ខុ​មហ្វ្រែល​​សង្កេត​ឃើញ​​ថា​ ប្រសិទ្ធ​ភាព​​សភា​​ឯក​​បក្ស​​ធ្លាក់​ចុះ​​បើ​​ធៀប​​សភា​ព​ហុ​ប​ក្ស​​អាណត្តិ​​មុន​​

តំណាងរាស្រ្តជាប់ឆ្នោតបក្សប្រជាជនកម្ពុជា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរដ្ឋាភិបាលថ្មី​សម្រាប់អាណត្តិទី៦ ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ខុ​មហ្វ្រែល​ រក​ឃើញថា ប្រសិទ្ធភាព​នៃ​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​របស់​សភា​ឯក​បក្ស​រយៈពេល ១ឆ្នាំ​មកនេះ បាន​ធ្លាក់ចុះ​បើ​ធៀប​ទៅ​នឹង​អាណត្តិ​មុន ដែល​កម្ពុជា​មាន​រដ្ឋសភា​ពហុ​បក្ស​នោះ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពីរ​បាយ​ការណ៍​សង្ខេប​នៃ​ការសង្កេត​រដ្ឋសភា និង​តំណាងរាស្ត្រ ឆ្នាំទី១ នៃ​នីតិកាល​ទី៦ ខុ​មហ្វ្រែល​រក​ឃើញថា មូលហេតុ​នៃ​ការ​ធ្លាក់ចុះ ដោយសារតែ​សកម្មភាព​ចុះមូលដ្ឋាន​របស់​តំណាងរាស្ត្រ សភា​ឯក​បក្ស​ផ្តោត​លើស​កម្ម​ភាព​ពង្រឹង​ផ្ទៃក្នុង​បក្ស​ច្រើនជាង​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ទេ​ពិសេស​បញ្ហា​ដីធ្លី ។

ខុ​មហ្វ្រែ​លលើក​ឡើង​ទៀត​ថា ក្នុង​ឆ្នាំទី១ នៃ​នីតិកាល​ទី៦នេះ រដ្ឋសភា​បាន​កោះហៅ​សមាជិករដ្ឋាភិបាល​តែមួយគត់ ​មក​សាកសួរ គឺ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ 

ខុ​មហ្វ្រែល​រក​ឃើញ​ទៀត​ថា ការសាកសួរ​នេះ​ទៀត​សោ​ត តំណាងរាស្ត្រ​មិនបាន​ឱ្យរដ្ឋមន្ត្រី​ធ្វើការ​បកស្រាយ​អំពី​សកម្មភាព​កន្លងមក ​ដែល​មតិ​ជាតិ​ និង​អន្តរជាតិ​យល់ថា​ ជា​ភាព​អយុត្តិធម៌​នៅ​ប្រទេស​កម្ពុជា​ឡើយ តែថា សភា​បែ​ជា​ឱ្យ​រដ្ឋមន្ត្រី​ស្រាយ​បំភ្លឺ​ពី​ការងារ​ដែល​សម្រេច​បាន និង​ផែនការ​ដែល​ត្រូវ​ធ្វើ​នៅពេល​ខាងមុខ។

របាយការណ៍​អង្កេត​ដដែល អះអាង​ទៀត​ថា ដោយឡែក ​សម័យប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​ក្នុង​ឆ្នាំទី១ នៃ​នីតិកាល​ទី៦ ភាគច្រើន​ផ្តោត​លើ​ការ​អនុម័ត​ច្បាប់ ហើយ​ថា ​ការ​អនុម័ត​នោះ មិនសូវ​ឃើញ​មាន​តំណាងរាស្ត្រ​ណា​ម្នាក់​ជំ​ទាស់ និង​រិះគន់​ ឬសួរ​ដេញ​ដោយ​ស៊ីជម្រៅ​ឡើយ តែថា ​ផ្ទុយទៅវិញ​មានតែ​មតិ​កោត​សរសើរ និង​គាំទ្រ​ដល់​ការដឹកនាំ​របស់​រដ្ឋាភិបាល។

ខុ​មហ្វ្រែល​ថា៖ «នៅក្នុង​ឆ្នាំទី១ នៃ​នីតិកាល​ទី៦នេះ​ ខុ​មហ្វ្រែល​សង្កេតឃើញ​ថា ប្រសិទ្ធភាព​សភា​ឯក​បក្ស​បាន​ធ្លាក់ចុះ បើ​ធៀប​ជាមួយ​រដ្ឋសភា​ដែល​ធ្លាប់​មាន​ពហុបក្ស។ ការ​ធ្លាក់ចុះ​នៃ​រដ្ឋសភា​ឯក​បក្ស​នេះ ព្រោះ​មិនឃើញ​ចេញ​លិខិត​អន្តរា​គម​ន៍​របស់​តំណាងរាស្ត្រ មិនឃើញ​មាន​អ្នកតំណាង​រាស្ត្រ​និយាយ​ពី​ភាព​អសកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ សកម្មភាព​សួរដេញដោល​លើ​ការអនុវត្ត​ច្បាប់ និង​សេចក្តី​នៅក្នុង​សម័យប្រជុំ​សភាព​ផង​ដែរ»។

មន្ត្រី​ផ្នែក​អង្កេត​អង្គការ​នេះ លោក កន សា​វាង្ស ឱ្យដឹង​បន្ថែម​ថា ការដែល​តំណាងរាស្ត្រ​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​បាន វា​នឹង​ធ្វើឱ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​លើ​ស្ថាប័ន​កំពូល​របស់​ជាតិ ។

លោក​ថា៖ «តំណាងរាស្ត្រ​គ្រាន់តែ​ចុះ​សួរសុខទុក្ខ​ វា​អត់​គ្រប់គ្រាន់​ទេ ត្រូវ​មើល​បញ្ហា​ដែល​បាន​កើត​ឡើង​តំាង​ពី​ជីវភាព សេរីភាព​បញ្ចេញមតិ ការ​ជួបជុំ ការ​តវ៉ា អាហ្នឹង​ជា​រឿង​សំខាន់ណាស់ ដែល​គោរព​ទៅតាម​រដ្ឋធម្មនុញ្ញ និង​បញ្ហា​ជាច្រើន​ទៀត ដូចជា​រឿង​ដីធ្លី ការ​ខ្វះ​ទីផ្សារ អាហ្នឹង​ហើយដែល​គាត់​ត្រូវតែ​សាកសួរ [មន្ត្រី​រដ្ឋាភិបាល​] ដើម្បី​រក​ដំណោះស្រាយ ជាពិសេស​មន្ត្រី​ដែល​ទទួលខុសត្រូវ​នៅ​ក្រ​សួង​មួយ​ៗហ្នឹង»។

អ្នកនាំពាក្យ​រដ្ឋសភា ​លោក ឡេង ប៉េង​ឡុង បាន​ច្រានចោល​ការ​រក​ឃើញ​នេះ ដោយ​អះអាង​ថា មួយឆ្នាំ​មកនេះ តំណាងរាស្ត្រ​ជាច្រើន ចុះ​ជួយ​ពលរដ្ឋ ទោះ​កម្ពុជា​រង​ការ​គំរាមកំហែង​ពី​កូ​វីដ១៩ក៏ដោយ ។

អ្នកនាំពាក្យ​រូប​នេះ​អះអាង​ទៀត​ថា សម​ិទ្ធ​ផល១ឆ្នាំ​មកនេះ​ ក្រៅពី​ចុះ​ជួយ​ពលរដ្ឋ រដ្ឋសភា​បាន​អនុម័ត​ច្បាប់​មួយចំនួន​ រួម​ទាំ​ងច្បាប់​ដាក់​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន ដែល​លោក​ថា ដើម្បី​ពង្រឹង​នីតិរដ្ឋ។

លោក​ថា៖ «ច្បាប់​ជាច្រើន​យើង​ហៅថា ​ជា​គន្លឹះ​ វា​ធ្វើឱ្យកម្ពុជា​មាន​នីតិរដ្ឋ​ជំរុញ​ឱ្យ​មានការ​រីកចម្រើន ប្រសិន​កម្ពុជា​អត់មាន​ច្បាប់​ហ្នឹង​ ពេល​ប្រទេស​យើង​មាន​អាសន្ន យើង​ចូលក្នុង​ភាព​ហិនហោច​ហើយ»។

សាស្ត្រាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​ លោក ឯម សុវណ្ណ​រ៉ា និយាយ​ថា ប្រព័ន្ធ​ដឹកនាំ​បែប​ឯក​បក្ស មិន​អាច​ជំរុញ​តម្លាភាព​សង្គម ជំទាស់​នឹង​ផលប្រ​យោ​ជន៍បក្ស​បានទេ ព្រោះ​ប្រព័ន្ធ​នេះ​គ្មាន​តុល្យភាព​អំណាច មិន​អាច​ជំរុញ​យន្តការ​លើការលើកកម្ពស់សិទ្ធិពលរដ្ឋ​កម្ពុជាជា​ម្ចាស់​ប្រទេស ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ ។

បើ​តាម​លោ​ក ឯម សុវណ្ណ​រ៉ា ដើម្បីឱ្យតំណាងរាស្ត្រងាក​ចេញពី​ការធ្វើសកម្មភាព​ឱ្យគណបក្ស វា​លុះ​ណា ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ឡើងវិញ ធ្វើ​យ៉ាងណា​កុំ​ឱ្យមេ​បក្ស​មាន​ឥទ្ធិពល​អាច​បញ្ចប់​សុពលភាព​អ្នកតំណាង​រាស្ត្រ​បាន។

លោក​ថា៖ «បើ​បាត់បង់​សុពលភាព​ជាស​មា​ជិ​កបក្ស វា​បាត់បង់​ជា​ស្វ័យប្រវត្តិ​ជាស​មា​ជិ​កស​ភា។អីចឹង​ លក្ខខណ្ឌ​ហ្នឹង​ សមាជិក​តំណាងរាស្ត្រ​មិនទាន់​មាន​ឯករាជ្យ​ភាព ម្ចាស់ការ​ពេញលេញ​ទេ។អីចឹង​ហើយ​ [តំណាងរាស្ត្រ​] ត្រូវតែ​យកចិត្ត​បក្ស និង​គណៈកម្មាធិការ​បក្ស​ហ្នឹង​ជា​សំខាន់។ អីចឹង​ហើយ​ពួក​គេ​មិន​ផ្តោត​សំខាន់​ទៅ​នឹង​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ពលរដ្ឋ​ទេ វា​ទៅ​បំពេញ​តម្រូវការ​បក្ស ជា​មូលដ្ឋាន​វិញ»។

ច្បាប់​ស្តី​ពី​ការ​ជ្រើ​សតាំង​តំណាងរាស្ត្រ ដែល​រដ្ឋសភា​ប្រកាសឱ្យប្រើ កាលពី​ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៥ មាត្រា១៣៩ ចែងថា សមាជិករដ្ឋសភា​ត្រូវ​បាត់បង់​សមាជិកភាព​នៅពេល​«សាម៉ី​ខ្លួន​បាត់​បង់​សមាជិកភាព​ពី​គណបក្ស​នយោបាយ​របស់​ខ្លួន» ឬត្រូវ​តុលាការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​បទឧក្រិដ្ឋ ឬបទ​មជ្ឈិម​ណាមួយ ។

បើ​តាម​ខុ​មហ្វ្រែល ពី​ដំណើរការ​ប្រជុំ ក្នុង​ឆ្នាំទី១ អាណត្តិ​ទី៦ តំណាងរាស្ត្រ​រដ្ឋសភា​ឯក​បក្ស១២រូប បាន​ឡើង​បញ្ចេញមតិ​ចំនួន ៣៨ដង។ ចំនួន​នេះ​តិច​ជាង ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំទី១ អាណត្តិ​ទី៥។

សកម្មភាព​ចុះមូលដ្ឋាន ក្នុងចំណោម​តំណាងរាស្ត្រ ១២៥រូប មានតែ​អ្នកតំណាង​រាស្ត្រ ៥៥រូប ស្មើនឹង ៤៤ភាគរយប៉ុណ្ណោះ​ ដែល​បាន​ចុះមូលដ្ឋាន ដែលខុ​មហ្វ្រែល​ថា សកម្មភាព​នេះក៏​តិចជាង​អាណត្តិ​ទី៥ដែរ។

រដ្ឋាភិបាល​អាណត្តិ​ទី៦នេះ ជា​រដ្ឋាភិបាល​ឯក​បក្ស ដោយសារតែ​គណបក្សប្រជាជន​កម្ពុជា ដណ្តើម​បាន​អាសនៈ​ទាំងអស់​ចំនួន ១២៥ក្នុង​សភា ក្រោយពី​តុ​លាការ​កំពូល​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​ឆាកនយោបាយ មុន​ការបោះឆ្នោត​មកដល់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ