ​អន្តរាគមន៍​រក​យន្តហោះ​ដឹក​ពួក​គាត់​នោះ អ្នកស្រី​ថា ពួក​គាត់​នៅតែ​ជាប់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ដដែល។

អ្នកស្រី សំ​អូន ប្រាប់​ថា៖ «បើ​គាត់​មើលឃើញ​កូនចៅ​លំបាក ​សូម​មេត្តា​សម្ដេច​មកៗ​ឱ្យ​លឿនៗមក អាណិតកូន​ខ្មែរ​នៅ​នេះ​ វេទនាណាស់។ ខ្ញុំ​និយាយ​ខ្ញុំ​ចង់តែ​យំ​ទេ ខ្ញុំ​ពិបាក​រាប់​ខែ​ហើយ ម៉ែឪ​ខ្ញុំ​នៅ​ស្រុក​ក៏​គាត់​គ្មាន​អីដែរ។ ខ្ញុំ​មិនដឹង​និយាយ​ម៉េច​ឱ្យ​សម​ទេ ព្រោះ​ខ្ញុំ​ពិបាក​មែន ដល់ពេល​ខ្ញុំ​និយាយ​ច្រើន​ទៅ ​ខ្លាច​គេ​ថា​ត្អូញ។ ខ្ញុំ​អត់​ចង់​នៅទេ ទាំងអស់គ្នា បើស​ម្ដេច​ជួយ​ឱ្យ​ជួយ​លឿន​ៗបាន​ពួក​ខ្ញុំ​ទៅដល់​ផ្ទះ​វិញ ហើយ​យក​ទៅ​ដាក់​ណាយ​កទៅ ឱ្យ​តែ​បាន​ទៅដល់​ស្រុកកំណើត»។

អ្នកស្រី សំ​អូន បន្ត​ថា គាត់​រស់នៅ​ទីនោះ មិន​មានការ​ងារ​ធ្វើ​ហើយ ជំពាក់​លុយ​បង់ថ្លៃ​ផ្ទះ​ទៀត។ ដោយឡែក​ ខាង​ធនាគារ​នៅ​ប្រទេស​កម្ពុជា​វិញ​ ចេះតែ​ខល​ទៅ​ទារប្រាក់​ពី​គាត់ បន្ទាប់ពី​គាត់​គ្មាន​ប្រាក់បង់​ចំនួន ៣ខែ​នោះ។ 

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង មានប្រសាសន៍​ថា ស្ថានទូត​កំពុងធ្វើការ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ប៉ុន្តែ ចំពោះ​ករណី​ពិសេស​ដោយ​យន្តហោះ​ទៅ​ដឹក​ពួក​គាត់​មក​កម្ពុជា​វិញ គឺ​មិន​មាន​នោះ​ទេ។

លោក កុយ គួង ប្រាប់​ថា៖ «ទូត​យើង​កំពុងធ្វើការ​ងារ​ហ្នឹង​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ម៉ាឡេស៊ី។ នៅពេល​គេ​ចាប់ផ្ដើម​បើក​ឱ្យធ្វើ​ដំណើ​រមក​វិញ​ គឺអាច​ដឹកជញ្ជូន​ពួក​គាត់​មក​បាន​ហើយ។ កម្ពុជា​មិនទាន់​មាន​ករណី​សម្រាប់​ដឹកជញ្ជូន​ពួក​គាត់​មក​ទេ។ ពីមុន​បញ្ហា​លិខិតបញ្ជាក់​សុខភាព ដល់​សម្ដេច​លោក​មានការ​អនុគ្រោះ ដើម្បី​នាំ​យក​ពលរដ្ឋ​យើងត្រឡប់មកវិញ គឺ​លោក​ថា​ចាំ​មកដល់​ ចាំ​ពិនិត្យ​ទៅ។ អ៊ីចឹង​សំខាន់​កន្លែង​ផ្សេង​ៗ ឱ្យ​តែ​មាន​ជើង​យន្ត​ហោះមក គឺ​អាចម​កបាន»។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់​ត្រា​ល់​) លោក មឿន តុលា សា​ទរចំពោះ​ការ​ប្រកា​សរ​បស់ប្រ​មុខ​រដ្ឋាភិបាល ប៉ុន្តែ លោក​ផ្ដល់​ជាយោបល់​ថា រដ្ឋាភិបាល​ត្រូវ​ធ្វើ​យ៉ាងណា​នាំ​ពលរដ្ឋ​ខ្លួន​មក​ប្រទេស​កម្ពុជា​វិញ ដោយ​ធ្វើ​ការ​ចរចា​ទាំង​ផ្លូវច្បាប់ និង​សម្របសម្រួល។

លោក មឿន តុលា ប្រាប់​ថា៖ «ខាង​រដ្ឋ​ទេ ដែល​ធ្វើ​ឱ្យ​គាត់​ចំណាយ​លុយ​ទិញ​សំបុត្រ​យន្តហោះ ដោយខ្លួនឯង​ ហើយ​បោះចោល។ បើសិន​ឱ្យ​ទិញ​សំបុត្រ​យន្តហោះ​ឡើងវិញ រដ្ឋាភិបាល​កម្ពុជា​បើ​មិន​ចង់​ទិញ​សំបុត្រ​យន្តហោះ​ឱ្យ​ពលរដ្ឋខ្មែរ​យើង​ទេ គួរតែ​ចរចា​ជាមួយ​ភាគី​ម៉ាឡេស៊ី​ ឬក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ដើម្បី​ទុក​សំបុត្រ​យន្តហោះ​ឱ្យ​គាត់​ប្រើប្រាស់ ​អាច​ប្រើប្រាស់​បាន​នៅ​ថ្ងៃណាមួយដែល​ក្រុមហ៊ុន​បើ​កការហោះហើរ​ឡើងវិញ»។

ពលរដ្ឋខ្មែរ​ចំនួន ១៥០នាក់ ដែល​មានបំណង​វិល​មក​ប្រទេស​កម្ពុជា​វិញ​ កាលពី​ថ្ងៃទី៧ ខែមេសា ប៉ុន្តែ ការ​វិលត្រឡប់​នោះត្រូវ​បាន​ខកខាន​វិញ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខែ្មរ​ចំនួន ១៥០នាក់ ចូល​ប្រទេស​កម្ពុជា ដោយ​លោក​បារម្ភ​ខ្លាច​អ្នក​ទាំងនោះ មាន​ផ្ទុក​ជំងឺ​កូ​វីដ១៩​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ